ប្រឈមនឹងកង្វះទឹក ដែលភពផែនដីកំពុងជួបប្រទះខ្លាំងឡើងៗ គេរកឃើញមានដំណោះស្រាយមួយ នោះគឺការចម្រោះសម្អាតទឹកស្អុយយកមកប្រើវិញ។ នេះជាការគូសបញ្ជាក់របស់អង្គការសហប្រជាជាតិ ដែលជំរុញឱ្យប្រទេសនីមួយៗចាប់ផ្តើមគិតគូរប្រើប្រព័ន្ធសម្អាតទឹកស្អុយ ឱ្យបានកាន់តែឆាប់ ដើម្បីធានារក្សាធនធានទឹកក្រោមដីដែលមានបរិមាណកំណត់។ ការសម្អាតទឹកស្អុយអាចយកមកប្រើច្រើនក្នុងវិស័យកសិកម្ម ឧស្សាហកម្ម អនាម័យក្រុង ឬសម្រាប់បញ្ចុះសីតុណ្ហភាពរោងចក្រអគ្គីសនី និងក៏អាចប្រើសម្រាប់ជាទឹកស្អាតសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំរបស់ប្រជាពលរដ្ឋទូទៅដែរ។