មានប្រទេសកាន់តែច្រើន ដែលចាប់ផ្តើម មិនទុកចិត្ត ចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការកូវីដ១៩ ផលិតដោយមន្ទីរពិសោធន៍ចិន។ បើទោះបីជាបានចាក់វ៉ាក់សាំងក្នុងចំនួនច្រើនក្តី តែប្រទេសទាំងនោះ បានសង្កេតឃើញ ពីសន្ទុះនៃការឆ្លងរាលដាលកូវីដ១៩ ទំរង់ដែលតា យ៉ាងលឿនរហ័ស នាប៉ុន្មានខែចុងក្រោយនេះ។ សកលវិទ្យាល័យហុងកុង បានធ្វើការស្រាវជ្រាវ ប្រៀបធៀប កម្រិតផលិតប្រព័ន្ធអង់ទីក័រ រវាងមនុស្សដែលបានចាក់វ៉ាក់សាំង របស់មន្ទីរពិសោធន៍ចិន Sinovac និងវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Pfizer-BioNTech។ ជាការសន្និដ្ឋាន គឺវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ Sinovac អាចផលិតអង់ទីក័រ ដើម្បីការពារទប់ទល់កូវីដ តិចជាងដល់ទៅ១០ដង។