មជ្ឈមណ្ឌលរូបថតកម្ពុជា ដែលបង្ហាញអំពីដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុង៥សម័យកាលចុងក្រោយនេះ នឹងត្រូវសម្ពោធដាក់ឲ្យមហាជនចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០៤ មេសា ខាងមុខនេះ ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចម្ងាយប្រមាណ២គីឡូម៉ែត្រ។ លោក ឆាយ សុផល អតីតអ្នកសារព័ត៌មាននៅកម្ពុជា គឺជាស្ថាបនិកមជ្ឈមណ្ឌលរូបថតនេះ បានអះអាងថា ការបង្កើតមជ្ឈមណ្ឌលរូបថតកម្ពុជានេះឡើង គឺដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀតដល់និស្សិតនិងមហាជនទូទៅ តាមរយៈរូបថតរាប់ពាន់សន្លឹក។