សហភាពអឺរ៉ុបកាលពីថ្ងៃទី០២ខែមេសាកន្លងទៅនេះ សម្រេចទទួលស្គាល់ស្ករត្នោតកម្ពុជាជាពិសេសស្ករត្នោតកំពង់ស្ពឺ ថាជាផលិតផលសម្គាល់ភូមិសាស្ត្រ។ ស្ករត្នោតកំពង់ស្ពឺគឺជាផលិតផលទី២ហើយ ដែលទីផ្សារអឺរ៉ុបទទួលស្គាល់បន្ទាប់ពីផលិតផលម្រេចកំពត។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងនៃក្រុមហ៊ុនConfirel និងជាអនុប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ថ្លែងថាការទទួលស្គាល់ស្ករត្នោតកំពង់ស្ពឺដោយអឺរ៉ុបជាទំនិញសម្គាល់ភូមិសាស្ត្រ គឺជាកិត្តិយសរបស់ប្រទេសកម្ពុជាទាំងមូល និងជាដំណឹងដ៏វិជ្ជមានសម្រាប់កសិករក្នុងការផលិតស្ករត្នោតបំរើឲ្យតម្រូវការទីផ្សារអឺរ៉ុប។