ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក កែន សេរីរដ្ឋា ប្រធានអង្គការអភិរក្សសត្វព្រៃ WCS ។ តំណាងអង្គការដែលធ្វើការពាក់ព័ន្ធនឹងការអភិរក្សសត្វព្រៃនៅកម្ពុជាមួយនេះ បានសម្តែងក្តីបារម្ភជាខ្លាំង ដោយសារសត្វព្រៃនៅក្នុងតំបន់ខ្ពស់រាបភាគជើងប្រទេសកម្ពុជា កំពុងត្រូវបានរងការគំរាមកំហែង តាមរយៈការបំពុលដោយប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត របស់ប្រជាជននៅតំបន់នោះ។ បើតាម លោក កែន សេរីរដ្ឋា ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា បាននាំគ្នាបំពុលសត្វព្រៃ ដើម្បីយកទៅបរិភោគ និងខ្លះទៀតដើម្បីការពារស្រូវរបស់ពួកគាត់។ ប្រឈមនឹងបញ្ហានេះ លោក កែន សេរីរដ្ឋា បានអំពាវនាវឲ្យ ពលរដ្ឋបញ្ឈប់ការបរិភោគសត្វព្រៃ ដែលមានផ្ទុកសារធាតុពុល ដែលត្រូវបានប្រើប្រាស់នៅក្នុងថ្នាំបាញ់សម្លាប់សត្វល្អិត។ ជាសារធាតុពុល ដែលលោក អះអាងថា ប៉ះពាល់ខ្លាំងចំពោះសុខភាពមនុស្ស និងធ្វើឲ្យបាត់បង់ជីវិតសត្វព្រៃថែមទៀតផង។