ការលួងលោមកុមារតាមប្រព័ន្ធអ៊ិនធើណេតកំពុងក្លាយជាក្ដីព្រួយបារម្ភនៅកម្ពុជា។ ភាគច្រើនកុមារមានអាយុចន្លោះពី១២ទៅ១៥ឆ្នាំងាយរងគ្រោះពីការចាញ់បោកនេះ តាមរយៈការថតរូបអាក្រាតរបស់ខ្លួនឯងផ្ញើទៅឲ្យជនប្រព្រឹត្តបន្ទាប់ពីជនប្រព្រឹត្តសន្យារៀបការ ប្រាប់ថាស្រឡាញ់ និងសន្យាឲ្យជាកាដូជាដើម។ ចំណែកជនប្រព្រឹត្តភាគច្រើនជាមនុស្សចាស់មានអាយុចន្លោះពី៤៥ទៅ៥០ឆ្នាំ។ បន្ទាប់ពី បានរូបអាក្រាតរបស់កុមារហើយ ជនទាំងនេះបានគំរាមជំរិតទារប្រាក់ ព្រមានបង្ហោះរូបអាក្រាតជាសាធារណៈ និងគំរាមឲ្យកុមារបន្តថតរូបអាក្រាតបន្ថែមទៀត។ បើតាមអ្នកជំនាញ នេះជាទម្រង់ថ្មីនៃការរំលោភបំពានផ្លូវភេទលើកុមារដែលមានភាពសាហាវជាងការប្រព្រឹត្តដោយផ្ទាល់របស់ជនល្មើសទៅទៀត។