Khmer Audiobook

ភាពជា​អ្នកមាន​កំពូល​


Listen Later

សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​ គឺជា​គម្ពីរ​អ្នកមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​
តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ ជា​សៀវភៅ​អ្វី​? សៀវភៅ​នេះ​ គឺជា​សៀវភៅ​ដែល​បាន​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ ពី​គំនិត​ ពី​ទស្សនៈ​ ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ ពី​ភាពជា​អ្នកដឹកនាំ​ និង​ពី​រូបភាព​ខ្លឹមសារ​សំ​ខាន់​ៗរបស់​កំពូល​អ្នកមាន​លើ​លោក​ចំនួន30រូប​ ថា​តើ​ពួកគេ​ធ្វើ​ម៉េច​ បាន​ក្លាយជា​កំពូល​អ្នកមាន​នៅ​លើ​លោក​យើង​នេះ​? តើ​ពួកគេ​មាន​ប្រភព​មក​ពីណា​ និង​ធ្វើ​យ៉ាងដូច​ម្តេច​ បាន​អាច​ក្លាយជា​អ្នកមាន​កំពូល​ នៅក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​ការប្រកួត​ប្រជែង​ ការ​ផ្លាស់​ប្តូរ​ និង​ការ​ប្រឈម​នេះ​? តើ​ពួកគេ​ទាំង30រូប​នេះ​ មានទ្រព្យ​សម្បត្តិ​ និង​ឥទ្ធិពល​ខ្លាំង​យ៉ាងណា​? តើ​ហេតុអ្វីបានជា​ពួកគេ​សឹងតែ​ជា​អ្នកបង្កើត​ឱ្យ​មាន​ពិភពលោក​ ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ​?
តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ កើតឡើង​យ៉ាងដូច​ម្តេច​? សៀវភៅ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រយៈពេល3ឆ្នាំ​ពេញ​ និង5ឆ្នាំ​មិន​ពេញ​ ពី​ប្រភព​សៀវភៅ​ ពី​អីុន​ធើ​ណិ​ត និង​ពី​ You​ Tube​ជាច្រើន​ ដោយ​ផ្តោត​ទៅលើ​សំណួរ​ថា​ តើ​ពួកគេ​ធ្វើ​យ៉ាងម៉េច​បាន​ក្លាយជា​កំពូល​អ្នកមាន​ ជាពិសេស​តើ​ពួកគេ​មានគំនិត​ មាន​សកម្មភាព​ និង​មាន​ភាពជា​អ្នកដឹកនាំ​យ៉ាងដូច​ម្តេច​? សៀវភៅ​នេះ​ គឺ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ឯកសារ​ដែល​មានស្រាប់​ជាច្រើន​ប្រភព​ យក​មក​ពិនិត្យ​ពិចារណា​ យក​មក​ផ្ទៀងផ្ទាត់​ យក​មក​រៀបរៀង​និង​ចងក្រង​មាតិកា​ និង​ធ្វើការ​-កែ​លម្អ​ម្តង​ហើយ​ម្តង​ទៀត​ រហូត​ទាល់​ពេញចិត្ត​ ដោយ​មិន​យក​ពី​សៀវភៅ​ណាមួយ​ ឬធ្វើតាម​គំរូ​សៀវភៅ​ណាមួយ​ឡើយ​។ ចំនួន​មនុស្ស30នាក់​ គឺ​ចេញពី​កំណត់​ដោយខ្លួនឯង​ ការបែងចែក​ជា6​ក្រុម​ និង​ការ​ជ្រើសរើស​លំដាប់​កំពូល​មនុស្ស​ទាំង5​ក្នុង​អាណាចក្រ​នី​មួយ​ៗ គឺ​ធ្វើឡើង​ដោយខ្លួនឯង​។
ការ​ដាក់​រូបភាព​ ការ​រំលេច​គំនិត​ឬគតិបណ្ឌិត​ ការរចនា​ទំព័រ​នី​មួយ​ៗ គឺជា​គំនិត​ ដើម្បី​ទាក់ទាញ​ឱ្យ​មនុស្ស​ចូលចិត្ត​អាន​ ងាយ​ចាប់បាន​ចំណុច​ខ្លឹម​សំ​ខាន់​ៗ និង​យល់​ច្បាស់​ពី​ហេតុផល​របស់​កំពូល​អ្នកមាន​ម្នាក់​។
សៀវភៅ​នេះ​អាច​និយាយ​បាន​ថា​ គឺ​មានតែ១គត់​នៅ​លើ​លោក​ ព្រោះ​វា​កើតឡើង​ពី​ការ​ខិតខំ​ ការ​ច្នៃប្រឌិត​របស់ខ្ញុំ​ និង​ក្រុមការងារ​។
តើ​ហេតុអ្វីបានជា​យើងខ្ញុំ​អ្នកស្រាវជ្រាវ​ភាពជា​អ្នកដឹកនាំ​ សរសេរ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​?ការដែល​បាន​ក្លាយជា​អ្នកដឹកនាំ​ គឺជា​គោលបំណង​ដ៏​ពិសិដ្ឋ​ និង​ដ៏​ធំ​មហិមា​របស់​មនុស្សជាតិ​។ មនុស្ស​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ គឺ​អាច​ចាប់ផ្តើម​ពី​អ្វី​ៗគ្រប់យ៉ាង​ មិនថា​ពួកគេ​នៅ​ទីតាំង​ណា​ទេ​ តែ​ពួកគេ​សុទ្ធតែ​អាច​ចាប់ផ្តើម​ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ ពួកគេ​អាច​កំណត់​គោលដៅ​ និង​ជោគវាសនា​របស់​ខ្លួន​ តែ​មនុស្ស​ភាគច្រើន​បំផុត​តែង​និយាយ​ថា​ ខ្លួន​គ្មាន​សិទ្ធិ​ គ្មាន​សេរីភាព​ គ្មាន​ឱកាស​ និង​គ្មាន​អំណាច​ដើម្បី​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ដើម្បី​សម្រេច​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ ពោល​គឺ​ ដោយសារតែ​ប្រាក់​។ ប្រាក់​ គឺ​ហាក់បី​ដូចជា​របាំង​ និង​ជារ​នាំង​មួយ​យ៉ាង​ធំ​បំផុត​ ដែល​មនុស្ស​មិន​ងាយ​បំបែក​បាន​ឡើយ​។ ដោយសារតែ​ប្រាក់​ បាន​ធ្វើ​ឱ្យ​មនុស្ស​ធ្វើអ្វី​ដែល​ខ្លួន​មិន​ចង់​ និង​ទទួល​បានអ្វី​ដែល​ខ្លួន​មិន​ប្រាថ្នា​។ ដោយសារតែ​ប្រាក់​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រាថ្នា​ផ្សេង​ និង​ធ្វើ​ផ្សឹង​។ ដោយសារ​តែ​ប្រាក់​ បាន​ធ្វើ​ឱ្យ​មនុស្ស​មានតែ​សេចក្តី​ប្រាថ្នា​ តែ​គ្មាន​សកម្មភាព​ និង​រស់​ដោយ​ការឈឺចាប់​។.
មាន​មនុស្ស​ច្រើនណាស់​ បាន​ក្លាយជា​មនុស្ស​គ្មាន​គុណធម៌​ គ្មាន​សច្ចធម៌​ គ្មាន​សីលធម៌​ និង​បាន​ប្រព្រឹត្ត​អំពើថោកទាប​ ឃោរឃៅ​ ព្រៃផ្សៃ​មិន​ស្មើ​សត្វតិរច្ឆាន​ គឺ​ដោយសារតែ​ប្រាក់​។ មានរឿង​រ៉ាវ​ច្រើនណាស់​នៅ​លើ​លោក​យើង​នេះ​ គឺ​ដោយសារតែ​ប្រាក់​ ដូចជា​ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ លែងលះ​គ្នា​ ធ្វើ​ឱ្យ​កូន​រងទុក្ខ​វេទនា​ និរាស​ព្រាត់ប្រាស​ និង​គ្មាន​សុភមង្គល​។
ប្តី​ប្រពន្ធ​បង្ខំចិត្ត​ចាក​ឆ្ងាយ​ចោល​គ្នា​ ឬចា​កចោល​គ្រួសារ​ ទៅ​ធ្វើការ​នៅ​ទីក្រុង​ ឬនៅ​បរទេស​ ទុក​ឱ្យ​កូន​ក្រុម​គ្រួសារ​ មាន​ភាព​រងា​ឯកា​ ពេល​ឈឺ​ពេល​ជា​គ្មាន​ភាព​កក់ក្តៅ​។ ឪពុក​ម្តាយកូន​បងប្អូន​ឈ្លោះ​គ្នា​ ដណ្តើម​ទ្រព្យសម្បត្តិ​គ្នា​ ទាមទារ​កេរអាករ​គ្នា​ កាត់កាល់​គ្នា​ចោល​ បាត់បង់​អស់​នូវ​ភាពជា​សាច់ឈាម​នឹងគ្នា​។ ឪពុក​ម្តាយ​លក់ខ្លួន​ លក់​ឧត្តមគតិ​ លក់​មនសិការ​ ឬកូន​លក់ខ្លួន​ ដើម្បី​ជីវភាព​គ្រួសារ​ បាត់បង់​អស់​នូវ​អនាគត​ កិត្តិយស​ សីលធម៌​ និង​គុណធម៌​។ បងប្អូន​ឈ្លោះ​គ្នា​ កិបកេង​ប្រវ័ញ្ច​គ្នា​ ក្បត់គ្នា​ កាត់កាល់​គ្នា​ចោល​បាត់បង់​អស់​នូវ​ភាពជា​បងប្អូន​នឹងគ្នា​។ មិត្តភក្តិ​ឈ្លោះ​គ្នា​ កុហក​បោកប្រាស់​គ្នា​ គុំកួន​សងសឹក​គ្នា​បាត់បង់​អស់​នូវ​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ចសហការ​ល្អ​យូរអង្វែង​។ មនុស្ស​ប្រព្រឹត្ត​អំពើ​ហិង្សា​ លួច​ ឆក់​ ប្លន់​ សម្លាប់​គ្នា​ បាត់បង់​អស់​នូវ​ភាពជា​មនុស្ស​ដូចគ្នា​។ល។
---
Send in a voice message: https://anchor.fm/khmeraudiobook/message
...more
View all episodesView all episodes
Download on the App Store

Khmer AudiobookBy SOCHEAT