«បុរសអ្នកកាប់អុស» រឿងខ្លីបង្កប់ន័យអប់រំជ្រៅ
«បុរសអ្នកកាប់អុស» គឺជារឿងមួយដែលបង្កប់ន័យអប់រំក្នុងចំណោមរឿងនិទានទាំងឡាយរបស់ អ៊ីសុប (Aesop)។ ដល់ពេលអ្នកអានរឿងនេះចប់ប្រហែលជាអ្នកនឹងយល់ពីហេតុនាំឱ្យបាត់បង់ប្រសិទ្ធភាពការងារ។
មានបរុសជាអ្នកកាប់អុសម្នាក់ ត្រូវថៅកែរបស់គាត់ឱ្យពូថៅដ៏មុតមួយ រួមទាំងបង្ហាញទីតាំងដែលគាត់ត្រូវទៅកាប់។ ថ្ងៃដំបូង បុរសអ្នកកាប់អុសកាប់បាន១៨ដើម។
«ពិតជាល្អខ្លាំងណាស់!» ថៅកែលាន់មាត់សរសើរគាត់ «ខំប្រឹងបន្តទៀត!» ពាក្យសម្ដីសរសើររបស់ថៅកែបានលើកទឹកចិត្តដ៏ខ្លាំងមួយ។
ថ្ងៃបន្ទាប់បុរសនោះខិតខំប្រឹងជាខ្លាំង ប៉ុន្តែគាត់កាប់បានត្រឹមតែ១៥ដើមតែប៉ុណ្ណោះ។ ថ្ងៃបន្ទាប់ទៀត បុរសនោះខំប្រឹងកាន់តែខ្លាំងថែមទៀត ប៉ុន្តែគាត់អាចកាប់បានត្រឹមតែ១០ដើម។ ថ្ងៃបន្ទាប់ៗទៀត គាត់កាប់បានកាន់តែតិចទៅៗ បើទោះបីជាគាត់ខំប្រឹងខ្លាំងណាក៏ដោយ។
គាត់និយាយក្នុងចិត្តតែម្នាក់ឯងថា «ខ្ញុំប្រហែលចុះខ្សោយកម្លាំងហើយមើលទៅ»។ គាត់ក៏បានទៅជួបថៅកែរបស់គាត់ ហើយនិយាយសុំទោស ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ បានជាមិនអាចកាប់បានច្រើន បើទោះបីជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ។
ថៅកែក៏សួរគាត់ថា «តើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណា?»
«សំលៀង? ខ្ញុំគ្មានពេលសំលៀងពូថៅរបស់ខ្ញុំទេ។ ខ្ញុំរវល់តែខំប្រឹងកាប់ឈើ» …
ន័យអប់រំ
ពូថៅ គឺប្រៀបដូចនឹងខួរក្បាល។ ឯដើមឈើប្រៀបបាននឹងបញ្ហា។ អ្វីដែលធ្វើបានល្អនៅក្នុងថ្ងៃនេះ ជាទូទៅមិនប្រាកដថាថ្ងៃស្អែកនឹងអាចធ្វើបានល្អប្រសើរនោះឡើយ។ កុំយល់ថាអ្វីដែលអ្នកចេះនៅថ្ងៃនេះ អាចប្រើប្រាស់បានរហូតឱ្យសោះ។ អ្វីដែលអ្នកចេះនៅថ្ងៃនេះ គឺប្រើបានតែមួយគ្រាប៉ុណ្ណោះ លុះគ្រាបន្ទាប់មកវានឹងបាត់បង់ប្រសិទ្ធភាពដូចនឹងពូថៅ។ ដូច្នេះដើម្បីដើរទាន់ការវិវដ្ដសង្គម អ្នកត្រូវដុសខាត់ដោយការសំលៀងខួរក្បាលអ្នកជាប្រចាំ តាមរយៈការអាន ការស្ដាប់ អង្កេតអ្នកដទៃដោយចេះសួរៗ និងរក្សាការសិក្សាពេញមួយជីវិត។
---
Send in a voice message: https://anchor.fm/khmeraudiobook/message