តើអ្វីទៅជាទស្សនវិជ្ជារបស់សូក្រាត? សំណួរនេះ បើស្តាប់មួយភ្លែតទៅ គួរតែមិនពិបាកនឹងឆ្លើយនោះទេ ពីព្រោះថា យ៉ាងណា សូក្រាតត្រូវបានគេចាត់ទុកថាជា “បិតានៃទស្សនវិជ្ជា” ដូច្នេះ លោកប្រាកដជាបានបន្សល់ទុកនូវគោលគំនិតខាងទស្សនវិជ្ជាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលអាចឲ្យគេកំណត់បានដោយគ្មានបញ្ហា។ ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង អ្វីៗមិនងាយស្រួលដូចដែលគេគិតនោះទេ។
ភាពស្មុគស្មាញនៅក្នុងការកំណត់អំពីទស្សនវិជ្ជារបស់សូក្រាត គឺស្ថិតនៅត្រង់ចំណុចសំខាន់ពីរ។
ទីមួយ គឺដោយសារតែសូក្រាតខ្លួនឯងផ្ទាល់មិនបានចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង ឬក៏ជាគ្រូដែលមានគោលគំនិតផ្ទាល់ខ្លួនទៅបង្រៀនអ្នកដទៃ ហើយនៅក្នុងការបង្រៀនសិស្សនោះទៀតសោត សូក្រាតក៏មិនបានផ្តោតលើការលើកឡើងនូវគោលគំនិតផ្ទាល់ខ្លួនរបស់លោកប្រាប់ទៅកូនសិស្សនោះដែរ ដោយភាគច្រើនធ្វើការចោទជាសំណួរឲ្យកូនសិស្សស្វែងរកចម្លើយនាំទៅរកការសន្និដ្ឋានផ្ទាល់ខ្លួនឯង។
ទីពីរ គឺដោយសារតែសូក្រាតមិនបានបន្សល់ទុកនូវស្នាដៃជាសំណេរផ្ទាល់ខ្លួន ដែលអាចឲ្យគេកំណត់បាននូវគោលគំនិតរបស់លោក។ ផ្ទុយទៅវិញ ទាំងដំណើរជីវិត និងទស្សនវិជ្ជារបស់សូក្រាត ត្រូវបានរៀបរាប់នៅក្នុងសំណេររបស់អ្នកផ្សេង ជាពិសេស ផ្លាតុង និងអារីស្តូត ដែលជាកូនសិស្ស។ ហេតុដូច្នេះហើយបានជាភាគច្រើន គេពិបាកនឹងធ្វើការបែងចែក រវាងអ្វីដែលជាគោលគំនិតដើមរបស់សូក្រាត ដែលបង្រៀនបន្តទៅកូនសិស្ស និងអ្វីដែលជាការយល់ឃើញរបស់កូនសិស្សខ្លួនឯងផ្ទាល់។ លើសពីនេះទៀត គេសង្កេតឃើញថា អ្វីដែលគេអាចកំណត់បានថាជាគោលគំនិតដើមរបស់សូក្រាតនោះ ក៏អាចមានការប្រែប្រួលខុសៗគ្នាផងដែរ អាស្រ័យទៅលើថា តើគេយោងទៅលើការរៀបរាប់របស់ផ្លាតុង ឬរបស់អារីស្តូត ឬរបស់កូនសិស្សផ្សេងទៀតរបស់សូក្រាត។
---
Send in a voice message: https://anchor.fm/khmeraudiobook/message