កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ថ្លែងថា សន្និសីទអន្តរជាតិរបស់អតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ២ធ្នូ កន្លងមក គឺជារូបភាពបក្សប្រហារ ដោយសារសន្និសីទដែលដឹកនាំដោយក្រុមលោក សម រង្សី ធ្វើឡើងមិនស្របនឹងលក្ខន្តិកៈគណបក្ស ។ កញ្ញា កឹម មនោវិទ្យា បញ្ជាក់ថា ការស្វែងរកមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិតាមរយៈសន្និសីទ ដែលជ្រើសរើសលោក សម រង្សី ជាប្រធានស្តីទី ដឹកនាំគណបក្ស គឺជាការធ្វើរឿងដដែលៗ ដែលគណបក្សមានយន្តការដឹកនាំរួចទៅហើយ តាមរយៈគណៈកម្មការចំពោះកិច្ច ខណៈដែលប្រធានបក្សកំពុងជាប់ឃុំ។