គិតត្រឹមថ្ងៃសុក្រទី២៤ កុម្ភៈនេះ គឺមានរយៈពេលមួយសប្តាហ៍គត់បន្ទាប់ពីប្រមុខរដ្ឋាភិបាលលោកបានអំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ត្រូវដូរស្លាកសញ្ញាសម្គាល់ចេញព្រោះថាស្លាកសញ្ញាទាំងនោះមានភាពស្រដៀងទៅនឹងស្លាកសញ្ញារបស់ស្ថាប័នរដ្ឋ។ ក្រោយការអំពាវនាវនេះ គ្រឹះស្ថានមួយចំនួនបានផ្លាស់ប្តូរមិនបង្អង់ឡើយ។ រហូតមកដល់ពេលនេះ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួនប្រមាណ៤០ហើយដែលបានផ្លាស់ប្តូរ។ ទាក់ទងនឹងប្តូរសញ្ញានេះ វិទ្យុបារាំងបានអញ្ជើញអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារីមកឆ្លើយសំណួររបស់វិទ្យុបារាំង។ អ្នកនាំពាក្យបានអះអាងថា ស្លាកសញ្ញារបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺមិនខុសនោះទេ ប៉ុន្តែអ្វីដែលជាឱសានវាទឱ្យផ្លាស់ប្តូរជាបន្ទាន់នេះដោយសារតែមានចលនានយោបាយប៉ុណ្ណោះដែលមានចេតនាចង់ផ្លាស់ប្តូររដ្ឋាភិបាលបច្ចុប្បន្ន។