នៅថ្ងៃចន្ទទី០៣ធ្នូនេះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីវិធានការណ៍នានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ រដ្ឋាភិបាលបានលើកឡើងពីចំណុចសំខាន់ៗមួយចំនួន ដូចជាការពិនិត្យមើលបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បំរាមនយោបាយ អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ ការបន្ធូបន្ថយដល់ភាពតានតឹងជាមួយអង្គការសង្គមស៊ីវិល និងសហជីពជាដើម។ ទាក់ទងទៅនឹងការចេញសេចក្តីថ្លែងការណ៍នេះ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការសម្លាភាពកម្ពុជាថ្លែងថា វាដូចគ្នាប្រហែល៩៥% ទៅនឹងការចង់បាននៅក្នុងកិច្ចសន្ទនាជាមួយនឹងសហគមន៍អន្តរជាតិ។