ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក ឃួង ស្រេង ដែលទើបតែបានឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៧។ ចូលធ្វើការមិនទាន់ដល់រយៈពេលពីរខែស្រួលបួលផងនោះ បានបញ្ចេញស្នាដៃជាបន្តបន្ទាប់ ទាក់ទងនឹងការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងទីក្រុងភ្នំពេញ។ ក្នុងចំណោមអភិបាលរាជធានីទាំងអស់ លោក ឃួង ស្រេង ត្រូវបានគេមើលឃើញថា គឺជាមនុស្សហ៊ាន ក្លាហាន និងម៉ឺងម៉ាត់។ ចុងក្រោយនេះ លោកបានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺចុះបិទកុងស៊ីហាងបញ្ចាំមានទីតាំងនៅក្នុងទីក្រុងភ្នំពេញជាបន្តបន្ទាប់ ដែលជាប្រភពនៃចោរកម្មនៅភ្នំពេញនោះ។ សម្រាប់លោក ឃួង ស្រេង ជាមន្រ្តីរាជការ ត្រូវតែដាក់ខ្លួនដើម្បីបម្រើរាស្រ្ត។ ហើយធ្វើជាមន្រ្តីរាជការបម្រើរាស្រ្ត ត្រូវរកឲ្យឃើញថា តើអ្វីដែលប្រជាពលរដ្ឋត្រូវការ។