មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ និងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាគុណភាពសុវត្ថិភាពនៅកន្លែងធ្វើការងារសម្រាប់កម្មករសំណង់។ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ ថ្លែងថាក្រុមអង្គការសង្គមស៊ីវិលបានរៀបចំញត្តិមួយ គ្រោងដាក់ជូនរដ្ឋាភិបាល ដើម្បីមានវិធានការចំាបាច់ទៅលើសំណង់ ដែលខុសច្បាប់ រួមនឹងមានវិធានការជាក់លាក់ចំពោះការស្នាក់នៅរបស់កម្មករ នៅខាងក្រៅអគារកំពុងសាងសង់ ដើម្បីបញ្ចៀសសោកនាដកម្ម ដែលបណ្តាលមកពីការបាក់រលំអគារគ្មានគុណភាព។