ប្រទេសកូរ៉េតាមរយៈក្រសួងការងារកម្ពុជាបានជូនដំណឹងមកថា ផ្អាកបណ្ដោះអាសន្ននៃការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េវគ្គពិសេសតាមប្រព័ន្ធកុំព្យូទ័រ។ នេះមានន័យថា អ្នកធ្លាប់ចេញទៅធ្វើការនៅកូរ៉េហើយចង់ត្រឡប់ទៅវិញត្រូវផ្អាកបណ្ដោះអាសន្នសិន។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារដែលជាភ្ញៀវប្រចាំរបស់វិទ្យុយើងនៅយប់នេះបានគូសបញ្ជាក់ថា ការប្រឡងទៅធ្វើការនៅកូរ៉េចែកចេញជាពីរវគ្គ។ វគ្គទីមួយប្រឡងធ្វើតេស្តតាមប្រព័ន្ធកុំព្យូទ័រសម្រាប់អ្នកដែលធ្លាប់ធ្វើការនៅកូរ៉េហើយចង់ត្រឡប់ទៅវិញ។ វគ្គទីពីរគឺសសេរដោយដៃសម្រាប់ការប្រឡងជាទូទៅចំពោះអ្នកមិនធ្លាប់ទៅធ្វើការនៅប្រទេសកូរ៉េ។ ដូច្នេះបើតាមលោក ហេង សួរ ថាការផ្អាកនេះមិនប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលកំពុងរៀនភាសាកូរ៉េនិងមានបំណងទៅធ្វើការនៅកូរ៉េនោះទេ៕