ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទីបួន នឹងមកដល់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ! ការបោះឆ្នោតនេះ មាន ១២ គណបក្សនយោបាយចូលរួម និងមានបេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោត សរុប ៩៤.៥៩៥ នាក់ ក្នុងនោះបេក្ខនារី មានសរុប ២៥.៧៨៨ នាក់។ ក្នុងចំណោមគណបក្សទាំង ១២នេះ មានតែ ពីរគណបក្សនយោបាយប៉ុណ្ណោះ គឺ បក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ ដែលមានសមត្ថភាព ចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគ្រប់ឃុំសង្កាត់ទាំង ១៦៤៦ ទូទាំងប្រទេស។ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គណបក្សនយោបាយមិនសូវល្បីឈ្មោះមួយចំនួន មានការពិបាកស្វែងរកបេក្ខជនមកឈរឈ្មោះបោះឆ្នោតតំណាងឲ្យគណបក្សរបស់ខ្លួន ខណៈមានបេក្ខជនខ្លះ ចុះឈ្មោះរួចហើយ រារែកចង់លុបឈ្មោះចេញវិញ។