ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨ ឆ្នាំ២០១៩នេះ មានការចូលរួមពីមហាជនខ្មែរជាពិសេសយុវជនកម្ពុជាជាង១៧ម៉ឺននាក់។ ចំនួននេះបានកើនឡើងដល់ទៅ៤ម៉ឺននាក់ បើធៀបនឹងពិព័រណ៍សៀវភៅកម្ពុជាកាលពីឆ្នាំមុន។ បើតាមការគណនាត្រួសៗ យ៉ាងហោចណាស់មានសៀវភៅចំនួន៣០ម៉ឺនក្បាលត្រូវបានលក់ចេញក្នុងរយៈពេលបីថ្ងៃមកនេះ។ ហើយចរន្តសាច់ប្រាក់ប្រមាណជាង១លានដុល្លារ ត្រូវបានហូរចូលហោប៉ៅរបស់អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយជាដើម។ លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា និងជាប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា ជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា និងជាតំណាងគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា បានថ្លែងក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ ថា ការចូលរួមរបស់យុវជនកម្ពុជាក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨នេះ គឺជាសញ្ញាវិជ្ជមានមួយដែលបញ្ជាក់ថា យុវជនកម្ពុជា បានងាកមកចាប់អារម្មណ៍ការអានសៀវភៅច្រើនជាងមុន។