អាជ្ញាធរជាតិអប្សរានៅថ្ងៃអង្គារនេះ បានចេញសេចក្តីជូនដំណឹងមួយទៅដល់អាជីវករលក់ដូរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈ ផ្សេងៗជុំវិញបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិណប្រាសាទអង្គរវត្ត ឲ្យបញ្ឈប់សកម្មភាពនេះក្នុងរយៈពេល៤៥ថ្ងៃ បើពុំដូច្នោះទេអាជ្ញាធរជាតិអប្សរានឹងមានវិធានការរដ្ឋបាល។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា សកម្មភាព ធ្វើឲ្យប៉ះពាល់ដល់រូបភាព និងកិត្យានុភាពប្រាសាទអង្គរវត្ត ដែលជាកន្លែងសការៈ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ។