ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ម៉ឺន រតនា ប្រធានគម្រោងនៃអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ។ អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) កាលពីថ្ងៃទី ១៤ តុលាបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី បច្ចេកទេសចញ្ជឹមមាន់ដល់សហគមន៍ចំនួន ២៥ នាក់ ស្ថិតនៅឃុំអំពិលស្រុករមាសហែក ខេត្តស្វាយរៀង ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់។ មូលហេតុដោយសារតែសមាគមនេះ មិនបានសុំការអនុញ្ញាតិពីអាជ្ញាធរជាមុន និងធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែលោក ម៉ឺន រតនា បានកត់សំគាល់ថា កំដៅនយោបាយ កំពុងជះឥទ្ធិពលដល់សេរីភាពនៃការជួបប្រជុំ និងសេរីភាពរបស់សមាគមនៅក្នុងប្រទេសកម្ពុជា ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិនោះ កំពុងតែរួមតូចទៅ។