សំណុំរឿងក្រុមយុវតីប្រើប្រាស់អំពើហិង្សានៅវិទ្យាល័យផ្សារដើមថ្កូវ នៅតែបន្តជាបច្ចុប្បន្នភាព បើទោះបីជាអាណាព្យាបាលយុវតីបង្កហេតុ សុខចិត្តបង់សំណងជាប្រាក់ដើម្បីបញ្ចប់រឿងក៏ដោយ។ មតិជាច្រើនតាមបណ្ដាញសង្គម បានបន្តប្រើពាក្យពេចន៍វាយប្រហារទៅលើក្រុមយុវតីបង្កហេតុ ហើយខ្លះទៀតទាមទារឲ្យមានការដាក់ពិន័យទោសទណ្ឌដល់យុវតីទាំងនោះទៅតាមច្បាប់។ លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍និងសីលធម៌កម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើង យល់ឃើញថា ការដាក់ពិន័យទៅលើយុវតីបង្កហេតុ គឺជារឿងចាំបាច់។ ប៉ុន្តែការដាក់ពិន័យនេះត្រូវធ្វើដោយប្រយ័ត្នបំផុត ព្រោះបើតាមលោកបណ្ឌិត ពួកគេទាំងនោះនៅជាអនីតិជននៅឡើយ។ លោកថា គោលដៅនៃការដាក់ពិន័យ មិនមែនគ្រាន់តែដើម្បី «ស៊ីសង» ទៅនឹងអ្វីដែលពួកគេបានប្រព្រឹត្តនោះទេ តែគឺដើម្បីអប់រំណែនាំពួកគេឲ្យដើរតាមផ្លូវត្រឹមត្រូវវិញ។