នៅក្នុងដំណើរការចរចាដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ ក្រុមសហជីពនៅមិនទាន់រកបានតួលេខរួមមួយនៅឡើយ បើទោះបីជាត្រូវចូលប្រជុំត្រីភាគីម្ដងទៀតនៅថ្ងៃស្អែកក៏ដោយ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង ពន្យល់ពីការខ្វែងគំនិតគ្នានៅក្នុងចំណោមសហជីព ទាក់ទងនឹងការកំណត់តួលេខរួមដើម្បីដាក់ទៅកិច្ចប្រជុំត្រីភាគី។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ លោក អាត់ ធន់ លើកឡើងថា ក្រុមសហជីពនឹងបន្តជជែកគ្នាថែមទៀត ដោយផ្អែកលើការសិក្សាលក្ខណៈវិទ្យាសាស្ត្រ។ លោកសង្ឃឹមថា ក្រុមសហជីពនឹងរកបានតួលេខរួមមួយ ដើម្បីយកទៅដាក់លើតុប្រជុំជាមួយភាគីនិយោជកនិងភាគីរដ្ឋាភិបាលនៅថ្ងៃស្អែក។