សវនាការពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមហើយនៅថ្ងៃពុធនេះ គឺបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក៏ប៉ុន្តែអ្វីដែលមានការខកចិត្តពីសំណាក់អ្នកឃ្លាំមើលសង្គម និងនយោបាយនោះគឺ សវនាការនេះ ត្រូវបានគេមើលឃើញថាជាសវនាការសាធារណៈបែបចង្អៀត។ នេះបើតាមលោក អំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ។ លោកថា តុលាការគួរតែសម្រួលឲ្យមានការ បើកទូលាយឲ្យសាធារណជនបានចូលស្តាប់ច្រើន ដើម្បីអស់មន្ទិលសង្ស័យជុំវិញសំណុំរឿងដ៏ធំនេះ។