អតីតអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង រួមទាំងពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកប្រមាណជា១ពាន់នាក់ បានចូលរួមធ្វើមហាបាតុកម្មមួយ កាលពីថ្ងៃអាទិត្យ ទី១០ធ្នូ នៅមុខសេតវិមាន ដើម្បីជំរុញឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ បាតុករជាពលរដ្ឋខ្មែរ ក៏បានឆ្លៀតអរគុណទៅដល់រដ្ឋាភិបាលអាមេរិក ដែលបានចាត់វិធានការជាក់ស្តែងមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីជួយស្រោចស្រង់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក រី គា អ្នកនាំពាក្យអតីតគណបក្សសង្រ្គោះជាតិប្រចាំសាខាសហរដ្ឋអាមេរិក ដែលជាអ្នករៀបចំបាតុកម្មនេះ បានចាត់ទុកបាតុកម្មនេះថា សម្រេចបានជោគជ័យតាមការគ្រោងទុក ដោយមានអ្នកចូលរួមជាង ១២០០នាក់។ យ៉ាងណាក៏ដោយ នេះមិនមែនជាបាតុកម្មចុងក្រោយនោះទេ។