ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីដោះស្រាយវិវាទរវាងក្រុមហ៊ុននាំជ្រូកចូលពីបរទេស និងម្ចាស់កសិដ្ឋាន អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក ជុំវិញការចោទប្រកាន់គ្នាទៅវិញទៅមកលើការប្រកួតប្រជែងមិនស្មោះត្រង់។ លោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ថ្លែងថាការប្រកួតប្រជែងទីផ្សារសេរីតម្លៃវាដើរទៅតាមទ្រឹស្តីនៃការផ្គត់ផ្គង់និងតម្រូវការ។ លោកបន្តថា ជាផ្លែផ្កា អ្នកពាក់ព័ន្ធទាំងអស់មានការយល់គ្នានិងបន្តជជែកគ្នាដោះស្រាយជាបន្តក្រោមការសម្របសម្រួលរបស់ក្រសួងកសិកម្ម។