ក្នុងសប្តាហ៍ទីពីរនៃខែមករា ឆ្នាំ ២០២០នេះ យ៉ាងហោចណាស់ខេត្តចំនួនពីរនៃប្រទេសកម្ពុជា គឺខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋ។ សម្រាប់ខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធបានខ្នះខ្នែងបូមទឹកពីប្រភពនានា ដើម្បីដោះស្រាយរួចរាល់ហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ជុំវិញបញ្ហាប្រឈមនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលជាភ្ញៀវប្រចាំថ្ងៃប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ បានលើកឡើងថា ក្រៅពីបញ្ហាការប្រែប្រួលអាកាសធាតុ កម្ពុជាចាំបាច់ត្រូវធ្វើទំនើបកម្មប្រព័ន្ធធនធានទឹក និងកសាងប្រភពទឹកថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។