គិតត្រឹមថ្ងៃទី ២២ មករា ឆ្នាំ ២០២០នេះ កម្ពុជានៅមិនទាន់រកឃើញករណីនៃការឆ្លងជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយមេរោគកូរ៉ូណាវីរុសនៅឡើយទេ។ ប៉ុន្តែយ៉ាងណាក្តី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជារក្សាអនាម័យឲ្យបានខ្ពស់ ដើម្បីបង្កាឆ្លងមេរោគប្រភេទថ្មីនេះ ខណៈពេលដែលក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការចាំបាច់នានា និងជាបន្ទាន់ ដើម្បីបង្កាកុំឲ្យមេរោគប្រភេទថ្មីនេះ ឆ្លងចូលមកកម្ពុជាបាន។ ការដាក់ចេញនូវវិធានការនេះ គឺស្របពេលដែលមានសេចក្តីរាយការណ៍ថា ប្រទេសជិតខាងកម្ពុជា តួយ៉ាងដូចជា ប្រទេសថៃ មានឆ្លងជំងឺនេះចំនួន២ករណី ជប៉ុន១ករណី និងកូរ៉េខាងត្បូង១ករណីផងដែរ។ ជំងឺរលាកសួតប្រភេទថ្មី ដែលមានប្រភពមកពីខេត្ត វូហាន ប្រទេសចិន បានឆ្លងទៅមនុស្សចំនួន៤៤៥ករណី និងបានបណ្តាលឲ្យស្លាប់៩នាក់ហើយ គិតត្រឹមល្ងាចថ្ងៃទី ២២ មករានេះ។ បើតាមលោកស្រី ឱ វណ្ណឌីន ប្រជាជនកម្ពុជាណាដែលមានបំណងទៅលេងកំសាន្តនៅក្នុងខេត្ត វូហាន ប្រទេសចិន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឬចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គួរផ្អាកជាបណ្តោះអាសន្នសិន។