ការស្នើសុំដាក់ភស្តុតាងថ្មីជាវីដេអូឃ្លីបពេញរបស់លោក កឹម សុខា និងការតាំងសំណួរលើលោក កឹម សុខា បានក្លាយជាចំណុចតានតឹង នៅក្នុងសវនាការកាត់ទោសលោក កឹម សុខា រយៈពេលពីរថ្ងៃមកនេះ។ សវនាការ សប្តាហ៍ទីមួយ ដែលបានបិទបញ្ចប់នៅរសៀលថ្ងៃទី ១៦ មករា នេះ ត្រូវបានគេមើលឃើញថា មានភាពតានតឹង។ យ៉ាងណាក្តី នៅក្នុងបទសម្ភាសន៍ជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ លោក គី តិច មេធាវីការពារក្តីរដ្ឋាភិបាលបានលើកឡើងថា ក្រុមមេធាវីការពារក្តីលោក កឹម សុខា ហាក់មានចេតនាចោទសួរ ដើម្បីធ្វើឲ្យអ្នកចូលរួមស្តាប់អង្គសវនាការយល់ច្រឡំថា ក្រុមប្រឹក្សាជំនុំជម្រះបិទសិទ្ធក្រុមមេធាវី។ ប៉ុន្តែលោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា បានឆ្លើយតបថា ការលើកឡើងរបស់លោកមេធាវី គី តិច គឺនិយាយយកត្រូវតែប៉ុណ្ណោះ។