បុគ្គលិកកាស៊ីណូនិងសណ្ឋាគាណាហ្គាវើលដ៏ជាងពីរពាន់នាក់ បានផ្ទុះកូដកម្មជាទ្រង់ទ្រាយធំ នៅព្រឹកថ្ងៃទី ០៩ មករា បន្ទាប់ពីវិវាទការងារដែលបានអូសបន្លាយតាំងពីខែកញ្ញា ឆ្នាំ ២០១៩ មក មិនទាន់មានដំណោះស្រាយ។ កូដកម្មបុគ្គលិកណាហ្គាវើលដ៏មានកម្មវត្ថុទាមទារលក្ខខណ្ឌការងារចំនួន៦ចំណុច ពិសេស គឺទាមទារឲ្យថៅកែក្រុមហ៊ុនកាស៊ីណូដ៏ធំនៅកម្ពុជាមួយនេះ តម្លើងប្រាក់ខែជូនដល់ពួកគេ និងទីពីរ គឺទាមទារឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពរបស់ខ្លួនម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ឲ្យចូលធ្វើការងារឡើងវិញ។ ជុំវិញកូដកម្មនេះ អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីពទ្រទ្រង់សិទ្ធិការងារប្រចាំនៅកាស៊ីណូណាហ្គាវើលដ៍ និងជាតំណាងឲ្យក្រុមកូដករ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានអះអាងថា កូដកម្មនេះនឹងបន្តធ្វើ រហូតដល់មានដំណោះស្រាយ ខណៈជំនួបចរចារនៅថ្ងៃនេះ មិនទាន់ទទួលបានលទ្ធផលឡើយ។ តើមានហេតុអ្វី?