ពិធីបើកការដ្ឋានជួសជុល និងកែលម្អមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជួសជុល និងកែលម្អ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលមានទីតាំងស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយការបង្កើតមជ្ឈមណ្ឌលនេះ ស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៩ ដែលបានកំណត់ថា“ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល"។
ស្របតាមចក្ខុវិស័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការអប់រំឌីជីថល ឱ្យឆ្លើយតបជាមួយយុគសម័យបច្ចេកវិទ្យាតាមរយៈការធ្វើកំណែទម្រង់គ្រឹះស្ថានសិក្សា និងកំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសមត្ថភាពខ្ពស់ខាងផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្ស ដែលជាធនធានមនុស្សជំនាន់ថ្មី។
ពិធីបើកការដ្ឋានជួសជុល និងកែលម្អអគារនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។
សូមជម្រាបថា ក្រសួងអប់រំ នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយដោយមានសមាសភាគចំនួន៤រួមមាន៖
១.ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទិន្នន័យនៃការអប់រំឌីជីថល
២.សកម្មភាពផលិតវីដេអូនៃការបង្រៀន
៣.ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតវីដេអូនៃការបង្រៀន
៤.វេទិកាឌីជីថលសម្រាប់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក។
ថ្លែងក្នុងសន្ទរកថា នៃពិធីបើកនេះ ឯកឧត្ដមបានថ្លែងអំណរគុណចំពោះមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ ដៃគូពាក់ព័ន្ធ ពិសេសលោកគ្រូ អ្នកគ្រូ បានចូលរួមយ៉ាងអស់ពីកម្លាំងកាយចិត្តក្នុងការជំរុញដំណើរការការអប់រំពីចម្ងាយ និងការអប់រំតាមបែបអេឡិចត្រូនិកនៅកម្ពុជា។ ឯកឧត្ដមបានបន្តថា "ការអប់រំពីចម្ងាយ" ជាវិធីសាស្ត្រមួយ ដែលសិស្សអាចទទួលបានការអប់រំ សម្រាប់ការអភិវឌ្ឍសម្បទាទាំង៤ ពុទ្ធិសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា ដោយពុំចាំបាច់មានវត្តមាននៅសាលារៀន ឬជួបជាមួយគ្រូដោយផ្ទាល់៕
២២មិថុនា២០២០ | វិទ្យាល័យព្រះស៊ីសុវត្ថិ
#DigitalLearning #DistanceLearning
::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.twitter.com/moeyscmbodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia