ថ្ងៃទី០៥មិថុនាម្សិលមិញ គឺជាទិវាបរិស្ថានពិភពលោក។ ក្រសួងបរិស្ថានកម្ពុជា ប្រារព្ធទិវាបរិស្ថាននេះ ដោយបើកយុទ្ធនាការរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ យុទ្ធនាការនេះ បានទទួលការគាំទ្រពីគម្រោងយុវជន Ecolife Cambodia ដែលធ្វើការលើបញ្ហាបរិស្ថាន។ កញ្ញា ស្រីនាង ប្រធានដឹកនាំគម្រោងនេះ បានលើកឡើងថា ការប្រើប្រាស់ថង់ប្លាស្ទិកបានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់ពិភពលោក ខណៈកញ្ញា សំ លក្ខណា អ្នកសម្របសម្រួលទូទៅនៃគម្រោង Ecolife Cambodia លើកឡើងថា ដើម្បីកាត់បន្ថយថង់ប្លាស្ទិក គេមិនចាំបាច់រង់ចាំឲ្យស្ថាប័នមានសមត្ថកិច្ចជាអ្នកចាប់ផ្ដើមឡើយ តែត្រូវចាប់ផ្ដើម ពីមនុស្សម្នាក់ៗខ្លួនឯងផ្ទាល់តែម្ដង។