សៀវភៅ ភាពជាអ្នកមានកំពូល គឺជាគម្ពីរអ្នកមានសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់គ្រួសារ
តើសៀវភៅភាពជាអ្នកមានកំពូល ជាសៀវភៅអ្វី? សៀវភៅនេះ គឺជាសៀវភៅដែលបានធ្វើការឆ្លុះបញ្ចាំងពីជីវិត ពីគំនិត ពីទស្សនៈ ពីការចាប់ផ្តើមអាជីវកម្ម ពីភាពជាអ្នកដឹកនាំ និងពីរូបភាពខ្លឹមសារសំខាន់ៗរបស់កំពូលអ្នកមានលើលោកចំនួន30រូប ថាតើពួកគេធ្វើម៉េច បានក្លាយជាកំពូលអ្នកមាននៅលើលោកយើងនេះ? តើពួកគេមានប្រភពមកពីណា និងធ្វើយ៉ាងដូចម្តេច បានអាចក្លាយជាអ្នកមានកំពូល នៅក្នុងបរិបទពិភពលោកពោរពេញទៅដោយការប្រកួតប្រជែង ការផ្លាស់ប្តូរ និងការប្រឈមនេះ? តើពួកគេទាំង30រូបនេះ មានទ្រព្យសម្បត្តិ និងឥទ្ធិពលខ្លាំងយ៉ាងណា? តើហេតុអ្វីបានជាពួកគេសឹងតែជាអ្នកបង្កើតឱ្យមានពិភពលោក ដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ?
តើសៀវភៅភាពជាអ្នកមានកំពូល កើតឡើងយ៉ាងដូចម្តេច? សៀវភៅនេះ គឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរយៈពេល3ឆ្នាំពេញ និង5ឆ្នាំមិនពេញ ពីប្រភពសៀវភៅ ពីអីុនធើណិត និងពី You Tubeជាច្រើន ដោយផ្តោតទៅលើសំណួរថា តើពួកគេធ្វើយ៉ាងម៉េចបានក្លាយជាកំពូលអ្នកមាន ជាពិសេសតើពួកគេមានគំនិត មានសកម្មភាព និងមានភាពជាអ្នកដឹកនាំយ៉ាងដូចម្តេច? សៀវភៅនេះ គឺបានធ្វើការសិក្សាស្រាវជ្រាវពីឯកសារដែលមានស្រាប់ជាច្រើនប្រភព យកមកពិនិត្យពិចារណា យកមកផ្ទៀងផ្ទាត់ យកមករៀបរៀងនិងចងក្រងមាតិកា និងធ្វើការ-កែលម្អម្តងហើយម្តងទៀត រហូតទាល់ពេញចិត្ត ដោយមិនយកពីសៀវភៅណាមួយ ឬធ្វើតាមគំរូសៀវភៅណាមួយឡើយ។ ចំនួនមនុស្ស30នាក់ គឺចេញពីកំណត់ដោយខ្លួនឯង ការបែងចែកជា6ក្រុម និងការជ្រើសរើសលំដាប់កំពូលមនុស្សទាំង5ក្នុងអាណាចក្រនីមួយៗ គឺធ្វើឡើងដោយខ្លួនឯង។
ការដាក់រូបភាព ការរំលេចគំនិតឬគតិបណ្ឌិត ការរចនាទំព័រនីមួយៗ គឺជាគំនិត ដើម្បីទាក់ទាញឱ្យមនុស្សចូលចិត្តអាន ងាយចាប់បានចំណុចខ្លឹមសំខាន់ៗ និងយល់ច្បាស់ពីហេតុផលរបស់កំពូលអ្នកមានម្នាក់។
សៀវភៅនេះអាចនិយាយបានថា គឺមានតែ១គត់នៅលើលោក ព្រោះវាកើតឡើងពីការខិតខំ ការច្នៃប្រឌិតរបស់ខ្ញុំ និងក្រុមការងារ។
តើហេតុអ្វីបានជាយើងខ្ញុំអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ សរសេរសៀវភៅភាពជាអ្នកមានកំពូល?ការដែលបានក្លាយជាអ្នកដឹកនាំ គឺជាគោលបំណងដ៏ពិសិដ្ឋ និងដ៏ធំមហិមារបស់មនុស្សជាតិ។ មនុស្សដែលមានភាពជាអ្នកដឹកនាំ គឺអាចចាប់ផ្តើមពីអ្វីៗគ្រប់យ៉ាង មិនថាពួកគេនៅទីតាំងណាទេ តែពួកគេសុទ្ធតែអាចចាប់ផ្តើម ដើម្បីក្លាយជាអ្នកដឹកនាំ។ ពួកគេអាចកំណត់គោលដៅ និងជោគវាសនារបស់ខ្លួន តែមនុស្សភាគច្រើនបំផុតតែងនិយាយថា ខ្លួនគ្មានសិទ្ធិ គ្មានសេរីភាព គ្មានឱកាស និងគ្មានអំណាចដើម្បីធ្វើអ្វីដែលខ្លួនចង់ដើម្បីសម្រេចអ្វីដែលខ្លួនប្រាថ្នា ពោលគឺ ដោយសារតែប្រាក់។ ប្រាក់ គឺហាក់បីដូចជារបាំង និងជារនាំងមួយយ៉ាងធំបំផុត ដែលមនុស្សមិនងាយបំបែកបានឡើយ។ ដោយសារតែប្រាក់ បានធ្វើឱ្យមនុស្សធ្វើអ្វីដែលខ្លួនមិនចង់ និងទទួលបានអ្វីដែលខ្លួនមិនប្រាថ្នា។ ដោយសារតែប្រាក់បានធ្វើឱ្យមនុស្សប្រាថ្នាផ្សេង និងធ្វើផ្សឹង។ ដោយសារតែប្រាក់ បានធ្វើឱ្យមនុស្សមានតែសេចក្តីប្រាថ្នា តែគ្មានសកម្មភាព និងរស់ដោយការឈឺចាប់។.
មានមនុស្សច្រើនណាស់ បានក្លាយជាមនុស្សគ្មានគុណធម៌ គ្មានសច្ចធម៌ គ្មានសីលធម៌ និងបានប្រព្រឹត្តអំពើថោកទាប ឃោរឃៅ ព្រៃផ្សៃមិនស្មើសត្វតិរច្ឆាន គឺដោយសារតែប្រាក់។ មានរឿងរ៉ាវច្រើនណាស់នៅលើលោកយើងនេះ គឺដោយសារតែប្រាក់ ដូចជា ប្តីប្រពន្ធឈ្លោះគ្នា លែងលះគ្នា ធ្វើឱ្យកូនរងទុក្ខវេទនា និរាសព្រាត់ប្រាស និងគ្មានសុភមង្គល។
ប្តីប្រពន្ធបង្ខំចិត្តចាកឆ្ងាយចោលគ្នា ឬចាកចោលគ្រួសារ ទៅធ្វើការនៅទីក្រុង ឬនៅបរទេស ទុកឱ្យកូនក្រុមគ្រួសារ មានភាពរងាឯកា ពេលឈឺពេលជាគ្មានភាពកក់ក្តៅ។ ឪពុកម្តាយកូនបងប្អូនឈ្លោះគ្នា ដណ្តើមទ្រព្យសម្បត្តិគ្នា ទាមទារកេរអាករគ្នា កាត់កាល់គ្នាចោល បាត់បង់អស់នូវភាពជាសាច់ឈាមនឹងគ្នា។ ឪពុកម្តាយលក់ខ្លួន លក់ឧត្តមគតិ លក់មនសិការ ឬកូនលក់ខ្លួន ដើម្បីជីវភាពគ្រួសារ បាត់បង់អស់នូវអនាគត កិត្តិយស សីលធម៌ និងគុណធម៌។ បងប្អូនឈ្លោះគ្នា កិបកេងប្រវ័ញ្ចគ្នា ក្បត់គ្នា កាត់កាល់គ្នាចោលបាត់បង់អស់នូវភាពជាបងប្អូននឹងគ្នា។ មិត្តភក្តិឈ្លោះគ្នា កុហកបោកប្រាស់គ្នា គុំកួនសងសឹកគ្នាបាត់បង់អស់នូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អយូរអង្វែង។ មនុស្សប្រព្រឹត្តអំពើហិង្សា លួច ឆក់ ប្លន់ សម្លាប់គ្នា បាត់បង់អស់នូវភាពជាមនុស្សដូចគ្នា។ល។
---
Send in a voice message: https://anchor.fm/khmeraudiobook/message