
Sign up to save your podcasts
Or


ស្ថិតក្នុងបរិបទនៃជម្លោះព្រំដែនខ្មែរ-ថៃ ពលរដ្ឋខ្មែរបានធ្វើពហិការចំពោះទំនិញថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស។ ក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមទៀតឲ្យពលរដ្ឋខ្មែរបន្តប្រើទំនិញដែលផលិតបានក្នុងស្រុកនោះ ពិព័រណ៍ផលិតផលខ្មែរមួយ ឈ្មោះថា «ខ្មែរធ្វើបាន» ត្រូវបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ នាទីក្រុងភ្នំពេញ។ ទាំងម្ចាស់សហគ្រាស និងអាជីវករចាត់ទុកពិព័រណ៍នេះថាជាឱកាសសម្រាប់បង្ហាញផលិតផលរបស់ខ្លួន ដល់អតិថិជនដែលឈប់ទិញទំនិញថៃ។ ដោយឡែក ពលរដ្ឋខ្មែរ មានមោទនភាពនៅពេលឃើញ ខ្មែរអាចផលិតរបស់របរប្រើប្រាស់ និងទំនិញសព្វគ្រប់ដូចប្រទេសដទៃដែរ។
យ៉ាងហោចណាស់មានរថយន្តក្រុងចំនួន៥៩៧គ្រឿងត្រូវបានរៀបចំរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទាំងការដឹកជញ្ជូនទៅតាមបណ្តាខេត្ត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ នៅក្នុងឆ្នាំនេះ បានជ្រើសរើសយកការធ្វើដំណើរដោយរថយន្តក្រុងរដ្ឋ ដើម្បីកាត់បន្ថយលើការចំណាយផ្សេងៗ និងដើម្បីធ្វើដំណើរទៅលេងកម្សាន្តនៅស្រុកកំណើត និងក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
រូបថត និងគំនូរជាច្រើនផ្ទាំង ដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅ ប្រពៃណី និងវប្បធម៌របស់ជនជាតិចាម្ប៍នៅកម្ពុជាកំពុងដាក់តាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបានចូលទស្សនារយៈពេលពេញ ១ខែ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ ក្រោមប្រធានបទ «សង្គ្រោះវប្បធម៌ចាម្ប៍» សហគមន៍ជនជាតិចាម្ប៍នៅកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការតាំងពិព័រណ៍នេះនឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ចាម្ប៍ ផ្សារភ្ជាប់ទំនាក់ទំនងចម្រុះជាតិសាសន៍ ជៀសវាងការរើសអើងពូជសាសន៍។
ស្ថិតនៅក្នុងចំណោមពិភពជីវៈចម្រុះដ៏សម្បូរបែប មានមនុស្សតិចតួចណាស់ដែលបានស្គាល់ និងយល់ដឹងពី អាថ៌កំបាំង និងភាពស្រស់ស្អាតរបស់សត្វល្អិតរាប់លានប្រភេទនៅលើពិភពលោក។ ប៉ុន្តែវត្តមានសត្វល្អិតទាំងនោះក៏កំពុងប្រឈមទៅនឹងការបាត់បង់ពីភពផែនដីដែរ។ ការតាំងពិព័រណ៍រូបថតដ៏កម្រមួយស្តីអំពី «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត» ដែលបង្ហាញអំពីភាពស្រស់ស្អាត និងជីវៈចម្រុះដ៏សម្បូរបែបរបស់សត្វល្អិតនៅកម្ពុជា ត្រូវបានរៀបចំធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថានទូតបារាំង នៅឯវិទ្យាស្ថានបារាំងនៅកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ខាងមុខ។
ប្រហុកជាអាហារផ្អាប់ ហើយត្រូវបានបម្រុងទុកតាមផ្ទះរបស់ពលរដ្ឋនៅតាមទីជនបទ។ ពលរដ្ឋខ្មែរនិយមទទួលទានប្រហុកដោយផ្ទាល់ ឬប្រើជាគ្រឿងផ្សំ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារឱ្យកាន់តែឆ្ងាញ់ពិសា។ ប្រហុកសៀមរាបរបស់កម្ពុជា ត្រូវបានចុះបញ្ជី ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)។តាមរយៈការចុះបញ្ជីនេះ ម្ចាស់សិប្បកម្មកែច្នៃប្រហុកសៀមរាប ប្ដេជ្ញាបង្កើនគុណភាពប្រហុក និងបង្កើតឱ្យមានការប្រកួតប្រជែងលើទីផ្សារ ហើយអាចឈានទៅពង្រីកទីផ្សារនាំចេញប្រហុកកម្ពុជាទៅក្រៅប្រទេស៕
ខណៈការធ្វើពហិការមិនប្រើផលិតផលនាំចូលមកពីប្រទេសថៃកាន់តែមានសន្ទុះខ្លាំងនៅប្រទេសកម្ពុជា ផលិតផលក្នុងស្រុកកាន់តែទទួលបានការចាប់អារម្មណ៍និងការគាំទ្រខ្ពស់ពីពលរដ្ឋខ្មែរ។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នៃការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ អាជីវករខ្មែរមួយភាគធំបាននិយាយព្រមៗគ្នាថាពួកគាត់បានលក់ផលិតផលរបស់ខ្លួនដាច់ស្ទើរអស់ៗពីស្តុក។
លោក ស៊ឹម ឈុនលុយ ម្ចាស់សិប្បកម្មសាន់នី ហ្វីស បានវិនិយោគទាំងធនធាន ចំណេះដឹង និងជំនាញ កែប្រែហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារមកជាទីកន្លែង ផលិតកម្ម ដែលអាចបំពេញបានតាមស្ដង់ដារអន្តរជាតិស្ដីពីសុវត្ថិភាពម្ហូបអាហារ (វិញ្ញាបនបត្រ HACCP)។ មានបទពិសោធន៍២៥ឆ្នាំក្នុងអាជីវកម្មកែច្នៃផលិតផលជលផល ក្រោយប្រមូលផល ម្ចាស់សិប្បកម្ម សាន់នី ហ្វីស បានត្រៀមលក្ខណៈរួចរាល់ ដើម្បី ទទួលយកការធ្វើសវនកម្មលើផលិតផលរបស់ខ្លួនពីសំណាក់អគ្គនាយកដ្ឋានសុខភាពសុវត្ថិភាពម្ហូបអាហារអឺរ៉ុប មុននឹងទទួលបានសិទ្ធិពេញលេញនាំផលិតផលជលផលបឹងទន្លេសាបទៅទីផ្សារអឺរ៉ុប៕
ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែលគោរព និងជឿជាក់លើការឧទ្ទិសបុណ្យកុសលជូនសាច់ញាតិដែលបានចាកឋានទៅ។ ប៉ុន្តែពិធីកាន់បិណ្ឌឆ្នាំនេះហាក់ខុសពីរាល់ដង ក៏ព្រោះតែកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមានជម្លោះព្រំដែនជាមួយថៃ។ ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋមួយចំនួនឆ្លៀតធ្វើចង្ហាន់ រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស និងនឹករឭកដល់វីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតអំឡុងការផ្ទុះអាវុធជាមួយកងទ័ពថៃ។
នៅទីបំផុត អាកាសយានដា្ឋនអន្តរជាតិតេជោថ្មីដែលមានទីតាំងនៅភាគខាងត្បូងខេត្តកណ្តាលនិងខេត្តតាកែវ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៥។ នៅថ្ងៃដំបូងនៃការបើកឲ្យដំណើរការ អ្នកធ្វើដំណើរជាតិនិងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទូទៅមកពីសឹងគ្រប់ទិសទីបានចូលទស្សនា និងបានកើតសរសើរស្នាដៃដ៏ល្អឯកនៃសំណង់អាកាសយានដ្ឋានថ្មីរបស់កម្ពុជាលំដាប់ពិភពលោកដែលមានលក្ខណៈធំទូលាយថ្មីប្លែក និងគួរឲ្យទាក់ទាញ៕
ភាពយន្តឯកសារ “វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ” ដឹកនាំដោយ Arthur DONG ឆ្នាំ ២០១៥ ត្រូវបានមជ្ឈមណ្ឌលបុប្ផាណាចាក់បញ្ចាំងឡើងវិញ កាលពីថ្ងៃទី៦កញ្ញា ឆ្នាំ២០២៥។ រឿងនេះរៀបរាប់ពីដំណើរជីវិត និងការសម្ដែងរបស់លោក ហាំង ង៉ោ មុនពេលដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីឆ្នាំ១៩៩៦។ ឃាតកម្មលើលោក ហាំង ង៉ោ បានបន្សល់ភាពសោកសៅដល់ទស្សនិកជនជាតិ និងអន្តរជាតិ។ សម្រាប់ពលរដ្ឋខ្មែរ ឃាតកម្មលើលោក ហាំង ង៉ោ ជាការបាត់បង់អ្នកមានស្នាដៃឆ្នើមខ្មែរ។ ពីមជ្ឈមណ្ឌលបុប្ផាណា ក្នុងរាជធានីភ្នំពេញ យើងមានបទយកការណ៍របស់ ឈា ប៊ុណ្ណារិទ្ធ៖