
Sign up to save your podcasts
Or


សន្ទរកថារបស់ប្រធានាធិបតីម៉ាក្រុង ទាក់ទងនឹងសំណុំរឿងឃាតកម្មរបស់លោកលិម គីមយ៉ា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីកាលពីសប្តាហ៍មុនបានធ្វើឲ្យក្រុមគ្រួសាររបស់លោកលិម គីមយ៉ាកក់ក្តៅក្នុងចិត្ត។ កក់ក្តៅព្រោះថា ការតស៊ូរបស់ពួកគេដើម្បីស្វែងរកយុត្តិធម៌ឲ្យលោកលិម គីមយ៉ា អតីតតំណាងរាស្រ្តដែលត្រូវឃាតករបាញ់សម្លាប់ក្នុងក្រុងបាងកក មិនត្រូវបានគេបំភ្លេច។ ឈាង បុប្ផាបានទៅជួបភរិយា និងកូនប្រុសរបស់លោកលិម គីមយ៉ានៅសប្តាហ៍នេះ។
រូបថតមួយសន្លឹកៗរបស់អ្នកកាសែតថតរូបជនជាតិបារាំង លោក Jean-Luc Moreau Deleris គឺជាសក្ខីភាព នៃសោកនាដកម្ម ជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅភូមិហ្វ្រង់កូហ្វូនី ក្នុងរាជធានីភ្នំពេញ រូបថតជាច្រើនសន្លឹកបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និងបានបើកឱកាសឱ្យពួកគេបានស្វែងយល់កាន់តែច្បាស់ពីទុក្ខវេទនា ការបាត់បង់ និងផលប៉ះពាល់ ដែលប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ៕
កញ្ញា ប៊ុន គីមឡេង ជាសហគ្រិនស្ត្រីខ្មែរម្នាក់ ដែលមានបទពិសោធន៍សិក្សា និងការងារនៅប្រទេសជាច្រើន។ គោលបំណងនៃការបង្កើតអាជីវកម្ម «ផ្ទះមេគង្គ» របស់កញ្ញា គឺដើម្បីភ្ជាប់ប្រជាកសិករ និងអ្នកផលិតកម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង និងសហភាពអឺរ៉ុប។ ជាមួយនឹងបទពិសោធន៍ និងស្នាដៃក្នុងវិស័យសហគ្រិនភាពនេះ កញ្ញាត្រូវបានជ្រើសរើស ជាបេក្ខនារីសហគ្រិនស្ត្រីឆ្នើមម្នាក់ ក្នុងចំណោមបេក្ខនារីទាំង៦នាក់ ក្នុងការប្រកួតប្រជែងនៅព្រឹត្តិការណ៍ហ្វ្រង់កូតិច(FrancoTech) ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ។ ចំណែកលទ្ធផលនៃការប្រកួតប្រជែងនេះ ត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ពិព័រណ៍ហ្វ្រង់កូតិចត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះបានក្លាយជាវេទិកាផ្តល់បទពិសោធន៍ថ្មីដល់យុវជនខ្មែរក្នុងការស្វែងយល់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI៕
ពីស្រុកខ្មែរ មកធ្វើជាទាហានជាមុខ Legion étrangère របស់ប្រទេសបារាំង។ នេះជាចំណងជើងសៀវភៅ និពន្ធ និងបោះពុម្ពដោយខ្លួន ដោយក្រុមគ្រួសាររបស់លោក ហ៊ុន ដារិន។ បោះពុម្ពផ្សាយក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញ ថ្ងៃទី១៥ និង១៦វិច្ឆិកាឆ្នាំ ២០២៦ សៀវភៅLégion étrangère ពីស្រុកខ្មែរមកទាហានមួកសជាមធ្យោបាយ ជាតឹកតាងបញ្ជាក់ពីសារៈសំខាន់នៃភាសាបារាំង និងទំនាក់ទំនងបារាំង និងកម្ពុជា។
ជំនះនឹងវិបត្តិកូវីដ ដែលតម្រូវឲ្យគេបិទផ្អាកការសំដែង អស់មួយឆ្នាំ សិល្បកររបស់ក្រុមល្ខោនសៀក ហ្វារ នៅទីបំផុតបានធ្វើដំណើរទៅដល់ប្រទេសបារាំង នៅសប្តាហ៍មុននេះ ដើម្បីត្រៀមបើកការសំដែង ដែលមានដល់ទៅជាង ២០ការសំដែង។ នៅមុនការសំដែងជាផ្លូវការដែលចាប់ផ្តើម នៅពាក់កណ្តាលខែ វិច្ឆិកាឆ្នាំ ២០២១ សិល្បករខ្មែរបានហាត់សមនៅមជ្ឈមណ្ឌលជាតិសិល្បៈ និងសៀក បារាំង ក្នុងទីក្រុង Châlons en Champagne។ ឈាង បុប្ផា បានធ្វើដំណើរទៅជួបពួកគាត់ សម្រាប់បទយកការណ៍របស់វិទ្យុបារាំងអន្តរជាតិRFI
សិល្បករបានខិតខំហាត់សមរបាំឈ្មោះ «សម្រស់ស្រូវលើដែនដីសុវណ្ណភូមិ» ដើម្បីត្រៀមសម្ដែងនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ ក្បាច់រាំដែលយកដើមស្រូវ ជាតួអង្គសំខាន់ មានគោលបំណងបង្ហាញពីជីវភាពរស់នៅរបស់កសិករខ្មែរ និងអត្តសញ្ញាណវប្បធម៌កសិកម្មកម្ពុជានៅលើឆាកអន្តរជាតិ៕
៧៣ឆ្នាំនៃឯករាជ្យជាតិកម្ពុជា ត្រូវបានរំលឹកតាមរយៈព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ ដោយមានកីឡាករ និងកីឡាការិនីជាង ៥០០នាក់ចូលរួម។ ទោះបីជាអ្នកចូលរួមមានវ័យ ខុសគ្នា និងបទពិសោធន៍ជិះកង់ខុសៗគ្នាក៏ដោយ ក៏ពួកគេមានគោលដៅរួមតែមួយ គឺចូលរួមអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងស្វាគមន៍ការរៀបចំភូមិហ្វ្រង់កូហ្វូនីនៅកម្ពុជា៕
ស្បៃខ្មែរ ជាស្នាដៃសិល្បៈប្រពៃណី ដែលមានប្រវត្តិផ្សារភ្ជាប់នឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តដំណើរជីវិតមកដល់បច្ចុប្បន្ន។ លើសពីប្រើប្រាស់សម្រាប់តុបតែងលម្អកាយ ស្បៃខ្មែរ អាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់ភ្ញៀវអន្តរជាតិ។ ការជ្រើសរើសស្បៃខ្មែរជាអំណោយដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា មិនត្រឹមតែជាការបង្ហាញសិល្បៈប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រើប្រាស់សិល្បៈប្រពៃណី ជាស្ពាននៃការទូតវប្បធម៌ផងដែរ៕
អ្នកថែរក្សា Les veilleurs ជាភាសាអង់គ្លេស The Keepersរបស់សិល្បករ ថាង សុធាបានបង្ហាញមុខនៅសាលពិព័រណ៍របស់លោកលី សាត ក្នុងសង្កាត់Saint Germain des Prés កណ្តាលក្រុងប៉ារីស។ លោកម៉ឹង រដ្ឋា ប្រជាជនខ្មែរម្នាក់ដែលរមែងឧបត្ថម្ភគាំទ្រស្នាដៃសិល្បៈខ្មែរជាអ្នកផ្តួចផ្តើមគំនិតចង់ឲ្យសាធារណជនបារាំងស្វែងយល់ពីការវិវត្តន៍ និងការរីកចម្រើនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សិល្បករខ្មែរ ថាង សុធា។ ឈាង បុប្ផាបានចុះទៅយកព័ត៌មានផ្ទាល់នៅសាលពិព័រណ៍ លី ៖