
Sign up to save your podcasts
Or


ជារៀងរាល់ថ្ងៃ ពោលចាប់ពីម៉ោង ៥ល្ងាចតទៅ គេតែងសង្កេតឃើញវត្តមានពលរដ្ឋជាច្រើននាក់ ខ្លះដើរ ខ្លះរត់ ឯខ្លះទៀតលេងកីឡាផ្សេងៗនៅឯសួនច្បារវិមានឯករាជ្យ ឬសួននាគបាញ់ទឹក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ និន្នាការនៃការហាត់ប្រាណនៅតាមសួនសាធារណៈហាក់មានការកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ពលរដ្ឋមួយចំនួនបានអះអាងថា មូលហេតុដែលជំរុញឱ្យពួកគេទៅទីកន្លែងនោះ ព្រោះតែចង់បានសុខភាពល្អ ហើយម្យ៉ាងក៏ដើម្បីជួយសម្រួលដល់កាយសម្បទាផងដែរ។ ទោះយ៉ាងណា ពួកគេយល់ថា សាលាក្រុងភ្នំពេញគួរតែរៀបចំសួនច្បារសាធារណៈនៅទីតាំងផ្សេងៗបន្ថែមទៀត ដើម្បីជំរុញឱ្យពលរដ្ឋចូលរួមហាត់ប្រាណកាន់តែច្រើន។
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាជម្រករបស់ប្រភេទសត្វព្រៃជិតផុតពូជយ៉ាងតិច ៦០ប្រភេទ ក្នុងនោះរួមមាន ដំរីអាស៊ី ខ្ទីង កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ពង្រូល និងទន្សោងជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន ដំឡើងឧបករណ៍កាមេរ៉ាសម្ងាត់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកត់ត្រាពីជីវិតសត្វកម្រ វាស់វែងវឌ្ឍនភាពនៃការអភិរក្ស និងតាមដានជីវៈចម្រុះ នៅតំបន់ភ្នំជួរភ្នំក្រវាញកណ្ដាល។ សម្រាប់អ្នកស្រាវជ្រាវ វត្តមាននៃសត្វកម្រជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្ដាល ជាសក្ខីភាព បង្ហាញពីសុខភាពព្រៃឈើនៅល្អគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ប្រភេទសត្វជិតផុតពូជ៕
កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងមានដំរីព្រៃចន្លោះពី ៦០០ ទៅ ៨០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនៃភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងតំបន់ព្រៃឡង់។ ដោយឡែក សត្វដំរីស្រុកចំនួន ៧ក្បាល ដែលរស់តាមបែបធម្មជាតិ នៅជ្រលងដំរីប្រៀបបានជាឆ័ត្រការពារធនធានធម្មជាតិ និងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។ គម្រោងជ្រលងដំរី បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប៉ុន្តែការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៦នេះ កំពុងរំខានដល់សកម្មភាពថែទាំសត្វដំរីស្រុក៕
បណ្ណាល័យសម្តេចម៉ែ ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២០ កំពុងបន្តរក្សាទុក និងបម្លែងឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនទាក់ទងនឹងព្រះរាជកិច្ចតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីពីរបបខ្មែរក្រហម ក្នុងទម្រង់ឌីជីថល។ លោក រស់ សំពៅ នាយកបណ្ណាសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជានាយកបណ្ណាល័យសម្តេចម៉ែ បានឱ្យដឹងថា ឯកសារជិត ២លានទំព័រ ដែលត្រូវបានស្រាវជ្រាវ និងប្រមូលអស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានស្កេនជាង ៩០% ដើម្បីជួយការពារឯកសារដើម និងសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់សាធារណជន និងអ្នកជំនាន់ក្រោយ។ ស៊ឹម ចាន់សំណាងមានបទយកការណ៍ ពីព្រះរាជបណ្ណាល័យសម្តេចម៉ែក្នុងរាជធានីភ្នំពេញ។
ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌលបុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជា សម្រាប់ផ្ទេរបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។
លោក ទ្រី វិចិត្រ ជាគ្រូបង្រៀនភាសាអង់គ្លេស ដែលពិការដៃទាំងសងខាង ដោយសារខ្សែភ្លើងឆក់កាលពីឆ្នាំ២០២០។ ទោះជួបរឿងរ៉ាវដ៏ អាក្រក់ រហូតធ្លាក់ខ្លួនពិការដៃទាំងពីរ និងធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងណាក្ដី ក៏គ្រូបង្រៀនរូបនេះ មិនអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ជំនួសឲ្យក្តីអស់សង្ឃឹម លោក ទ្រី វិចិត្រ បានប្រើជំនាញភាសាអង់គ្លេស ដើម្បីបន្តជីវិតទៅមុខ៕
ស្ថិតតាមបណ្តោយផ្លូវបេតុង អឹបជាប់របងវត្តស្វាយពពែ ទល់មុខស្ថានទូតរុស្សី ក្នុងក្រុងភ្នំពេញ គេឃើញមានកន្លែងកាត់សក់តូចៗតម្រៀបគ្នាហូរហែ។ បើទោះបីជាហាងកាត់សក់ទំនើបៗបានរីកស្គុះស្គាយពេញទីក្រុងក៏ពិតមែន តែរបរកាត់សក់នេះនៅតែពេញនិយមពីពលរដ្ឋមួយចំនួន។ ប៉ុន្តែអ្វីដែលប្លែកនោះ របរកាត់សក់តាមចិញ្ចើមផ្លូវហាក់នេះមិនសូវមានវត្តមានច្រើនទេក្នុងទីក្រុងភ្នំពេញ។
នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួបលើកទី២៨ នៃទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំបង្កើនការផ្សព្វផ្សាយពីការតម្រង់ទិសសិក្សា ដើម្បីកសាងភាពធន់ សមស្របទៅនឹងទីផ្សារការងារបច្ចុប្បន្ន៕
នៅច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃបានដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា និងទាមទារឱ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទន្ទឹមគ្នានេះ អាជីវករនៅច្រកថ្មដាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចឱ្យជួយពន្លឿនការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីស្តារស្ថានភាពតាមព្រំដែនឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេនាំគ្នាទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ នៅមណ្ឌលប្រឡងវិទ្យាល័យបាក់ទូក បេក្ខជនប្រឡងបាក់ឌុបក៏បាននាំយកមកជាមួយទៀនធូប ផ្កាឈូក និងដង្វាយមួយចំនួនសម្រាប់បន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។ គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ២០២៦ ខាងមុខ។ បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំ ២០២៦នេះ មានចំនួនប្រមាណ ១៥ម៉ឺននាក់ ខណៈមណ្ឌលប្រឡងចំនួន ២៤៤ កន្លែងនៅទូទាំងប្រទេស។