
Sign up to save your podcasts
Or


ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគេរស់នៅបន្តទៀត៕
កាលពីពេលថ្មីៗនេះ អង្គការអន្តរជាតិខាងការងារ(ILO) បានចេញរបាយការណ៍មួយដោយរកឃើញថា ការងារតាមថ្នាលបច្ចេកវិទ្យាឌីជីថល(Digital Labour Platforms) ឬតាមapp នៅកម្ពុជា កំពុងតែរីកស្គុះស្គាយ ហើយកម្លាំងពលកម្មដឹកជញ្ជូនទំនិញភាគច្រើនជាបុរសវ័យក្មេង។ តាម ILO ទោះមានការរីកចម្រើន តែអ្នកធ្វើការក្នុងវិស័យនេះ ក៏កំពុងតែជួបប្រទះបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងម៉ោងធ្វើការ សន្តិសុខការងារ ការគាំពារផ្នែកសង្គម និងជាពិសេសសុវត្ថិភាពនៅតាមដងផ្លូវ។ អ្នកដឹកជញ្ជូនម្ហូបអាហារតាមអនឡាញម្នាក់ៗ សុទ្ធតែបានអះអាងដូចៗថា គ្រោះថ្នាក់ចរាចរណ៍ជាហានិភ័យខ្ពស់សម្រាប់ពួកគេ។
ទោះវិចិត្រករ និងជាអតីតអ្នកទោសគុកទួលស្លែងបានទទួលមរណភាពអស់រយៈពេល ១៥ឆ្នាំទៅហើយក្តី តែស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែរស់រវើក និងបានរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យដឹងពីសោកនាដកម្ម និងភាពឃោរឃៅក្នុងរបបខ្មែរក្រហម។ តាមរយៈពិព័រណ៍ «វ៉ាន់ ណាត៖ គំនូរនៃការចងចាំ» មជ្ឈមណ្ឌលបុប្ផាណា បានដាក់បង្ហាញស្នាដៃជាច្រើនរបស់លោក វ៉ាន់ ណាត ដែលផ្ទាំងគំនូរមួយចំនួនឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងមន្ទីរសន្តិសុខ ស-២១ និងជីវិតក្នុងសម័យខ្មែរក្រហម៕
គណៈប្រតិភូកម្ពុជាដឹកនាំដោយរដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវបានបារាំងអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីអវកាសនៅទីក្រុងប៉ារីសថ្ងៃទី៩ និងទី១០កញ្ញា។ មានវត្តមានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុនឯកជនបរទេសក្នុងវិស័យអវកាស កម្ពុជាមានមហិច្ឆតារបស់ខ្លួន នោះគឺការប៉ងចង់ផលិតផ្កាយរណបដោយខ្លួនឯងនាថ្ងៃអនាគត។ ឈាង បុប្ផាបានជួបគណៈប្រតិភូកម្ពុជានៅGrand Palais ក្នុងទីក្រុងប៉ារីស។
ការចរចាប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ កំពុងចាប់ផ្តើម ដោយបច្ចុប្បន្ននេះ កម្មកររោងចក្រទទួលបានប្រាក់ខែគោល ២១០ដុល្លារ។ កម្មកររោងចក្រខ្លះអះអាងថា ប្រាក់ខែត្រឹម ២១០ដុល្លារមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេបានទេ និងខ្លះទៀតយល់ថា ស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃមិនសូវជាល្អ ដើម្បីឱ្យថៅកែអាចដំឡើងប្រាក់ខែច្រើនទេ។ ទោះជាយ៉ាងណា ពួកគេសុំដំឡើងត្រឹម ១០ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រាលការលំបាករបស់ពួកគេ៕
បាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦ អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង ដែលជាភូមិមួយក្នុងឃុំវាល កំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ កសិករមួយចំនួននៅភូមិព្រៃខ្លុងបានសម្តែងក្តីបារម្ភពីការខាតបង់ទិន្នផលស្រូវ និងខ្វះស្បៀងអាហារដោយសារគ្រោះរាំងស្ងួតនេះ៕
សង្រ្គាមវាយប្រហារឈ្លានពានរបស់យោធាថៃចូលក្នុងដីកម្ពុជាមិនមែនជារឿងតូចតាចដែលគេត្រូវមើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Delerisបាននាំយករូបភាពស្តីពីទុក្ខវេទនារបស់ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញប្រាសាទ ភូមិផ្ទះសម្បែងដោយសារស្នាដៃវាយប្រហាររបស់កងទ័ពថៃ មកលាតត្រដាងឲ្យគេឃើញ នៅក្នុងមហោស្រពរូបថតកាសែតVisa pour l’image Perpigan លើកទី៣៨ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីឈ្មោះមួយនៅប្រទេសបារាំង។ មហោស្រពរូបថតនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៣ខែកញ្ញា។
ព្រៃកប់សព ជាភស្តុតាងនៃទំនៀមទម្លាប់ ការរស់នៅ និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចពូនង(ព្នង)មួយចំនួន នៅភូមិពូតាំង ខេត្តមណ្ឌលគិរី បានសម្តែងការព្រួយបារម្ភពីការបាត់បង់ព្រៃកប់សពរបស់ពួកគេ ដោយសារតែឈ្មួញគប់គិតគ្នាទិញលក់ និងបានឈូសឆាយដីកប់សព ធ្វើជាផ្ទះលំហែ ឬធ្វើកសិកម្មជាដើម។ អ្នកភូមិបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ចរន្តទិញ លក់ដីកប់សពទាំងនោះ ដើម្បីឲ្យពួកគេអាចត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចពូនង៕
ស្នាមញញឹម ក្តីរំភើប និងទឹកភ្នែក ជាអារម្មណ៍ផ្សេងៗគ្នារបស់សិស្ស ក្នុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ។ សម្រាប់សិស្សដែលបានប្រឡងជាប់ នេះជាពេលវេលានៃមោទនភាព និងជោគជ័យ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ខណៈអ្នកខ្លះទៀតមានអារម្មណ៍សោកស្តាយ និងទឹកភ្នែករលីងរលោង ដោយសារលទ្ធផលមិនដូចការរំពឹងទុក។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ៖
គិតមកត្រឹមខែសីហា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានរយៈពេល២ឆ្នាំ។ ពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានទទួលសំណងសមរម្យ ខណៈពលរដ្ឋរាប់ពាន់គ្រួសារទៀត កំពុងរង់ចាំព័ត៌មានពីកញ្ចប់សំណង។ តែតំណាងរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការទូទាត់សំណងផលប៉ះពាល់លើពលរដ្ឋបានប្រព្រឹត្តទៅតាមផែនការ ដែលបានគ្រោងទុក។ ពោល រដ្ឋាភិបាលបានដាក់សារៈសំខាន់ខ្ពស់ ទៅលើការដោះស្រាយផលប៉ះពាល់ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងសមស្របទៅតាមច្បាប់៕