មានឈ្មោះជាកសិករ ការខិតខំប្រឹងប្រែងមិនថាយប់ឬថ្ងៃ ក្តៅឬត្រជាក់ត្រូវតែប្រឹង បើមិនប្រឹងមានតែដាច់ពោះស្លាប់។ នេះជាការអះអាងរបស់អ្នកស្រី វ៉ែន ហេង អ្នកដាំត្រកួនក្នុងបឹងជើងឯក។ មានវ័យ៦០ឆ្នាំផ្លាយ អ្នកស្រី វែន ហេងនៅបន្តដាំត្រកួនលក់ដើម្បីផ្គត់ផ្គង់គ្រួសារ ទោះបីកម្លាំងកាន់តែចុះខ្សោយ។ តាមអ្នកស្រី វ៉ែន ហេង មុខរបរនេះបានជួយអ្នកស្រីរកចំណូលសមល្មមដើម្បីដោះស្រាយជីវភាពមួយកម្រិត។ តែទៅថ្ងៃមុខ អ្នកស្រីមិនហ៊ានធានាពីភាពយូរអង្វែងនៃមុខរបរមួយនេះ ព្រោះអ្នកស្រីព្រួយបារម្ភពីការលុបបឹងកាន់តែខ្លាំង។ បច្ចុប្បន្ននេះ គម្រោងដីឡូត៍ និងបុរីរីកដុះដាលជុំវិញបឹងជើងឯកកាន់តែច្រើន។