ពិធីបិទវគ្គសិក្ខាសាលាស្ដីពីការពិនិត្យសេចក្ដីព្រាងចុងក្រោយសៀវភៅសិក្សាគោលសម្រាប់មត្តេយ្យសិក្សា
កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបិទវគ្គសិក្ខាសាលាស្ដីពីការពិនិត្យសេចក្ដីព្រាងចុងក្រោយ សៀវភៅសិក្សាគោលសម្រាប់មត្តេយ្យសិក្សា ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់គណៈគ្រប់គ្រង លោគ្រូ អ្នកគ្រូ យកទៅអនុវត្តផ្ទាល់ជាមួយកុមារតូច។
វគ្គសិក្ខាសាលានេះត្រូវបានដំណើរការរយៈពេល០២ថ្ងៃមកហើយ ដោយបានការគាំទ្រថវិកាពីអង្គការ Plan International ដែលតែងតែបានជួយចូលរួមយ៉ាងសកម្ម ទាំងជំនួយ បច្ចេកទេស និងថវិកា ក្នុងការអភិវឌ្ឍសៀវភៅសិក្សាគោល សម្រាប់មត្តេយ្យសិក្សា ដោយមានការបញ្ចូលនូវវិធីសាស្ត្របង្រៀនបែបសមធម៌ និងបរិយាបន្ន រវាងកុមារគ្រប់ភេទ និងគ្រប់ស្ថានភាពនៃកុមារ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការទទួលបានសេវាអប់រំកុមារតូច ដែលជាលក្ខណៈត្រៀមរបស់កុមារ សម្រាប់បន្ដការសិក្សានៅបឋមសិក្សា ប្រកបដោយគុណភាព កាត់បន្ថយការរៀនត្រួតថ្នាក់ និងបោះបង់ការសិក្សា។
ក្រោយបញ្ចប់សិក្ខាសាលានេះទទួលបានលទ្ធផលដូចតទៅ៖
១.បានឯកភាពកែសម្រួលសៀវភៅសិក្សាគោលសម្រាប់មត្តេយ្យសិក្សាគ្រប់មុខវិជ្ជា តាមទម្រង់តែមួយ និងបានសម្រេចលើខ្លឹមសារជាគោលការណ៍រួម។
២.បានឯកភាពកំណត់ខ្លឹមសារក្នុងសៀវភៅសិក្សាគោល
ពិធីបិទវគ្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្ដមបានមានប្រសាសន៍ថា វគ្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ដែលបានផ្ដល់ឱកាសឲ្យជំនាញពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ បានពិភាក្សាផ្លាស់ប្ដូរ យោបល់គ្នាដោយឆ្លុះបញ្ចាំងពីកម្មវិធីសិក្សា មត្តេយ្យសិក្សានៅ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នទៅនឺងកម្មវិធីសិក្សា នៅបណ្ដាប្រទេសផ្សេង ដើម្បីរៀបចំសៀវភៅសិក្សា គោលគ្រប់មុខវិជ្ជាសម្រាប់មត្តេយ្យសិក្សាឲ្យមានគុណភាពកាន់តែប្រសើរឡើង ស្របតាម កម្រិត អាយុរបស់កុមារ និងឆ្លើយតបទៅនឺងមូលដ្ឋានគ្រឹះ និងតម្រូវការទីផ្សារពលកម្មរបស់ប្រទេសជាតិ។
ជាចុងក្រោយឯកឧត្ដមក៏បានថ្លែអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសលោកស្រី Qwynneth Wong នាយកប្រចាំការ នៃអង្គការភ្លេនអន្តរជាតិដែលបានសហការជ្រោមជ្រែង និងធ្វើការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានរំលែកនូវបទពិសោធន៍ល្អៗ បញ្ហាប្រឈម និងដំណោះស្រាយដល់ភ្នាក់ងារអប់រំ កុមារតូច នៅបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈវេទិការនានា ជាពិសេសបានរួមចំណែកយ៉ាង សកម្មក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ៕
០៤ កុម្ភៈ ២០២១ | សាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម