នាពេលថ្មីៗនេះ ពិភពលោកទាំងមូលកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពនៅប្រទេសអាហ្វហ្កានីស្ថាន ដោយក្រុមតាលីបង់បានទទួលជ័យជំនះ និងធ្វើការគ្រប់គ្រងរដ្ឋធានីកាប៊ុលបានសម្រេចក្នុងរយៈពេលខ្លី។ បើទោះបីជាអាហ្វហ្គានីស្ថានស្ថិតក្រោមការទ្រទ្រង់ និងផ្គត់ផ្កង់ពីសហរដ្ឋអាមេរិក ទាំងផ្នែកយោធា សង្គម និងសេដ្ឋកិច្ចអស់រយៈពេលជាង២០ឆ្នាំក្ដី ក៏ប្រទេសមួយនេះនៅតែបន្តភាពស្ទក់ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនរហូតដល់បច្ចុប្បន្ន។ ទាំងនេះជាផលបច្ច័យដែលធ្វើឲ្យក្រុមសកម្មប្រយុទ្ធតាលីបង់ ឆក់បានឱកាសវាយបាក់រនាំងយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថានចូលកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុង ស្របពេលដែលរដ្ឋាភិបាលអសមត្ថភាពក្នុងការទប់ស្កាត់ និងហោះចេញពីប្រទេសទុកឲ្យប្រជាជនទូទាំងប្រទេសរងទុក្ខក្រោមការក្ដោមក្ដាប់អំណាចរបស់ក្រុមតាលីបង់។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឡេង ធារិទ្ធ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កជាភាពព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីអនាគតរបស់ប្រទេស និងប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាអាចជះឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់ក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគតផងដែរ។ សំណួរទី១៖ តើលោកបណ្ឌិតអាចរៀបរាប់អំពីសាវតាសង្ខេបរបស់ក្រុមតាលីបង់ ក៏ដូចជាសង្រ្គាមនៅអាហ្វហ្កានីស្ថានបានដែរឬទេ? ហើយហេតុអ្វីបានជាមានវត្តមានរបស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន? តើក្រុមនេះមានទំនាក់ទំនងអ្វីជាមួយក្រុមភេរវកម្ម Al Qaeda ដែរ? ទាក់ទងនឹងប្រវត្តិនៃការកកើតរបស់ក្រុមតាលីបង់នេះ តាមពិតទៅ វាមានប្រវត្តិវែងឆ្ងាយបន្តិច។ ការកកើតនេះ ចាប់ផ្ដើមអំពីការដកចេញរបស់កងទ័ពសហភាពសូវៀតពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ នាពេលនោះ មានក្រុមមួយដែលគេហៅថា ក្រុម Mujahid /Mujahadeen ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានវាយឈ្នះកងទ័ពរបស់សហភាពសូវៀត ដែលនាំឲ្យសហភាពសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ ក៏ប៉ុន្តែក្រុម Mujahid នេះ ក៏ចាប់ផ្ដើមឈ្លោះគ្នា ហើយបំបែកចេញជាក្រុមតូចៗ ក្លាយជាសង្គ្រាមស៊ីវិលផ្ទៃក្នុង ដែលនាំឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ យើងឃើញថា នៅក្នុងសង្រ្គាមស៊ីវិលនេះ មានក្រុមមួយគឺក្រុមតាលីបង់នៅក្នុងនោះដែរ ដែលក្រុមតាលីបង់នេះដើមកំណើតពីប្រទេសប៉ាគីស្ថាន និងប្រកាន់យកនូវការតម្លៃរបស់សាសនាឥស្លាមជាធំ ហើយប្រកាន់យកនូវគោលការណ៍មួយទៀតគឺ ប្រយុទ្ធប្រឆាំងមួយអំពើរពុករលួយ និងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។ ហេតុនេះហើយបានជាក្រុមនេះក្លាយជាក្រុមមួយខ្លាំងជាងគេ ហើយក៏បានវាយរំលំនូវក្រុមដទៃទៀត និងបានដណ្តើមអំណាចគ្រប់គ្រងអាហ្វហ្កានីស្ថានសឹងតែបានទាំងមូលតែម្តងនៅឆ្នាំ១៩៩៤។ ក្រោយមក […]