លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលលើកកម្ពស់ស្រ្តីរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ លោកសរសេរលើហ្វេសប៊ុកបែបនេះ កាលពីខួបលើកទី១១០ នៃទិវានារីអន្តរជាតិ ៨មីនា។ ប៉ុន្តែស្ត្រី និងកុមារី ជាសកម្មជនបក្សប្រឆាំង និងបរិស្ថាន មួយចំនួននៅតែបន្តរងគ្រោះ ក្នុងពេលពួកគេប្រើប្រាស់សិទ្ធិជួបប្រជុំ សម្ដែងមតិដោយសន្តិវិធី ឬពេលចូលរួមបាតុកម្មម្ដងៗ។
ពួកគេរងការបៀតបៀនកេរ្តិ៍ខ្មាស់ លូកលាន់ បេះបោច ក្ដិចមួល ទាត់ធាក់ អំពើហិង្សានានា និងរារាំង ពីសំណាក់ក្រុមសន្តិសុខ ប្រជាការពារ ឬកម្លាំងសមត្ថកិច្ច ហើយអ្នកទាំងនោះ តែងតែរួចខ្លួនជានិច្ច។
តើអ្នកអនុវត្តច្បាប់ទាំងនោះ ត្រូវមានកាតព្វកិច្ច និងការទទួលខុសត្រូវបែបណាចំពោះទង្វើរំលោភបំពានសិទ្ធិ និងបៀតបៀនរាងកាយស្ត្រី?