
Sign up to save your podcasts
Or


ដោយសម្លឹងឃើញអត្ថប្រយោជន៍នៃផ្លែដូង ម្យ៉ាងជាអត្តសញ្ញាណនៃខេត្តតាកែវផងនោះ លោក មាឃ ស៊ន ម្ចាស់សិប្បកម្មមួយកន្លែង នៅស្រុកត្រាំកក់ ខេត្តតាកែវ មានគំនិតច្នៃប្រឌិត យកផ្លែដូង ទៅកែច្នៃជាផលិតផលចំណីអាហារ ស្បែកជើង និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតទៅតាមតម្រូវការអ្នកប្រើប្រាស់។គោលបំណងធំរបស់ម្ចាស់សិប្បកម្មរូបនេះ គឺចូលរួមលើកកម្ពស់ផលិតផលផ្លែដូងខ្មែរ និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់។
ពលរដ្ឋជាច្រើនគ្រួសារនៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់យកមុខរបរចម្លាក់ថ្ម ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ រកចំណូលបានត្រឹមចិញ្ចឹមគ្រួសារពិតមែន តែកម្មករខ្លះបានអភិវឌ្ឍខ្លួនចេញពីអ្នកស៊ីឈ្នួល ក្លាយជាម្ចាស់សិប្បកម្មចម្លាក់។ ថ្វីបើមុខរបរចម្លាក់ថ្ម ជាប្រភពប្រាក់ចំណូលចិញ្ចឹមអ្នកភូមិក៏ពិតមែន ប៉ុន្តែវាបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋនៅក្នុងភូមិខ្លះដែរ។
តាំងពីព្រឹកថ្ងៃអាទិត្យទី១៨ខែសីហា កងកម្លាំងសមត្ថកិច្ច គោលដៅផ្លូវជាតិលេខ៣ បានរឹតបន្តឹងខ្លាំង ដោយត្រួតពិនិត្យលើអ្នកធ្វើដំណើរចូលទីក្រុងភ្នំពេញ ដែលសង្ស័យថាទៅចូលរួមការធ្វើបាតុកម្មឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV)។ តែស្ទើរពេញថ្ងៃ ការត្រួតពិនិត្យរបស់សមត្ថកិច្ច ពុំបានរកឃើញសកម្មភាពសង្ស័យណាមួយ ពាក់ព័ន្ធនឹងការធ្វើដំណើរទៅចូលរួមធ្វើបាតុកម្ម ដែលគេបានប្រកាសតាមបណ្តាញតេឡេក្រាមថា បាតុករត្រូវជួបជុំគ្នានៅផ្លូវជាតិលេខ៣នោះឡើយ។
របរបណ្ដុះកូនបន្លែ ជារបរបន្ថែមមួយ ក្នុងការរកចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រកបរបរបណ្ដុះកូនបន្លែចម្រុះមុខ ដើម្បីលក់ឱ្យអ្នកដំណើរ និងអ្នកស្រុកផ្ទាល់ដែលចង់បានកូនបន្លែយកទៅដាំបន្ដ ដោយចំណេញពេលក្នុងការទទួលបានផល។ លើសពីការចាយវាយប្រចាំថ្ងៃ ពលរដ្ឋដែលបណ្ដុះកូនបន្លែលក់ អះអាងថា ចំណូលពីមុខរបរនេះ បានរួមចំណែកឲ្យកូនៗរបស់ពួកគេបានបន្តការសិក្សាផងដែរ។
ទូកត្នោតនៅសម័យមុនភាគច្រើនគេប្រើសម្រាប់អុំ តាមព្រែក បឹងបួរជាដើម ព្រោះវាតូច ងាយបត់បែន។ ប៉ុន្តែ បច្ចុប្បន្ន ជំនួសឱ្យទូកត្នោត មនុស្សភាគច្រើនងាកមកប្រើប្រាស់ ប្រភេទទូកស្មាច់វិញដោយសារតែ វាងាយស្រួល និងផ្ទុកចំណុះបានច្រើនជាងទូកត្នោត។ យ៉ាងណាក៏ដោយ លោក វន សាវី ជាអ្នកលក់ទូកទូកត្នោត បាននិយាយថា ទូកត្នោតនៅតែមានការគាំទ្រដដែល ព្រោះគេបានច្នៃយកទូកត្នោតនេះទៅជាទូកសម្រាប់តាំងលម្អ នៅតាមផ្ទះ សណ្ឋាគារ រីសត ភោជនីយដ្ឋាន វិឡា ជាដើមវិញ។
នៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល នំអាកោពោតដែលធ្លាប់ល្បីប្រចាំតំបន់ នាពេលនេះកំពុងបាត់ការពេញនិយម។ ប្រជាពលរដ្ឋដែលប្រកបរបរលក់បង្អែមមួយប្រភេទនេះ កត់សម្គាល់ឃើញថា នំអាកោពោតបាត់ការពេញនិយម តាំងពីកើតមានវិបត្តិកូវីដ១៩មកម៉្លេះ។ ស្របគ្នានឹងការបាត់ប្រជាប្រិយ អាជីវករអំពាវនាវឱ្យទេសចរគាំទ្រឱ្យបានច្រើន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងកសិផលពោតរបស់ខ្មែរ។
កាវលៀស ឬរាវលៀស ជាអាជីពមួយដែលជួយឱ្យពលរដ្ឋក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ អាចដោះទ័លជីវភាព ក្នុងរដូវទឹកឡើង។ អ្នកភូមិក្នុងស្រុកអង្គរបុរី រើសយកមុខរបររាវលៀស ព្រោះក្នុងរដូវវស្សា ស្រុកអង្គរបុរី ត្រូវជន់លិចដោយទឹកល្ហល្ហេវ ពុំអាចឲ្យពលរដ្ឋធ្វើស្រែចម្ការបាន។ យ៉ាងណាក៏ដោយ ទិន្នផលលៀសពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្លាក់ចុះ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ និងការនេសាទខុសច្បាប់របស់ជនជាតិវៀតណាម។
មានអាយុ២៩ឆ្នាំ កញ្ញា ផេង ស្រីស បានបោះបង់ចោលការងារ ប្រាក់ខែសមរម្យ នៅក្នុងទីក្រុងភ្នំពេញដើម្បីទៅរស់នៅតំបន់ដាច់ស្រយាលមួយ នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលខណ្ឌចែកដោយជួរភ្នំក្រវាញ។ អតីតនិស្សិតសង្គមកិច្ចវិទ្យារូបនេះ បានជ្រើសរើសយកការរស់នៅក្នុងតំបន់ព្រៃធម្មជាតិ ទាំងខ្វះហេដ្ឋារចនាម្ព័ន្ធបែបនេះ ក៏ដោយសារនាងចង់ជួយកែប្រែវាសនាក្មេងៗក្រីក្រក្នុងសហគមន៍ដាច់ស្រយាល នៃស្រុក ឱរ៉ាល់ តាមរយៈការទទួលបានការអប់រំចំណេះដឹង ល្អប្រសើរជាងពេលបច្ចុប្បន្ន។
នៅលើទឹកដីថ្មីនៃភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពលរដ្ឋរអ៊ូពីទុក្ខលំបាករបស់ខ្លួនក្រោយពីផ្លាស់ប្តូរទីលំនៅ តាមការស្នើរបស់អាជ្ញាច្បារអំពៅ ក្រោមហេតុផល ដើម្បីស្តារនិងអភិវឌ្ឍប្រឡាយរំដោះទឹក ។ ទីតាំងថ្មីនេះមានចម្ងាយប្រមាណជាង ៦គីឡូម៉ែត្រ ពីទីតាំងចាស់។ នៅទ្រនំថ្មី ពលរដ្ឋត្អូញត្អែរពីការខ្វះខាតផ្នែកជីវភាព កង្វះស្បៀងអាហារ កូនមិនបានទៅសាលា រកប្រាក់ចំណូលមិនបាន និងគ្មានលទ្ធភាពសង់ផ្ទះថ្មីឱ្យបានសមរម្យ។
ប្រជាពលរដ្ឋប្រមាណពី៥០ទៅ៦០គ្រួសារ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានទទូចទាំងភ្នែកទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំកសាងផ្លូវថ្មីដែលខ្ពស់ជាងមុន និងប្រព័ន្ធលូរំដោះទឹកក្នុងភូមិដ្ឋានរបស់ខ្លួន។ ការទទូចស្នើសុំរបស់ប្រជាពលរដ្ឋ ក្រោយពួកគេទទួលរងយ៉ាងដំណំនូវជំនន់ទឹកភ្លៀង កាលពីប៉ុន្មានថ្ងៃមុន ជាហេតុធ្វើឱ្យផ្ទះសម្បែងរបស់ពួកគេ ត្រូវបានជន់លិចមកដល់ពេលនេះ។ ទោះធ្លាប់បានស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋានឱ្យរកដំណោះស្រាយណាមួយលើរឿងជំនន់ទឹកភ្លៀង តែប្រជាពលរដ្ឋទាំងនោះអះអាងថា មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ដែលធ្វើឱ្យពួកគេបន្ដរស់នៅក្នុងផ្ទះលិចទឹកក្រោយពេលភ្លៀងខ្លាំងម្ដងៗ។