
Sign up to save your podcasts
Or


អ្នកស្រី ជា ចន្ធូ ជាស្ដ្រីមេផ្ទះមួយរូបបានប្រកបរបរលក់បាយក្ដាំងជិត៣០ឆ្នាំមកហើយ។ ទោះជាកំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយបាយក្តាំងដែលនាំចូលពីបរទេស ក៏អ្នកស្រីមិនបោះបង់មុខរបរនេះឡើយ។ មានទីតាំងនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បាយក្តាំងរបស់ អ្នកស្រី ចន្ធូ អាចលក់បានចន្លោះពី៥០ឆ្នាំង ទៅ១០០ឆ្នាំ ក្នុងមួយថ្ងៃ ព្រមទាំងអាចបង្កើតការងារក្នុងស្រុកផងដែរ៕
នៅភូមិត្រពាំងអញ្ចាញទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានគ្រួសារមួយបានប្រកបរបរត្បាញក្រណាត់ជូតជើងជាង ១៥ឆ្នាំមកហើយ។ លោករឿន រ៉ែន ម្ចាស់ហត្ថកម្មត្បាញក្រណាត់អះអាងថា របរមួយនេះបានចិញ្ចឹមគ្រួសារតាំងពីកូនៗនៅតូចរហូតដល់ពួកគេមានគ្រួសារសឹងគ្រប់គ្នា។ តែសព្វថ្ងៃនេះ គ្រួសារ លោករឿន រ៉ែនបានត្អូញត្អែរពីការលំបាកក្នុងការរកទិញចម្រៀកក្រណាត់ដើម្បីត្បាញក្រណាត់ជូតជើង។ នេះក៏ដោយសារតែរោងចក្រចិនក៏បានប្រមូលទិញចម្រៀកក្រណាត់ដែរ។
របរចិញ្ចឹមសត្វកណ្តូបជារបរថ្មីមួយដែលពុំសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេ។ តែលោកសាន ធារ៉ាបានងាកមកចាប់របរមួយនេះ ទោះត្រូវទទួលការសើចចំអក និងការមិនឲ្យតម្លៃពីក្រុមមនុស្សនៅជុំវិញខ្លួនលោកក៏ដោយ។ ជាមួយនឹងការព្យាយាម និងភាពអំណត់ លោកបានបើកកសិដ្ឋានចិញ្ចឹមកណ្តូបដែលមានលក្ខណៈស្តង់ដារ និងទទួលបានការគាំទ្រ។
កញ្ញាសំ ថារ័ត្ន បានហាត់គុនល្បុក្កតោដំបូងដើម្បីគ្រាន់ទុកការពារខ្លួន និងដើម្បីជំរុញភាពក្លាហានប៉ុណ្ណោះ។ តែដោយការស្រឡាញ់ក្បាច់គុណបុរាណខ្មែរមួយនេះ ដែលស្ទើរសាបសូន្យដោយសារសង្គ្រាមទៅហើយនោះ កញ្ញាថារ័ត្នបានខិតខំហ្វឹកហាត់រហូតក្លាយជាកីឡាការនីជម្រើសជាតិ និងបន្តចូលប្រកួតក្បាច់គុនចម្រុះទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងខែកក្កដាកន្លងទៅថ្មីៗនេះ កញ្ញាថារ័ត្នទទួលបានមេដាយសំរិទ្ធិនៅក្នុងការប្រកួតយុទ្ធគុនចម្រុះអាស៊ីលើកទីពីរ ដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ។ កីឡាការនីរូបនេះបានចែករំលែកពីការតស៊ូក្នុងការចូលប្រលូកក្នុងវិស័យកីឡាប្រដាល់ និងការតាំងចិត្តខ្ពស់ក្នុងការត្រៀមប្រកួតនាពេលខាងមុខទៀត។
នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោត្រង់ចំណុចព្រែកតាកែវក្នុងខេត្តកណ្តាល ពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានជិត ១ម៉ឺននាក់បានចូលរួមអបអរសាទរដោយទឹកមុខញញឹមស្រស់ស្រាយ។ ពលរដ្ឋមួយចំនួនបានបង្ហាញការគាំទ្រ និងចាត់ទុកជាគម្រោងប្រវត្តិសាស្ត្រមួយថ្មីរបស់ប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ពលរដ្ឋទាំងនោះសំណូមពរឱ្យរដ្ឋាភិបាលបង្កើតនូវគម្រោងអភិវឌ្ឍន៍ធំៗស្រដៀងនឹងគម្រោងព្រែកជីកហ្វូណូដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ។
នៅភូមិចុងកោះនៃកោះអន្លង់ចិន ក្នុងស្រុកស្អាង ខេត្តកណ្ដាល ប្រជាកសិករប្រកបរបរដាំដំណាំគូឆាយជាច្រើនឆ្នាំមកហើយ។ ផលដំណាំនេះ ឱ្យតែដល់រដូវដែលជន់ច្រើន ដូចនៅខែនេះផ្ទាល់គឺតែងធ្លាក់ចុះថ្លៃខ្លាំង មកត្រឹមចន្លោះពី៤ពាន់រៀល ទៅ៦ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈដែល នៅពេលរដូវមានបុណ្យទាន តម្លៃគូឆាយអាចហក់កើនឡើងពី១ម៉ឺនរៀលទៅ២ម៉ឺនរៀល។ ប្រជាកសិករនៅទីនោះបានលើកឡើងដូចៗគ្នាអំពីតម្លៃនៃដំណាំគូឆាយនាពេលនេះ ថាកំពុងធ្លាក់ចុះខ្លាំង ស្របពេលមានការនាំចូលពីវៀតណាផងដែរ។
កំពីងត្នោត ជាចំណីមួយមុខ ដែលប្រជាពលរដ្ឋខ្មែរទិញយកមកទទួលទាន យ៉ាងមានរសជាតិផ្អែម ឈ្ងួយឆ្ងាញ់។ យ៉ាងណាមិញ ធ្លាប់តែឃើញកំពីងត្នោតដែលគេកាប់ហើយស្រាប់ៗប៉ុន្តែពុំសូវមានអ្នកដឹងពីការកាប់កំពីងត្នោតពីផ្លែត្នោតយ៉ាងដូចម្តេចនោះទេ។ នៅតំបន់ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល អ្នកលក់កំពីងត្នោតរអ៊ូថា របរមួយនេះគឺហត់ណាស់ គ្មានពេលសម្រាក គ្រប់គ្រាន់។ ពួកគេត្រូវចំណាយពេលពេញមួយថ្ងៃ ដើម្បីកាប់គ្រាប់ត្នោត និងត្រូវងើបពីព្រលឹមដើម្បីឆ្កឹះកំពីងក្នុងគ្រាប់ត្នោត ចំណែកតម្លៃដែលលក់បានវិញ សឹងតែមិនរួចដើម៕
ទោះបីពលរដ្ឋខ្មែរទូទៅនៅមិនទាន់បានស្គាល់វិស័យបង្ហាញម៉ូដក៏ដោយក៏មានឱពុក ម្តាយ និងកូនៗមួយចំនួនក្នុងទីក្រុងភ្នំពេញចាប់ផ្តើមចាប់អារម្មណ៍លើវិស័យមួយនេះ។ ចាប់អារម្មណ៍ដោយពួកគេមើលឃើញពីអត្ថប្រយោជន៍នៃភាពជឿជាក់ និងភាពក្លាហាន។ ក្នុងថ្ងៃទី២៨ កក្កដាកន្លងទៅថ្មីៗនេះ ពិធីប្រកួតការដើរម៉ូដមួយដែលផ្តោតលើកុមារត្រូវបានរៀបចំធ្វើឡើងដើម្បីលើកស្ទួយដល់វិស័យបង្ហាញម៉ូដ និងលើកកម្ពស់ភាពក្លាហានដល់តារាបង្ហាញម៉ូដវ័យក្មេងនៅកម្ពុជា។
ក្រចៅជាដំណាំមួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើន មិនថាដើម និងស្លឹករបស់វា។ គេបានកែច្នៃ រុក្ខជាតិមួយនេះទៅជាផលិតផល និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ប៉ុន្តែ បើតាមអ្នកភូមិឧកញ៉ាអុង ក្នុងក្រុងអរិយក្សត្រ ដំណាំក្រចៅមិនសូវមានអ្នកចាប់អារម្មណ៍ដាំបន្ដទៀតទេ ចាប់តាំងពីមានបញ្ហាកូវីដ19។ អ្នកស្រីវ៉ាន ស៊ីចន ដែលជាកសិករដាំក្រចៅអះអាងថា គ្មានអ្នកដាំ ក៏ដោយសារតែមិនសូវមានតម្រូវការ។ ការនាំចូលកន្ទេលពីបរទេស និងរួមផ្សំនឹងការបិទរោងចក្រផលិតប៉ាវក្រចៅ គឺជាហេតុផលនាំឱ្យការដាំដុះក្រចៅ រឹតតែចុះខ្សោយទៅៗទៀត៕
មួកស្លឹកត្នោតមិនត្រឹមជួយការពារកម្ពៅថ្ងៃប៉ុណ្ណោះទេ តែថែមទាំងត្រូវបានគេចាត់ទុកជាអត្តសញ្ញាណរបស់ប្រទេសកម្ពុជាផងដែរ។ ទោះជាយ៉ាងនេះក្តី មួកធ្វើពីស្លឹកត្នោតនេះហាក់ពុំសូវមានអ្នកគាំទ្រ និងមិនសូវមានអ្នកប្រើប្រាស់ច្រើន។ ប្រជាជនដែលប្រកបរបរដេរមួកស្លឹកត្នោតបានត្អូញត្អែរពីការលក់មិនសូវដាច់ និងលក់បានក្នុងតម្លៃទាប។ នេះក៏ដោយសារមានអ្នកទិញមួកភាគច្រើនងាកទៅប្រើមួកក្រណាត់វិញ។ ជាទូទៅ មួកស្លឹកត្នោតច្រើនលក់ដាច់ខ្លាំងនៅរដូវបុណ្យទានធំៗដូចជាចូលឆ្នាំ ឬអុំទូក៕