#កាដូសម្រាប់សមាជិកគ្រួសារសម្ព័ន្ធនាថ្ងៃខួបគម្រប់៥៤ឆ្នាំ (សំណេរពេញ)
សមាជិក និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានរៀបចំប្រារព្ធធ្វើពិធីខួបកំណើតប្រមុខគណបក្ស គម្រប់៥៤ឆ្នាំ (11.12.1965-11-12-2019) ។
.......................
ថ្ងៃទី១១ ខែឆ្នូ ជារៀងរាល់ឆ្នាំ សមាជិក និង អ្នកគាំទ្រនៃគ្រួសារសម្ព័ន្ធ តែងតែរៀបចំប្រារព្ធធ្វើពិធីខួបកំណើតប្រមុខគណបក្ស ដែលពួកគេចាត់ទុកជាប្រមុខមហាគ្រួសារសម្ព័ន្ធ នៅគ្រប់ខេត្ត ក្រុង ជាការរំលឹកនឹកគុណនូវការលះបង់មិនអាចកាត់ថ្លៃបានរបស់ប្រមុខគ្រួសារសម្ព័ន្ធផង និងដើម្បីជាវេលាសម្រាប់គ្រួសារក្រៅផ្ទៃរួមមនោសញ្ចេតនាបានជួបជុំសប្បាយរីករាយជាមួយគ្នាផងដែរ។
ខុសប្លែកពីរាល់ឆ្នាំកន្លងទៅ ដែលសមាជិក និង អ្នកគាំទ្រ តែងប្រារព្ធធ្វើនោះ គឺខួបនៅក្នុងឆ្នាំ២០១៩ នេះ មិនបានធ្វើនៅទីស្នាក់ការកណ្តាលគណបក្សរាជនីភ្នំពេញនោះទេ ដោយសារតែខាងសាលាក្រុងកំពុងជីកដីដាក់លូនៅចំពីមុខស្នាក់ការគណបក្សបិទផ្លូវនិងទីធ្លាខាងមុខទីស្នាក់ការកណ្តាលគណបក្ស ជាហេតុធ្វើអោយខួបនៅឆ្នាំនេះ មិនអាចរៀបចំអោយអធិកអធម្មដូចរាល់ឆ្នាំ។
បើទោះជាបែបនេះក្តី សមាជិក និងអ្នកគាំទ្រតាមខេត្ត ស្រុក ក្រុង នានា ក៏នៅតែចូលថវិកាគ្នា ប្រារព្ធធ្វើខួបជួបជុំគ្រួសារសម្ព័ន្ធដើម្បីជាសារថ្លែងអំណរ និងការដឹងគុណនូវការលះបង់របស់ប្រមុខចលនា ដែលពួកគេតែងហៅដោយក្តីគោរពថា បងវាសនា លោកពូ វាសនា លោកអ៊ុំ វាសនា ដែលបានពន្យល់បំភ្លឺអំពីមេរៀនជីវិត កិច្ចប្រតិបត្តិធម៌ និង នយោបាយ ដោយចិត្តផ្តល់អោយ ជាចិត្តហូរមិនមានទម្ពក់ដល់ប្រជាពលរដ្ឋទូទៅ។
អ្វីដែលកាន់តែខុសប្លែកពីរាល់ឆ្នាំនោះ គឺនៅក្នុងគណនីហ្វេសបុកផ្លូវការរបស់ប្រមុខចលនាបដិវត្តន៍ផ្នត់គំនិត បានបង្ហោះសារ ដោយមានខ្លឹមសារនៅបន្ទាត់ដំបូងថា "ជាការដូរសំរាប់ក្មួយៗទាំងអស់នាថ្ងៃខួបគម្រប់៥៤ឆ្នាំនេះ" មុនពេលកម្មវិធីគម្រប់ខួបកាត់នំ អាយុ៥៣ឈានចូល៥៤ឆ្នាំ របស់លោកពូ វាសនា មកដល់ ដែលសមាជិកនិង អ្នកគាំទ្រ ក្មួយៗបានរៀបចំធ្វើសមល្មមនាឯទឹកដីនៅចំការដ៏ស្ងប់ស្ងាត់ ត្រជាក់ល្ហឹម និងក្រោមពន្លឺព្រះច័ន្ទរះពេញបូរមីដ៏មូលក្រឡង់ ចាប់ផ្តើម។ ក្នុងសារនោះ គឺជាសាររៀបរាប់ពន្យល់លម្អិតអំពីមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធដែលបានបាត់បង់ន័យដើមអស់កាលដ៏យូរលង់មកហើយ។
មិនខុសប្លែកពីសំណេរដែលប្រមុខបានបង្ហោះនោះទេ ក្រោយពីការកាត់នំចប់សព្វគ្រប់ ទម្លាប់នៃការផ្តល់អោយតាមរយៈការពន្យល់ៗ លោកពូ វាសនា បានពន្យល់អំពីខ្លឹមសារនៅក្នុងសំណេរខាងលើទៅកាន់ក្មួយៗដែលបានរៀបចំ និងមកចូលរួមក្នុងកម្មវិធីកាត់នំខួបគម្រប់៥៤ឆ្នាំ ក្រែងលោមានក្មួយៗមិនទាន់យល់អំពីសំណេរដែលជាសារផ្តល់ជាកាដូរដល់ក្មួយៗទាំងឡាយបានយល់កាន់តែច្បាស់អំពីមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ៕