
Sign up to save your podcasts
Or


អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមនៅថ្ងៃពុធទី២២កញ្ញា ជាមួយនឹងសុន្ទរកថារបស់លោកអង់តូនីញ៉ូ ហ្គូតទែរស៍ ដែលបានអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ និងការសហការរវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺលោកអេម៉ានុយអែល ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺនូវទស្សនៈវិស័យ២ផ្ទុយគ្នា ដោយម្នាក់ការពារច្បាប់អន្តរជាតិរួម ម្នាក់ទៀត ការពារប្រយោជន៍ជាតិខ្លួនតែម្នាក់ឯងក្នុងនាមជាមហាអំណាចធំជាងគេបំផុត។
អង្គមហាសន្និបាតឆ្នាំនេះ គឺជាលើកចុងក្រោយហើយ សម្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតទែរស៍ ដែលនឹងត្រូវចប់អាណត្តិនៅចុងឆ្នាំនេះ។ ភាពចលាចល អស្ថិរភាព និងការបាក់បែកគ្នា កំពុងតែរួមរឹតពិភពលោកយើងខ្លាំងណាស់ ជាមួយនឹងការចុះខ្សោយឥទ្ធិពល ឬអាចនិយាយបានថា ជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ ក៏ថាបាន។
នៅក្នុងសុន្ទរថាលើកចុងក្រោយ នៅក្នុងឱកាសបើកអង្គមហាសន្និបាត លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវ ឲ្យគ្រប់គ្នាគោរពគោលការណ៍ច្បាប់អន្តរជាតិ គោរពគ្នាទៅវិញទៅមក និង កសាងសុខសន្តិភាពពិភពលោក តាមរយៈការសហការគ្នា។ ទាក់ទិននឹងសំណុំរឿង បញ្ញាសិប្បនិម្មិត លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងហៅប្រទេសធំៗដែលមានបច្ចេកវិទ្យានេះ ត្រូវតែរួមសហការគ្នារៀបចំក្របខណ្ឌច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីកសាងបច្ចេកវិទ្យាAI ដែលមានតម្លាភាព ប្រកបដោយទំនុកចិត្ត។
ខ្លឹមសារអំពាវនាវនេះ មានលក្ខណៈដូចគ្នាទៅនឹងសុន្ទរកថារបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលអង្គមហាសន្និបាតលើកនេះ ក៏ជាលើកចុងក្រោយដែរ ព្រោះលោកនឹងចប់អាណត្តិនៅខែឧសភាឆ្នាំក្រោយ។ ក្នុងសុន្ទរកថា ប្រមាណ៣០នាទី លោកម៉ាក្រុងបានថ្លែងបន្លឺឡើងនូវទស្សនវិស័យរបស់លោក ដែលចាត់ទុកទ្រឹស្តី “ពហុភាគីនិយម” ជាធំ។ ក្នុងន័យនេះ លោកម៉ាក្រុង បានថ្លែងការពារអង្គការសហប្រជាជាតិ ព្រោះស្ថាប័ននេះគឺជាទីកន្លែងដែលពិភពលោកមកអង្គុយជុំគ្នា ជជែកគ្នា រួមគ្នាដោះស្រាយបញ្ហា។ អមដោយសំឡេងទះដៃកងរំពងប្រកបដោយក្តីរំភើប ពីអង្គមហាសន្និបាត លោកម៉ាក្រុងបានអះអាងថា អង្គការសហប្រជាជាតិ គឺជាស្ថាប័នការពារសង្គមអន្តរជាតិមួយឲ្យមានច្បាប់ទំលាប់។
លោកម៉ាក្រុង បានថ្លែងទៀតថា ពិភពលោកយើងបច្ចុប្បន្ននេះ កំពុងតែរងគ្រោះដោយចរន្តគំនិតអាត្មានិយម ចក្រព័ត្រនិយម អាងយ៉ាងវាតទីយ៉ាងក្រអឺតក្រទម របស់ប្រទេសមហាអំណាចខ្លះ ដែលអាងតែកម្លាំងបាយ អាងតែសព្វាវុធ។ ការប្រើច្បាប់ព្រៃ អ្នកណាខ្លាំងអ្នកនោះឈ្នះនេះ កំពុងតែរុករានទន្ទ្រាន និងរុញពិភពលោកយើងឲ្យធ្លាក់ក្នុងភាពចលាចល។ ដូច្នេះ ពេលវេលានេះគឺជាពេលដែលគ្រប់គ្នារួមកម្លាំងសាមគ្គីនៅពីក្រោយអង្គការសហប្រជាជាតិ មិនអាចឲ្យនរណាម្នាក់ មកដាក់សម្ពាធបង្កើតស្ថាប័នថ្មីមួយទៀត ដើម្បីយកទៅដាក់ក្រោមក្លៀកខ្លួនឯងនោះឡើយ។ ចំណុចនេះ លោកម៉ាក្រុងបានសំដៅយ៉ាងច្បាស់ ទៅលើក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលលោកដូណាល់ ត្រាំ បានបង្កើតឡើងដើម្បីប្រជែងជាមួយអង្គការសហប្រជាជាតិ។
មុននឹងបញ្ចប់សុន្ទរកថា ដោយសម្រែកថា “ជ័យោអង្គការសហប្រជាជាតិ” លោកម៉ាក្រុងបានលើកឡើងដែរ នូវចំណុចខ្សោយរបស់ស្ថាប័ននេះ ដែលត្រូវតែមានកំណែទម្រង់។ តួយ៉ាងដូចជាសិទ្ធិបោះឆ្នោតវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ ដែលកន្លងមក គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី តែងតែប្រើសិទ្ធិនេះ រារាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខចេញចំណាត់ការណាមួយ។
អ្នកប្រើច្បាប់ព្រៃ អ្នកអាងកម្លាំង អាងអាវុធនោះ គឺលោកម៉ាក្រុង ចង់សំដៅទៅលោកដូណាល់ ត្រាំ យ៉ាងច្បាស់ណាស់។ ការវាយប្រហារចាប់មេដឹកនាំវ៉េណេស៊ុយអេឡា សង្គ្រាមនៅអ៊ីរ៉ង់ ការគំរាមច្បាមយកកោះហ្គ្រូអិនឡង់របស់ដាណឺម៉ាក ព្រមទាំងសង្គ្រាមអត្រាពន្ធជាដើម ទាំងអស់នេះយើងដឹងហើយថាអ្នកណាជាអ្នកធ្វើវា។
នៅចំពោះមុខអង្គមហាសន្និបាត លោកដូណាល់ ត្រាំបានថ្លែងអួតថា លោកគឺជាអ្នកកសាងសន្តិភាពពេញពិភពលោក។ តែឃ្លាបន្ទាប់ទៀត លោកដូណាល់ ត្រាំ ស្រាប់តែលើកឡើងថា លោកកំពុងពិចារណាសម្រេចចិត្ត ថាតើគួរវាយកម្ទេចប្រទេសអ៊ីរ៉ង់ឲ្យរាបដល់ដី ឬមួយក៏ចរចាជាមួយអ៊ីរ៉ង់។ អស់ពីគំរាមអ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានថ្លែងប្រកាសយ៉ាងក្រអឺតក្រទមថា តំបន់អាមេរិកខាងត្បូង នឹងត្រូវតែស្ថិតក្នុងដែនឥទ្ធិពលយោធា របស់សហរដ្ឋអាមេរិកតែម្នាក់ប៉ុណ្ណោះ។ លោកត្រាំ អះអាងទៀតថា របបដឹកនាំគុយបានឹងដួលរំលំក្នុងពេលឆាប់ៗនេះហើយ។ លើសពីនេះ ទៀតលោកដូណាល់ ត្រាំ បានគំរាមដោយត្រង់ៗចំពោះ ចៅក្រម រដ្ឋអាជ្ញា និងបុគ្គលិករបស់តុលាការអន្តរជាតិទីក្រុងឡាអេ។
ជារួម យើងសង្កេតឃើញថា សម្តីលោកត្រាំពោរពេញដោយ ការប្រើកម្លាំង ការគំរាមសំឡុត ឲ្យអ្នកដ៏ទៃត្រូវខ្លាចខ្លួន។ យុទ្ធសាស្ត្រសំឡុតបែបអ្នកលេងនេះ បានហុចលទ្ធផលសម្រាប់លោកដូណាល់ ត្រាំមែន ព្រោះក្នុងមហាសន្និបាតនេះ លោកត្រាំបានប្រកាសថា សហរដ្ឋអាមេរិកនឹងចុះកិច្ចព្រមព្រៀងជាមួយដាណឺម៉ាក ស្តីពីកោះហ្ក្រូអិនឡង់ដ៍។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យអាមេរិកសាងសង់មូលដ្ឋានទ័ព២កន្លែងទៀត នៅលើកោះទឹកកកនេះ។ ជាថ្នូរវិញ លោកដូណាល់ ត្រាំ សន្យាទទួលស្គាល់អធិបតេយ្យភាពរបស់ដាណឺម៉ាកទៅលើកោះហ្កូ្រអិនឡង់។
ចំពោះបញ្ហាបច្ចេកវិទ្យា AI វិញ លោកត្រាំ បានបដិសេធថាមិនត្រូវឲ្យមានច្បាប់ក្រមខណ្ឌណាមួយ មករារាំងរំខានដំណើរអភិវឌ្ឍន៍របស់បច្ចេកវិទ្យានេះឡើយ។ គោលជំហរ ដែលវាផ្ទុយទៅនឹងអគ្គនាយកក្រុមហ៊ុនAI ធំៗ ដែលប៉ុន្មានសប្តាហ៍មកនេះបានអំពាវនាវឲ្យមានការបន្ថយល្បឿន ដើម្បីយកពេលជជែកគ្នា។ ដោយឡែកលោកម៉ាក្រុងវិញ បានអំពាវនាវឲ្យមានច្បាប់អន្តរជាតិគ្រប់គ្រងAI ហើយទន្ទឹមនឹងនេះគ្រប់ប្រទេស ត្រូវប្រឹងប្រែងស្រាវជ្រាវប្រើ AI ខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុង ទៅនឹងក្រុមហ៊ុនយក្សធំៗរបស់អាមេរិក។ ថ្វីបើលោកត្រាំមាត់រឹង ថាមិនចង់ឲ្យមានវិធានច្បាប់ តែជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានស្នើទៅកាន់ចិន ឲ្យមានយន្តការផ្តល់ដំណឹងឲ្យគ្នាក្នុងករណីមានបញ្ហា។
គួរកត់សំគាល់ដែរថា ជាថ្មីម្តងទៀត សំណុំរឿងអ៊ីស្រាអែលប៉ាឡេស្ទីន នៅតែក្តៅគគុកពេញអង្គមហាសន្និបាទ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា អំពើហិង្សា ការបណ្តេញមនុស្សចុះឡើងឲ្យផ្លាស់ទីរស់នៅ ព្រមទាំងការពង្រីកដែនដីអាណានិគមខុសច្បាប់ នៅតំបន់ស៊ីហ្សកដានី បង្កឡើងដោយអាជ្ញាធរអ៊ីស្រាអែល វាកំពុងតែបង្កើតឲ្យមានការសង្ស័យថា ថាអ៊ីស្រាអែលចង់បោសសំអាតជាតិសាសន៍។ បញ្ហាទាំងនេះ កំពុងតែធ្វើឲ្យ ផែនការ “ដំណោះស្រាយរដ្ឋ២” ត្រូវរលាយសូន្យ។
ដូចគ្នាដែរ លោកម៉ាក្រុង បានថ្លែងថា អ្វីដែលបានកើតឡើងនៅហ្កាហ្សា និងនៅតំបន់ស៊ីហ្សកដានី ដែលអ៊ីស្រាអែលទន្ទ្រានដីបង្កើតជាតំបន់អាណានិគមន វាគឺជាទស្សនីយភាពដែលធ្វើឲ្យសហគមអន្តរជាតិអាម៉ាសបំផុត។ លោកម៉ាក្រុងបានថ្លែងអំពាវនាវសាជាថ្មី ថាត្រូវតែជំរុញដំណោះស្រាយរដ្ឋពីរ រដ្ឋប៉ាឡេស្ទីនទន្ទឹមគ្នានឹងរដ្ឋអ៊ីស្រាអែល ទើបអាចដោះស្រាយបញ្ហាបានយូរអង្វែង។ មិនខុសពីលោកម៉ាក្រុង លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស បានបរិហាររិះគន់ខ្លាំងៗ ចំពោះរដ្ឋាភិបាលស្តាំនិយមជ្រុលអ៊ីស្រាអែល ដឹកនាំដោយលោកនេតាន់យ៉ាហ៊ូ។ ស្ថានភាពរំលោភបំពាននៅហ្កាហ្សានៅស៊ីហ្សកដានី និងសេចក្តីឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន ត្រូវតែបិទបញ្ចប់។ ដំណោះរដ្ឋ២ គឺជាក្តីសង្ឃឹមតែ១គត់ ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាម កសាងសន្តិភាព ការពារសន្តិសុខជូនទាំងខាងអ៊ីស្រាអែលទាំងខាងប៉ាឡេស្ទីន៕
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់បញ្ជូនជនបរទេស ចំនួនជាង២៥០០០នាក់ យកទៅទុកចោលនៅប្រទេសទី៣ ដែលគ្មានទាក់ទងអ្វីសោះនឹងជននោះ។ នេះបើផ្អែកតាម របាយការណ៍អង្កេតស្រាវជ្រាវដ៏ធំមួយ ធ្វើឡើងដោយអ្នកកាសែតជាង២០ស្ថាប័ន ផ្សព្វផ្សាយដោយសម្ព័ន្ធសហការឈ្មោះ Forbidden Stories។ រដ្ឋបាលលោកដូណាល់ ត្រាំ បានចំណាយប្រាក់ច្រើនរយលានដុល្លារ ចុះកិច្ចសន្យាជាមួយប្រទេសជាច្រើន នៅអាមេរិកឡាទីន នៅអាហ្វ្រិក និងដែនកោះតូចៗក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីឲ្យប្រទេសទាំងនោះ ទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលអាមេរិកចាប់បញ្ជូនចេញ ដោយមិនគិតខ្វល់ពីសិទ្ធិរបស់ជនអន្តោប្រវេសន៍។
សម្ព័ន្ធសហការឈ្មោះ Forbidden Stories ទើបបានផ្សព្វផ្សាយរបាយការណ៍ស៊ើបអង្កេតដ៏ធំមួយ នៅថ្ងៃចន្ទទី២១កញ្ញា ស្តីពីគោលនយោបាយរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ក្នុងការចាប់បញ្ជូនជនអន្តោប្រវេសន៍ យកទៅបំបរបង់ចោលនៅប្រទេសទី៣ដែលគ្មានពាក់ព័ន្ធអ្វីទាំងអស់ទៅនឹងជននោះ។ របាយការណ៍នេះ គឺជាលទ្ធផលការងារស៊ើបអង្កេតរួមគ្នា របស់អ្នកសារព័ត៌មាន៧២នាក់ មកពីស្ថាប័នសារព័ត៌មាន២៣ នៅតាមប្រទេសចំនួន១៥ប្រទេស។
ផ្អែកតាមរបាយការណ៍នេះ គិតពីដើមឆ្នាំនេះ ដល់ថ្ងៃទី៣១សីហា មានមនុស្សចំនួនយ៉ាងតិច ២៥៤៤៧នាក់ ដែលត្រូវបានអាជ្ញាធអាមេរិកចាប់បញ្ជូនចេញ យកទៅឃុំទុកនៅតាមប្រទេសប្រមាណ២៨ប្រទេស ក្នុងនោះមានជិត២០០០០នាក់ ដែលត្រូវបានបញ្ជូនចេញ ទៅកាន់ប្រទេសម៉ិកស៊ិក។ ការចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ បញ្ជូនយកទៅដាក់តាមប្រទេសទី៣ ដែលមិនមែនជាប្រទេសកំណើតរបស់ជននោះ គឺសហរដ្ឋអាមេរិកបានចាយប្រាក់សរុបប្រមាណ៤១០លានដុល្លារ ចុះកិច្ចព្រមព្រៀងជាមួយប្រទេសអ្នកទទួល។ លក្ខខណ្ឌចែងក្នុងកិច្ចព្រមព្រៀងទាំងនោះ ប្រែប្រួលដោយអាស្រ័យទៅលើកត្តាផ្សេងៗ ឧទាហរណ៍ដូចជា សញ្ជាតិដើមរបស់ជនអន្តោប្រវេសន៍ដែលជាកម្មវត្ថុនៃការចាប់បញ្ជូនចេញ ឬក៏ជននោះធ្លាប់ប្រព្រឹត្តិបទល្មើស ធ្លាប់ជាប់ពន្ធនាគារជាដើម។
ជះប្រាក់ផង ដាក់សម្ពាធផង
យោងតាម Forbidden Stories ប្រទេសអាហ្វ្រិក៤៩ក្នុងចំណោម៥៤ សុទ្ធតែត្រូវបានសហរដ្ឋអាមេរិក ព្យាយាមចរចា ដើម្បីធ្វើកិច្ចព្រមព្រៀងឲ្យព្រមទទួលយកជនអន្តោប្រវេសន៍សញ្ជាតិដទៃ។ យ៉ាងណាមិញ ការស៊ើបអង្កេតមួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅដើមឆ្នាំ២០២៦ បានបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកបានដាក់សម្ពាធទៅលើប្រទេសអាហ្វ្រិក ថាត្រូវតែសុខចិត្តចុះកិច្ចព្រមព្រៀងជាមួយខ្លួន ពុំនោះទេ Washington នឹងដាក់ទណ្ឌកម្ម ដំឡើងអត្រាពន្ធលើទំនិញ បិទមិនផ្តល់ទិដ្ឋាការឲ្យ ឬក៏កាត់បន្ថយជំនួយទ្វេភាគីជាដើម ។ល។ ប្រទេសអាហ្វ្រិកដូចជា ហ្កាណា សេរ៉ាឡេអូន កាមេរូន លីបេរីយ៉ា រ៉ូវ៉ាន់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាដើម សុទ្ធតែបានចុះកិច្ចព្រមព្រៀងទទួលយកជនអន្តោប្រវេសន៍ពីសហរដ្ឋអាមេរិក។
ក្រុមអ្នកច្បាប់បានអះអាងប្រាប់ AFP ថា ជនអន្តោប្រវេសន៍ទាំងនោះ កាលបើត្រូវបានគេបញ្ជូនទៅដល់ប្រទេសទី៣ហើយ គឺដូចត្រូវធ្លាក់ចូលក្នុងរណ្តៅខ្មៅងងឹតគតិយុត្តិ ពោលគឺពួកគេត្រូវគេបង្ខាំងទុកដោយគ្មានការចោទប្រកាន់ នៅក្នុងប្រទេសផ្សេងមួយដែលពួកគេមិនស្គាល់ ហើយករណីខ្លះ សិទ្ធិទាំងអស់របស់ពួកគេ ត្រូវបានដកហូតចេញទាំងស្រុង។ ករណីខ្លះទៀត ជនអន្តោប្រវេសន៍ដែលត្រូវគេបញ្ជូនទៅដល់ប្រទេសទី៣ បានបាត់ខ្លួនគ្មានដំណឹងសូន្យ មិនដឹងស្លាប់ឬរស់។
Office of Remigration ទទួលបន្ទុកចរចានិងផ្ទេរប្រាក់ឲ្យប្រទេសទី៣
របាយការណ៍ Forbidden Stories បានបង្ហាញទៀតថា ការងារចរចានិងផ្ទេរប្រាក់ទៅឲ្យប្រទេសទី៣ គឺការិយាល័យមួយរបស់ក្រសួងការបរទេសអាមេរិក ជាអ្នកទទួលបន្ទុក ឈ្មោះថា Office of Remigration ដែលត្រូវបានបង្កើតឡើង នៅខែឧសភាឆ្នាំ២០២៥។ ជាក់ស្តែង មន្ត្រីដឹកនាំរបស់ការិយាល័យនេះ បានធ្វើដំណើរទៅប្រទេសកាមេរូនច្រើនលើក មុននឹងសម្រេចបានកិច្ចព្រមព្រៀមមួយនៅខែធ្នូឆ្នាំ២០២៥ ដើម្បីឲ្យកាមេរូនទទួលយកជនអន្តោប្រវេសន៍ពីអាមេរិក។ មួយសប្តាហ៍ក្រោយមក សហរដ្ឋអាមេរិកបានអនុម័តកម្មវិធីផ្តល់ជំនួយសប្បទាន ចំនួន៤០០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំឲ្យកាមេរូន។ ក្រោយមកទៀត នៅខែដើមខែមករា ក្រសួងការបរទេសអាមេរិក បានសម្រេចផ្តល់កញ្ចប់ថវិកាប្រមាណ៣០លានដុល្លារ ឲ្យទៅអង្គការ UNHCR ប្រចាំការនៅកាមេរូន ដើម្បីជួយទ្រទ្រង់កម្មវិធីត្រឡប់ទៅប្រទេសដើមវិញដោយស្ម័គ្រចិត្ត និងប្រយុទ្ធប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់។ យន្តហោះទី១ដឹកជនអន្តោប្រវេសន៍ពីសហរដ្ឋអាមេរិក បានចុះដល់ដីកាមេរូន នៅថ្ងៃទី១៤មករា។
កិច្ចព្រមព្រៀងរបៀបនេះ សហរដ្ឋអាមេរិកក៏បានចុះជាមួយប្រទេសផ្សេងទៀត ដូចជាកោះ ប៉ាឡៅ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កោះដែលមានប្រជាជនប្រមាណតែ១៨០០០នាក់នេះ បានសុខចិត្តចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នៅខែធ្នូ ទទួលយកជនអន្តោប្រវេសន៍ជាជនជាតិផ្សេង ចំនួន៧៥នាក់ ជាថ្នូរនឹងប្រាក់៧លាន៥សែនដុល្លារ។ តែគិតត្រឹមពេលនេះ មានតែ៣នាក់ ដែលត្រូវបានបញ្ជូនទៅ។ ដូចគ្នាដែរ ប្រទេស Eswatini នៅតំបន់អាហ្វ្រិកខាងត្បូង បានចុះកិច្ចព្រមព្រៀងទទួលជនអន្តោប្រវេសន៍ ដែលអាមេរិកចាប់បញ្ជូនចេញ ចំនួន១៦០នាក់ ជាថ្នូរនឹងទឹកប្រាក់៥លានដុល្លារ។ អ្វីដែលពិសេសនោះ គឺប្រទេសអាហ្វ្រិកដ៏តូចមួយនេះ សុខចិត្តទទួលទាំងជនអន្តោប្រវេសន៍ដែលមានប្រវត្តិជាឧក្រិដ្ឋជនឬកំពុងជាប់ពន្ធនាគារទៀតផង។ គិតត្រឹមពេលនេះ អាមេរិកបានបញ្ជូនទៅ ចំនួន៣២នាក់ហើយ។
ឲ្យប្រាក់ទៅប្រទេសហត្ថលេខីផង ជួយជាវិភាគទានដល់អង្គការអន្តរជាតិផង
យោងតាមរបាយការណ៍ Forbidden Stories ប្រាក់សរុបប្រមាណ៤១០លានដុល្លារ ដែលសហរដ្ឋអាមេរិកបានចំណាយរហូតមកទល់ពេលនេះ គឺមាន៨១លាន បានប្រគល់ទៅឲ្យរដ្ឋាភិបាលនៃប្រទេសដែលសុខចិត្តទទួល ឬប្រទេសហត្ថលេខី។ សល់ពីនេះ គឺប្រគល់ក្នុងរូបភាពជាប្រាក់វិភាគទានដល់អង្គការអន្តរជាតិមួយចំនួន ជាក់ស្តែង អង្គការអន្តរជាតិដើម្បីអន្តោប្រវេសន៍ ហៅកាត់ថា IOM ទទួលបានប្រាក់ ១៧៨លានដុល្លារ អង្គការUNHCR ទទួលបានប្រមាណ១២៣លានដុល្លារ។
គួរបញ្ជាក់ថា អង្គការអន្តរជាតិទាំង២នេះ ដែលជាស្ថិតក្រោមបង្គាប់រួមរបស់អង្គការសហប្រជាជាតិ បានរងនូវពាក្យរិះគន់ជាខ្លាំង ថាបានទទួលប្រាក់របស់សហរដ្ឋអាមេរិក ទាំងដែលខ្លួនគឺជាអង្គការដែលធ្វើការដើម្បីទ្រទ្រង់សិទ្ធិមនុស្ស សិទ្ធិរបស់ជនអន្តោប្រវេសន៍ ជនភៀសខ្លួនជាដើម។ ទោះជាយ៉ាងនេះក្តី អង្គការ UNHCR បានអះអាងថា ខ្លួនទទួលបានប្រាក់វិភាគទានទៅពីសហរដ្ឋអាមេរិកមែន តែដោយមិនមានអ្វីពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងចាប់បញ្ជូនអន្តោប្រវេសន៍ឡើយ ហើយមួយវិញទៀត UNHCR ប្រើប្រាស់ប្រាក់នេះដោយអនុឡោមទៅតាមផែនការការងារ ទ្រង់ទ្រងជួយជនភៀសខ្លួន។ ដូចគ្នាដែរ អង្គការ IOM បានអះអាងថា ខ្លួនដឹងថាអាមេរិកឲ្យប្រាក់មកខ្លួន ដើម្បីបម្រើអាទិភាពផ្ទាល់ខ្លួនរបស់អាមេរិក។ តែទន្ទឹមនឹងនេះ IOM ត្រូវការប្រាក់ដើម្បីចំណាយជួយលើកកំពស់លក្ខខណ្ឌរស់នៅ របស់ជនអន្តោប្រវេសន៍ដែលត្រូវគេចាប់បញ្ជូន។ ក៏ប៉ុន្តែមិនមែនមានន័យថា អង្គការ IOM គាំទ្រចំណាត់ការបែបនេះរបស់សហរដ្ឋអាមេរិកនោះឡើយ។
គោលនយោបាយយកតែរួចខ្លួននិងអាត្មានិយម
លោក Mike Bochenek ទីប្រឹក្សាច្បាប់នៅអង្គការ Human Rights Watch បានលើកឡើងថា ការចំណាយប្រាក់ជះទៅលើប្រទេសផ្សេង ឲ្យទទួលយកជនអន្តោប្រវេសន៍បែបនេះ គឺជាយុទ្ធសាស្ត្រយករួចខ្លួនរបស់សហរដ្ឋអាមេរិក។ ជាងនេះទៀត សហរដ្ឋអាមេរិក បានគេចចេញពីកាតព្វអន្តរជាតិ ដែលតម្រូវឲ្យប្រទេសអ្នកចាប់បញ្ជូនចេញ ត្រូវតែពិនិត្យឲ្យបានច្បាស់ ថាប្រទេសដែលខ្លួនបញ្ជូនជនអន្តោប្រវេសន៍ទៅ គឺជាប្រទេសដែលគ្មានគ្រោះថ្នាក់។ អ្នកច្បាប់រូបនេះបន្ថែមទៀតថា ទោះមិនចែងជាលាយលក្ខខក្ខណ៍អក្សរ តែរដ្ឋបាលលោកដូណាល់ ត្រាំ សង្ឃឹមថានៅពេលបញ្ជូនទៅដល់ប្រទេសទី៣ហើយ គឺប្រទេសនោះនឹងចាត់ចែងតាមចិត្ត ចង់ទុកឬក៏បញ្ជូនបន្ត ទៅប្រទេសកំណើតរបស់ជនអន្តោប្រវេសន៍ម្នាក់ៗ។ នេះគឺជាយុទ្ធសាស្ត្រអាត្មានិយម អមនុស្សធម៌ ដោយមិនគិតខ្វល់ពីអាយុជីវិត សិទ្ធិ និងភាពថ្លៃថ្នូរជាមនុស្សរបស់ជនអន្តោប្រវេសន៍៕
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញនៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជារបស់មនុស្ស។ ការទាញសញ្ញាអាសន្ននេះ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញនៅចិន ស្តាប់យ៉ាងយកចិត្តទុកដាក់។ ថ្វីបើមានការយល់ឃើញខុសគ្នាខ្លះ ស្តីពីមុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយបង្ការ តែអ្នកជំនាញចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា ថាភ្នាក់ងារបញ្ញាសិប្បនិម្មិតឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាចធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញប្រព័ន្ធអ៊ីនធ័រនិតពិភពលោក និងសម្លាប់ជីវិតមនុស្សបាន។
ថ្មីៗនេះ អតីតវិស្វករព័ត៌មានវិទ្យាម្នាក់របស់ Anthropic ឈ្មោះ Jacob Coxon បានចេញមុខប្រកាសទាញសញ្ញាអាសន្ន ស្តីពីហានិភ័យដ៏គ្រោះថ្នាក់បំផុត ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើរលឿនជ្រុល ឆ្លាតជ្រុល និងអាចងាកមកបំផ្លាញអាយុជីវិតមនុស្សឲ្យវិនាសបាន។ បន្ទាប់មកទៀត លោក Dario Amodei អគ្គនាយក Anthropic បានបង្ហោះសារអំពាវនាវ ឲ្យក្រុមហ៊ុនក្នុងវិស័យនេះរួមគ្នាបន្ថយល្បឿន ផ្អាកការអភិវឌ្ឍន៍លឿនរហ័សជ្រុល ហើយយកពេលវេលាគិតគូរ ព្រោះAIឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស។ សារអំពាវនាវនេះ ត្រូវបានអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសហរដ្ឋអាមេរិក បានប្រកាសគាំទ្រ។
ក្នុងនាមជាប្រទេសឈានមុខគេមួយទៀតក្នុងវិស័យបច្ចេកវិទ្យា AI ចិនបានឆ្វេងយល់រួចហើយ អំពីហានិភ័យបង្កឡើងដោយ AI ស្វ័យប្រវត្តិដែលឆ្លាតជ្រុល។ តែសម្រាប់ថ្នាក់ដឹកនាំចិន គេយល់ថាគេអាចគ្រប់គ្រងសង្កត់បច្ចេកវិទ្យាAIបាន បើទោះបីជាខ្លាំងប៉ុណ្ណាក៏ដោយ។ ការគ្រប់គ្រង ដែលអាចធ្វើទៅបានតាមរយៈការរៀបចំក្រិត្យក្រមបច្ចេកទេស វិធានច្បាប់គ្រប់គ្រង និងការត្រួតពិនិត្យតាមដានចេញពីរដ្ឋ។
លោក Tse Brian អគ្គនាយកក្រុមស្រាវជ្រាវ Concordia AI មានទីតាំងនៅប៉េកាំងនិងសិង្ហបុរី បានលើកឡើងថា ក្នុងវិស័យបញ្ញាសិប្បនិម្មិត អ្នកជំនាញចិននិងអ្នកជំនាញអាមេរិក មានការយល់ស្របគ្នាស្តីពីហានិភ័យ។ ក៏ប៉ុន្តែអ្វីដែលខុសគ្នា គឺទាក់ទិននឹង របៀបនៃការកំណត់មុខសញ្ញាហានិភ័យ និងការចាត់ថ្នាក់ទាបខ្ពស់របស់ហានិភ័យ។ ខុសពីនៅអាមេរិក ដែលអ្នកជំនាញបានស្នើ ឲ្យមានអ្នកវាយតម្លៃឯករាជម្នាក់ប្រចាំការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាAI នៅចិនវិញ ការវាយតម្លៃហានិភ័យ ត្រូវបានធ្វើឡើងក្នុងក្របខណ្ឌច្បាប់រួម និងអាជ្ញាធររដ្ឋ។
អ្នកជំនាញខាងលើពន្យល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិក ដូចជា Anthropic ឬ Open AI ជាដើម បង្កើតកម្មវិធីបច្ចេកវិទ្យានីមួយៗ ជាប្រភេទគម្រូAIបិទជិត ពោលគឺមិនឲ្យអ្នកប្រើប្រាស់ អាចចូលទៅដល់ក្នុងប្រព័ន្ធបានទេ។ ផ្ទុយទៅវិញ នៅចិន វិស្វករកាន់តែច្រើនបាននាំគ្នាផ្តល់អាទិភាព ទៅដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកចំហទំងន់ ដែលភាសាអង់គ្លេសហៅថា AI Open Weight។ គម្រូបច្ចេកវិទ្យាAI ចិនប្រភេទនេះ មានដូចជា Deepseek និង Kimi ជាដើម។
នៅខែឧសភាកន្លងទៅ អាជ្ញាធរចិនគ្រប់គ្រងសន្តិសុខ Cyberspace បានចេញសេចក្តីណែនាំមួយ ដោយបានលើកឡើងអំពី ហានិភ័យប្រឈមមួយរបស់ ភ្នាក់ងារAI “ AI Agents” ទាក់ទិននឹងការប្រឈម “បាត់បង់ការគ្រប់គ្រងប្រតិបត្តិការទាំងស្រុង”។ ក្នុងសេចក្តីណែនាំនេះ អាជ្ញាធរចិនបានតម្រូវឲ្យវិស្វករ អ្នកជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យា AI ត្រូវតែពង្រឹងសមត្ថភាពឲ្យប្រសើរ ដើម្បីតាមស្ទាក់ចាប់ បិទខ្ទប់ និងកម្ទេច នូវរាល់សកម្មភាពខុសប្រក្រតីណាមួយរបស់ភ្នាក់ងារAI។ អ្នកជំនាញចិន ក៏ត្រូវបង្ការផងដែរ នូវហានិភ័យមួយចំនួនដូចជា ការបំពុលទិន្នន័យ និងការបង្វែងធ្វើប្រព័ន្ធអាល់ហ្គោរីតម៍វង្វេង ជាដើម។ ផ្អែកតាមលោក Tse Brian រដ្ឋចិនបានចាប់ផ្តើមពិចារណា តាក់តែងក្រមខណ្ឌច្បាប់ជាតិ ចងជាកាតព្វកិច្ច នៅក្នុងវិស័យសន្តិសុខភ្នាក់ងារAI ដែលនេះគឺជាលើកទី១ហើយក្នុងពិភពលោក។
គួរជំរាបថា ករណីគម្រូAIស្ថិតក្នុងដំណាក់កាលធ្វើតេស្ត តែវាឆ្លាតជ្រុល ហើយគេចខ្លួនរបូតចេញពីប្រព័ន្ធបិទជិត ឈានចូលទៅបំផ្លាញប្រព័ន្ធផ្សេងខាងក្រៅ បានកើតឡើងច្រើនដងហើយ។ ថ្ងៃទី១កញ្ញា លោក Wang Lihong មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរគ្រប់គ្រងសន្តិសុខ Cyberspace ចិនបានទាញសញ្ញាអាសន្ន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាក់ទិននឹងគម្រូភ្នាក់ងារAI ដែលរបូតចេញពីរនាំងសន្តិសុខ លែងស្តាប់បញ្ជា ហើយវាយប្រហារប្រព័ន្ធផ្សេងទៀតនៅខាងក្រៅទូទាំងពិភពលោក។ ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យទី១៣កញ្ញា លោករដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន Chen Yixin បានលើកឡើងថា គម្រូAIឈានមុខអាមេរិក ដូចជា Mythos របស់ក្រុមហ៊ុន Athropic និង GPT-5.5-Cyber របស់ Open AI ជាដើម សុទ្ធតែអាចគំរាមមកលើហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ចិន។
សូមបញ្ជាក់ថា សេណារីយ៉ូមហន្តរាយបង្កឡើយដោយ AI ឆ្លាតជ្រុលទប់លែងជាប់នេះ ត្រូវបានថ្នាក់ដឹកនាំចិន ធ្លាប់លើកឡើងនៅក្នុងឯកសារផ្លូវការមួយ របស់រដ្ឋបាលទទួលបន្ទុក Cyberspace នៅខែកញ្ញាឆ្នាំ២០២៤។ ឯកសារនេះ បានប៉ាន់ប្រមាណទុកជាមុន នូវហានិភ័យ ដែលភ្នាក់ងារAI មួយឆ្លាតខ្លាំង ធ្វើការដោយស្វ័យប្រវត្តិ ប្រមូលទិន្នន័យ បង្កើតទិន្នន័យថ្មី ហើយមានបញ្ញាដឹងខ្លួនឯង ព្រមទាំងអាចស្វែងរកអំណាចថ្មីមកបន្ថែមឲ្យខ្លួនវា ដើម្បីប្រជែងជាមួយសមត្ថភាពមនុស្ស។ ផ្អែកតាមឯកសារចុងក្រោយមួយទៀត នៅខែកញ្ញាឆ្នាំ២០២៥ រដ្ឋបាលចិនទទួលបន្ទុក Cyberspace បានលើកឡើងពីគោលការណ៍ថ្មី ដើម្បីបង្ការទប់ទល់នឹងហានិភ័យ បាត់បង់ការគ្រប់គ្រងដែលគំរាមដល់អាយុជីវិតមនុស្ស។ សេណារីយ៉ូបែបនេះ អាជ្ញាធរចិនបានសំដៅទៅដល់ករណី “បច្ចេកវិទ្យាAI កម្រោលចូល ប្រកាច់ចាប់មិនឈ្នះ”។
តែទោះជាយ៉ាងនេះក្តី អាមេរិកនិងចិន ក៏មានគំនិតយល់ឃើញខុសគ្នាដែរ ទាក់ទិនការអំពាវនាវឲ្យ បន្ថយល្បឿន ក្នុងការអភិវឌ្ឍន៍AI។ ខុសពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិកដែលអំពាវនាវឲ្យបន្ថយល្បឿន រដ្ឋចិនឯនោះវិញបានលើកទឹកចិត្តឲ្យគេប្រើប្រាស់បច្ចេកវិទ្យាAI ឲ្យបានគ្រប់សហគ្រាស គ្រប់វិស័យ។ នេះគឺជាគោលនយោបាយរួមរបស់រដ្ឋចិន ដែលចង់យកបច្ចេកវិទ្យានេះធ្វើជាកម្លាំងចលករនាំសន្ទុះសេដ្ឋកិច្ច។ តែទន្ទឹមគ្នានេះ រដ្ឋចិននៅតែអាចចេញបញ្ជាឲ្យបង្អង់ដៃ ផ្អាក ពន្យាពេលប្រើប្រាស់បច្ចេកវិទ្យាណាមួយ ប្រសិនបើអាជ្ញាធរយល់ថា ការគ្រប់គ្រងពីលើនៅមិនទាន់ល្អគ្រប់គ្រាន់៕
នៅខេត្តភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ កាលពីសប្តាហ៍កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាលថៃ ត្រឡប់មកចូលតុចរចា។
អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាពនៃការបះបោរដើម្បីបំបែកទឹកដី មុននឹងស្ងប់ស្ងាត់ទៅវិញ។ ក៏ប៉ុន្តែ កាលពីសប្តាហ៍កន្លងទៅ ខេត្តទាំង៤នៅចុងខាងត្បូងបង្អស់របស់ថៃ បានប្រឈមមុខនឹងភាពតានតឹងហិង្សាជាថ្មី ដោយមានការវាយប្រហារ សរុបប្រមាណ៧៨ករណី ដែលភាគច្រើនជាការវាយប្រហារ ដែលជាការរៀបគម្រោងទុកជាមុន និងដោយសហការគ្នា។
ផ្អែកតាមអាជ្ញាធរថៃ ការវាយប្រហារទាំងនេះ ភាគច្រើនមានទម្រង់ជាការដុតបំផ្លាញដោយចេតនា និងការវាយប្រហារដោយគ្រឿងផ្ទុះ ដូចជាគ្រាប់បែកបង្កៃជាដើម។ ជាទូទៅ ក្រុមវាយប្រហារបានកំណត់គោលដៅទៅលើអគាររដ្ឋបាលសាធារណៈ ហាងទំនិញ យានយន្ត ព្រមទាំងបង្គោលអគ្គិសនី ឬផ្លូវដែក។ ក្នុងករណីខ្លះ ពួកគេបានបាញ់គ្រាប់ឡើងលើអាកាសដើម្បីបំភ័យមនុស្ស ឬបង្ខំឱ្យមនុស្សជម្លៀសចេញពីទីកន្លែង មុនពេលដុតបំផ្លាញទីនោះ។ រលកអំពើហិង្សាទាំងនេះ បានកើតឡើងមួយខែបន្ទាប់ពីមានការវាយប្រហារដ៏សាហាវមួយ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅខេត្តណារ៉ាធីវ៉ាត ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ជាប់ព្រំដែនជាមួយម៉ាឡេស៊ី។ ក្នុងករណីនេះ ក្រុមឧទ្ទាមបះបោរ បានជិះរថយន្តចូលមកបាញ់សម្លាប់ កងទាហានប៉ារ៉ាថៃចំនួន៥នាក់ និងបង្ករបួសជនស៊ីវីល៦នាក់ទៀត។
ជម្លោះបះបោរ២០ឆ្នាំ ស្លាប់៧៨០០នាក់
គួរជំរាបជូនថា ជម្លោះនៅភាគខាងត្បូងថៃតាំងតែពីឆ្នាំ២០០៤ បានផ្តាច់ជីវិតមនុស្សប្រមាណ ៧៨០០នាក់ និងរបួសជិត១៥០០០នាក់។ ការកើនឡើងនៃអំពើហិង្សាជាថ្មី ក្នុងអំឡុងពេលនេះ មិនមែនគ្មានហេតុផលនោះទេ។ ដំណើរការចរចាសន្តិភាព ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៣ រវាងរដ្ឋាភិបាលក្រុងបាងកក និងក្រុមបំបែកខ្លួន Barisan Revolusi Nasional (BRN) មិនមានការរីកចម្រើនឡើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់អាចឈានទៅរកកិច្ចព្រមព្រៀងនយោបាយជាក់លាក់មួយដែរ។
ទោះបីក្រុមបំបែកខ្លួន Barisan Revolusi Nasional មិនបានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារថ្មីៗទាំងនេះក៏ដោយ តែអ្នកសង្កេតការណ៍មួយចំនួនយល់ថា វាអាចជាការបង្ហាញពីកម្លាំង ដែលមានគោលបំណងដាក់សម្ពាធលើការចរចា។ មុនមានការវាយប្រហារ ភាគីទាំង២គ្រោងជួបចរចាគ្នានៅខែតុលា ហើយកិច្ចព្រមព្រៀងក្របខណ្ឌបឋមមួយ អាចនឹងត្រូវចុះហត្ថលេខានៅខែកញ្ញាខាងមុខនេះ។ លោក ថានុត សុវណ្ណអានន្ត មន្ត្រីរដ្ឋាភិបាលថៃប្រធានក្រុមចរចាសន្តិភាពជាមួយក្រុមបះបោរខាងត្បូង បានលើកឡើងថា ក្រុមឧទ្ទាមកំពុងចង់សាកល្បងកម្លាំងរបស់សមត្ថកិច្ច ដើម្បីរកចំណុចខ្សោយ ហើយអាចមានប្រៀបក្នុងពេលចរចា។
ដោយឡែក លោកស្រី រុងរ៉ាវី ឆាលើមស៊ីពីនយ៉ារ៉ាត់ សាស្ត្រាចារ្យនៅសកលវិទ្យាល័យនគរិន្ទ្រសុងក្លា បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលថៃពិតជាចង់ឃើញការផ្លាស់ប្តូរជាក់ស្តែង ក្នុងដំណើរការដោះស្រាយវិបត្តិ នោះបាងកកត្រូវតែត្រៀមធ្វើចិត្តសម្បទាននយោបាយ។ ក្រុមបះបោររិះរកវិធីដាក់សំពាធ ព្រោះពួកគេលែងទុកចិត្តរដ្ឋាភិបាលបាងកក ដែលគិតតែប្រើកម្លាំងជាជាងការរិះរកយន្តការផ្តល់អធិបតេយ្យភាពមូលដ្ឋានខ្លះមកឲ្យខេត្តរបស់ពួកគេ។
បញ្ហាសន្តិសុខ ឬបញ្ហានយោបាយ?
គួរកត់សម្គាល់ថា មានទស្សនៈ២ផ្ទុយគ្នា ទាក់ទិននឹងវិបត្តិនេះ។ រដ្ឋាភិបាលថៃចាត់ទុក អំពើហិង្សានេះថាជាបញ្ហាសន្តិសុខ ដែលត្រូវដោះស្រាយដោយកម្លាំងបង្ក្រាប តែក្រុមបះបោរវិញបានសង្កត់ធ្ងន់ទៅលើឫសគល់នយោបាយ ដែលបណ្តាលឲ្យមានជម្លោះនេះ។ សាររបស់ក្រុមបះបោរ គឺថា ការឆ្លើយតបដោយកម្លាំងយោធាអស់រយៈពេល២០ ឆ្នាំមកហើយ មិនអាចបញ្ចប់ការបះបោរបានទេ។ ជាក់ស្តែង អាជ្ញាធរថៃក៏បានទទួលស្គាល់ដោយប្រយោលដែរថា មានចំណុចខ្វះខាតផ្នែកសន្តិសុខ ទើបបណ្តោយឲ្យការវាយប្រហារផ្ទួនៗជាង៧០ករណីថ្មីៗនេះ។
សូមបញ្ជាក់ដែរថា តំបន់មួយផ្នែកធំនៃភាគខាងត្បូងថៃ បានស្ថិតក្រោមរបបសន្តិសុខពិសេសរួចទៅហើយ។ អាជ្ញាធរថៃ បានប្រកាសស្ថានភាពអាសន្ន នៅក្នុងខេត្ត ប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត។ នៅខេត្តទាំងបីនេះ ប្រជាជនភាគច្រើនដែលជាអ្នកកាន់សាសនាអ៊ីស្លាម និងមានដើមកំណើតជាជនជាតិម៉ាឡេ បានត្អូញត្អែរថាពួកគេត្រូវបានគេរើសអើង និងដាក់ឱ្យនៅក្រៅសង្គម មិនថាវប្បធម៌ ភាសា និងសេដ្ឋកិច្ច។ សមត្ថកិច្ចយោធានិងតម្រួតថៃ បានដាក់ទីតាំងរនាំងការពារសន្តិសុខច្រើនកន្លែង។ ការឆែកឆេរផ្ទះ និងទីតាំងផ្សេងៗ តែងកើតមានជាញឹកញាប់ ខណៈអង្គការមិនមែនរដ្ឋាភិបាល តែងតែរិះគន់អំពីការចាប់ឃុំខ្លួនមនុស្ស ដោយគ្មានមូលហេតុត្រឹមត្រូវ។
ការដាក់ពង្រាយកងកម្លាំងយោធាច្រើនស្អេកស្កះនៅតំបន់ភាគខាងត្បូងថៃ មិនត្រឹមតែមិនអាចដោះស្រាយជម្លោះជាតិសាសន៍ និងចរន្តគំនិតជាតិនិយមនេះបានទេ ប៉ុន្តែថែមទាំងមិនអាចស្តារឡើងវិញ នូវទំនុកចិត្តរបស់ប្រជាជនបានថែមទៀត។ ផ្ទុយទៅវិញ វិធានការសន្តិសុខបែបនេះ បានបង្កើនការមិនទុកចិត្ត និងការអាក់អន់ចិត្តកាន់តែខ្លាំង ពីសំណាក់ប្រជាជនមូលដ្ឋាន ចំពោះរដ្ឋាភិបាលថៃ៕
លោកវ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើមទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩សីហា។ ទស្សនកិច្ចនេះត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យបំផុត ដែលវាជួនចំពេលដែលលោកដូណាល់ ត្រាំ កំពុងធ្វើឲ្យកូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាពកូរ៉េខាងត្បូងនិងអាមេរិក ហាក់កំពុងង្គោះរង្គើ ហើយអ្នកដែលកំពុងញញឹមដោយក្តីរីករាយ គឺចិន។
៥ឆ្នាំមកហើយ ដែលលោកវ៉ាង យី មិនបានធ្វើដំណើរទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ថ្ងៃទី១៩សីហា លោកប្រមុខការទូតចិនបានចាប់ផ្តើម ទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសេអ៊ូល ដែលជួនចំពេលពិសេសអស្ចារ្យនិងអំណោយផលបំផុតសម្រាប់ចិន ព្រោះថាក្នុងអំឡុងពេលនេះ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងស្ថិតក្នុងភាពស្រពិចស្រពិល។
ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានធ្វើឲ្យកូរ៉េខាងត្បូងស្រងាកចិត្តជាពន់ពេក។ កម្មវិធីសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកងទ័ពអាមេរិកនិងកងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើម ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសថា លោកមិនសប្បាយចិត្តទេ ព្រោះប្រតិបត្តិការនេះចំណាយប្រាក់ច្រើនឥតប្រយោជន៍ ហើយវាធ្វើឲ្យកូរ៉េខាងជើងឯនោះខឹងស្អប់អាមេរិកថែមទៀត។
ក្រោយសម្តីដូចនេះរបស់លោកត្រាំ សមយុទ្ធត្រូវបានបិទបញ្ចប់មុនពេលកំណត់ដល់ទៅ៦ថ្ងៃ ដោយលោកត្រាំអះអាងថា នឹងកាត់បន្ថយថវិកាចំណាយ។ មិនត្រឹមប៉ុណ្ណោះទេ នៅថ្ងៃទី១៩សីហា លោកដូណាល់ ត្រាំ បានអួតអះអាងថា ទំនាក់ទំនងរវាងលោកនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺល្អខ្លាំងណាស់ ហើយលោកមានគម្រោងជួបលោកគីម ជុងអ៊ុន នៅចុងឆ្នាំនេះហើយ។
គួរកត់សំគាល់ថា លោកប្រមុខការទូតចិនបានមកដល់ទីក្រុងសេអ៊ូល ចំពេលតែម្តង គឺចំពេលដែលលោក ដូណាល់ ត្រាំ រុះរើជាន់ឈ្លីសម្ព័ន្ធភាពដែលសហរដ្ឋអាមេរិកមានជាមួយកូរ៉េខាងត្បូងជាង៧០ឆ្នាំមកហើយ។ បញ្ហានេះ មិនមែនត្រឹមតែធ្វើឲ្យកូរ៉េខាងត្បូងអស់សង្ឃឹមលែងមានទំនុកចិត្តលើសហរដ្ឋអាមេរិកនោះទេ តែបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក នៅតំបន់អាស៊ីក៏បើកភ្នែកធំៗ ដោយការខកចិត្តនិងភ័យខ្លួនដែរ ជាក់ស្តែង ជប៉ុន និងតៃវ៉ាន់ជាដើម។
សម្រាប់ចិន ឱកាសនេះពិសេសណាស់ ព្រោះវាបានលើកវិស័យការទូតចិនឲ្យលេចខ្លួនត្រដែតឡើង។ នៅសេអ៊ូល លោកវ៉ាង យី នឹងធ្វើការងារដោយមិនបាច់ប្រឹង។ ស្របពេលដែលសហរដ្ឋអាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំ ជាមហាអំណាចដែលមានចិត្តឆេវឆាវ ប្រែប្រួលបាតដៃខ្នងដៃ និងគិតតែចំណេញប្រាក់ជាធំនោះ ចិនវិញគឺជាមហាអំណាច ចាស់ទុំ នឹងនរ គួរជាទីទុកចិត្តសម្រាប់គេឯងគ្រប់គ្នា។
បន្ថែមពីនេះទៀត ចិននឹងឆ្លៀតឱកាសនេះប្រាប់កូរ៉េខាងត្បូងថា ការដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង គឺត្រូវតែមានចិនជាអ្នកចាត់ចែង ទើបអាចចេញលទ្ធផល។ ជាការពិតណាស់ កាលពីសប្តាហ៍កន្លងទៅ លោក លី ចែម្យ៉ុង បានប្រកាសហៅលោក គីម ជុងអ៊ុន មកចរចាបិទបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពជាមួយគ្នា ដោយគ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់។ ការចរចាដែលលោកប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមបានចិនជួយសម្របសម្រួល។ ក្នុងពេលទស្សនកិច្ចនៅកូរ៉េខាងត្បូង គេជឿថា លោកវ៉ាង យី នឹងប្រើភាសាការទូតនិយាយអំពីស្ថិរភាព សន្តិភាព ក្នុងតំបន់ ផ្ទុយពីលោកដូណាល់ ត្រាំ ដែលនិយាយតែពីរឿងលុយ!
សំណួរសួរថា តើពីពេលនេះទៅ កូរ៉េខាងត្បូង និងជប៉ុន អាចសង្ឃឹម ថានឹងអាចជ្រកក្រោមដំបូលការពារនុយក្លេអ៊ែររបស់សហរដ្ឋបានដែរឬទេ? លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១៩សីហា ថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ៥៧គ្រាប់។ តែនៅព្រឹកថ្ងៃទី២០សីហា ប្រភពពីសមាជិកសភាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ចន្លោះពី ៨០ ទៅ១២០គ្រាប់ឯនោះ។ ការសុខចិត្តបន្ទន់ឥរិយាបថរបស់លោកលី ចែម្យ៉ុង ហៅ កូរ៉េខាងជើងមកចរចា បានស្តែងឲ្យឃើញនូវគោលជំហរប្រាកដនិយមរបស់ភាគីកូរ៉េខាងត្បូង ដែលជឿក្នុងចិត្តថា មិនអាចប្រថុយទុកសង្គ្រាមនេះបានតទៅទៀតទេ ព្រោះកូរ៉េខាងជើងបានក្លាយជាមហាអំណាចនុយក្លេអ៊ែរហើយ៕
ដើម្បីបំពេញបំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារចង់បានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានបញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគីនៅប្រទេសតួកគីថា លោកយល់ព្រមឲ្យអ៊ុយក្រែនមានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំអាមេរិកបើកភ្លើងខៀវឲ្យអ៊ុយក្រែនមានសិទ្ធិផលិតមីស៊ីលអាមេរិក ប៉ុន្តែ សំណួរសួរថា តើអ៊ុយក្រែនមានសមត្ថភាពផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និងស្មុគស្មាញនេះដែរឬទេ?
“យើងនឹងឲ្យអាជ្ញាបណ្ណដើម្បីឲ្យអ្នកមានសិទ្ធិផលិតមីស៊ីលPatriots។ នេះជារឿងល្អណាស់ មិនថាអីចឹង។ ដល់ចឹងទៅ អ្នកមិនអាចតវ៉ាថា អាមេរិកផ្តល់អាវុធមិនគ្រប់គ្រាន់ឲ្យអ៊ុយក្រែនទៀតហើយ។ ខ្ញុំអាចនិយាយថា អ្នកអាចផលិតវាដោយខ្លួនឯង។ ខ្ញុំមិនទាន់បានជូនដំណឹងទៅក្រុមហ៊ុននៅឡើយ ប៉ុន្តែ ខ្ញុំគិតថា នឹងគ្មានបញ្ហាចោទនោះទេ។”
នៅទីបំផុត ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំយល់ព្រមឲ្យអ៊ុយក្រែនផលិតប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏មានប្រសិទ្ធភាព និងទំនើបខ្លាំងលើលោក ហើយក៏មានតម្លៃថ្លៃខ្ពស់កប់ពពក ព្រោះថា ប្រព័ន្ធខែលមីស៊ីលមួយគ្រឿង មានគ្រាប់មីស៊ីលក្នុងនោះស្រាប់ មានតម្លៃប្រមាណ ១ពាន់លានដុល្លារ។
អ៊ុយក្រែនបានភ្លើងខៀវពីលោកត្រាំ តែមិនប្រាកដថា នឹងអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផលិតបានប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និងស្មុគស្មាញរបស់អាមេរិក។ ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី អះអាងថា អ៊ុយក្រែនមានសមត្ថភាពផលិតសព្វាវុធដោយខ្លួនឯង ជាពិសេសដ្រូនចម្ងាយឆ្ងាយដែលអ៊ុយក្រែនបានប្រើដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីមែន ប៉ុន្តែ អ៊ុយក្រែនត្រូវជួបបញ្ហាប្រឈម ឧបសគ្គច្រើនយ៉ាង។ ដំបូងគេ អ៊ុយក្រែនមិនអាចផលិតមីស៊ីលក្នុងទឹកដីអ៊ុយក្រែន។
ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ អ៊ុយក្រែនកំពុងកើតមានសង្រ្គាម រងការវាយប្រហារស្ទើរមិនលោះថ្ងៃពីសំណាក់រុស្ស៊ី។ ដូច្នេះ គ្មានកន្លែងណាមួយដែលមានសុវត្ថិភាព១០០%ដើម្បីឲ្យអ៊ុយក្រែនអាចដំឡើងរោងចក្រផលិតប្រព័ន្ធមីស៊ីលអាមេរិកបានទេ។ រោងចក្រផលិតមីស៊ីលPatriots ប្រាកដជាក្លាយជាផ្ទាំងស៊ីបវាយប្រហាររបស់មីស៊ីលរុស្ស៊ី។ អ្នកដែលស្និទ្ធនឹងសំណុំរឿងរឿងនេះបានពន្លយថា នៅពេលអ៊ុយក្រែនបានភ្លើងខៀវ អ៊ុយក្រែនអាចរើទីតាំងទៅផលិតនៅទឹកដីអាល្លឺម៉ង់ ព្រោះថា ក្នុងលោក មានតែអាល្លឺម៉ង់ និងជប៉ុនប៉ុណ្ណោះដែលបានសិទ្ធិផលិតមីស៊ីលPatriots ពីអាមេរិក។
បញ្ហាប្រឈមទី២ គឺទាក់ទងនឹងពេលវេលា។ ទោះបីលោកត្រាំបាននិយាយថា នឹងឲ្យសិទ្ធិទៅអ៊ុយក្រែន ប៉ុន្តែ លោកបាននិយាយតែមាត់ មិនទាន់មានលាយលក្ខអក្ស ចេញជាផ្លូវការនៅឡើយទេ។ ម្យ៉ាង រដ្ឋបាលអាមេរិកត្រូវសុំការអនុញ្ញាតពីសភាខុនហ្រ្កេសជាមុនសិន។ ខុនហ្រ្កេស ជាអ្នកពិចារណាថា ការផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធអាមេរិកទៅបរទេសសមស្របតាមច្បាប់សហព័ន្ធដែរឬទេ។ បើតាមកាសែតNew York Times លោកដូណាល់ត្រាំអាចប្រើសិទ្ធិជាប្រធានាធិបតីដើម្បីដាក់ឲ្យប្រើប្រាស់យន្តការផ្ទេរបច្ចេកវិទ្យាសព្វាវុធ ដែលមានទាក់ទងនឹងសន្តិសុខជាតិ។
មួយវិញទៀត បើទោះជាសភាអាមេរិកផ្តល់ភ្លើងខៀវឲ្យរដ្ឋបាលអាមេរិកផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធទៅអ៊ុយក្រែនក្តី ក៏អ៊ុយក្រែនមិនងាយនឹងផលិតបានស្រួលៗដែរ ជាពិសេសនៅពេលនិយាយពីបច្ចេកវិទ្យា និងវត្ថុធាតុផ្សំ។ សព្វថ្ងៃនេះ ក្រុមហ៊ុនអាមេរិកធំៗគឺ RTX Lockheed Martin ជាអ្នកផលិតមីស៊ីលPatriots ប៉ុន្តែ នៅតែត្រូវការសហការទិញគ្រឿងផ្សំ គ្រឿងបន្លាស់ដ៏សាំញ៉ាំពីដៃគូ ក្រុមហ៊ុនតូចៗជាច្រើនទៀត។ នេះគេនៅមិនទាន់និយាយការចំណាយដើម្បីផលិតផង។ មីស៊ីល PAC-3 ដែលមានសមត្ថភាពស្ទាក់ ចាប់មីស៊ីលបាលីស្ទិកមានតម្លៃប្រមាណ ៥លានដុល្លារក្នុងមួយដើម។ ដូច្នេះ ដើម្បីអាចផលិតបានមីស៊ីលដ៏ទំនើប ជាងគេបំផុតក្នុងលោក គេតោងត្រូវការពេលវេលា មិនត្រឹមរាប់ខែ ប៉ុន្តែដល់ទៅរាប់ឆ្នាំ។ ក្រុមហ៊ុនអាមេរិកផ្ទាល់ចំណាយពេល១ឆ្នាំដើម្បីផលិតមីស៊ីលបាន៦០០ដើម។ ចំណែកអាល្លឺម៉ង់ដែលបានប្រកាសគម្រោងផលិតមីស៊ីលPatriots នៅឆ្នាំ ២០២៤ អះអាងថា នឹងអាចផលិត ប្រើមីស៊ីលPatriots នៅឆ្នាំ២០២៧ឯណោះ។
ផ្តល់អាជ្ញាបណ្ណឲ្យអ៊ុយក្រែនអាចមានសិទ្ធិផលិតប្រព័ន្ធខែលការពារមីស៊ីលដ៏ទំនើបរបស់អាមេរិក។ នេះជាដំណឹងដ៏ល្អណាស់ចំពោះមេដឹកនាំអ៊ុយក្រែន លោកហ្សេឡេនស្គីដែលតែងទាមទារចង់បានប្រព័ន្ធខែលមីស៊ីលអាមេរិក នៅរៀងរាល់លើកដែលរដ្ឋធានីកៀវរងការវាយប្រហារពីមីស៊ីលរបស់រុស្ស៊ី។ លើកចុងក្រោយដែលប្រធានាធិបតីអ៊ុយក្រែនទទូចសុំសិទ្ធិផលិតប្រព័ន្ធការពារដែនអាកាសពីអាមេរិក គឺនៅសប្តាហ៍មុននេះ នៅពេលរុស្ស៊ីសម្រុកបាញ់មីស៊ីលអ៊ីពែសូនិកស្រោចលើទឹកដីអ៊ុយក្រែន ជាពិសេសទីក្រុងកៀវ ដោយសម្លាប់មនុស្សជាច្រើននាក់។ មានតែប្រព័ន្ធមីស៊ីលPatriotsដែលមានសមត្ថភាពខ្លាំងអាចបាញ់ស្ទាក់ទម្លាក់មីស៊ីលបាលីស្ទិកដ៏ទំនើបចុងក្រោយរបស់រុស្ស៊ី។
លោកត្រាំសន្យាផ្តល់អាជ្ញាបណ្ណឲ្យអ៊ុយក្រែនអាចផលិតខែលមីស៊ីលអាមេរិកជាដំណឹងល្អណាស់ ប៉ុន្តែ ចំពោះអ្នកជំនាញយុទ្ធសាស្រ្តយោធានៅអឺរ៉ុប ព្រោះតែឧបសគ្គច្រើនយ៉ាងដូចរៀបរាប់ខាងលើ អ៊ុយក្រែននឹងគ្មានថ្ងៃផលិតមីស៊ីលបានទាន់ពេលវេលាដើម្បីទប់ទល់នឹងមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ីឡើយ។ អ្វីដែលអ៊ុយក្រែនកំពុងត្រូវការបន្ទាន់ពីអាមេរិកនៅពេលនេះ គឺមីស៊ីលPatriots ដែលអ៊ុយក្រែនមានកាន់តែខើចទៅៗ លែងអាចធ្វើជាសំណាញ់ការពារផ្ទៃមេឃអ៊ុយក្រែនពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី។
អាមេរិកយល់ព្រមឲ្យអ៊ុយក្រែនទទួលអាជ្ញាបណ្ណផលិតមីស៊ីល គឺដើម្បីកុំឲ្យអ៊ុយក្រែនចេះតែត្អូញថា អាមេរិកមិនជួយអ្វីសោះ។ ប៉ុន្តែ លោកត្រាំបានបដិសេធមិនបញ្ជូនមីស៊ីលទៅតាមការចង់បានរបស់អ៊ុយក្រែននោះទេ។ លោកត្រាំបាននិយាយមិនលាក់លៀមថា អាមេរិកពិតជាមីស៊ីល ប៉ុន្តែ សម្រាប់ទុកប្រើប្រាស់ការពារខ្លួនឯងដែរ។
អស្ថិរភាព និងភាពតានតឹងនៅក្នុងពិភពលោក ព្រមទាំងជម្លោះប្រដាប់អាវុធនៅសឹងគ្រប់ទ្វីប ជាពិសេសសង្រ្គាមនៅអ៊ីរ៉ង់បានចាប់បង្ខំឲ្យអាមេរិកប្រើមីស៊ីលការពារដែនអាកាសអស់ប្រមាណពាក់កណ្តាលពីក្នុងស្តុកយុទ្ធសាស្រ្តរបស់ខ្លួន។ ប្រទេសនៅក្នុងតំបន់ដើមបូព៌ាជាទីដែលមានមូលដ្ឋានទ័ពអាមេរិក បានស្រូបយកអស់ច្រើនជាងគេ មីស៊ីលPatriotsដើម្បីបាញ់ស្ទាក់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់។ នេះបើយោងតាមមជ្ឈមណ្ឌលដើម្បីយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិ។
ចំពោះអ្នកវិភាគអ៊ុយក្រែន ភ្លើងខៀវរបស់ប្រធានាធិបតីអាមេរិកមានអត្ថន័យជានិមិត្តរូប ពោលគឺការគាំទ្រនយោបាយ ច្រើនជាងការអនុវត្តជាក់ស្តែង ដូចជាការផ្តល់ជំនួយយោធាអាមេរិក។ ដោយសារតែការផលិតប្រព័ន្ធខែលមីស៊ីលអាមេរិកត្រូវការពេលវេលាវែង អ៊ុយក្រែនត្រូវរង់ចាំពេលជាច្រើនយូរឆ្នាំទៀតទម្រាំបានប្រើមីស៊ីលPatriots ពោលគឺមិនទាន់អាចឆ្លើយតបនឹងស្ថានការណ៍បច្ចុប្ប្នន្នបានទេ។ ប៉ុន្តែ នៅក្នុងរយៈពេលខ្លី ដំណឹងនេះនឹងមានប្រសិទ្ធភាព ក្នុងរូបភាពដាក់សម្ពាធលើរុស្ស៊ី គូសត្រូវរបស់អ៊ុយក្រែនឲ្យយល់ព្រមចូលតុចរចាបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន៕
ស្របពេលដែលការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង ទាក់ទិននឹងអព្យាក្រឹតភាពរបស់លោក។ កាលពីថ្ងៃសុក្រទី៣កក្កដា អង្គការសិទ្ធិមនុស្សនិងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិតទៅកាន់FIFA ទាមទារឲ្យមានការស៊ើបអង្កេតលើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ និងប៉ះពាល់មកលើភាពមិនលម្អៀងនៃវិស័យកីឡា។
ក្នុងអំឡុងពេលនេះ ទោះបីសំឡេងស្រែហ៊ោកញ្ជៀវ កំពុងលាន់ឮខ្លាំងនៅតាមពិហុកីឡដ្ឋានដែលមានការប្រកួតបាល់ទាត់ពិភពលោកយ៉ាងណាក្តី តែបើយើងផ្ទៀងត្រចៀកស្តាប់បន្តិច នោះយើងនឹងឮសំឡេងខ្សិបខ្សៀវរិះគន់ពីទ្វីបអឺរ៉ុប ទៅកាន់លោក Gianni Infantino អគ្គនាយករបស់ សហព័ន្ធអន្តរជាតិនៃសមាគមបាល់ទាត់ ហៅកាត់ថា FIFA។
ចូលកាន់មុខតំណែងនៅឆ្នាំ២០១៦ សកម្មភាពរបស់លោក Gianni Infantino បានធ្វើឲ្យមានមន្ទិលសង្ស័យខ្លាំងឡើងៗ ស្តីពីភាពអព្យាក្រឹត្យ្យរបស់លោក ក្នុងនាមជាអ្នកតំណាងពិភពលោកកីឡា ដ៏មានឥទ្ធិពលបំផុត។ ថ្ងៃសុក្រទី៣កក្កដា អង្គការសិទ្ធិមនុស្សមួយនៅអង់គ្លេស ឈ្មោះ FairSquare បានផ្សព្វផ្សាយលិខិតមួយសន្លឹក ចុះហត្ថលេខាដោយសមាជិកសភាអឺរ៉ុប ចំនួន៥០នាក់។ លិខិតនេះ ត្រូវបានផ្ញើទៅកាន់ FIFA ទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ស្តីពីករណីផ្តល់ “ពានរង្វាន់សន្តិភាព របស់FIFA” ទៅឲ្យលោកដូណាល់ ត្រាំ។
គួររំលឹកថា កាលពីខែធ្នូឆ្នាំ២០២៥ នៅក្នុងឱកាសចាប់ឆ្នោតប្រកួតបាល់ទាត់ពិភពលោក២០២៦ លោកអគ្គនាយក FIFA Gianni Infantino បានប្រគល់ពានរង្វាន់សន្តិភាពFIFA ជូនទៅលោកដូណាល់ ត្រាំ ។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងជាពិសេសក្នុងឱកាសនោះតែម្តង។ អ្នករិះគន់ភាគច្រើនបានលើកឡើងថា គឺលោក Gianni Infantino ចង់បញ្ជោរលោកដូណាល់ ត្រាំ។ ជាង៦ខែមកហើយ FIFA បានបដិសេធមិនពន្យល់ជាសាធារណៈទេ នូវលក្ខខណ្ឌក៏ដូចជានីតិវិធី ដែលអនុញ្ញាតឲ្យខ្លួនសម្រេចប្រគល់ពានរង្វាន់ពិសេសនេះទៅនរណាម្នាក់។
ភាពស្និទ្ធស្នាលរវាងលោក Gianni Infantino និងលោកដូណាល់ ត្រាំ មិនអាចលាក់នរណាបានទេ។ លោក Gianni Infantino និងលោក Dana White ប្រធានUFC គឺជាអ្នកតំណាងពិភពកីឡាតែ២នាក់គត់ ដែលមានវត្តមាននៅក្នុងកម្មវិធី ចូលកាន់មុខតំណែងជាផ្លូវការរបស់លោកដូណាល់ ត្រាំ កាលពីខែមករា២០២៥។ ចាប់ពីពេលនោះមក លោកអគ្គនាយកFIFA បានបន្តនិយាយសរសើរលោកដូណាល់ ត្រាំ ឥតដាច់ពីមាត់ រហូតដល់ទៅហ៊ានចេញមុខ និយាយការពារគោលនយោបាយដឹកនាំរបស់លោកដូណាល់ ត្រាំ ហើយបានប្រកាសចង់ឲ្យគេប្រគល់ពានរង្វាន់ណូបែលសន្តិភាព លោកដូណាល់ ត្រាំ ថែមទៀតផង។
ជាងនេះទៀត កាលពីខែកុម្ភៈ នៅពេលលោកដូណាល់ ត្រាំ បើកកម្មវិធីសម្ពោធ ក្រុមប្រឹក្សាសន្តិភាពដែលលោកជាអ្នកបង្កើតឡើង គេឃើញលោកអគ្គនាយក FIFA ក៏មានវត្តមានដែរ ពាក់មួកពណ៌ក្រហម មានអក្សរពីលើថា USA និងលេខ 45-47 ដែលជាលេខរៀងអាណត្តិទាំង២របស់លោកដូណាល់ ត្រាំ។ ជាមួយនឹងស្នាមញញឹមសើចក្អាកក្អាយ លោក Gianni Infantino បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ថាលោកគឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់លោកដូណាល់ ត្រាំ។
សូមបញ្ជាក់ថា កាលពីខែធ្នូ២០២៥ អង្គការ FairSquare ធ្លាប់បានលើកឡើងថា គោលជំហររបស់លោក Gianni Infantino ដែលគាំទ្រពេញទំហឹងនិងដោយចំហ ចំពោះគោលនយោបាយលោកដូណាល់ ត្រាំ វាអាចប៉ះពាល់មកលើកអព្យាក្រឹតភាពនិងកិត្តិយស របស់FIFA ក៏ដូចជាវិស័យកីឡាបាល់ទាត់ពិភពលោកទាំងមូល។ នៅថ្ងៃទី១១មិថុនា អង្គការនេះអះអាងទៀត ត្រឹមតែរយៈពេល២សប្តាហ៍ មានមនុស្សប្រមាណ៥០០០នាក់បានចុះហត្ថលេខាលើញត្តិមួយ មានខ្លឹមសារបរិហារភាពលម្អៀងរបស់លោក Gianni Infantino។ តាមធម្មតា ក្នុងនាមជាអគ្គនាយក FIFA លោក Infantino មានកាតព្វកិច្ចធានាឲ្យបាននូវអព្យាក្រឹតភាព និងសុភវិនិច្ឆ័យ ដោយគោរពតាមមាត្រា១៥ នៃក្រមសីលធម៌របស់FIFA។ ការប្រកាសបរិហាររបស់អង្គការ FairSquare ក៏បានទទួលការគាំទ្រ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ប្រទេសន័រវែសដែរ។ លោកស្រី Lise Klaveness នាយិកាសហព័ន្ធកីឡាបាល់ទាត់ន័រវែស បានលើកឡើងនៅខែកុម្ភៈថា រឿងរ៉ាវប្រគល់ពានរង្វាន់សន្តិភាពFIFA ទៅឲ្យលោកដូណាល់ ត្រាំ វាគឺជារឿងមួយស្មោគគ្រោកគួរឲ្យរអើមណាស់។
គួរកត់សំគាល់ថា គិតត្រឹមពេលនេះ ពិភពកីឡាអន្តរជាតិ តួយ៉ាងដូចជា គណៈកម្មកាអន្តរជាតិអូឡាំពិក បានស្ងាត់មាត់មិនស្តីបន្ទោសលើលោក Gianni Infantino ទេ ព្រោះថាលោកអគ្គនាយកFIFA ក៏ជាសមាជិកម្នាក់ដ៏មានឥទ្ធិពលក្នុងគណៈកម្មការនេះដែរ។ ការរិះគន់បរិហារ ភាគច្រើនគឺចេញពីអង្គការ និងពិភពនយោបាយ។ កាលពីចុងឆ្នាំ២០២៤ សមាជិកសភាអឺរ៉ុប៣០នាក់ បានផ្ញើលិខិតតវ៉ាមួយ ទៅកាន់ FIFA បន្ទាប់ពីFIFA បានសម្រេចប្រគល់ឲ្យទៅអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតWorld Cup នៅឆ្នាំ២០៣៦។ សមាជិកសភាអឺរ៉ុប អះអាងថាការសម្រេចនេះគ្មានតម្លាភាពគ្រប់គ្រាន់ ព្រោះធ្វើឡើងក្នុងនីតិវិធីបន្ទាប់ ដោយគ្មានបេក្ខភាពប្រទេសផ្សេងមកប្រជែង។ លើសពីបញ្ហាតម្លាភាព សមាជិកសភាអឺរ៉ុបទាមទារឲ្យមានការធានាច្បាស់លាស់ ស្តីពីការគោរពសិទ្ធិមនុស្ស និងបញ្ហាប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន។
មកទល់ពេលនេះ FIFA មិនបានឆ្លើយតបពន្យល់អ្វីទាំងអស់ទៅនឹងលិខិតរបស់សមាជិកសភាអឺរ៉ុប។ ការចោទប្រកាន់របស់អង្គការ FairSquare ស្តីពីភាពលម្អៀងស៊ំគ្រលំគ្នា រវាងលោក Gianni Infantino ជាមួយថ្នាក់ដឹកនាំធំៗ ដូចជាលោកដូណាល់ ត្រាំ លោកពូទីន និងព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ជាដើម ក៏មិនត្រូវបាន FIFA ឆ្លើយប្រតិកម្មដែរ។ អ្នកវិភាគពិភពកីឡាអន្តរជាតិ បានលើកឡើងថា លោក Gianni Infantino កំពុងតែពុលនឹងអំណាចដ៏ធំមហិមារបស់ខ្លួន។ លោកម្នាក់នេះ នឹងឈរឈ្មោះធ្វើជាអគ្គនាយកFIFA មួយអាណត្តិទៀត នៅខែមីនាឆ្នាំ២០២៧។ តែទន្ទឹមគ្នានេះ កិត្តិយសមុខមាត់របស់ FIFA កំពុងតែប្រឈមនឹងការអាប់ឱន បន្ទាប់ពីមានពាក្យបណ្តឹងចំនួន២ ត្រូវបានគេដាក់ទៅកាន់គណៈកម្មការអឺរ៉ុប កាលពីខែមីនា ទីមួយពាក់ព័ន្ធនឹងកាលវិភាគប្រកួតអន្តរជាតិចាប់ពីឆ្នាំ២០២៤មក និងមួយទៀតទាក់ទិនអត្រាតម្លៃសំបុត្រចូលទស្សនា។ សំណុំរឿងធំៗទាំង២នេះ សុទ្ធតែអាចដាក់បន្ទុកមកលើយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់FIFA៕
នៅក្នុងគោលដៅលើកតម្កើងវប្បធម៌ជាតិ និងបន្ទុចបង្អាក់ឥទ្ធិពលបរទេស ជាពិសេសរុស្ស៊ី និងអ៊ីស្លាមជ្រុលនិយម រដ្ឋាភិបាលតាហ្ស៊ីគីស្ថានពង្រឹងច្បាប់ស្តីពីអត្រានុកូលដ្ឋាន នៅត្រង់ចំណុច ចុះឈ្មោះរបស់ទារក។ ជាប់ឈ្មោះជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ លោកប្រធានាធិបតីតាហ្ស៊ីគីស្ថានក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពលអ៊ីស្លាម និងការដកឃ្លា ឃ្លាតចាកឆ្ងាយពីលំហរអតីតសហភាពសូវៀត។
ដើម្បីធ្វើជាគំរូគេក្នុងការអនុវត្តស្មារតីស្នេហាជាតិនិយម និងដើរតាមនយោបាយកំណត់អត្តសញ្ញាណជាតិឡើងវិញ ប្រធានាធិបតីតាហ្ស៊ីគីស្ថានលោក មិនខ្លាចនឹងកាត់តម្រឹម លុបចោលអក្ស ov នៅក្នុងឈ្មោះត្រកូលរបស់លោក ដើម្បីធ្វើយ៉ាងណាឲ្យឈ្មោះរបស់លោកលែងជាឈ្មោះរុស្ស៊ីដូចមុន ប៉ុន្តែ ជាឈ្មោះតាហ្ស៊ីគីស្ថាន។
មានប្រជាជនរស់នៅប្រមាណ ១០លាននាក់ ប្រទេសនៅអាស៊ីកណ្តាលមួយនេះមានប្រធានាធិបតីដែលផ្តោតចង់សើរើឡើងវិញនូវប្បធម៌ និងអត្តសញ្ញាណជាតិ។ ត្រូវគេចាត់ទុកជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ និងកាន់អំណាចដឹកនាំតាហ្ស៊ីគីស្ថានតាំងពីឆ្នាំ១៩៩២ លោកប្រធានាធិបតីEmomali Rakhmon បានធ្វើកំណែទម្រង់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន កាលពី១០ឆ្នាំមុនដើម្បីពង្រឹងប្រជាសាស្រ្ត និងអត្តសញ្ញាណជាតិតាហ្ស៊ីគីស្ថាន។ នៅឆ្នាំ២០១៦ គណៈកម្មាធិការភាសា និងវាក្យស័ព្ទបានបង្កើតបញ្ជីឈ្មោះតាហ្ស៊ីគីស្ថាន ចំនួន៣៤៦១ឈ្មោះ ដើម្បីឲ្យឪពុកម្តាយជ្រើសរើសយកទៅដាក់ឲ្យកូនរបស់ខ្លួន។ ចំណែកឈ្មោះ ដែលឃ្លាតចាកឆ្ងាយពេកពីវប្បធម៌ពែក្សអ៊ីស្លាមដែលជាវប្បធម៌គោលរបស់តាហ្ស៊ីគីស្ថាន និងឈ្មោះមានអក្សរ ovដែលបង្កប់ឥទ្ធិពលរុស្ស៊ី នឹងត្រូវអាជ្ញាធរបដិសេធមិនទទួលស្គាល់។
ជាលទ្ធផល កុមារតាហ្ស៊ីគីស្ថានដែលកើតចាប់តាំងពីឆ្នាំ ២០១៦នឹងលែងមានឈ្មោះដែលមានពាក្យ ov នៅក្នុងចុងកន្ទុយ ឬលែងមានឈ្មោះឥស្លាម ដូចជាYassine Amira ឬក៏ Riyad។
នៅក្នុងពិភពលោក មានប្រទេសមួយក្តាប់តូចដែលព្យាយាមរក្សាវប្បធម៌ អត្តសញ្ញាណជាតិតាមរយៈការបង្កើតបញ្ជីឈ្មោះប្រចាំប្រទេសមួយ ដោយគ្មានចម្លងឈ្មោះបរទេស។ ប៉ុន្តែ គេត្រឹមផ្តល់អនុសាសន៍ណែនាំឲ្យប្រជាជនប្រើឈ្មោះក្នុងស្រុក ពោលគឺ មិនតឹងរ៉ឹងខ្លាំងដូចតាហ្ស៊ីគីស្ថានដែលចាប់តម្រូវឲ្យប្រជាជនត្រូវតែដាក់ឈ្មោះតាមបញ្ជីកំណត់របស់រដ្ឋាភិបាល។
នៅឆ្នាំ២០១៩ មេដឹកនាំតាហ្ស៊ីគីស្ថាន លោក Emomali Rakhmon បាននិយាយក្តែងៗថា វាជារឿងដ៏អាម៉ាស់ ដែលគេត្រូវលើកតម្កើងវប្បធម៌បរទេស តាមរយៈការដាក់ឈ្មោះកូនចៅដែលមិនមែនជាឈ្មោះតាហ្ស៊ីគីស្ថាន។ បើតាមប្រធានាធិបតីតាហ្ស៊ីគីស្ថាន ការដាក់ឈ្មោះបរទេសឲ្យកូនចៅយ៉ាងដូច្នេះ មនុស្សជំនាន់ក្រោយៗរបស់តាហ្ស៊ីគីស្ថាននឹងកាន់តែឃ្លាតឆ្ងាយពីប្រភព ឫសគល់ វប្បធម៌ជាប្រវត្តិសាស្រ្តរបស់តាហ្ស៊ីគីស្ថាន។
ដោយបង្កើតនយោបាយកំណត់ឈ្មោះឲ្យប្រជាជនរបស់ខ្លួនយ៉ាងដូច្នេះ ប្រធានាធិបតីតាហ្ស៊ីគីស្ថានមានគោលដៅចង់បន្ទុចបង្អាក់កុំឲ្យប្រជាជនតាហ្ស៊ីគីស្ថានយកឈ្មោះតាមក្រុមអ៊ីស្លាមជ្រុលនិយម និងទប់ស្កាត់ឥទ្ធិពលរុស្ស៊ី។ ក្រៅពីហាមមិនឲ្យប្រជាជនដាក់ឈ្មោះអ៊ីស្លាម តាហ្ស៊ីគីស្ថានបានបង្កើតច្បាប់ហាមមិនឲ្យស្រ្តីទទូលកំណាត់លើក្បាលចំណែកមនុស្សប្រុសគ្មានសិទ្ធិទុកពុកចង្កា។ លោក Emomali Rakhmon បារម្ភខា្លចថា ប្រជាជនតាហ្ស៊ីគីស្ថានត្រូវក្រុមជីហាត អ៊ីស្លាមជ្រុលនិយម ឬក្រុមតាលីបង់នៅអាហ្វហ្កានីស្ថានអូសទាញឲ្យទៅប្រព្រឹត្តអំពើភេរវកម្មនៅទឹកដីបរទេស។ ករណីបែបនេះធ្លាប់កើតមានកន្លងមក នៅពេលអាជ្ញាធររុស្ស៊ីចាប់បានជនជាតិតាហ្ស៊ីគីស្ថានដែលត្រូវសង្ស័យថា ជាអ្នកលួចដាក់បំផ្ទុះគ្រាប់បែកសម្លាប់មេយោធារុស្ស៊ី។
ចង់ឬមិនចង់ នយោបាយកម្រិតចំនួនឈ្មោះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនមានតែឈ្មោះតាហ្ស៊ីគីស្ថានអាចប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសអាស៊ីកណ្តាលមួយនេះ។ ត្រូវដឹងថា ផ្ទុយពីឈ្មោះនៅប្រទេសលោកខាងលិច ឈ្មោះនៅតាហ្ស៊ីគីស្ថានតែងមានភ្ជាប់ដោយនិមិត្តរូប អត្ថន័យជាប់ជានិច្ច។ ឈ្មោះនីមួយៗ គឺមានអត្ថន័យពិសេស ខុសប្លែកៗគ្នា ទៅតាមស្ថានការណ៍ ថ្ងៃ ទីកន្លែង និងបំណងប្រាថ្នារបស់ឪពុកម្តាយ។
ដោយរំលឹក អួតសរសើរប្រវត្តិសាស្រ្តដ៏រុងរឿងរបស់តាហ្ស៊ីគីស្ថាន ដែលធ្លាប់មានប្រៀបទៅលើក្រុមអ៊ីស្លាមកាលពីអតីតកាល ប្រធានាធិបតីតាហ្ស៊ីគីស្ថានបាននិយាយដោយមិនលាក់លៀមថា មុនដំបូងគេបង្អស់ គឺលោកត្រូវមានមោទនភាពជាជនជាតិតាហ្ស៊ីគីស្ថានសិន បន្ទាប់មកចាំនិយាយអំពីសាសនាអ៊ីស្លាម។
មិនត្រឹមរឹតបន្តឹងមិនឲ្យប្រជាជនដាក់ឈ្មោះអ៊ីស្លាមមួយចំនួន ប្រធានាធិបតីនៅបានដាក់កម្រិតមិនឲ្យគេមានឈ្មោះដែលកន្ទុយពាក្យរុស្ស៊ី ov។ លោកប្រធានាធិបតី Emomali Rakhmon មានក្តីប្រាថ្នាចង់បន្សាបឥទ្ធិពលរុស្ស៊ីនៅក្នុងទឹកដីតាហ្ស៊ីគីស្ថានដែលធ្លាប់ស្ថិតក្រោមចំណុះរបស់សហភាពសូវៀត។ ប៉ុន្តែ ដោយមើលទៅលើទីតាំងភូមិសាស្រ្តនយោបាយ ការពឹងផ្អែកសេដ្ឋកិច្ច តាហ្ស៊ីគីស្ថានមិនងាយនឹងដោះខ្លួនរួចចេញពីឥទ្ធិពលរបស់រុស្ស៊ី។
ប្រជាជនតាហ្ស៊ីគីស្ថានជាច្រើនម៉ឺននាក់ចេញទៅធ្វើការនៅទឹកដីរុស្ស៊ីដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនៅក្នុងស្រុក។ពួកគេមួយចំនួននិយាយថា ពួកគេមានមោទនភាព និងចង់ក្លាយជាអ្នកជាតិនិយម ស្នេហាជាតិ ប៉ុន្តែ ការលុបពាក្យ ov ដើម្បីឲ្យឈ្មោះរបស់គេលែងមានលក្ខណៈរុស្ស៊ីនឹងអាចធ្វើឲ្យពួកគេងាយប្រឈមនឹងការរើសអើង រហូតត្រូវបាត់បង់ការងារ គ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារក្នុងប្រទេស។ នៅទីបំផុត ឆ្នាំងបាយនៅតែ សំខាន់ជាងឈ្មោះ និងមោទនភាព ស្នេហាជាតិ៕
ចំនួនប្រជាជនវៀតណាម មានប្រមាណ១០២លាននាក់ គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២៦។ តែទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពប្រជាសាស្ត្រ។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាមបានលុបចោលការដាក់កំហិតហាមឃាត់ មិនឲ្យប្រជាជនមានកូនលើសពី២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃពុធទី១កក្កដា២០២៦ វៀតណាមបានចេញច្បាប់ផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ក្រុមគ្រួសារដែលមានកូន២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញឲ្យប្រជាជនវៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែលតម្លៃជីវភាពប្រចាំថ្ងៃកាន់តែចំណាយច្រើន?
បន្ទាប់ពីលែងហាមឃាត់ការយកកូនលើសពី២នាក់ រដ្ឋវៀតណាមបានបោះជំហានអនុវត្តយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីជំរុញលើកទឹកចិត្តឲ្យប្រជាជនខ្លួន យកកូនឲ្យបានលើសពី១នាក់។ ថ្ងៃពុធទី១កក្កដា ច្បាប់ថ្មីបានចូលជាធរមាន នៅវៀតណាម ដែលមានខ្លឹមសារផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់គ្រួសារដែលសម្រេចយកកូនដល់២នាក់។
តាមរយៈច្បាប់ថ្មីនេះ ស្ត្រីឆ្លងទន្លេកូនទី២ អាចមានសិទ្ធិឈប់សម្រាកមាតុភាព ដល់ទៅ៧ខែ ពោលគឺលើស១ខែបើប្រៀបទៅច្បាប់ចាស់។ បន្ថែមពីនេះ រដ្ឋវៀតណាមមានវិធានការជួយចេញថ្លៃចំណាយ ទៅលើការតាមដានសុខភាពពរពោះ និងសុខភាពទារកកើតថ្មី។ ក្រុមគ្រួសារនីមួយដែលសម្រេចយកកូនទី២ អាចទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់ទៅ២២៨ដុល្លារ ដោយយោងលើលក្ខខណ្ឌមួយចំនួន។
សូមរំលឹកថាប្រជាជនវៀតណាមបានឈានដល់ចំនួន១០០លាននាក់ កាលពីឆ្នាំ២០២៣។ ជាចំនួនដែលបានកើនឡើងយ៉ាងលឿនរហ័ស ខណៈនៅឆ្នាំ១៩៧៦ ក្នុងពេលបង្រួបបង្រួមវៀតណាមខាងជើងនិងខាងត្បូង ប្រជាជនសរុបមានប្រមាន៤៦លាននាក់។ នៅឆ្នាំ១៩៨៨ រដ្ឋកុម្មុយនីស្តវៀតណាម បានចេញច្បាប់ហាមឃាត់ជាផ្លូវការ មិនឲ្យមានកូនលើសពី២នាក់ នៅតាមតំបន់មួយចំនួនដែលដង់ស៊ីតេប្រជាជនមានលក្ខណៈចង្អៀតខ្លាំង។ តែយ៉ាងណាក៏ដោយ គោលនយោបាយដាក់កំហឹតនេះ មិនតឹងតែងខ្លាំងដូចនៅចិនទេ ពោលគឺពុំមានការចាប់បង្ខំឲ្យរំលូតកូនចោល ឬក៏ការចាក់ថ្នាំឲ្យស្ត្រីអាចលែងមានកូនបានជាដើម។
ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាកត្តាប្រជាសាស្ត្រនៅវៀតណាម មានទំនោរបាត់បង់តុល្យភាព ដោយសារតែមនុស្សវ័យចំណាស់កាន់តែច្រើន។ នៅក្នុងពិភពលោកនេះ វៀតណាមស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអត្រាមនុស្សវ័យចំណាស់ កើនឡើងច្រើនយ៉ាងលឿនគួរឲ្យបារម្ភ។ ការរីកចម្រើនជីវភាព និងវិស័យសុខាភិបាល បានធ្វើឲ្យមនុស្សកាន់តែមានអាយុវែងនៅវៀតណាម ហើយទន្ទឹមគ្នានេះ អត្រាពរពោះមានកូនរបស់ស្ត្រីវៀតណាមវិញ បានធ្លាក់ចុះ។
សូមបញ្ជាក់ថា អាយុកាលសង្ឃឹមរស់របស់ប្រជាជនវៀតណាម បច្ចុប្បន្ន គឺខ្ទង់៧៥ឆ្នាំ ចំណែកប្រជាជនអាយុលើសពី៦០ឆ្នាំវិញ បានកើនដល់ទៅ១០%នៃប្រជាជនសរុប។ ទំនោរមនុស្សចាស់ច្រើនទៅៗ ប្រៀបធៀបទៅមនុស្សពេញវ័យធ្វើការ គឺជាបញ្ហាមួយដែលអាចចោទទៅលើតុល្យភាពប្រជាសាស្ត្រ ទីផ្សារការងារនិងប្រព័ន្ធសន្តិសុខសង្គម។ នៅឆ្នាំ២០២៥ រដ្ឋវៀតណាមបានសម្រេច លុបចោលបំរាមហាមប្រជាជនមិនឲ្យមានកូនលើសពី២នាក់។ តែត្រឹមតែលែងហាមឃាត់ មិនប្រាកដថាប្រជាជនវៀតណាមនឹងសម្រេចចិត្តយកកូនថែមនោះទេ។
នៅឆ្នាំ២០២៥ អត្រាកម្រិតពរពោះរបស់ស្ត្រីវៀតណាម មានចំនួន១,៩៣។ អត្រានេះ វាមិនទាបពេកទេ បើប្រៀបធៀបទៅប្រទេសអាស៊ីផ្សេងទៀត ដូចជាជប៉ុន ដែលមានត្រឹម ១,១៤ និងឬកូរ៉េខាងត្បូង ដែលមានត្រឹមតែ០,៨។ ក៏ប៉ុន្តែផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការធ្លាក់ចុះនៃអត្រាពរពោះរបស់ស្ត្រីវៀតណាម បានកើតឡើងលឿនជ្រុល ប្រើប្រៀបធៀបទៅនឹងការរីកចម្រើនសេដ្ឋកិច្ច។
វៀតណាមជាប្រទេសមានសន្ទុះសេដ្ឋកិច្ចល្អពិតមែន តែចំណូលដុលរបស់ប្រជាជនវៀតណាម មានជាមធ្យមត្រឹមតែប្រមាណ ៥០០០ដុល្លារ ពោលគឺបានត្រឹមតែពាក់កណ្តាលចំណូលដុលរបស់ប្រជាជនជប៉ុន កាលពីឆ្នាំ១៩៨០នៅពេលជប៉ុនមានអត្រាពរពោះប្រហាក់ប្រហែលគ្នានឹងវៀតណាមពេលនេះ។ មានន័យថា វៀតណាម មានពេលតិចណាស់ណាស់ ដើម្បីធ្វើការសម្របខ្លួនទៅនឹងសង្គមដែលសំបូរមនុស្សវ័យចំណាស់ បើប្រៀបធៀបទៅប្រទេសដែលមានសេដ្ឋកិច្ចឈានមុខផ្សេងទៀត។ នេះបើផ្អែកតាមរបាយការណ៍វិភាគ របស់ធនាគារពិភពលោកនៅឆ្នាំ២០២១។
សំណួរសួរថា តើវិធានការលើកទឹកចិត្ត បន្ថែមពេលវេលាឈប់សម្រាក និងប្រាក់រង្វាន់បន្តិចបន្តួច អាចជំរុញឲ្យប្រជាជនវៀតណាមយកកូនលើសពី១នាក់ដែរឬទេ?លោកស្រី Pham Thi Lan អ្នកទទួលបន្ទុកម្នាក់នៅមូលនិធិសហប្រជាជាតិដើម្បីប្រជាជន បានលើកឡើងថា វាជាដំណឹងល្អ ដែលរដ្ឋវៀតណាម ផ្លាល់ប្តូរគោលនយោបាយ ប្តូរពីគោលនយោបាយគ្រប់គ្រងផែនការគ្រួសារ មកជាការជំរុញអភិវឌ្ឍន៍ប្រជាសាស្ត្រ។ តែយ៉ាងណា វិធានការលើកទឹកចិត្តដ៏ស្តួចស្តើងនេះ មិនទាន់គ្រប់គ្រាន់ទេ។ រដ្ឋវៀតណាម ត្រូវគិតគូរផែនការជំនួនឲ្យបានទូលំទូលាយ ដោយរាប់ទាំងការជួយចំណាយលើតម្លៃផ្ទះស្នាក់នៅ និងការឧបត្ថម្ភថ្លៃមើលថែកូនជាដើម។
ជាការពិតណាស់ ប្រជាជនវៀតណាមជាពិសេសអ្នករស់នៅទីក្រុងប្រជុំជនធំៗ បានត្អូញត្អែរអំពីជីវភាពកាន់តែលំបាក ចំណាយច្រើន ខណៈប្រាក់ចំណូលមិនកើនឡើង។ ការចំណាយ លើកូនម្នាក់ គឺជាចំណែកថវិកាដ៏ធំចំបងសម្រាប់គ្រួសារនីមួយៗ។ ផ្អែកតាមការស្ទាបស្ទង់ស្ថិតិមួយធ្វើឡើងដោយរដ្ឋវៀតណាម កាលពីពេលថ្មីៗនេះ ៧៣%នៃប្រជាជនវៀតណាមដែលមានប្តីប្រពន្ធ ទទួលស្គាល់ថាកត្តាប្រាក់ចំណូលប្រចាំខែ គឺជាលក្ខខណ្ឌមួយដ៏សំខាន់ដែលជះឥទ្ធិពលលើការសម្រេចចិត្តថាយកកូនឬយក៕
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នេះហើយ ដែលជារៀបចំបណ្តាញ កូនចៅអ៊ីរ៉ង់ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាចសន្តិសុខនៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាន់កាប់ចរន្តសេដ្ឋកិច្ចសឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
គេអាចនិយាយបានថា នៅអ៊ីរ៉ង់មានរដ្ឋអំណាច២ទន្ទឹមគ្នា គឺរដ្ឋាភិបាលអ៊ីរ៉ង់ និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រុមប្រដាប់អាវុធមនោគមន៍វិជ្ជាអ៊ីស្លាមផ្តាច់ការនេះ មានឥទ្ធិពលអំណាចខ្លាំងណាស់ ទៅលើសង្គម សន្តិសុខ និងសេដ្ឋកិច្ចអ៊ីរ៉ង់។ ជាច្រើនឆ្នាំកន្លងមកនេះ សមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានរីកចម្រើនធូរធាមានបានជាខ្លាំង បើទោះបីជាប្រទេសអ៊ីរ៉ង់ បានរងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងណា។ មុខជំនួញធំៗជាច្រើននៅអ៊ីរ៉ង់ ដោយរាប់ទាំងការនាំចេញនាំចូលទំនិញគ្រប់មុខ ឧស្សាហកម្មប្រេងកាត ឧស្ម័ន ក្រុមហ៊ុនទូរគមនាគមន៍សេវាទូរស័ព្ទ អ៊ីនធ័រណិត និងសេវកម្មកំពង់ផែជាដើម សុទ្ធតែស្ថិតនៅក្នុងដៃមេធំៗរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។
ក្នុងពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងចរចាគ្នា ឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និងដកទណ្ឌកម្មសេដ្ឋកិច្ចពីអ៊ីរ៉ង់ គឺកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចក្លាយជាអ្នកទទួលផលចម្បង ពីការបើកសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ។ ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចំនួន៤នាក់ផ្សេងគ្នា បានពន្យល់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ស្ថិតនៅចំចំណុចពិសេស ដែលអាចទទួលបានចំណែកដ៏ធំមហិមា នៃអត្ថប្រយោជន៍ហិរញ្ញវត្ថុ ដែលនឹងកើតមានពីការដកទណ្ឌកម្ម ការស្ដារឡើងវិញនៃការនាំចេញប្រេង និងការវិនិយោគពីបរទេស។
តែទន្ទឹមគ្នានេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក៏អាចក្លាយជាឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើន រំខានដល់ការឈានទៅសម្រេចកិច្ចព្រមព្រៀងដែរ។ កងកម្លាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពិភពអាជីវកម្មជំនួញរបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែប្រទេសជាច្រើនលើពិភពលោក ចាត់ទុកក្រុមឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអង្គការភេរវកម្ម ។ ប្រកាសនេះ អាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការរំដោះសេដ្ឋកិច្ចពីទណ្ឌកម្ម កាន់តែស្មុគស្មាញបន្ថែមទៀត។
ប្រភពមួយទៀត បានលើកឡើងថាកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ គឺជាអ្នកឈ្នះធំបំផុតនៃសង្គ្រាម ដែលអាមេរិកបានបំផ្ទុះនៅអ៊ីរ៉ង់។ សង្គ្រាមប្រមាណជាតិ៤ខែមកនេះ គឺកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលជាអ្នកពើងទ្រូងប្រយុទ្ធជាមួយអាមេរិកនឹងអ៊ីស្រាអែល ដើម្បីការពាររបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់។ ដូច្នេះ ពេលចប់សង្គ្រាម លែងមានទណ្ឌកម្មសេដ្ឋកិច្ច គឺក្រុមនេះជាអ្នកទទួលបានអត្ថប្រយោជន៍ជាទិភាព។
សូមរំលឹកថា កិច្ចព្រមព្រៀងបឋម ឬ អនុស្សរណៈនៃការយោគយល់គ្នាដែលសហរដ្ឋអាមេរិក បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ បានកំណត់អនុញ្ញាតឱ្យអ៊ីរ៉ង់អាចនាំចេញប្រេងនិងផលិតផលកែច្នៃធ្វើពីប្រេងកាត។ មិនត្រឹមប៉ុណ្ណោះទេ រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសន្យាផ្តល់ប្រាក់ចំនួន២៤ពាន់លានដុល្លារ ដែលអាមេរិកបានបង្កកទុក ឲ្យមកអ៊ីរ៉ង់វិញ។ ហើយនៅពេលមានកិច្ចព្រមព្រៀងជាស្ថាពរ សហរដ្ឋអាមេរិកសន្យាដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ និងសន្យាវិនិយោគសាងសង់អ៊ីរ៉ង់ឡើងវិញ ក្នុងទឹកប្រាក់ ៣០០ ពាន់លានដុល្លារថែមទៀតផង។ ធ្វើសម្បទានឲ្យរបបផ្តាច់ការអ៊ីរ៉ង់ច្រើនចំណុចដូចនេះហើយ តែលោកដូណាល់ នៅតែបន្តអួតថា លោកជាអ្នកឈ្នះសង្គ្រាម។
គួរបញ្ជាក់ដែរថា នៅអ៊ីរ៉ង់ ច្បាប់គ្រប់គ្រងការវិនិយោគ បានតម្រូវឲ្យក្រុមហ៊ុនបរទេស ត្រូវតែមានដៃគូសហការក្នុងស្រុក ទើបអាចប្រតិបត្តិការរកស៊ីបាន។ ក្រុមហ៊ុនក្នុងស្រុកទាំងនោះ ភាគច្រើនលើសលុប គឺស្ថិតនៅក្នុងដៃរបស់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នេះឯង។ ក្រុមហ៊ុនអ៊ីរ៉ង់ទាំងនេះនឹងក្លាយជាច្រកចូលមិនអាចចៀសបាន សម្រាប់វិនិយោគិនបរទេស ដែលចង់ចូលទៅរកស៊ីចំណេញប្រាក់នៅអ៊ីរ៉ង់។ តែល្គឹកណា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅតែត្រូវគេចាត់ទុកថាជាបណ្តាញភេរវកម្ម នោះក្រុមហ៊ុនបរទេស ក៏ត្រូវប្រឈមនឹងទណ្ឌកម្មដែរ។
ប្រភពមន្ត្រីអ៊ីរ៉ង់អះអាងទៀតថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងទូលំទូលាយណាមួយទៅថ្ងៃអនាគត រវាងសហរដ្ឋអាមេរិកនិងរបបអ៊ីរ៉ង់ ហើយទណ្ឌកម្មនៅតែបន្តមានសុពលភាព នោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក៏នៅតែបន្តទទួលបានអត្ថប្រយោជន៍ពីការលើកលែងបណ្តោះអាសន្នលើការនាំចេញប្រេង។ ជាមួយគ្នានេះ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អាចរក្សាឥទ្ធិពលរបស់ខ្លួនលើសេដ្ឋកិច្ចអ៊ីរ៉ង់បាន តាមរយៈជំនាញបទពិសោធន៍របស់ខ្លួន ក្នុងយុទ្ធសាស្ត្រគេចវេសពីទណ្ឌកម្មអន្តរជាតិ។ ស្ថានភាពបែបនេះ គ្មានអ្វីជាវិជ្ជមានឡើយ សម្រាប់ជីវភាពប្រជាជនអ៊ីរ៉ង់ទូទៅ៕
From the publisher's feed
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក…

145 Listeners

14 Listeners

0 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners