ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?


Listen Later

សហរដ្ឋអាមេរិកកំពុង​ញាប់ដៃជើងដើម្បី​នាំយកម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទៅដាក់​នៅឋាន​ព្រះចន្ទ ឲ្យបាន​យ៉ាងយូរបំផុត នៅមុនឆ្នាំ​២០៣០។ នៅក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​បញ្ជូនមនុស្ស​ឲ្យត្រលប់ទៅជាន់ដី​ព្រះចន្ទ​នៅអំឡុង​ឆ្នាំ​២០២៧ ​ប្រធានថ្មី​របស់​ទីភ្នាក់ងារ​ណាសា​កាលពី​ចុងខែ​កក្កដាកន្លងទៅបាន​បញ្ជា​ឲ្យគេ​ដាក់ដេញថ្លៃគម្រោងផលិត​​ប្រតិករនុយក្លេអ៊ែរ​ដែលមានសមត្ថភាព​ផ្គត់ផ្គង់​ថាមពល​នៅលើ​ឋានព្រះចន្ទ។ តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ? 

ដំឡើង​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទ។ ស្តាប់ទៅមួយភ្លែត គេអាច​គិតថា វាជា​គំនិត​ដ៏ឆ្កួតលីលា មិនអាចលេចចេញរូបរាងបាននោះទេ។ ប៉ុន្តែ ចំពោះលោក Sean Duffy ប្រធានទីភ្នាក់ងារអវកាស​ណាសា និងជា​រដ្ឋមន្រ្តីក្រសួង​គមនាគមន៍​អាមេរិក គ្មានអ្វីដែល​មិនអាច​ទៅរួចនោះទេ។ នៅក្នុង​កំណត់ហេតុដែល​ធ្លាក់​ទៅដល់​ដៃអ្នកកាសែត កាលពី​ដើម​ខែ​សីហានេះ ប្រធានថ្មីរបស់​ទីភ្នាក់ងារណាសា​បាន​បញ្ជា​ឲ្យ​គេ​បង្កើតអាជ្ញាធរមួយ​ដែលទទួលបន្ទុកស្វែងរកក្រុមហ៊ុន​ដៃគូ​ដែលមាន​សមត្ថភាព​ផលិត​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ដើម្បី​ឲ្យ​ណាសា​អាច​នាំយកទៅ​ដាក់​នៅឋាន​ព្រះចន្ទ យ៉ាងយូរបំផុត​នៅ ចុងឆ្នាំ ២០២៩ ពោល​គឺ​ឲ្យបាន​មុន​ឆ្នាំ ២០៣០។

ហេតុអ្វី២០៣០? បើតាម​ប្រធានទីភ្នាក់ងារអវកាស​ណាសា លោក Sean Duffy តាំងពីខែ​មីនាឆ្នាំ​២០២៤ ចិន​និង​រុស្ស៊ី​បាន​ប្រកាស​យ៉ាងតិច​៣លើកពី​គម្រោងការសហការគ្នា​ដើម្បី​ដាក់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើដីព្រះចន្ទ​ នៅពាក់កណ្តាល​ឆ្នាំ ២០៣០។ “ប្រទេសដែលមាន​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរមុនគេនៅលើឋាន​ព្រះចន្ទ នឹងមានអំណាចកំណត់​ដែនគ្រប់គ្រងរបស់ខ្លួននៅទីនោះ។ នេះគឺជា​ការគំរាមកំហែង​ធំមួយ​ដល់​បេសកកម្ម​Artemis​របស់​ណាសា​ដែលមាន​គម្រោង​នាំយកអវកាសយានិកត្រលប់​ទៅជាន់ដីព្រះចន្ទសាជាថ្មី នៅ ឆ្នាំ ២០២៧។​ ចំពោះប្រធានទីភ្នាក់ងារ​ណាសា នេះជា​ហេតុផល​ចំបងដែល​ណាសា​ត្រូវ​រួសរាន់ ប្រឹងប្រែងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីដើម្បី​អាច​បោះមួយជំហាន​ទៅមុខឲ្យបាន​​មុន​គូប្រជែង ចិន និង​រុស្ស៊ី។

នៅ​ឋាន​ព្រះចន្ទ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នឹង​អាច​ផ្គត់ផ្គង់ថាមពលដល់​មូលដ្ឋាន​ដែលណាសា​គ្រោង​បញ្ជូនមនុស្ស​ឲ្យទៅនៅប្រចាំការផ្ទាល់​នៅភាគខាងត្បូង ឋានព្រះចន្ទដែលជាទីដៅចង់បាន​របស់​ចិន ឥណ្ឌា និងរុស្ស៊ី។ នៅ​ទីនោះ គេ​នឹងអាច​ធ្វើការស្រាវជ្រាវ សិក្សាពីការរស់នៅ​របស់​មនុស្ស​នៅកន្លែងផ្សេងមួយក្រៅពី​ភពផែនដី ទាំងការផ្សាំខ្លួន និងការប្រើបច្ចេកវិទ្យាទំនើបថ្មី។ វាជាដំណាក់កាលសិក្សា​សំខាន់​មួយ​របស់​ណាសា ដែលមាន​មហិច្ឆតាប្រើ​ឋាន​ព្រះចន្ទ ជា​កន្លែង​ឆ្លងបន្តទៅ​ភពក្រហម ភពអង្គារ។

ណាសា​ត្រូវការ​ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរ​ដើម្បី​ផលិតថាមពល​ដែលគេអាច​ឲ្យគេ​ប្រើ​ប្រាស់​នៅមូលដ្ឋាន​របស់ណាសា​នៅ​ដីព្រះចន្ទ។

នៅ​ឆ្នាំ ២០២៣ គម្រោងការសាកល្បងមួយ​ដែល​ចាយអស់​ទឹកប្រាក់​៥លាន​ដុល្លារ​បាន​ផលិតចេញ​ម៉ាស៊ីន​មួយ​ដែលអាច​ផលិត​ថាមពលអគ្គិសនី​៤០គីឡូវ៉ាត់ គ្រប់គ្រាន់​សម្រាប់​ឲ្យផ្ទះ៣០ខ្នងប្រើក្នុងរយៈពេល ១០ឆ្នាំ។ ប៉ុន្តែ បើតាម​ការវាយតម្លៃ​របស់​អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​របស់​មនុស្ស ដូចជា​ការរស់នៅ ទំនាក់ទំនង និង​ឧបករណ៍ជីកស្រាវជ្រាវ​នៅលើដីព្រះចន្ទ គេត្រូវ​ការ​ម៉ាស៊ីនផ្គត់ផ្គង់អគ្គិសនី​យ៉ាងតិច ១០០គីឡូវ៉ាត់។

គេត្រូវការថាមពល​នុយក្លេអ៊ែរនៅលើ​ឋានព្រះចន្ទ ក៏ព្រោះតែគេមិនអាច​ពឹងផ្អែកទៅលើ​ថាមពល​បានមកពីផ្ទាំងសូឡា។ ត្រូវ​ដឹងថា នៅឋានព្រះចន្ទ មួយយប់ៗ​មាន​រយៈពេល​ស្មើ១៤ថ្ងៃ​នៅលើផែនដី ដូច្នេះ ផ្ទាំងសូឡាប្រាកដជា​គ្មានពន្លឺថ្ងៃគ្រប់គ្រាន់ដើម្បីស្រូប​ផលិតចេញ​ជា​ថាមពល​សម្រាប់ប្រើប្រាស់​ដោយ​ឯករាជ្យនោះទេ។

ថាមពលនុយក្លេអ៊ែរសំខាន់ ប៉ុន្តែ ​បញ្ហាចោទនៅត្រង់ថា តើ​គេ​អាច​នាំយក​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរដ៏មានទំហំធំ​ទៅកាន់ឋានព្រះចន្ទ​បាន​យ៉ាងដូចម្តេច? ចុះ ការដឹកជញ្ជូន​សារធាតុអ៊ុយរ៉ាញ៉ូម​? នេះគេ​នៅមិនទាន់និយាយ​ពីសីតុណ្ហភាពនៅឋានព្រះចន្ទ ដែលអាច​ឡើង​ដល់​១២៧អង្សារ និង​​ការគ្រប់គ្រងកំដៅ​របស់​ម៉ាស៊ីនប្រតិករផង។ ដើម្បី​បន្ថយកំដៅ​ម៉ាស៊ីន​ប្រតិករកុំ​ឲ្យឡើង​ក្តៅពេក គេត្រូវការប្រើប្រាស់ទឹកជាប្រចាំ។ ចុះ​បើព្រះចន្ទ​គ្មានទឹកដូចផែនដីផង តើ​គេ​អាច​សង្ឃឹមបានប៉ុណ្ណា​លើ​រូបភាពដុំទឹកកក​ដែល​គេជឿថា​ មាននៅលើឋានព្រះចន្ទនោះ?

ងាកមកនិយាយ​ពី​ច្បាប់អន្តរជាតិវិញម្តង។ ច្បាប់អន្តរជាតិ​មិនបាន​ហាម​ការ​ប្រើប្រាស់ថាមពល​នុយក្លេអ៊ែរ​នៅ​ក្នុងទីអវកាស។ ប៉ុន្តែ តាមគោលការណ៍​ដែលមានចែង​នៅក្នុង​សេចក្តីសម្រេចរបស់​អង្គការ​សហប្រជាជាតិ នៅឆ្នាំ ១៩៩២ ថាមពល​នុយក្លេអ៊ែត្រូវគេ​ប្រើប្រាស់​សម្រាប់តែ​បេសកកម្ម​ពីភពមួយទៅភពមួយ ដោយមានជំនួយពីប្រភពថាមពលផ្សេងទៀត។ ទាក់ទងនឹង​ទីតាំង ដែនដី​នៅលើ​ឋានព្រះចន្ទវិញ សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពីអវកាស ចុះនៅឆ្នាំ ១៩៦៧បានចែងថា គ្មានប្រទេសណាមួយដែលអាច​ប្រកាស​វាតទី​យកដីព្រះចន្ទជាកម្មសិទ្ធិ​ផ្តាច់មុខរបស់ខ្លួនបានទេ។ ប្រទេស​ហត្ថលេខី​អាច​ធ្វើបំពេញបេសកកម្ម​​របស់ខ្លួននៅឋានព្រះចន្ទ ដោយ​គិត​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ផ្សេងទៀតដែលជា​ហត្ថលេខីនៃ​សន្ធិសញ្ញា។

យ៉ាងណាក៏ដោយ កាលពីឆ្នាំ​២០២០ នៅក្នុង​កិច្ចព្រមព្រៀង​Artemis ដែលផ្តួចផ្តើម​ដោយអាមេរិក និង​មានប្រទេស​ហត្ថលេខីចំនួន​៥៦ គេ​បាន​ចែង បង្កើតតំបន់​សន្តិសុខ​មួយ​នៅលើ​ឋានព្រះចន្ទ ដើម្បី​ទប់ស្កាត់​ការលូកដៃពីប្រទេស​ដទៃ។ មានន័យម្យ៉ាងថា ប្រទេស​ដែលទៅដល់​ឋានព្រះចន្ទ ហើយអាច​ដំឡើង​ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរមុនគេនៅទីនោះ ប្រទេស​នោះ​នឹង​អាចប៉ុនប៉ង​ទប់ស្កាត់មិន​ឲ្យប្រទេស​ដទៃ​ចូលមក​ពាក់ព័ន្ធនៅក្នុង​តំបន់​ដែលខ្លួនគ្រប់គ្រង។ មិនមែនជា​ហត្ថលេខី ប៉ុន្តែ ជាគូប្រជែង​ ចិន និង​រុស្ស៊ី​បាន​ចេញមុខ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​Artemis របស់អាមេរិក៕ ​​  ​​​

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

148 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners