
Sign up to save your podcasts
Or


បេក្ខជនប្រឡងប្រមាណ ១២ម៉ឺននាក់ ឬ៨៤% ក្នុងចំណោម ១៥ម៉ឺននាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ ២០២៦។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ កាលពីថ្ងៃទី២កញ្ញា។ ជាការកត់សម្គាល់ ចំនួនបេក្ខជននិទ្ទេស A នៅឆ្នាំនេះបានធ្លាក់ចុះជាងឆ្នាំមុនដល់ទៅជិត ១ ០០០នាក់។ ចំពោះសិស្សនិទ្ទេស B C និង D ក៏មានការប្រែប្រួលខណៈសិស្សនិទ្ទេស E បានកើនឡើងជាង ១ម៉ឺននាក់ បើធៀបនឹងឆ្នាំ ២០២៥។ អ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមមួយចំនួនចង់ឃើញក្រសួងអប់រំ និងអ្នកពាក់ព័ន្ធពង្រឹងគុណភាពរៀន និងបង្រៀនបន្ថែមទៀត ដើម្បីជៀសផលលំបាកដល់សិស្សពេលឡើងដល់ថ្នាក់ឧត្តមសិក្សា។ តើការធ្លាក់ចុះចំនួនសិស្សប្រឡងបាក់ឌុបនិទ្ទេស A ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងបែបណាពីវិស័យអប់រំកម្ពុជា?
បន្ទាប់ពីលើកពេលម្តងកាលពីខែមីនា លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅដល់ប្រទេសចិននៅរសៀលថ្ងៃពុធទី ១៣ឧសភានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រហូតដល់ថ្ងៃទី១៥ឧសភា ២០២៦។ ជាទស្សនកិច្ចដែលគ្រប់គ្នាទន្ទឹងតាមដានបំផុត ព្រោះមហាអំណាចទាំងពីរ ត្រូវប្រឹងស្វះស្វែងស្ថាបនាទំនាក់ទំនងប្រាកដប្រជាមួយ ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មផង បញ្ហាតៃវ៉ាន់ផង និងសង្គ្រាមនៅអ៊ីរ៉ង់ទៀត។
នេះជាលើកទីមួយ គិតចាប់តាំងពីឆ្នាំ២០១៧មក ដែលប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងទទួលស្វាគមន៍ដោយប្រធានាធិបតីចិន លោកស៊ីជីនពីង។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកត្រាំនៅចិន នៅលើកនេះ ខុសពីទស្សនកិច្ចរបស់លោកត្រាំ កាលពី១០ឆ្នាំមុន ព្រោះ ភាពជឿជាក់លើអាមេរិក ក្រោមការដឹកនាំរបស់លោកត្រាំ ហាក់កំពុងប្រលាក់ប្រលូសនៅលើឆាកអន្តរជាតិ។ ស្ថានភាពពិភពលោកមានសភាពតានតឹង និងអ័ព្ទអួរខ្លាំង ដោយហេតុតែសង្គ្រាមពាណិជ្ជកម្មផង និងសង្គ្រាមប្រដាប់អាវុធ អមដោយការបិទខ្ទប់ប្រភពថាមពលប្រេងនិងឧស្ម័ននៅអ៊ីរ៉ង់ផង។
តាមការពិត ទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក គ្រោងប្រព្រឹត្តទៅនៅខែមីនា តែត្រូវលោកត្រាំប្រកាសលើកពេលទៅវិញ ជាហេតុធ្វើឱ្យភាគីចិនភ្ញាក់ផ្អើលខ្លាំង។ ចិនមិនចូលចិត្តប្តូរផ្លាស់កម្មវិធីដែលរំខានពិធីការផ្លូវការទេ តែព្រមសម្របខ្លួនតាម ព្រោះមិនចង់ទទួលប្រធានាធិបតីអាមេរិក ក្នុងពេលសង្គ្រាមដែលចិនបរិហារ កំពុងផ្ទុះយ៉ាងពេញទំហឹង។
លោកត្រាំទៅបបួលចិនឱ្យចូលរួមក្នុងប្រតិបត្តិការបើកច្រកអកមូហ្ស?
១០សប្តាហ៍ក្រោយ សង្គ្រាមបានស្ងប់ស្ងាត់មែន ប៉ុន្តែមិនទាន់ចប់ទេ។ លោកដូណាល់ត្រាំចេញដំណើរទៅប្រទេសចិន ចំពេលអាមេរិកកំពុងរិះរកច្រកដើរចេញពីវិបត្តិ នៅច្រកសមុទ្ទអកមូហ្ស។ វ៉ាស៊ីនតោនបានចាត់ទុកទស្សនកិច្ចនេះ ថាជាឱកាស លើកយកសម្ពាធទៅដាក់លើប៉េកាំង ដោយចង់ទាញចំណេញពីឥទ្ធិពលដែលចិនមានលើអ៊ីរ៉ង់។
យុទ្ធសាស្ត្ររបស់លោកត្រាំមានតែមួយគឺប្រើអាវុធពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានប្រកាស នៅថ្ងៃទី៨ឧសភា ដាក់ទណ្ឌកម្មលើ៩ក្រុមហ៊ុនចិនព្រមទាំងពលរដ្ឋចិន (នៅលើដីគោកចិន និងនៅហុងកុង) មួយចំនួន ក្រោមបទចោទប្រកាន់ ថាបានផ្គត់ផ្គង់សម្ភារៈបរិក្ខារជាសមាសធាតុផ្សំសម្រាប់ឱ្យធ្វើមីស៊ីល និងបានផ្តល់រូបភាពផ្កាយរណបដល់អ៊ីរ៉ង់។
នៅពេលជួបជាមួយសមភាគីចិន លោកស៊ីជីនពីង ប្រធានាធិបតីអាមេរិកលោកត្រាំ នឹងជជែកអំពីសង្គ្រាមនៅអ៊ីរ៉ង់នេះ ដោយខានមិនបាន និងដោយចង់សុំចិនជួយដោះស្រាយវិបត្តិដែលលោកត្រាំខ្លួនឯងជាអ្នកបង្កើតឡើង។ សំណើសុំរបស់អាមេរិកនោះ គឺ ចង់ជំរុញចិនឱ្យចូលរួមក្នុងប្រតិបត្តិការអន្តរជាតិ ដើម្បីរំដោះ ឬបើកច្រកសមុទ្ទអកមូហ្សឱ្យនាវាពាណិជ្ជកម្មអាចធ្វើចរាចរណ៍ឡើងវិញបាន។ នេះបើតាមសំដីរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកScott Bessent។
ប៉ុន្តែក្នុងក្រសែភ្នែកប៉េកាំង ការបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ជាទំនួលខុសត្រូវរបស់អាមេរិក។ ថ្វីបើចិនបានលួចបញ្ចុះបញ្ចូលអ៊ីរ៉ង់ដោយស្ងាត់ៗ ឱ្យព្រមចរចាសន្តិភាពជាមួយអាមេរិក កាលពីខែមុនមែន តែអ្នកវិភាគគិតថារដ្ឋាភិបាលចិនមិនចង់ក្លាយជាអ្នកបោសសម្អាតបញ្ហាបង្កឡើងដោយលោកត្រាំឡើយ។
ប៉េកាំងនឹងបញ្ជាក់ជំហរស្មើភាពប្រកបដោយតុល្យភាពរបស់ចិន ដោយចង្អុលមុខដោយផ្ទាល់ថាអាមេរិកជាអ្នកទទួលខុសត្រូវលើជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ សុន្ទរកថារបស់ចិន នឹងផ្តោតទៅលើភាពសំខាន់នៃការបើកច្រកអកមូហ្សឱ្យបានឆាប់រហ័ស ពោលគឺជាទម្រង់ដដែលដែលចិនបានប្រើតាំងពីពីរខែមក។ ធ្វើដូច្នេះ ចិននឹងអាចរក្សាទំនាក់ទំនងល្អជាមួយភាគីជម្លោះទាំងសងខាង។ ការទទួលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅប៉េកាំងកាលពីថ្ងៃ ទី៦ឧសភា ជាសារបញ្ជាក់ឱ្យឃើញថាចិនចង់ធានាក្រុងតេហេរ៉ង់ មុននឹងទទួលប្រធានាធិបតីអាមេរិក និងជាសាររំឭកប្រាប់វ៉ាស៊ីនតោនអំពីតួនាទីសំខាន់របស់ចិនចំពោះអាជ្ញាធរអ៊ីរ៉ង់។ ចិន ជាមហាអំណាចដែលមិនអាចខ្វះបាន តែមិនងាយលូកដៃចូលជួយជួយនរណាឡើយ។
អាមេរិកមិនអាចមកចាប់បង្ខំចិនបានឡើយ។ ចិនបានបង្ហាញពីភាពស៊ូរបស់ខ្លួននៅចំពោះមុខវិបត្តិបង្កឡើងដោយការបិទខ្ទប់ច្រកសមុទ្ទអកមូហ្ស តាមរយៈការត្រៀមលក្ខណៈបានល្អ និងតាមរយៈការពឹងផ្អែកលើថាមពលធ្យូងថ្ម។ ធ្យូងថ្ម ថាមពលចម្បងរបស់ចិន និងការវិនិយោគក្នុងថាមពលស្អាត និងការនាំចូលប្រេងឧស្ម័នស្តុកទុក សុទ្ធសឹងជាផែនការត្រៀមប្រឈមនឹងហានិភ័យនៃការសង្គ្រាមបិទខ្ទប់ច្រកអកមូហ្សនេះឯង។
បច្ចេកវិទ្យាជាថ្នូរនឹងរ៉ែកម្រ ?
ក្នុងពេលដែល ចិនកំពុងបញ្ជាក់អំពីជំហរនឹងធឹង ជាអ្នកចាត់ចែងពិភពលោកប្រកបដោយភាពជឿជាក់ ពោលគឺការរំលេចឱ្យឃើញពីភាពខុសគ្នា ដោយមិនបាច់ពន្យល់ដោយត្រង់ៗលោកត្រាំនៅតែប្រកាន់ជំហរអួតអាង បង្ហាញពីលទ្ធផលភ្លាមៗ។ លទ្ធផលវិជ្ជមានដែលអាចកើតមាន នោះគឺអាចជាការប្រកាសចុះកិច្ចសន្យា និងការវិនិយោគនៅចិន ឬជាការប្រកាសបន្តការផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដែលធ្លាប់បានព្រមព្រៀងគ្នាកាលពីឆ្នាំទៅ។
បើតាមប្រភពអ្នកជំនួញ ចិននិងអាមេរិកអាចនឹងមានការព្រមព្រៀង ក្នុងការបញ្ជាទិញយន្តហោះប៊ូអ៊ីងប្រមាណ៥០០គ្រឿង ឬក៏មានការព្រមផ្តោះប្តូរបច្ចេកវិទ្យាទំនើបជាថ្នូរនឹងការបើកទូលាយការនាំចេញរ៉ែកម្រចិន ជាដើម។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកត្រាំបាននាំអ្នកវិនិយោគអាមេរិកគ្រាក់ៗ ទៅជាមួយប្រមាណ១៧រូប មានជាអាទិ៍ថៅកែតេស្លាSpaceX លោក Elen Musk ថៅកែក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិកNvida លោកJensen Huang ប្រធានក្រុមហ៊ុនApple Tim Cook និងប្រធានក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង Kelly Ortberg។
តៃវ៉ាន់ជាបញ្ហាស្នូលនៃទំនាក់ទំនងអាមេរិក-ចិន
ទាក់ទងនឹងតៃវ៉ាន់វិញ ប៉េកាំងចង់យកសំណុំរឿងតៃវ៉ាន់មកធ្វើជាស្នូលនៃទំនាក់ទំនងជាមួយអាមេរិក។ បើតាមអ្នកជំនាញខ្លះ ចិនចង់ឱ្យអាមេរិកប្រើពាក្យថា “ប្រឆាំងនឹង” ឯករាជ្យកោះតៃវ៉ាន់ ជាជាងពាក្យថាមិនគាំទ្រឱ្យមានឯករាជ្យតៃវ៉ាន់។ អត្ថន័យខុសគ្នាតែបន្តិចទេ ប៉ុន្តែវាសំខាន់ខ្លាំងណាស់ ប្រសិនបើរដ្ឋបាលអាមេរិកព្រមប្តូរ។ ម្យ៉ាងទៀត ទស្សនកិច្ចនេះជាឱកាសដែលចិនត្រូវបញ្ចេញជំហរប្រឆាំងនឹងការលក់អាវុធអាមេរិកទៅឱ្យតៃវ៉ាន់។ ចិនបានព្រមានរួចជាស្រេចឱ្យអាមេរិកគោរពពាក្យសន្យារបស់រដ្ឋាភិបាលអាមេរិកមុនៗ ថាជាការគោរពកាតព្វកិច្ចអន្តរជាតិ។
កាលពីឆ្នាំ២០២៥ អាមេរិកបានប្រកាសព្រមលក់ មីស៊ីល រថពាសដែក និងដ្រូន ឱ្យតៃប៉ិ ក្នុងតម្លៃដ៏មហាសាល ១១,១ពាន់លានដុល្លារ។ តែអាមេរិកបានបង្កកវគ្គទីពីរនៃកិច្ចសន្យាលក់អាវុធ ដើម្បីកុំឱ្យប៉ះពាល់ដល់ជំនួបរវាងលោកដូណាល់ត្រាំនិងស៊ីជីនពីង ថ្ងៃនេះ។ កាលពីខែកុម្ភៈ លោកស៊ីជីនពីងបានប្រាប់លោកត្រាំ ឱ្យប្រុងប្រយ័ត្ននៅពេលនិយាយពីបញ្ហាតៃវ៉ាន់៕
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប្រកាសសម្រេចបាន “បទឈប់បាញ់” រយៈពេលពីរសប្តាហ៍ ជាថ្នូរនឹងការបើកច្រកសមុទ្ទអកមូហ្សឡើងវិញនៅថ្ងៃពុធទី៨មេសា មុនផុតឱសានវាទរបស់លោកត្រាំដែលគំរាមកម្ទេចអ៊ីរ៉ង់និងអរិយធម៌ពែក្សឱ្យខ្ទេចបន្តិច។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានបញ្ជាក់អំពីការព្រមព្រៀងឈប់បាញ់ និងការធានាសុវត្ថិភាពចរាចរណ៍នៅច្រកអកមូហ្ស ដែលជាប្រភពឆ្លងកាត់ប្រេងឆៅ២០%នៃសេចក្តីត្រូវការពិភពលោក កាលពីពេលមុនសង្គ្រាម។ តើបទឈប់បាញ់នេះជាជោគជ័យរបស់នរណា?
ជាង៥សប្តាហ៍នៃការវាយប្រហារឥតស្រាកស្រាន្តលើអ៊ីរ៉ង់ និងនៅ៩០នាទី មុនផុតឱសានវាទ ដែលគំរាមកម្ទេចអ៊ីរ៉ង់ឱ្យខ្ទេចខ្ទីនោះ លោកត្រាំបានប្រកាសរកឃើញកិច្ចព្រមព្រៀងឈប់បាញ់ សម្រាប់រយៈពេលពីរសប្តាហ៍។ បើតាមសំដីលោកត្រាំ អ៊ីស្រាអែលក៏ទទួលយកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដែរ តែមិនព្រមបញ្ឈប់សកម្មភាពវាយប្រហារលើចលនាហេសបូឡាលីបង់ នៅលីបង់ទេ។
ជាថ្នូរមកវិញ អ៊ីរ៉ង់សុខចិត្តបើកច្រកសមុទ្ទអកមូហ្សទាំងស្រុងឡើងវិញ និងភ្លាមតែម្តង ហើយការពារសុវត្ថិភាពចរាចរណ៍កាត់តាមច្រកយុទ្ធសាស្ត្រនេះទៀត។ នេះបើតាមសេចក្តីប្រកាសរបស់លោកដូណាល់ត្រាំដដែល ដោយបញ្ជាក់ថា បទឈប់បាញ់ប្រសូតចេញបាន ក្រោយមានជំនួបសន្ទនាជាមួយប្រមុខដឹកនាំប៉ាគីស្ថាន។
ប៉ាគីស្ថានជាប្រទេសអន្តរការី បានបញ្ជាក់អំពីដំណើរការចរចា អាមេរិក-អ៊ីរ៉ង់ ដែលនឹងចាប់ផ្តើម នៅថ្ងៃសុក្រទី១០មេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ។ ការចរចាត្រូវធ្វើដោយផ្អែកលើសំណើ១០ចំណុចរបស់អ៊ីរ៉ង់ ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាម។
សំណើ១០ចំណុចរបស់អ៊ីរ៉ង់
បើតាមសារព័ត៌មានផ្លូវការនិងទូរទស្សន៍ជាតិអ៊ីរ៉ង់ ឧត្តមក្រុមប្រឹក្សាសន្តិសុខនៃឆ្មាំបដិវត្តអ៊ីរ៉ង់ បានស្នើទៅសហរដ្ឋអាមេរិកនូវផែនការ១០ចំណុច ដោយតម្រូវឱ្យ៖
-សហរដ្ឋអាមេរិក ព្រមទទួលយក និងធានាគោរព គោលការណ៍មិនឈ្លានពានអ៊ីរ៉ង់
-អ៊ីរ៉ង់បន្តគ្រប់គ្រងច្រកសមុទ្ទអកមូហ្ស
-អាមេរិកត្រូវព្រមឱ្យអ៊ីរ៉ង់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម
-លើកទណ្ឌកម្មទាំងអស់ចេញពីអ៊ីរ៉ង់ ទណ្ឌកម្មដំបូង និងទណ្ឌកម្មបន្ទាប់បន្សំ
-រំសាយសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
-រំលាយគ្រប់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអភិបាល
-សងថ្លៃខូចខាតឱ្យប្រទេសអ៊ីរ៉ង់
- ដកកងទ័ពប្រយុទ្ធរបស់អាមេរិកទាំងអស់ចេញពីតំបន់
-បញ្ឈប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់លើគ្រប់សមរភូមិរាប់ទាំងសង្គ្រាមប្រឆាំងនឹងចលនាតស៊ូអ៊ីស្លាមនៅលីបង់។
សំណើ១០ចំណុចរបស់អ៊ីរ៉ង់នេះដែលធ្លាប់ខ្ទាស់នៃការចរចាលើកមុន ត្រូវបានលោកត្រាំ ចាត់ទុកនៅថ្ងៃនេះថាជាផែនការគ្រឹះនៃកិច្ចចរចាដែលអាចសម្រេចបាន នៅពីរសប្តាហ៍នៃការចរចានៅប៉ាគីស្ថាន។
លោកដូណាល់ត្រាំ និងអ៊ីរ៉ង់ ប្រកាស ជោគជ័យ រៀងៗខ្លួន
ក្រោយប្រកាសបទឈប់បាញ់ ភាគីទាំងពីរបានលើកឡើងអំពីជោគជ័យ រៀងៗខ្លួន។
លោកត្រាំបានស្រែកថានៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់ លោកបានទទួល “ជោគជ័យទាំងស្រុង និងយ៉ាងពេញលេញ” ដោយបានរកឃើញកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីអ៊ីរ៉ង់ព្រមទទួលយក។ សម្រាប់លោកត្រាំ ដែលបានប្តូរសំឡេងពីការគំរាមកម្ទេចអរិយធម៌អ៊ីរ៉ង់ឱ្យខ្ទេចនៅថ្ងៃម្សិលមិញ មកជាការប្រកាសបទឈប់បាញ់និងការចរចា គឺជាជោគជ័យ ព្រោះ លោកមិនបានបញ្ចប់ឱសានវាទដោយដៃទទេ ហើយក៏មិនបានបន្តជម្លោះតាមទំនើងដោយគ្មានយុទ្ធសាស្ត្រ ទៀតដែរ។ តែលោកប្រធានាធិបតីអាមេរិកបានរកឃើញច្រកចេញ និងអាចដើរចេញពីសង្គ្រាមនៅអ៊ីរ៉ង់បាន។
តាមរយៈបទឈប់បាញ់ លោកត្រាំអាចបន្តអួតអាងបានថា យុទ្ធសាស្ត្រប្រើឱសានវាទ គំរាម បានធ្វើឱ្យអ៊ីរ៉ង់ខ្លាច ព្រមចុះចាញ់ ព្រមចូលចរចា ព្រមបើកច្រកសមុទ្ទអកមូហ្ស។
ប៉ុន្តែពាក្យគំរាមកម្ទេចអ៊ីរ៉ង់ឱ្យរលត់រលាយមិនបានសម្រេចទេ។ ទោះបីបាញ់ប្លោងលើអ៊ីរ៉ង់អស់ដល់ទៅម៉ឺនគ្រាប់ក៏ដោយ ក៏អ៊ីរ៉ង់ហាក់មិនបានបាត់បង់សមត្ថភាពប្រយុទ្ធតតាំងវិញទេ។
របបផ្តាច់ការអ៊ីរ៉ង់បានរងរបួស បាត់បង់មេដឹកនាំចាស់ៗ ចុះខ្សោយ តែក្រុមឆ្មាំបដិវត្តជំនាន់ថ្មីកាន់តែផ្តាច់ការ បង្ក្រាបរាល់គ្រប់ទម្រង់នៃការបះបោរប្រជាជន ទាំងកំពុងរងការវាយប្រហារពីសំណាក់អាមេរិកនិងអ៊ីស្រាអែល។ អ៊ីរ៉ង់បានត្រៀមលក្ខណៈធ្វើសង្គ្រាមតាំងពីរាប់ទសវត្សរ៍មកហើយ។ ដូច្នេះបើទោះបីជាសង្គ្រាមនៅពេលនេះ បានធ្វើឱ្យអ៊ីរ៉ង់ហិនហោចស្ទើរខ្ទេចខ្ទីក៏ដោយ ក៏រដ្ឋាភិបាលអ៊ីរ៉ង់នៅអាចត្រដររស់បាន ហើយអាចកំណត់សំណើនៃការចរចាជាមួយភាគីបង្កជម្លោះបានទៀត។ នេះហើយជាអ្វីដែលអ៊ីរ៉ង់ចាត់ទុកថាជោគជ័យ។
តែដោយជាក់ស្តែងទៅនោះ គេនៅពុំទាន់អាចនិយាយអំពីជោគជ័យ និងការសម្រេចបានសន្តិភាពជានិរន្តរ៍បាននៅឡើយទេ ព្រោះបទឈប់បាញ់នៅមានលក្ខណៈផុយស្រួយណាស់ ឯការចរចានឹងត្រូវចាប់ផ្តើមនៅពីរថ្ងៃទៀត។ គ្រប់ភាគី អាមេរិក អ៊ីរ៉ង់ ឬអារ៉ាប៊ីសាអូឌីត អាចស្រែកអបអរជោគជ័យ ឬប្រកាសថាជាអ្នកឈ្នះក៏បាន តែសំខាន់ អ្នកចាញ់ និងអ្នកខាតបង់ពិតប្រាកដ គឺប្រជាពលរដ្ឋអ៊ីរ៉ង់ ដែលត្រូវរស់ក្នុងភាពហិនហោចដូចធ្លាក់នរកហើយ មិនបានទទួលសេរីភាពទៀត៕
លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានព្រមានថា ក្រោយខែមេសា ឆ្នាំ២០២៦ ប្រសិនបើរកឃើញថា ទីតាំងណាមួយនៅបន្តអនុញ្ញាតឲ្យមានបទល្មើសឆបោកតាមអនឡាញ នោះអាជ្ញាធរដែលជាអ្នកទទួលខុសត្រូវទីតាំងនោះ អាចប្រឈមនឹងការដកតំណែង។ អ្នកតាមដានសង្គម បានគាំទ្រការលើកឡើងនេះ តែពួកគេចង់ឃើញមានការអនុវត្តន៍វិធានការម៉ឺងម៉ាត់ជាក់ស្តែងចំពោះទីតាំងណា ដែលនៅបន្តមានបទល្មើសឆបោកអនឡាញ៕
ថ្ងៃទី២៤កុម្ភៈ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន បានគ្រប់៤ឆ្នាំហើយ។ ជាសង្គ្រាមដែលបានធ្វើឲ្យប្រែប្រួលទាំងស្រុង ដល់កត្តាសន្តិសុខ និងនយោបាយការបរទេសអឺរ៉ុប ក៏ដូចជាក្នុងពិភពលោកទាំងមូល។ ខុសពីការមាក់ងាយរបស់លោកពូទីន ដែលថារុស្ស៊ីនឹងវាយផ្តួលរំលំអ៊ុយក្រែនក្នុងរយៈពេលតែ៣ថ្ងៃ តែ៤ឆ្នាំមកនេះ អ៊ុយក្រែនបានតស៊ូយ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួន។ តែទន្ទឹមនឹងនេះ នៅក្នុងសង្គ្រាម៤ឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែនបានរស់រងទុក្ខវេទនា ស្លាប់ និងរបួសច្រើនម៉ឺននាក់។
ដូចឆ្នាំមុនៗ ថ្នាក់ដឹកនាំស្ថាប័នសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំប្រទេសសមាជិកអឺរ៉ុបច្រើននាក់ បានធ្វើដំណើរទៅទីក្រុងកៀវ ដោយជិះរថភ្លើងចេញពីប្រទេសប៉ូឡូញ ដើម្បីចូលរួមពិធីបុណ្យខួបគម្រប់៤ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ វាគឺជាឱកាស ដែលអឺរ៉ុបចង់បញ្ជាក់ប្រាប់អ៊ុយក្រែនថាអឺរ៉ុបនៅតែបន្តគាំទ្រ ជួយអ៊ុយក្រែនជានិច្ច មិនថាសង្គ្រាមនេះអូសបន្លាយយូរប៉ុណ្ណា។
អឺរ៉ុបប្តេជ្ញាបន្តជួយអ៊ុយក្រែន
ចាប់តាំងពីលោកដូណាល់ ត្រាំ បានត្រឡប់ចូលមកកាន់អំណាច គឺសហរដ្ឋអាមេរិកលែងជួយអ៊ុយក្រែនទៀតហើយ។ អ្វីដែលលោកដូណាល់ ត្រាំ ជួយគឺបានត្រឹមតែអនុញ្ញាតឲ្យក្រសួងការពារជាតិអាមេរិក លក់គ្រឿងសព្វាវុធនិងសម្ភារៈយោធាខ្លះ ដែលអឺរ៉ុបគឺជាអ្នកចេញប្រាក់ទិញ។ បច្ចុប្បន្ននេះ គឺអឺរ៉ុបដែលជាអ្នកផ្តល់ជំនួយថវិកាសឹងតែទាំងស្រុង ទៅឲ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ អឺរ៉ុបជួយអ៊ុយក្រែនដោយក្តីអាណិតអាសូរពិតមែនហើយ តែអឺរ៉ុបក៏ចង់អរគុណអ៊ុយក្រែនដែរ ព្រោះអ៊ុយក្រែនជាអ្នកច្បាំងទប់រុស្ស៊ី មិនឲ្យរុលចូលមកឈ្លានពានទ្វីបអឺរ៉ុបទាំងមូល។
សូមបញ្ជាក់ថា ផ្អែកតាមតួលេខរបស់វិទ្យាស្ថាន Kiel នៅអាល្លឺម៉ង់ ៤ឆ្នាំមកនេះ អឺរ៉ុបបានចំណាយប្រាក់ជួយអ៊ុយក្រែន តាមរយៈការទិញគ្រឿងសព្វាវុធនិងចំណាយផ្សេងៗ ប្រមាណ ២០១ពាន់លានអឺរ៉ូរួចហើយ។ ហើយ បច្ចុប្បន្ននេះ អឺរ៉ុបបានសន្យាជួយផ្តល់ប្រាក់ ចំនួន១៧៨ពាន់លានអឺរ៉ូថែមទៀត។
លោកហ្សេឡេនស្គី៖ "ពូទីនមិនបានឈ្នះសង្គ្រាមទេ!"
ព្រឹកថ្ងៃទី២៤កុម្ភៈ នៅទីក្រុងកៀវ លោកប្រធានាធិបតីអ៊ុយក្រែន បានទទួលស្វាគមន៍ថ្នាក់ដឹកនាំអឺរ៉ុប នៅក្នុងពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធទាហានពលី និងជនស៊ីវីលអ៊ុយក្រែន ដែលបានស្លាប់ដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ កាលពីល្ងាចថ្ងៃទី២៣កុម្ភៈ លោកប្រធានាធិបតីហ្សេឡេនស្គី បានបង្ហោះសារជាវីដេអូមួយ ដែលលោកបានថ្លែងកោតសរសើរ និងអរគុណចំពោះវីរភាពរបស់យុទ្ធជនអ៊ុយក្រែន ក៏ដូចជាទឹកចិត្តតស៊ូរបស់ប្រជាជនអ៊ុយក្រែនគ្រប់ៗរូប។ ជាការតស៊ូដ៏អង់អាចក្លាហាន ពុះពារជំនះគ្រប់ការលំបាក ទោះសត្រូវខំប្រឹងវាយបំបាក់យ៉ាងណា។
កាលពី៤ឆ្នាំមុន ពូទីនបានប្រកាសអះអាងថា នឹងផ្តួលរំលំរដ្ឋធានីកៀវក្នុងរយៈពេល តែ៣ថ្ងៃ។ ដូច្នេះយើងឃើញហើយ ថាការតស៊ូរបស់យើងរឹងមាំកម្រិតណា ព្រោះ៤ឆ្នាំមកនេះយើងនៅតែឈរដដែល ។ នៅពីក្រោយពាក្យពេចន៍ទាំងនេះ គឺមានជនរួមជាតិយើងរាប់លាននាក់ ដែលមានសេចក្តីប្តេជ្ញាក្លាហានដ៏ធំធេង និងការពុះពារជំនះតស៊ូ មិនថាលំបាកវេទនាកម្រិតណា។
យើងបានការពារឯករាជ្យរបស់ជាតិយើង យើងមិនបានបាត់បង់អធិបតេយ្យភាពរបស់យើងទេ។ ចំណែកពូទីនវិញ ក៏មិនបានសម្រេចកម្មវត្ថុរបស់ខ្លួនដែរ។ រុស្ស៊ីមិនអាចបំបាក់កម្លាំងសាមគ្គីតស៊ូរបស់ប្រជាជាតិអ៊ុយក្រែនបានឡើយ។ រុស្ស៊ីមិនបានឈ្នះសង្គ្រាមទេ ព្រោះយើងបានរក្សាការពារអ៊ុយក្រែនរហូតមក។ យើងនឹងបន្តតស៊ូដល់ដង្ហើមចុងក្រោយ ដើម្បីកសាងសន្តិភាពឡើងវិញ ហើយស្វែងរកយុត្តិធម៌ជូនជាតិយើង។
អ៊ុយក្រែនស្លាប់ជនស៊ីវីល ១៥០០០នាក់ និងទាហានយ៉ាងហោច ៥៥០០០នាក់
ផ្អែកតាមតួលេខចុងក្រោយ ប្រមូលដោយអង្គការសហប្រជាជាតិ សង្គ្រាម៤ឆ្នាំមកនេះ បានផ្តាច់ជីវិតប្រជាជនស៊ីវីលអ៊ុយក្រែន ចំនួន១៥០០០នាក់ និងរបួសពិការ ចំនួនប្រមាណ ៤០៦០០នាក់។ តែតួលេខជាក់ស្តែង ត្រូវគេជឿថាអាចមានច្រើនលើសនេះ ព្រោះថាមានតំបន់ច្រើនទៀតដែលនៅក្នុងសមរភូមិ ឬស្ថិតក្នុងដៃគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី ដែលគេមិនអាចទៅស្រង់ស្ថិតិបាន។ ប្រជាជនអ៊ុយក្រែន ប្រមាណ៦លាននាក់ បានភៀសខ្លួនទៅជ្រកនៅប្រទេសផ្សេងៗ។ ចំណែកខាងទាហានអ៊ុយក្រែនវិញ លោកហ្សេឡេនស្គី បានបញ្ជាក់កាលពីដើមខែកុម្ភៈនេះ ថាមានស្លាប់ចំនួន ៥៥០០០នាក់ គិតចាប់ពីខែកុម្ភៈឆ្នាំ២០២២មក។ តែចំនួននេះ គឺមិនទាន់រាប់ទាហានបាត់ខ្លួនច្រើនពាន់នាក់ទៀត។
ដោយឡែក ខាងរុស្ស៊ីវិញ កងទ័ពរុស្ស៊ីបន្តរក្សាការសម្ងាត់ មិនដែលបញ្ចេញតួលេខផ្លូវការទេ។ វាគឺជាទម្លាប់នៃរបបផ្តាច់ការ ដែលតែងតែលាក់ព័ត៌មាន។ ក៏ប៉ុន្តែ បើផ្អែកតាមបណ្តាញព័ត៌មានBBC ជាភាសារុស្ស៊ី និងបណ្តាញព័ត៌មានរុស្ស៊ី Mediazona គឺយ៉ាងហោចមានទាហានរុស្ស៊ីស្លាប់ ១៧៧០០០នាក់។ មានសាក្សីទាហានរុស្ស៊ីច្រើននាក់ ដែលបានអះអាងថា មេទាហានរុស្ស៊ីបាញ់គ្រាប់បណ្តេញឲ្យកូនទាហានតូចៗរត់ចូលសមរភូមិ នរណាដែលមិនទៅគេបាញ់ចោលតែម្តង។
ផ្អែកតាម តួលេខប៉ាន់ស្មាន របស់ Center for Strategic and International Studies មានទាហានរុស្ស៊ីស្លាប់ មិនក្រោម ៣២៥០០០នាក់ទេ។ រីឯទាហានអ៊ុយក្រែនវិញ អាចស្លាប់ចន្លោះពី ១សែន ទៅ១សែន៤ម៉ឺននាក់ គិតពីឆ្នាំ២០២២មក។ វាគឺជាទំហំស្លាប់បាត់បង់ជីវិតមនុស្សដ៏ច្រើនសន្ធឹក ដើម្បីតែមហិច្ឆតារបស់លោកពូទីន ដែលអះអាងថានឹងផ្តួលរំលំអ៊ុយក្រែនត្រឹមតែប៉ុន្មានថ្ងៃ។ តែមកទល់ពេលនេះ ៤ឆ្នាំហើយ កងទ័ពរុស្ស៊ីដែលល្បីថាធំជាងគេសឹងមួយពិភពលោក រុលទៅមុខយ៉ាងលំបាក ហើយត្រូវយកទាហានស៊ីឈ្នួល មកពីប្រទេសផ្សេងមកជួយថែមទៀត។
ការចរចាសន្តិភាពគ្មានលទ្ធផល
គួរបញ្ជាក់ថា ប្រមាណ១ឆ្នាំកន្លងមកនេះ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានដើរតួនាទីអះអាងថាចង់សម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ឲ្យបានឆាប់បំផុត។ ការចរចាគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមធ្វើច្រើនដងមកហើយ តែគិតមកទល់ពេលនេះ គឺគ្មានលទ្ធផលទេ ក្រៅតែពីការដោះដូរអ្នកទោសគ្នា។ ការចរចានៅតួកគី នៅអាប៊ូដាប៊ី ហើយថ្មីៗនេះ នៅហ្សឺណែវទៀត គឺសុទ្ធតែគ្មានលទ្ធផល ព្រោះថាអ្វីដែលរុស្ស៊ីទាមទារ គឺអ៊ុយក្រែនមិនអាចទទួលយកបាន។ រុស្ស៊ីទាមទារឲ្យអ៊ុយក្រែន ប្រគល់ទឹកដីតំបន់ដុនបាសទាំងស្រុងទៅឲ្យខ្លួន ទាំងដែលការពិតជាក់ស្តែង គឺបច្ចុប្បន្ននេះ កងទ័ពរុស្ស៊ីមិនគ្រប់គ្រងតំបន់នេះទាំងស្រុងទេ។ ជារួម បច្ចុប្បន្ននេះ កងទ័ពរុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែន ប្រមាណ២០% ដែលក្នុងនោះគឺ១ភាគ៣ គឺរុស្ស៊ីចូលមកដណ្តើមយកតាំងតែពីមុនឆ្នាំ២០២២ម៉្លេះ។
បញ្ហាកាត់ទឹកដីហុចទៅឲ្យរុស្ស៊ី ដើម្បីបានសន្តិភាព វាគឺជារឿងឈឺចាប់ ដែលអ៊ុយក្រែនមិនអាចធ្វើទៅបានដោយងាយ។ ហើយជាងនេះទៀត អ៊ុយក្រែននៅតែបារម្ភថា បើប្រគល់ឲ្យទៅរុស្ស៊ីថ្ងៃនេះ តើច្បាស់ទេ ថាថ្ងៃស្អែករុស្ស៊ីនឹងមិនមកវាយឈ្លានពានបន្តទៀត? ត្រង់ចំណុចនេះហើយ ដែលអ៊ុយក្រែនបន្តទាមទារ ឲ្យមានយន្តការការពារសន្តិសុខអ៊ុយក្រែនឲ្យបានរឹងមាំបំផុតទៅថ្ងៃអនាគត ដើម្បីទប់កុំឲ្យរុស្ស៊ីស្រក់ទឹកមាត់ ឃ្លានចង់បានទឹកដីអ៊ុយក្រែនទៀត។ យន្តការនេះ គឺមានជាអាទិ៍ ជាការធានាការពារសន្តិសុខពីសម្ព័ន្ធមិត្តលោកខាងលិច ដែលមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបស្ម័គ្រចិត្ត។
តែលោកពូទីន បានបន្តបដិសេធជានិច្ច ថាបើមានកងកម្លាំងសម្ព័ន្ធមិត្តលោកខាងលិចចូលទៅអ៊ុយក្រែន នោះរុស្ស៊ីនឹងចាត់ទុកថា វាជាការគំរាមមកលើសន្តិសុខរុស្ស៊ី។ យ៉ាងណាមិញ នៅព្រឹកថ្ងៃខួបគម្រប់៤ឆ្នាំនៃសង្គ្រាមនេះ វិមានក្រេមឡាំងបានប្រកាសថា រុស្ស៊ីនឹងបន្តធ្វើសង្គ្រាមរហូតទាល់តែសម្រេចកម្មវត្ថុដូចការគ្រោងទុក។ ដូចអ្វីដែលលោកហ្សេឡេនស្គី ធ្លាប់បានលើកឡើងច្រើនដង គឺធាតុពិតទៅរុស្ស៊ីគ្មានចេតនាចង់បានសន្តិភាពទេ។ លោកហ្សេឡេនស្គី បានអះអាងថាលោកពូទីន ធ្វើល្បិចចរចាតាមការហៅរបស់លោកដូណាល់ ត្រាំ គឺជាលេសដើម្បីចំនេញពេលវេលាតែប៉ុណ្ណោះ។ ចេតនាពិតប្រាកដរបស់លោកពូទីន គឺចង់លេបត្របាក់ទឹកដីអ៊ុយក្រែនទាំងមូល ហើយឈានទៅគ្របឥទ្ធិពលបន្តិចម្តងៗ លើបណ្ដាប្រទេសអឺរ៉ុបផ្សេងៗទៀត ដូចសម័យសហភាពសូវៀត៕
មួយថ្ងៃក្រោយលទ្ធផលឆ្នោតបឋមបង្ហាញថា គណបក្សភូមិចៃថៃរបស់លោកទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតសភាថៃ កាលពីអាទិត្យទី ៨កុម្ភៈ លោកអនុធិន ឆានវីរៈគូន នៅថ្ងៃចន្ទនេះបានប្រកាសថា គណបក្សភូមិចៃថៃត្រៀមខ្លួនរួចហើយដើម្បីចាប់ដៃជាមួយគណបក្សដទៃទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ បើតាមលទ្ធផលឆ្នោតបឋមប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត នៅយប់ថ្ងៃអាទិត្យ គណបក្សភូមិចៃថៃរបស់លោកអនុធិន ឆានវីរៈគូនទទួលអាសនៈ ជិត២០០ នៅរដ្ឋសភា ដោយនាំមុខដាច់ឆ្ងាយ គណបក្សប្រាឆាឈុន ដែលជាគណបក្សចម្រើននិយមរបស់លោកណាថាភុង រឿងបញ្ញាវុធ។
ជ័យជំនះរបស់គណបក្សភូមិចៃថៃ គឺជារឿងដែលគេមិននឹកស្មានដល់ បើគេមើលទៅលើការព្យាករ និងការស្ទង់មតិកន្លងមក។
ទទួលអាសនៈប្រមាណ ១៩៣ ក្នុងចំណោមអាសនៈសរុបរបស់សភាចំនួន ៥០០ គណបក្សភូមិចៃថៃ របស់លោកអនុធិន ឆានវីរៈគូនទទួលបានសំឡេងឆ្នោតច្រើន នាំមុខគូប្រជែង ជាពិសេសគណបក្សប្រាឆាឈុន។ គណបក្សភូមិចៃថៃទទួលបានលទ្ធផលល្អខ្លាំង មិនធ្លាប់មាន គិតចាប់តាំងពីគណបក្សនេះ បង្កើតឡើងកាលពីឆ្នាំ ២០០៨។ នៅក្នុងការបោះឆ្នោតមុនៗ ដូចជានៅឆ្នាំ ២០២៣ បក្សភូមិចៃថៃបានទទួលតែ៧១។ ដោយសារតែគណបក្សភូមិចៃថៃរបស់លោកបានសំឡេងតិច លោកអនុធិនធ្លាប់ត្រូវគេប្រៀបប្រដូចទៅនឹងសត្វបង្គួយ ប្តូរពណ៌ ព្រោះតែចង់បានតំណែងរដ្ឋមន្រ្តីរបស់ក្រសួង ក្នុងរដ្ឋាភិបាលចម្រុះ ដែលបក្សភូមិចៃថៃបានចូលរួមជាមួយគណបក្សធំៗ ដូចជា គណបក្សភឿថៃជាដើម។
ប៉ុន្តែ លើកនេះ គណបក្សភូមិចៃថៃតែម្នាក់ឯង ទទួលបានអាសនៈច្រើនជាងគេ ជិត២០០ និងមានអំណាចទៅជ្រើសរើសបក្សផ្សេងឲ្យមកបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួន។ បក្សភូមិចៃថៃ ទទួលបានសំឡេងឆ្នោតច្រើនយ៉ាងដូច្នេះ ក៏ព្រោះតែ គណបក្សនេះចេះបត់បែនតាមកាលៈទេសៈ ដូចជាលោកអនុធិនអីចឹង។
ធ្លាប់តែមានជំហរកណ្តាល គណបក្សភូមិចៃថៃបានងាកទៅចាប់ដៃជាមួយអ្នកនយោបាយអភិរក្សនិយម គាំទ្រក្រុមយោធា និងចេញមុខ ការពារព្រះរាជបល្ល័ង្ក ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើកំណែទម្រង់ច្បាប់ជេរប្រមាថព្រះមហាក្សត្រជាដើម។
មួយវិញទៀត ការផ្ទុះសង្រ្គាមជាមួយកម្ពុជា ក៏ជាហេតុផលមួយដែលរុញច្រានឲ្យបក្សភូមិចៃថៃរបស់អនុធិនឈ្នះឆ្នោតលើកនេះដែរ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លង លោកអនុធិន បានលើកយកបញ្ហាសន្តិសុខ ការការពារបូរណភាពទឹកដី មកបញ្ចុះបញ្ចូលប្រជាជន។ លោកធ្លាប់បាននិយាយថា បើសិនលោកឈ្នះឆ្នោត នោះលោកនឹងសាងសង់ជញ្ជាំងនៅព្រំដែនជាមួយកម្ពុជា និងផ្តល់មធ្យោបាយគ្រប់បែបយ៉ាងទៅឲ្យកងទ័ពដើម្បីការពារទឹកដីថៃ។ នៅក្នុងកាលៈទេសៈដែលប្រទេសកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា និងយល់ថា បញ្ហាសន្តិសុខនៅព្រំដែនជាអាទិភាពចំបងរបស់ប្រជាជន លោកអនុធិនចេះច្បិចយកបញ្ហាជម្លោះព្រំដែនខ្មែរថៃធ្វើជាយុទ្ធសាស្រ្ត ទាក់ទាញអ្នកជាតិនិយមថៃ។ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យម្សិលមិញ លោកអនុធិននិយាយថា “ជាតិនិយម ស្ថិតនៅក្នុងបេះដូងរបស់បក្សភូមិចៃថៃជានិច្ច”។
បក្សភូមិចៃថៃ របស់លោកអនុធិនទទួលបានអាសនៈច្រើននៅរដ្ឋសភា ក៏ព្រោះតែ បក្សភឿថៃធ្លាក់ចុះខ្សោយ។ ដោយសារតែរឿងអាស្រូវដែលមានជាប់ពាក់ព័ន្ធគ្នារវាងគ្រួសាររបស់លោកថាក់ស៊ីន និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន បក្សភឿថៃ ធ្លាក់ចុះខ្សោយ បាត់បង់ប្រជាប្រិយភាពខ្លាំង។ លទ្ធផលឆ្នោតបង្ហាញថា នៅតំបន់ភាគខាងជើងប្រទេស ដែលសំបូរដោយក្រុមអាវក្រហម គាំទ្របក្សភឿថៃរបស់លោកថាក់ស៊ីន ឥលូវនេះ បានប្រែក្លាយទៅជាក្រុមអាវខៀវ របស់គណបក្សភូមិចៃថៃ។
គណបក្សប្រាឆាឈុន ត្រូវបរាជ័យ បះជើង ព្រោះតែនយោបាយកំណែទម្រង់មិនចំកាលៈទេសៈ
ជាមួយសន្ទុះគាំទ្រ និងភាពស្វាហាប់របស់ចលនាយុវជនរបស់ខ្លួន ដែលចង់ឲ្យមានការផ្លាស់ប្តូរក្នុងសង្គមថៃ បក្សប្រាឆាឈុនធ្លាប់មានទំនុកចិត្តថា នឹងទទួលជ័យជំនះដូចលើកមុនៗ ឬបានសំឡេងឆ្នោតច្រើន ផ្តាច់មុខទៀតផងដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯង។ ប៉ុន្តែ គណបក្សប្រាឆាឈុនត្រូវខកចិត្ត ព្រោះថា លទ្ធផលឆ្នោតលើកនេះមិនល្អទាល់តែសោះ។ បក្សប្រាឆាឈុនទទួលបាន១១៨អាសនៈ តិចជាងបក្សភូមិចៃថៃ សឹងពាក់កណ្តាល។ បក្សភូមិចៃថៃឈ្នះឆ្នោត ក៏ព្រោះតែឆ្លៀតកេងចំណេញពីជម្លោះព្រំដែនជាមួយកម្ពុជា។ ប៉ុន្តែ គណបក្សប្រាឆាឈុន ទទួលបរាជ័យ ក៏ព្រោះតែគណបក្សហ៊ានសន្យាធ្វើកំណែទម្រង់ កងទ័ព តាមរយៈការកាតបន្ថយចំនួនឧត្តមសេនីយ៍ជាដើម និងលុបចោលកាតព្វកិច្ចយោធា ដែលជាការចង់បានរបស់យុវជន។ គេអាចថា ការសន្យារបស់បក្សប្រាឆាឈុនដើម្បីធ្វើកំណែទម្រង់កងទ័ព ធ្វើឡើងមិនចំកាលៈទេសៈ។ លោកអនុធិននៅធ្លាប់បានចោទប្រកាន់ថា បក្សប្រាឆាឈុនគ្មានស្នេហាជាតិសូម្បីបន្តិច។ នៅពេលប្រទេសកំពុងត្រូវការកងទ័ពដើម្បីការពារទឹកដី បក្សនេះ បែរជាសំដៅរឹតត្បិតកងទ័ពទៅវិញ។
នៅក្នុងសន្និសីទកាសែត កាលពីយប់ថ្ងៃអាទិត្យ បេក្ខជននាយករដ្ឋមន្រ្តីគណបក្សប្រាឆាឈុនលោក ណាថាភុង រឿងបញ្ញាវុធបានប្រកាសទទួលស្គាល់បរាជ័យ ប៉ុន្តែ បានប្រាប់អ្នកគាំទ្ររបស់ខ្លួនកុំឲ្យបាត់បង់ក្តីសង្ឃឹម។ គណបក្សប្រាឆាឈុនបានប្រកាសដែរថា នឹងមិនចូលក្នុងរដ្ឋាភិបាលចម្រុះថ្មី ប៉ុន្តែ នឹងស្ថិតនៅក្រៅរដ្ឋាភិបាល ក្នុងនាមជាបក្សប្រឆាំងនៅរដ្ឋសភា។
ជ័យជំនះរបស់លោកអនុធិន ឆ្លុះបញ្ចាំងពីការកើនឡើងនៃគំនិតជាតិនិយមនៅក្នុងចំណោមប្រជាជនថៃ
បក្សភូមិចៃថៃរបស់លោកអនុធិនឈ្នះឆ្នោត មានន័យថា ប្រជាជនថៃផ្តោតអាទិភាពទៅលើស្ថិរភាពនយោបាយ ជាជាង នយោបាយកំណែទម្រង់ ដែលស្នើឡើងដោយបក្សប្រាឆាឈុន ដឹកនាំដោយចលនាយុវជនដើម្បីប្រជាធិបតេយ្យ។ បើសិន គេជ្រើសរើសយកបក្សប្រាឆាឈុនដែលមាននិន្នាការតឹងរ៉ឹងជាមួយព្រះរាជវាំង និងក្រុមយោធា នោះ ជាថ្មីម្តងទៀត ថៃនឹងជួបវិបត្តិនយោបាយ ព្រោះក្រុមអភិរក្សនិយម ប្រាកដជារកមធ្យោបាយដើម្បីរាំងខ្ទប់មិនឲ្យបក្សប្រាឆាឈុនអាចបង្កើតរដ្ឋាភិបាល។ ដូច្នេះ ក្នុងបរិបទដែលប្រទេស កំពុងជាប់មានជម្លោះជាមួយកម្ពុជា ហើយបញ្ហាព្រំដែនជាអាទិភាពជាតិផង ប្រជាជនថៃបោះឆ្នោតគាំទ្រលោកអនុធិន ដែលគេមើលថា សក្តិសមដឹកនាំប្រទេស ហើយលោកអនុធិនប្រាកដជានឹងទទួលបានការគាំទ្រពីពួកយោធា ក្រុមអភិរក្ស ឲ្យបង្កើតរដ្ឋាភិបាល ដោយគ្មានការរំខាន។
ជ័យជំនះរបស់បក្សភូមិចៃថៃនឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរច្រើនទេ។ ថៃនឹងមាននយោបាយដូចមុន ដូចកាលពីប៉ុន្មានខែមុន ពោល នៅពេលលោកអនុធិន ឡើងធ្វើជានាយករដ្ឋមន្រ្តី។ ចរន្តជាតិនិយមកាន់តែឡើងខ្លាំង ចំណែកនយោបាយសេដ្ឋកិច្ចនៅតែដដែល។ លោកអនុធិននៅតែបន្តនយោបាយតឹងរ៉ឹងដាក់កម្ពុជា។ នៅក្រោយទទួលជ័យជំនះឆ្នោត លោកបានបញ្ជាក់សាជាថ្មីថា លោកនឹងនៅតែសង់ជញ្ជាំងនៅព្រំដែនខ្មែរថៃ។ លោកនឹងពង្រឹងសមត្ថភាពកងទ័ព និងជឿថា កងទ័ពថៃអាចយកឈ្នះលើអ្នកណាៗទាំងអស់។
គណបក្សភូមិចៃថៃ អាចចាប់ដៃគូជាមួយភឿថៃ ឬបក្សក្លាថាំដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ
គិតត្រឹមព្រឹកថ្ងៃចន្ទ ការរាប់សន្លឹកឆ្នោតប្រមាណ៩៤%បង្ហាញថា គណបក្សភូមិចៃថៃអាចទទួលអាសនៈ១៩៣ ខណៈគណបក្សប្រាឆាឈុន បានទទួល១១៨ និងគណបក្សភឿថៃបានចំនួន៧៤។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReutersដោយផ្អែកទៅលើទិន្នន័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ។
គេប៉ាន់ប្រមាណថា បក្សភូមិចៃថៃនឹងអាចទទួលអាសនៈច្រើនជាងនេះ នៅពេលគេរាប់សន្លឹកឆ្នោត ទី២ សម្រាប់អាសនៈចំនួន១០០ទៀតរបស់រដ្ឋសភា។ តាមគម្រោង គណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី ៩មេសា។ បន្ទាប់ពីនោះ សភាមានរយៈពេល១៥ថ្ងៃដើម្បីបោះឆ្នោតជ្រើសរើសប្រធានសភា។ ដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនឹងអាចចាប់ផ្តើម នៅក្នុងនោះ បេក្ខជននាយករដ្ឋមន្រ្តី ត្រូវការសំឡេងគាំទ្រ ច្រើន២៥១។ គណបក្សភូមិចៃថៃ អាចមានជម្រើសច្រើនដើម្បីបង្កើតរដ្ឋាភិបាល ដោយចាប់ដៃជាមួយបក្សភឿថៃ ឬបក្សក្លាថាំ ដែលជាដៃគូ។ អនុប្រធានបក្សភូមិចៃថៃធ្លាប់បង្ហើបថា ចង់ចាប់ដៃគូជាមួយបក្សប្រាឆាឈុន ព្រោះតែគេចូលចិត្តនយោបាយរបស់គណបក្សនេះ ប៉ុន្តែ ភូមិចៃថៃចង់ឲ្យប្រាឆាឈុនលះបង់ចោលមហិច្ឆតាចង់ធ្វើកំណែទម្រង់ដែលប៉ះពាល់ដល់ព្រះរាជបល្ល័ង្កថៃ៕
តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើការដកស្រង់អត្ថបទព័ត៌មានមួយចំនួនរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលជាអត្ថបទទទួលបានអ្នកចាប់អារម្មណ៍ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២៥។
ជំនួបកំពូលហ្សេ២០ ថ្ងៃទី ២២-២៣វិច្ឆិកាឆ្នាំ២០២៥ ប្រព្រឹត្តទៅ ជាលើកទីមួយ នៅលើដែនដីទ្វីបអាហ្វ្រិក។ ប្រទេសអាហ្វ្រិកខាងត្បូង ជាប្រធានផ្លាស់វេនហ្សេ២០ ចង់ឱ្យជំនួបកំពូល ដែលធ្លាប់ជាឱកាសជួបជុំមេដឹកនាំកំពូលៗនៅលើពិភពលោក ក្លាយជាជោគជ័យការទូតនិងពហុភាគីនិយម។ អាកាសធាតុ ហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយ ជាសំណុំរឿងដែលក្រុមហ្សេ២០ត្រូវលើកមកជជែកគ្នាដោះស្រាយ ប៉ុន្តែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានធ្វើពហិការមិនចូលរួមទេ។
តាំងពីបង្កើតឡើងនៅឆ្នាំ១៩៩៩ ហ្សេ២០ ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចខ្លាំងកំពូលគេចំនួន ១៩ នៅលើពិភពលោក ព្រមទាំងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិក បានបើកជំនួបកំពូល ជាលើកទីមួយនៅថ្ងៃសៅរ៍នេះ នៅទ្វីបអាហ្វ្រិក។ ជំនួបកំពូលប្រកបដោយនិម្មិត្តរូបនេះ ក៏ជាការបិទបញ្ចប់វគ្គហ្សេ២០មានប្រធានផ្លាស់វេន ជាក្រុមប្រទេសខាងត្បូងទើបលូតលាស់ខ្លាំង បន្តបន្ទាប់គ្នា៖ ឥណ្ឌូណេស៊ីនៅឆ្នាំ២០២២ ឥណ្ឌា២០២៣ ប្រេស៊ីល២០២៤ និងអាហ្វ្រិកខាងត្បូង២០២៥។ នៅឆ្នាំ២០២៦ ដល់វេនសហរដ្ឋអាមេរិកម្តង។
អាមេរិកធ្វើពហិការជំនួបហ្សេ២០នៅអាហ្វ្រិកខាងត្បូង
ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មិនបានមកចូលរួមជំនួបកំពូលនេះទេ។ លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា (Cyril Ramaphosa) ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានត្រឹមសោកស្តាយចំពោះអវត្តមានរបស់ភាគីអាមេរិក។ លោករ៉ាម៉ាហ្វូហ្សាបានប្រឹងប្រែងប្រើគ្រប់អស់សិល្ប៍វិធី និងល្បិចដើម្បីល្បួងលោកត្រាំឱ្យមកចូលរួមដែរ តែមិនសម្រេច។ នៅទីបំផុតកៅអីសម្រាប់សហរដ្ឋអាមេរិក ក្នុងពិធីប្រគល់ភារកិច្ចបន្តវេនដឹកនាំហ្សេ២០ ត្រូវនៅទំនេរ។ អវត្តមានរបស់អាមេរិក សឱ្យឃើញអំពីភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរ។
មានហេតុផលច្រើន ដែលជំរុញឱ្យអាមេរិកនិងអាហ្វ្រិកខាងត្បូងមើលមុខគ្នាមិនសូវចំ។ ទីមួយ ក្នុងនាមជាប្រទេសគាំទ្រនយោបាយពហុនិយមខ្លាំងដ៏មុះមុត អាហ្វ្រិកខាងត្បូងបានជ្រើសរើសប្រធានបទនៃជំនួបហ្សេ២០នៅអាហ្វ្រិកថា “សាមគ្គីភាព សមភាព និរន្តរភាព”។ សេតវិមានមិនពេញចិត្តពាក្យស្លោកនេះទេ ហើយបានប្រកាសធ្វើពហិការមិនចូលរួមក្នុងជំនួបកំពូលហ្សេ២០តែម្តង។ ម្យ៉ាងទៀត តាំងពីលោកត្រាំត្រលប់មកដឹកនាំសហអាមេរិកជាថ្មី រដ្ឋបាលអាមេរិកបានដៅវាយប្រហារលើរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងរហូត ព្រោះអាហ្វ្រិកខាងត្បូងមានជំហរអព្យាក្រឹត្យ គាំទ្របុព្វហេតុប៉ាឡេស្ទីន ជាមិត្តនឹងអ៊ីរ៉ង់ ហើយមានជម្រើសនយោបាយផ្សេងទៀត ដែលធ្វើឱ្យលោកត្រាំក្តៅក្រហាយ។
ក្រៅពីលោកត្រាំ ប្រធានាធិបតីរុស្ស៊ីដែលជាប់ដីកាអន្តរជាតិ ក៏អវត្តមានដែរ។ ប្រធានាធិបតីចិនស៊ីជីនពីងបានបញ្ជូននាយករដ្ឋមន្ត្រីមកជាតំណាង។
អាហ្វ្រិកខាងត្បូងតាំងជំហរពហុភាគីនិយម
ទោះបីជាលោកត្រាំរបស់អាមេរិកអវត្តមានក៏ដោយ ក៏លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូងមិនចុះញ៉ម មិនបន្ទន់ជំហរ មិនប្តូរកម្មវត្ថុជាអាទិភាពសម្រាប់ជំនួបកំពូលនេះទេ។ លោកបានតាំងចិត្តប្រែក្លាយជំនួបនេះជាជោគជ័យការទូតនិងពហុភាគីនិយម។
ក្រៅអំពីសំណុំរឿងអ៊ុយក្រែន ដែលមិនអាចរំលងបាន ហ្សេ២០អាហ្វ្រិកបានផ្តល់អាទិភាពទីមួយ ទៅលើការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ។ អាហ្វ្រិកខាងត្បូងចង់ប្រមូលហិរញ្ញវត្ថុវិនិយោគថ្មីៗ និងឱ្យបានច្រើនជាងមុន ដើម្បីការពារប្រទេសងាយរងគ្រោះខ្លាំង និងដើម្បីធ្វើអន្តរកម្មថាមពល ជាប្រយោជន៍អាកាសធាតុ។ អាហ្វ្រិកខាងត្បូងមិនត្រូវការខ្ចីលុយបែបធម្មតាទេ តែចង់បានប្រាក់ឧបត្ថម្ភ និងកម្ចីក្នុងអត្រាការប្រាក់ដ៏ទាបបំផុត ទើបពិភពលោកអាចឆ្លងអន្តរកាលប្រកបដោយសមធម៌បាន។
បំណុលរបស់ក្រុមប្រទេសចាប់លូតលាស់ ជាអាទិភាពមួយទៀតដែលត្រូវពិភាក្សាដោះស្រាយដែរ។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានលើកសំណើសុំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិលក់មាសក្នុងស្តុកខ្លះដើម្បីជួយដោះបំណុលប្រទេសក្រីក្រមានចំណូលទាប។ អាទិភាពចុងក្រោយ គឺរ៉ែ ដែលជានិមិត្តរូបនៃ សេដ្ឋកិច្ចអាហ្វ្រិក ត្រូវតែការពារសុវត្ថិភាពផលិកម្មនិងការកែច្នៃក្នុងស្រុក។ សំណុំរឿងសំខាន់មួយទៀតដែលកំពុងពិភាក្សាដែរ គឺវិសមភាពធនធាន នៅលើពិភពលោក។ វិសមភាពធនធានជាវិបត្តិដែលគំរាមកំហែងលទ្ធិប្រជាធិបតេយ្យ និងភាពស្រុះស្រួលក្នុងសង្គម។ សម្រាប់ប្រេតូរីយ៉ា វិបត្តិនេះត្រូវគិតគូរដោះស្រាយ ជាបន្ទាន់ដូចបញ្ហាអាកាសធាតុដែរ។ លោករ៉ាម៉ាហ្វូហ្សា ចង់បានកិច្ចព្រមព្រៀងមួយដ៏រឹងមាំ និងអាចសម្រេចបានក្នុងភាពជាក់ស្តែង ដោយរំពឹងលើសម្ព័ន្ធមិត្តហ្សេ២០អឺរ៉ុប មានជាអាទិ៍បារាំង អាល្លឺម៉ង់ អ៊ីតាលីនិងអង់គ្លេស ដែលគាំទ្រជំហរនយោបាយពហុនិយម។ ប្រធានាធិបតីបារាំង ប្រមុខសហភាពអឺរ៉ុប សុទ្ធតែបង្ហាញវត្តមាននៅអាហ្វ្រិកខាងត្បូងទាំងអស់គ្នា។
ចេញសេចក្តីថ្លែងការណ៍រួមហ្សេ២០មានទម្រង់យ៉ាងណា?
ជំនួបកំពូលហ្សេ២០ត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យទី២៣វិច្ឆិកាស្អែក។ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង រ៉ាម៉ាហ្វូហ្សា សង្ឃឹមថានឹងអាចអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារកំណត់កម្មវិធីថ្មីនិងមានចីរភាពសម្រាប់ពិភពលោក ជាពិសេសសម្រាប់ហ្សេ២០។
គម្រោងសេចក្តីថ្លែងការណ៍រួម ត្រូវបានកែសម្រួលម្តងជាពីរដង និងបានប្រគល់ជូនមេដឹកនាំប្រទេសហ្សេ២០ហើយ គ្រាន់តែពុំទាន់ទម្លាយឱ្យដឹងអំពី ខ្លឹមសារលម្អិតថាតើសេចក្តីថ្លែងការណ៍នេះមានមហិច្ឆតាធំយ៉ាងណាតែប៉ុណ្ណោះ។
ប៉ុន្តែសហរដ្ឋអាមេរិកបានប្រឆាំងនឹងគម្រោងសេចក្តីថ្លែងការណ៍រួមចុងក្រោយ រួចហើយដោយអះអាងថាអាមេរិកមិនមកចូលរួមក្នុងជំនួបដែលមានអាទិភាពផ្ទុយនឹងនយោបាយរបស់វ៉ាស៊ីនតោន។ ជាជំនួបប្រឆាំងអាមេរិក។ រដ្ឋបាលលោកត្រាំ នឹងរឹតបន្តឹងហ្សេ២០ ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅពេលអាមេរិកក្លាយជាប្រធានផ្លាស់វេនហ្សេ២០នៅឆ្នាំ២០២៦។ ជំនួបកំពូលហ្សេ២០លើកក្រោយ នឹងប្រព្រឹត្តទៅនៅក្រុងមីអាមី ក្នុងទីលានវាយកូនហ្កោលរបស់ត្រកូលត្រាំ៕
១៣វិច្ឆិកា២០១៥-១៣វិច្ឆិកា២០២៥ ថ្ងៃនេះជាគម្រប់ខួប១០ឆ្នាំ នៃភេរវកម្មដ៏មហាធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសបារាំង។ ភេរវកម្មបានផ្តាច់ជីវិតមនុស្សអស់១៣២នាក់ និងរបួសជាង៣៥០នាក់។ នាឱកាសនេះ បារាំងសូមរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ថ្នាក់ជាតិ ដោយសម្ពោធ “សួននៃការចងចាំ” នៅកណ្តាលក្រុងប៉ារីស។
ថ្ងៃនេះ ជាគម្រប់ខួប១០ឆ្នាំគត់ នៃភេរវកម្មថ្ងៃទី១៣វិច្ឆិកា២០១៥ ដែលប្រទេសបារាំងទាំងមូលមិនអាចបំភ្លេចបាន។ ភេរវកម្មបានផ្តាច់ជីវិតមនុស្សអស់១៣២នាក់ និងរបួសជាង៣៥០នាក់។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើដំណើរទៅដាក់កម្រងផ្កានៅកន្លែងរងភេរវកម្ម ទាំងបី មុននឹងផ្តើមកម្មវិធីសម្ពោធ “សួននៃការចងចាំ” នៅកណ្តាលក្រុងប៉ារីស។ “សួននៃការចងចាំ” មានទីតាំងនៅក្រោយសាលាក្រុងប៉ារីស ត្រង់កន្លែងដែលប្រជាពលរដ្ឋបានមកប្រជុំគ្នា ដោយឥតព្រាងទុក ដាក់ ផ្កា អុជទៀន និងសាររំលែកទុក្ខនានា ក្រោយថ្ងៃរងភេរវកម្មរួចភ្លាម។
ពិធីរំឭកខួបប្រព្រឹត្តទៅក្រោមប្រធានបទ រួបរួមគ្នា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដើម្បីជាកម្លាំងសាធារណរដ្ឋ និងដើម្បីការពារវប្បធម៌។ ភេរវជនមិនអាចយកឈ្នះសេរីភាពបានទេ។ កម្មវិធីរំឭកខួបនេះមានចាក់ផ្សាយបន្តផ្ទាល់តែម្តងតាមកញ្ចក់ទូរទស្សន៍ និងអេក្រង់យក្សនៅទីលានRépublique។ តួអេហ្វែលតំណាងប្រទេសបារាំងក៏បានប្រែពណ៌លម្អ ខៀវសក្រហម ជាពណ៌ទង់ជាតិបារាំងដែរ។
បើតាមការស្ទង់មតិ ពលរដ្ឋនៅក្រុងប៉ារីស៦០% ចងចាំយ៉ាងច្បាស់ ហេតុការណ៍ភេរវកម្មនោះ។ ដើម្បីការចងចាំ បារាំងនឹងមានសារមន្ទីរនៃការចងចាំភេរវកម្ម ដែលនឹងបើកសម្ពោធនៅរវាងឆ្នាំ២០២៩ ឬ២០៣០។
យប់ថ្ងៃទី ១៣វិច្ឆិកា២០១៥
នៅយប់ថ្ងៃទី១៣វិច្ឆិកា២០១៥ ភេរវជនដែលមានបីក្រុម។ មួយជាក្រុមអត្តឃាតជនបំពាក់ពេញខ្លួនទៅដោយខ្សែក្រវ៉ាត់គ្រាប់បែក បានទៅបំផ្ទុះនៅពហុកីឡដ្ឋានជាតិបារាំង ដែលកំពុងមានកម្មវិធីប្រកួតកីឡាបាល់ទាត់ ហើយប្រធានាធិបតីបារាំងកាលណោះគឺលោក ហ្វ្រង់ស័រហូឡង់ កំពុងចូលរួមទស្សនាផង។
ក្រុមទីពីរ បានទៅធ្វើសកម្មភាពនៅសាលប្រគុំតន្ត្រីបាតាក្លង់។ ភេរវជនមានគ្នាបីឬបួននាក់មានពាក់ខ្សែក្រវ៉ាត់គ្រាប់បែក និងកាន់កាំភ្លើងអាកាគ្រប់ដៃ។ ចំណែកក្រុមទីបី មានគ្នាពីរឬបីនាក់ដែរ ក្នុងនោះម្នាក់ជាមេក្លោងមានឈ្មោះ Salah Abdeslam គឺក្រុមបាញ់ប្រហារសម្លាប់មនុស្ស តាមបណ្តោយផ្លូវ ដោយបាញ់លើភោជនីយដ្ឋាន និង ហាងកាហ្វេ ជាបន្តបន្ទាប់ មានជាអាទិ៍ភោជនីដ្ឋានខ្មែរ Le petit Cambodge, Le Carillon, La bonne Bière, Le comptoir Voltaire, La Belle Equipe។ ភ្នាក់ងារបារាំងបានកម្ចាត់ភេរវជនដៃដល់ទាំងអស់លើកលែងតែមេកើយម្នាក់ដែលរត់គេចខ្លួនបាន ក្នុងពេលកើតហេតុ។ អត្តឃាតជនទាំងនោះ ខ្លះជាភេរវជនដែលបន្លំខ្លួនចូលមកអឺរ៉ុប តាមរយៈលំហូរអន្តោប្រវេសន៍។ ក្រុមអង្គការរដ្ឋអ៊ីស្លាមបានប្រកាសទទួលស្គាល់ថាជាអ្នកនៅពីក្រោយភេរវកម្មទាំងបីកន្លែងនៅក្រុងប៉ារីស ក្រោមហេតុផលថាបារាំងបានជេរប្រមាថព្រះក្នុងសាសនាអ៊ីស្លាម។
មេដឹកនាំធ្វើភេរវកម្ម Salah Abdeslam ដែលមានកំណើតនៅក្រុងព្រុចសែល ប្រទេសបែលហ្សិក និងដែលប៉ូលិសចាប់ខ្លួនបាន នៅប៉ុន្មានថ្ងៃក្រោយ ត្រូវបានតុលាការបារាំងកាត់ទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយមិនអាចកែសម្រួលបាន នៅប្រទេសបារាំង។ មុនថ្ងៃខួប១០ឆ្នាំបន្តិច មេធាវីរបស់សាឡា អាប់ដេស្លាម អះអាងថា ភេរវជនចង់ជួបជាមួយគ្រួសារជនរងគ្រោះ ដើម្បីបកស្រាយនិងផ្សះផ្សា។ ក្រុមគ្រួសារជនរងគ្រោះខ្លះត្រៀមលក្ខណៈចូលចរចាក្នុងសំណុំបែបបទសុំជួបនេះ។
១០ឆ្នាំក្រោយ តើបារាំងមានស្ថានភាពយ៉ាងណាដែរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ?
១០ឆ្នាំ ក្រោយមហាភេរវកម្ម បារាំងមានសមត្ថភាពប្រសើរជាងមុនក្នុងការប្រយុទ្ធប្រឆាំងនឹងទង្វើភេរវកម្ម។ ប៉ុន្តែការគំរាមកំហែងភេរវកម្មនៅតែខ្ពស់ខ្លាំងដដែល គ្រាន់តែក្នុងទម្រង់ខុសកាលពី ១០ឆ្នាំ។ គ្មានទេហានិភ័យសូន្យ តែភេរវកម្មទ្រង់ទ្រាយធំដូចថ្ងៃទី១៣វិច្ឆិកា២០១៥ ទំនងជាមិនអាចកើតមានបានទៀតទេ។ បើតាមរដ្ឋអាជ្ញាបារាំងក៏ដូចជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបច្ចុប្បន្ន ការគំរាមកំហែងភេរវកម្មនៅបារាំងបានវិវឌ្ឍទៅតាមពេលវេលា និងមានទម្រង់ជាភេរវកម្មជីហាត បានន័យភេរវជនបញ្ចេញសកម្មភាពទោល ដាច់ដោយឡែកមួយៗ និងជាក្រុមភេរវជនស្វយ័តកកើតឡើងក្នុងស្រុក។ ជាដង្កូវចេញពីសាច់ ដែលផ្តាច់ខ្លួនទៅធ្វើជាជនជីហាតអ៊ីស្លាមជ្រុលនិយម។ ភេរវជនគ្មានចំណងជាមួយអង្គការភេរវនិយមទេ តែបានភ្ជាប់ខ្លួនទៅនឹងមនោគមវិជ្ជាភេរវនិយម។ បច្ចុប្បន្ននេះ អង្គការរដ្ឋអ៊ីស្លាម និងអាល់កៃដា នៅតែជាអង្គការភេរវនិយមធំចម្បងពីររបស់ពិភពលោក។
អង្គការរដ្ឋអ៊ីស្លាម ដែលជាអ្នកនៅពីក្រោយភេរវកម្មក្រុងប៉ារីសថ្ងៃទី១៣វិច្ឆិកា២០១៥ ថ្វីបើបានបរាជ័យបាត់បង់ដែនដីក៏ដោយ ក៏នៅតែមានសមត្ថភាពធ្វើប្រតិបត្តិការ និងសកម្មភាពឡើងវិញបានដែរ។ បើតាមសារព័ត៌មានប៊ែលហ្សិក ក្រុមអង្គការរដ្ឋអ៊ីស្លាម បានសម្របការឃោសនាផ្សព្វផ្សាយមនោគមន៍ភេរវនិយម តាមបណ្តាញសង្គម តាមសារកូដសម្ងាត់ បញ្ញាសិប្បនិម្មិត ... អ៊ីចឹងហើយបានជាអង្គការនេះនៅតែជាតំណាងនៃការគំរាមកំហែងភេរវកម្មនៅអឺរ៉ុប និង សហរដ្ឋអាមេរិក៕
ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។
នៅថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ គ្រប់ចក្ខុកំពុងសំឡឹងទៅប្រទេសកូរ៉េខាងត្បូង មិនមែនព្រោះមានជំនួបកំពូល APEC មួយមុខទេ តែក៏ដើម្បីតាមដានព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌអាប៉ិច ពិសេសជាងគេមួយ គឺជំនួបរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងសមភាគីចិន លោក ស៊ីជីនពីង។ មេដឹកនាំមហាអំណាចទាំងពីរនេះអាក់ខាន មិនបានជួបគ្នាដោយផ្ទាល់អស់៦ឆ្នាំ និងទើបបានចាប់ដៃគ្នាជាថ្មីនៅថ្ងៃនេះម្តងទៀត នៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែជាកត់សម្គាល់សម្រាប់ជំនួបលើកនេះ បានប្រព្រឹត្តទៅនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ដំឡើងពន្ធគយដ៏ខ្លាំងក្លាដែលរញ្ជួយដល់ពិភពលោកទាំងមូល។
កិច្ចសន្ទនារវាងលោកត្រាំ និងលោកស៊ីជីនពីងមានរយៈពេល១ម៉ោង និង៤០នាទី។ ជជែកគ្នាចប់ភ្លាម លោកត្រាំឡើងយន្តហោះត្រឡប់ទៅវ៉ាស៊ីនតោនភ្លាម ដោយប្រកាសគ្រោងបំពេញទស្សនកិច្ចនៅចិននាខែមេសា ឆ្នាំ ២០២៦ តែគ្មានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់អំពីលទ្ធផលនៃការចរចាជិត ២ម៉ោងនោះទេ។
សំណុំរឿងពន្ធគយ រ៉ែកម្រ និងគ្រឿងញៀន
ប៉ុន្តែពីលើយន្តហោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសចាត់ទុកជំនួបជាមួយសមភាគីដ៏ប៉ិនប្រសព្វផ្នែកចរចា ស៊ីជីនពីង ថាជាជោគជ័យដ៏ធំធេងខ្លាំងណាស់ ដោយបានរកឃើញកិច្ចព្រមព្រៀងជាច្រើនចំណុច។
ទីមួយ គឺការរកឃើញកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំក្នុងសំណុំរឿងផ្គត់ផ្គង់រ៉ែកម្រ។ គ្រប់គ្រងទីផ្សាររ៉ែក្រមស្ទើរដាច់មុខតែម្នាក់ឯង ចិនបានព្រមព្រៀងផ្អាកវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្ររយៈពេលមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកត្រាំ ហើយភាគីចិន ក៏បានបញ្ជាក់តាមក្រោយ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម ដោយលម្អិតថា ចិនផ្អាកវិធានការត្រួតពិនិត្យការនាំចេញរ៉ែកម្រមួយឆ្នាំ ហើយសិក្សា និងសម្រេចសម្រួចផែនការជាពិសេសនេះឡើងវិញ។ សូមរំឭកថា ដោយហេតុតែវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រចេញថ្ងៃទី៩តុលានេះហើយទើបអាមេរិករបស់លោកត្រាំផ្ទុះកំហឹង ស្រែកដំឡើងពន្ធគយលើគ្រប់ផលិតផលដល់១០០% ចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២៥ ទៅ។
ឥលូវមានកិច្ចព្រមព្រៀង ផលិតផលចិននឹងត្រូវជាប់រនាំងពន្ធត្រឹម៤៧%ប៉ុណ្ណោះ។ ជាថ្នូរមកវិញ លោកស៊ីជីនពីងបានយល់ព្រមចាត់វិធានការទប់ស្កាត់លំហូរគ្រឿងញៀន Fentanyl ថ្នាំញៀនដ៏គ្រោះថ្នាក់ដល់ជីវិតដែលផលិតនៅចិន តែបានសម្លាប់ពលរដ្ឋអាមេរិករាប់ពាន់នាក់។ ជាងនេះទៅទៀត បើតាមលោកដូណាល់ត្រាំដដែល ចិននឹងទិញគ្រាប់ធញ្ញជាតិសណ្តែក ព្រមទាំងផលិតផលកសិកម្មជាច្រើនទៀតពីអាមេរិកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងបញ្ជាក់នៅពេលក្រោយ ហើយការចុះហត្ថលេខានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ព្រោះប្រធានាធិបតីទាំងពីរបានជំនះឧបសគ្គធំៗជិតអស់ហើយ។ នៅសល់តែសំណុំរឿងសឺមឺកុងឌុចទ័រដែលទំនងមិនទាន់ជ្រះស្រឡះ។
កិច្ចព្រមព្រៀងនេះបានបន្ធូរបន្ថយសម្ពាធតានតឹងខ្លះ តែមិនអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងយុទ្ធសាស្ត្រឱ្យដល់ឫសគល់បានទេ។ លោកត្រាំនៅតែសំឡក់ចិនដែលកំពុងចងសម្ព័ន្ធជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចចាប់លូតលាស់ខ្លាំង និងជាមួយរុស្ស៊ី។
សំណុំរឿងអ៊ុយក្រែន និងតៃវ៉ាន់
ក្នុងសំណុំរឿងនយោបាយ និងអន្តរជាតិ លោកត្រាំថា មិនបានជជែកអំពីបញ្ហាតៃវ៉ាន់ទេ។ តែសមភាគីទាំងពីរ បានពិភាក្សាគ្នាច្រើនក្នុងសំណុំរឿងអ៊ុយក្រែន។ ប៉េកាំងបានប្រកាសជំហរអព្យាក្រឹត្យក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន តែចិនមិនដែលថ្កោលទោសទង្វើឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទេ។ ពេលនេះ និងបើតាមសំដីលោកត្រាំដដែល ចិន និងអាមេរិកបានព្រមព្រៀងធ្វើការរួមគ្នា។
លោកស៊ីជីនពីងថានឹងជួយអាមេរិកធ្វើការជាមួយអាមេរិក ក្រែងអាចសម្រេចការណ៍បានខ្លះ។ តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកជាថ្មី លោកត្រាំបានសាកល្បងជាបឋម និយាយល្អជាមួយប្រធានាធិបតីរុស្ស៊ីពូទីន តែគ្មានបានផល ក៏ងាកទៅប្រើធម៌សំឡុត និងចាប់ផ្តើមផ្តល់ជំនួយអាវុធយុទ្ធភ័ណ្ឌឱ្យអ៊ុយក្រែន។ ស្នៀតគំរាមដំឡើងសាច់ដុំ ក៏បានបញ្ចេញជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី ៣០តុលានេះ។ នៅមុនជំនួបជាមួយលោកស៊ីជីនពីង លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចេញបញ្ជាឱ្យក្រសួងការពារជាតិអាមេរិកចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីអាក់ខានអស់៣០ឆ្នាំ។
ក្នុងផ្នែកអាវុធនុយក្លេអ៊ែរ អាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ រុស្ស៊ីលេខ ២ ចិនលេខ ៣ តែចិនសង្ឃឹមរត់តាមឱ្យទាន់គេឯងនៅរវាង៥ឆ្នាំទៀតយ៉ាងយូរ៕
From the publisher's feed

108 Listeners

0 Listeners

0 Listeners

0 Listeners

0 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

0 Listeners