ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកពូទីន​ឆ្លើយ​ថា មិនជំទាស់​នឹង​បទឈប់បាញ់​​៣០ថ្ងៃ​ទេ តែត្រូវតែ​និយាយ​​លក្ខខណ្ឌលម្អិតសិន


Listen Later

២ថ្ងៃបន្ទាប់ពីអ៊ុយក្រែន​បានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការ​ប្រយុទ្ធបណ្តោះអាសន្ន​៣០ថ្ងៃដើម្បីបើក​ផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុត​​លោកពូទីន​បាន​ឆ្លើយ​ហើយ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៣មីនា។​ លោកពូទីនឆ្លើយ​ថា លោក​មិន​ជំទាស់នឹង​ការ​ផ្អាកការប្រយុទ្ធបណ្តោះអាសន្ន​នេះទេ តែ​ត្រូវតែកំណត់លក្ខខណ្ឌឲ្យ​បានច្បាស់ជាមុនសិន​។​ តើចម្លើយ​របស់​លោកពូទីន​ ដែល​ថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យ​ធាតុពិតទៅ ជាចម្លើយ​បដិសេធនឹងសំណើររបស់ភាគីអាមេរិក​ឬយ៉ាងណា?​

ចម្លើយដែលលាក់បំពួនដោយ​ពាក្យបដិសេធ​

នៅទីបំផុត លោក​ពូទីន​បានឆ្លើយ​ហើយ ចំពោះ​សំណើរបស់អាមេរិក​ឲ្យ​មានបទឈប់បាញ់បណ្តោះអាសន្ន​៣០ថ្ងៃ​។ តែចម្លើយរបស់ពូទីន វាហាក់ដូចជាមិនច្បាស់លាស់ទាល់តែសោះ​ យល់ព្រមក៏មិនច្បាស់ បដិសេធក៏មិនច្បាស់។ ដូចយើងបានដឹងហើយ កាលពីថ្ងៃទី​១១មីនា រដ្ឋមន្ត្រីការបរទេសអាមេរិក​និងអ៊ុយក្រែន បានជួបប្រជុំគ្នា​នៅ​ទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាលទ្ធផល​នៃការប្រជុំនេះ គឺ​អ៊ុយក្រែន​បានសុខចិត្ត ធ្វើតាម​ការ​ស្នើរបស់ភាគីអាមេរិក ថា​ផ្អាកការប្រយុទ្ធ​បណ្តោះអាសន្ន​៣០ថ្ងៃ​ ដើម្បីឈានទៅបើកផ្លូវចរចា​ជាមួយរុស្ស៊ី​។​

ភាគីអាមេរិក​ក៏បានបញ្ជូន​តំណាងម្នាក់ទៅម៉ូស្គូភ្លាម ដើម្បី​ប្រាប់ដំណឹងនេះទៅកាន់ភាគីរុស្ស៊ី ហើយ​ឲ្យ​រុស្ស៊ីឆ្លើយ​ថាព្រមឬមិនព្រម។ គ្រាន់តែ​លោក Steve Witkoff ប្រេសិតរបស់​លោកដូណាល់ ត្រាំ ចុះពីយន្តហោះបានប៉ុន្មានម៉ោង មិនទាន់ទាំងបានជួប​តំណាងណាម្នាក់នៃ​វិមានក្រេមឡាំងផង ស្រាប់តែលោក​ពូទីនបានធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី​១៣មីនា​​ ហើយឆ្លើយថា លោក​មិនជំទាស់ទេនឹង​បទឈប់បាញ់បណ្តោះអាសន្ន តែត្រូវតែពិនិត្យ​មើលលក្ខខណ្ឌ​ឲ្យ​បានច្បាស់លាស់សិន។ លោក​ពូទីនបន្ថែមទៀតថា លោកចង់ទូរស័ព្ទ​និយាយរឿងនេះ ជាមួយ​នឹងលោកដូណាល់ ត្រាំឲ្យបានច្បាស់លាស់។

ពីសេតវិមានក្នុងពេលទទួលជួប​លោក​អគ្គលេខាធិការអង្គការអូតង់ Mark Rutt លោក​ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា ចម្លើយរបស់លោកពូទីននេះ មានលក្ខណៈគួរឲ្យសង្ឃឹម តែជាចម្លើយដែល​មិនទាន់គ្រប់គ្រាន់ពេញលេញទេ។ លោក​ត្រាំបានបន្ថែមទៀតដែរ ប្រសិន​បើរុស្ស៊ីបដិសេធមិនព្រមទទួលយកបទឈប់បាញ់បណ្តោះអាសន្ន នោះជារឿងមួយគួ​រ​ឲ្យ​ខកចិត្តខ្លាំងណាស់សម្រាប់ពិភពលោក​។

នៅព្រឹកថ្ងៃសុក្រទី​១៤មីនា​​ វិមានក្រេមឡាំងបាន​ឲ្យដឹងថា កាលពីល្ងាចម្សិលមិញ លោក​ពូទីនផ្ញើសារលិខិត​ទៅកាន់ដូណាល់ ត្រាំតាមរយៈលោក​ប្រេសិត Steve Witkoff ហើយ។ ភាគីទាំងសងខាង​នឹង​កំណត់ពេលវេលា ដើម្បី​រៀបចំការ​ជួប​​និយាយជជែកគ្នា រវាងប្រធានាធិបតីទាំង២។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក​ ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង​។

លក្ខខណ្ឌដដែល ដែល​​​លោកពូទីនទាមទារយូរមកហើយ​

ក្នុងពេលធ្វើសន្និសីទកាសែត ដែល​មានលោក​លូកាឆិនកូ ប្រធានធិបតី​បេឡារុសអង្គុយក្បែរ លោក​ពូទីន​បានលើកឡើងថា មាន​​ចំណុចជាច្រើន​ដែលត្រូវតែនិយាយគ្នាឲ្យ​បានដាច់ស្រលះមុនសិន​ មុននឹងមាន​បទឈប់បាញ់​បណ្តោះអាសន្ន​។ លោក​បន្តថា លោក​មិនជំទាស់ទេ រឿងបទឈប់បាញ់បណ្តោះអាសន្ន ក៏ប៉ុន្តែសម្រាប់រុស្ស៊ីបទឈប់បាញ់​នេះ ត្រូវតែនាំទៅកាន់សន្តិភាពយូរអង្វែង ហើយត្រូវតែដោះស្រាយ​ឲ្យ​ជ្រះស្រលះ នូវមូលហេតុស៊ីជម្រៅទាំងអស់ ដែលនាំឲ្យ​កើតមានវិបត្តិនេះ​។

គឺឃ្លាចុងក្រោយនេះហើយ​ដែលលោក​ពូទីនចង់​បានន័យថា​ ត្រូវតែធ្វើតាម​អ្វីដែល​គាត់ទាមទារចង់បាន តាំងតែ​ពីមុននិងក្រោយ​ពេល​​ផ្ទុះ​សង្គ្រាមភ្លាមៗ​​។ នៅក្នុងជម្រៅខួរក្បាលរបស់​លោកពូទីន មូលហេតុដែល​នាំឲ្យ​កើតវិបត្តិ ដែល​នាំឲ្យ​រុស្ស៊ីបើកប្រតិបត្តិការយោធា​​ចូលទៅអ៊ុយក្រែន គឺ​ព្រោះតែ​អ៊ុយក្រែន អឺរ៉ុប និង​អូតង់ ​រករឿងគំរាមសន្តិសុខ​រុស្ស៊ី​។ ដូច្នេះ ដើម្បី​​ដោះស្រាយបញ្ហានេះឲ្យជ្រះស្រលះ អ្វីដែលលោកពូទីន​ទាមទារ គឺ​ទី​មួយ​អ៊ុយក្រែនត្រូវតែ​ក្លាយ​ជាប្រទេសអព្យាក្រិត្យ ​ហាមចូលបក្សសម្ព័ន្ធលោក​ខាងលិចណាទាំងអស់ ​មិន​ថាចូលសហភាពអឺរ៉ុប ឬចូល​អូតង់។ បន្ទាប់មកទៀត អ៊ុយក្រែនត្រូវតែសុខចិត្តកាត់ទឹកដី​តំបន់ទាំង​៤ ដែល​រុស្ស៊ីគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ បូកថែមទាំងតំបន់គ្រីម៉េមួយទៀត ដែលរុស្ស៊ីចូលទៅកាន់កាប់កាលពីឆ្នាំ​២០១៤។

មិនត្រឹមប៉ុណ្ណោះទេ លោកពូទីនធ្លាប់បាន​ទាមទារទៀត ថាត្រូវតែប្តូររបបនយោបាយ​នៅអ៊ុយក្រែន​ចោល។ វា​មានន័យថា លោកពូទីនមិនចង់​ឃើញអ៊ុយក្រែនកាន់លទ្ធិប្រជាធិបតេយ្យសេរីទេ។ អ្វីដែល​លោកពូទីនចង់បានជាយូរមកហើយនោះ គឺចង់ឲ្យ​អ៊ុយក្រែនមានរដ្ឋាភិបាលទន់ខ្សោយ​មួយ ចាំតែធ្វើតាម​ខ្សែញាក់របស់ម៉ូស្គូ ដូច​រដ្ឋាភិបាលបេឡារុសរាស់ថ្ងៃនេះ ទើបលោកពូទីនស្ងប់ចិត្ត​។

យ៉ាងណាមិញ លោក​ Iouri Ouchakov ទីប្រឹក្សាការទូតរបស់​លោកពូទីន បានបញ្ជាក់ហើយ ថារុស្ស៊ីបាន​ប្រាប់ទៅភាគីអាមេរិក​ នូវ​គោលជំហរទាមទារទាំងអស់នេះ​ នៅរៀងរាល់លើក ឲ្យតែមានការនិយាយទាក់ទងគ្នា រវាងម៉ូស្គូនិងវ៉ាស៊ីនតោន​។ មន្ត្រីរុស្ស៊ីរូបនេះ បានលើកឡើងទៀតថា ការធ្វើបទបាញ់បណ្តោះអាសន្នមិនត្រូវធ្វើដោយតក់ក្រហល់ឡើយ ហើយជាងនេះទៀត ការស្រុះស្រួលគ្នារវាងអាមេរិកនិងអ៊ុយក្រែនក្នុងពេលប្រជុំនៅចេដដា​ គឺមិនបានគិតគូរដល់​ប្រយោជន៍របស់រុស្ស៊ីទាល់តែសោះ​។

កេងចំណេញពេលវេលា ព្រោះរុស្ស៊ីកំពុងមានប្រៀប​លើ​សមរភូមិ​

បើយើងក្រឡេកទៅមើលលើសមរភូមិ យើងឃើញថា កងទ័ពរុស្ស៊ីកំពុងតែមានប្រៀបខ្លាំងណាស់។ វត្តមានរបស់លោកពូទីន​នៅ​តំបន់ Koursk កាលពីថ្ងៃពុធ១២មីនា​​ ​ក្នុងសម្លៀកបំពាក់ទាហាន បានបញ្ជាក់យ៉ាងច្បាស់ អំពីចេតនាបន្តធ្វើសង្គ្រាមរបស់​រុស្ស៊ី។ អំឡុងពេលនេះ រុស្ស៊ីកំពុងតែមានប្រៀប បានជោគជ័យច្រើនរុលកាន់តែជ្រៅ ដូច្នេះរឿងអីត្រូវផ្អាកការប្រយុទ្ធ​។ លោកពូទីនបានអះអាងថា រុស្ស៊ីនឹងបន្តវាយ​ប្រយុទ្ធដើម្បីរំដោះតំបន់នេះ​មកវិញ​ឲ្យ​បាន​។ យ៉ាងណា​មិញ លោក​ពូទីន​បាននិយាយ​ទទួលស្គាល់រួចហើយ ថារឿងចុះបទឈប់បាញ់ទៅថ្ងៃអនាគត គឺវាអាស្រ័​យ​លើលទ្ធផលជ័យជំនះរបស់កងទ័ពរុស្ស៊ីនៅតំបន់កួកស៍​នេះ​។​

ដូចយើងបាន​ដឹងកន្លងមកហើយ អ៊ុយក្រែនបានវាយ​ចូលតំបន់នេះរបស់រុស្ស៊ី ដើម្បីគ្រប់គ្រង ហើយ​យក​វាជា​សន្លឹកបៀរ​ទុកដូរជាមួយដែនដីអ៊ុយក្រែន​​ នៅពេលណាមានការចរចា​សន្តិភាព​។ តែក្តីសង្ឃឹមនេះកំពុងតែរលាយហើយ សម្រាប់អ៊ុយក្រែននាពេលនេះ​ ព្រោះកងទ័ពអ៊ុយក្រែនកំពុងតែវាយដកថយជាបន្តបន្ទាប់ អាចនឹចចាកចេញពីតំបន់នេះទាំងស្រុងតែម្តង។ បរាជ័យរបស់កងទ័ពអ៊ុយក្រែននេះ គឺដោយសារ​តែ​ប៉ុន្មានថ្ងៃមកនេះ កងទ័ព​​អាមេរិកបានបិទ​លែងផ្តល់ព័ត៌មានកងទ័ព​ឲ្យអ៊ុយក្រែន​​។

អ្នកវិភាគជាច្រើនកំពុងសំឡឹងឃើញថា នៅពីក្រោយសំដី​ចាក់ខ្សែរបស់​លោកពូទីននេះ គឺធាតុពិតរុស្ស៊ីកំពុងតែកេងចំណេញពេលវេលា ព្រោះថារុស្ស៊ី​គ្មានរងសំពាធអ្វីទាំងអស់។ នៅសមរភូមិក៏គ្មាន​សំពាធគឺមានតែជោគជ័យ ហើយបើផ្នែកការទូតជាមួយសហរដ្ឋអាមេរិក​វិញក៏គ្មានសំពាធដែរ។ តាមរយៈសំដីថាមិនជំទាស់តែត្រូវមានមានលក្ខខណ្ឌដែលរុស្ស៊ីជាអ្នកដាក់នេះ គឺវាមានន័យដោយ​ប្រយោលថា​ លោកពូទីន​មិនល្ងង់ធ្វើតាមលោកដូណាល់ ត្រាំទាំងស្រុងនោះទេ ថ្វីបើញញឹមញញែមចាប់ដៃ​គ្នាមែន។ ពោលគឺលោកពូទីននឹងដើរទៅមុខដោយរឹងមាំ គោរពតាមកម្មវត្ថុដែលចង់បាន​តាំងតែពីតំបូង​។ ផ្ទុយទៅវិញអ៊ុយក្រែនទេ ដែលរងសំពាធពីលោកដូណាល់ ត្រាំ ហើយត្រូវតែធ្វើតាម​គ្រប់ម៉ាត់​ព្រោះអ៊ុយក្រែនពឹងលើ​ជំនួយយោធា​របស់អាមេរិក​។

ប្រតិកម្មនឹងចម្លើយរបស់​លោក​ពូទីននេះ លោក​ហ្សេឡេនស្គីថា បានលើកឡើងថា មិនមានអ្វីភ្ញាក់ផ្អើលទេ ពោលគឺលោកពូទីនកំពុងតែលេងល្បិចស្នៀតដដែល ដើ​ម្បីបន្តធ្វើសង្គ្រាម​សម្លាប់ប្រជាជនអ៊ុយក្រែន​។ លោកហ្សេឡេនស្គី អះអាងទៀតថា លោកពូទីន​មិនចង់ឆ្លើយ​បដិសេធ​ត្រង់ៗទៅលោកដូណាល់ ត្រាំ ទេ បានជា​និយាយ​ថាមិនជំទាស់តែត្រូវមានលក្ខខណ្ឌបែបនេះ ទាំងដែលដឹងថា វានឹងធ្វើឲ្យជាប់គាំង សង្គ្រាមបន្តអូសបន្លាយ​យូរអង្វែង​។​

សម្រាប់ពេលនេះ អ្នកវិភាគតាមដាន​ កំពុងចោទសួរ​​ថាតើ លោក​ដូណាល់ ត្រាំ នឹងអត់ទ្រាំ​ដល់ពេលណា ជាមួយនឹងគោលជំហររឹងរូសរបស់លោកពូទីន។ ចូរកុំភ្លេចថា លោកដូណាល់ ត្រាំ ចង់ឲ្យមានបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាព ឲ្យបាន​ឆាប់បំផុត​​ ដើម្បីយកទៅអួតប្រាប់ពិភពលោក។ លោកដូណាល់ ត្រាំ បាន​ដាក់ក្តីសង្ឃឹម ថាគាត់ប្រហែលជាអាច​ពានរង្វាន់​ណូបែលសន្តិភាពថែមទៀតផង ដោយសារតែអាចបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន​៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
6 Minute English by BBC Radio

6 Minute English

1,814 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

32 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Lords of Death by Tenderfoot TV & Audacy

Lords of Death

527 Listeners