
Sign up to save your podcasts
Or


ក្នុងមួយឆ្នាំៗ មានមនុស្សរាប់លាននាក់ រត់រកពេទ្យដើម្បីពិគ្រោះជំងឺគ្រុនផ្តាសាយ។ មិនមែនជាជំងឺធ្ងន់មែន ប៉ុន្តែផ្តាសាយបានឆក់យកជីវីតមនុស្សអស់ច្រើននាក់ណាស់ក្នុងមួយឆ្នាំៗ ជាពិសេសនៅតាមបណ្តាប្រទេសត្រជាក់ដូចយ៉ាងបារាំង។ តើផ្តាសាយជាជំងឺរបស់ស្រុកត្រជាក់ឬ? ហើយហេតុអ្វីបានជាគេត្រូវចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ បើចង់គេចពីជំងឺផ្តាសាយ?
ផ្តាសាយជាជំងឺឆ្លងដែលបង្កឡើងដោយវីរ៉ុស ហ្វ្លូអ៊ីនហ្សា ឬ ហ្វ្លូ Influenza។ នេះបើតាមនិយមន័យផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ។ ជំងឺផ្តាសាយប៉ះពាល់ជាពិសេស ប្រព័ន្ធផ្លូវដង្ហើម មានដូចជា ច្រមុះ បំពង់ក និងទងសួត តែកម្រប៉ះពាល់ដល់សួតណាស់។ រោគសញ្ញានៃជំងឺផ្តាសាយ អាចជាអាការៈក្តៅខ្លួន ឈឺសាច់ដុំ ឈឺក្បាល ឈឺបំពង់ក ក្អកស្ងួត រលាកច្រមុះ និង លេចឡើង នៅ១ទៅ៤បួនថ្ងៃ ក្រោយវីរ៉ុស បានឆ្លងចូលនិង សំងំនៅក្នុងខ្លួនយើង។
មេរោគផ្តាសាយ Influenzaមានបីប្រភេទ A B C។ វីរុសប្រភេទ អា មានភាពកំណាច និងគ្រោះថ្នាក់ខ្លាំងជាងគេ ព្រោះវាអាចបំប្លែងខ្លួនខ្លាំង និង ទាំងស្រុង ហើយបង្កបង្កើតទៅជាជំងឺរាតត្បាត ឆ្លងពេញពិភពលោកបាន។ កាចខ្លាំងដែរ វីរ៉ុសប្រភេទបេ មានកើតញឹកញយជាងគេ ជាភ្នាក់ងារនាំឲ្យមានករណីរាតត្បាតដែរ។ ជំងឺផ្តាសាយធំ ច្រើនតែជា ផ្តាសាយបង្កឡើងដោយវីរុស ប្រភេទ បេនេះឯង។ ចំណែក Influenza ប្រភេទ C វិញ ស្លូតជាងគេ និងមិនបង្កឲ្យមានការរាតត្បាតទេ ពោលគឺជាប្រភេទផ្តាសាយ ដែលមានទម្រង់ ដូចផ្តាសាយធម្មតា ហៀរសំបោរ តឹង ច្រមុះខឹតខកបន្តិចក៏បាត់ទៅវិញ។
ត្រជាក់ធ្វើឱ្យផ្តាសាយ?
នៅប្រទេសបារាំង ក៏ដូចជាបណ្តាប្រទេស នៅតំបន់អឌ្ឍគោលខាងជើង ចាប់ពីខែវិច្ឆិកា ដល់ខែមេសា ជារៀងរាល់ឆ្នាំ ជារយៈពេល ដែលមានករណីឆ្លងផ្តាសាយច្រើនជាងគេ។ រដូវផ្តាសាយ ឬផ្តាសាយរដូវ ច្រើនចាប់ផ្ទុះខ្លាំងនៅម្តុំខែធ្នូឬខែមករា នៅពេលអាកាសធាតុ ចាប់ត្រជាក់ខ្លាំង។ ប៉ុន្តែនេះ ពុំមានន័យថា ផ្តាសាយជាជំងឺស្រុកត្រជាក់ឡើយ។ មិនដូច ជំនឿដែលដក់ជាប់ក្នុងចិត្តមនុស្សទូទៅ ភាពត្រជាក់មិនមែនជាមូលហេតុផ្ទាល់ នាំឲ្យកើតជំងឺផ្តាសាយទេ។ នេះជាការបញ្ជាក់របស់គ្រូពេទ្យឯកទេសជំងឺឆ្លង ដោយពន្យល់ថា ប្រទេសក្តៅ នៅអាស៊ី នៅដើមនិងមជ្ឈិមបូព៌ា ក៏ដូចជានៅអឺរ៉ុប អាមេរិក កាណាដា សុទ្ធតែមានមនុស្ស កើតផ្តាសាយទាំងអស់ និង មានរដូវឆ្លងផ្តាសាយខ្លាំងដូចៗគ្នា។ ភាពត្រជាក់មិនបង្កឱ្យកើតជំងឺផ្តាសាយទេ ព្រោះ ភាពត្រជាក់មិនមែនជាវីរុស។ ឯជំងឺផ្តាសាយបង្កឡើងដោយវីរុស។ គ្រាន់តែថាភាពត្រជាក់ អាចសម្រួលលក្ខខណ្ឌចម្លងវីរុសផ្តាសាយ។ ហេតុដូច្នេះហើយបានជាយើងគ្រប់គ្នាយល់ច្រលំ ហើយតែងតែ ផ្តែផ្តាំកូនចៅឲ្យប្រុងប្រយ័ត្ន ខ្លាចធ្លាក់ខ្លួនឈឺផ្តាសាយ ឲ្យតែមេឃចុះត្រជាក់។
ដោយជាក់ស្តែងទៅនោះ នៅពេលសីតុណ្ហភាពចាប់ចុះត្រជាក់ មនុស្សច្រើនតែមានទំនោរចង់សំងំនៅតែក្នុងផ្ទះ នៅទីបិទជិត ដើម្បីទទួលបានភាពកក់ក្តៅ។ គឺការរស់នៅក្នុងទីបិទជិត ក្នុងទីដែលអាចមានការជួបជុំប្រាស្រ័យជាមួយមនុស្សច្រើននេះហើយដែលជាកត្តានាំឱ្យងាយទទួលវីរុស ចម្លងជំងឺផ្តាសាយ។ ម្យ៉ាងវិញទៀត អាកាសធាតុត្រជាក់ នឹងជំរុញឱ្យភ្នាសនៅរន្ធច្រមុះស្ងួត។ ម៉ាស៊ីនកម្តៅ ក៏ធ្វើឲ្យខ្យល់បរិយាកាសកាន់តែស្ងួតដែរ ដូច្នេះរន្ធច្រមុះជាផ្លូវដកដង្ហើមរបស់យើងរឹតតែមានសភាពស្ងួតថែមមួយជាន់ទៀត។ រន្ធច្រមុះស្ងួត ឬផ្លូវដង្ហើមដង្ហើមស្ងួត នឹងសម្រួលឱ្យមានការបង្ករោគជាមួយវីរុសផ្លូវដង្ហើម។ ដល់អ៊ីចឹងទៅ វីរុសផ្លូវដង្ហើម ឬវីរុសផ្តាសាយ អាចនៅតោងជាប់លើភ្នាសនៃប្រព័ន្ធផ្លូវដង្ហើម ហើយលេចជាអាការៈផ្តាសាយឡើង។ ផ្ទុយទៅវិញ នៅពេលមេឃក្តៅ សីតុណ្ហភាពឡើងខ្ពស់ និងមានពន្លឺកាំរស្មីព្រះអាទិត្យ វីរុសផ្តាសាយមិនអាចស៊ូរស់ក្នុងបរិយាកាសបានយូរទេ ហើយក្នុងរយៈពេលនោះ មនុស្សម្នាទូទៅ ក៏ចូលចិត្តរស់នៅក្រៅ នៅវាលមានខ្យល់រំភើយល្ហើយស្រួល ទើបហានិភ័យឆ្លងវីរុសផ្តាសាយត្រូវធ្លាក់ចុះ។ ប៉ុន្តែ នៅក្នុងប្រទេសក្តៅ វីរុសផ្តាសាយអាចចម្លងយ៉ាងសុះសាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន ដោយហេតុតែមនុស្សម្នា គេចពីក្តៅទៅចូលទីត្រជាក់ មានម៉ាស៊ីនត្រជាក់ ដែលជាកន្លែងបិទជិត មានមនុស្សផ្តុំគ្នាច្រើន ដែលសម្រួលឱ្យករណីចម្លងផ្តាសាយស្រួល។ ចេញពីទីក្តៅ ចូលកន្លែងត្រជាក់ ចេញផុតពីកន្លែងមានម៉ាស៊ីនត្រជាក់ ទៅត្រូវក្តៅហែង គម្លាតនិងការប្រែប្រួលក្តៅត្រជាក់ភ្លាមៗ ដែលធ្វើភ្នាសផ្លូវដង្ហើមរងការប៉ះទង្គិច ក៏ជាកត្តាសម្រួលឲ្យកើតផ្តាសាយដែរ។
ថ្នាំបង្ការផ្តាសាយត្រូវចាក់រាល់ឆ្នាំ?
ផ្តាសាយមិនមែនជាជំងឺធ្ងន់ទេ។ ប៉ុន្តែនៅឆ្នាំ២០២៥ គ្រុនផ្តាសាយទំនងបានឆក់យកជីវិតមនុស្សអស់ប្រមាណជាង ១ម៉ឺន២ពាន់នាក់ នៅប្រទេសបារាំងដែលចាប់បើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ តាំងពីថ្ងៃទី ១៣ តុលាមក។ វ៉ាក់សាំងជាមធ្យោបាយដ៏ល្អ ប្រសើរជាងគេ ក្នុងកិច្ចការពារជំងឺគ្រុនផ្តាសាយ។ ខុសពីថ្នាំបង្ការមួយចំនួនផ្សេងទៀត វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយត្រូវចាក់ជារៀងរាល់ឆ្នាំ ព្រោះវីរុសផ្តាសាយវិវឌ្ឍ និងបំប្លែងខ្លួនជារៀងរាល់ឆ្នាំដែរ។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោកចាំបាច់ត្រូវផលិតថ្នាំបង្ការគ្រុនផ្តាសាយថ្មី ជារៀងរាល់ឆ្នាំ ដើម្បីសម្របតាមវីរុសថ្មី។
ដូចថ្នាំបង្ការទាំងឡាយ ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយ មិនមែនមានន័យថាយើងលែងឆ្លងផ្តាសាយនោះឡើយ។ បានទទួលវ៉ាក់សាំងហើយ ក៏នៅតែអាចកើតផ្តាសាយបានដែរ ប៉ុន្តែវ៉ាក់សាំងអាចជួយសរីរាង្គកាយឱ្យបញ្ចេញប្រតិកម្មតតាំងនឹងវីរុសFlu បានលឿន និងមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់បាន។ នៅពេលឆ្លងផ្តាសាយ អ្នកបានទទួលថ្នាំបង្ការ មិនសូវមានអាការៈក្តៅខ្លួនខ្លាំង មិនសូវមានហានិភ័យប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម និងក៏មិនសូវមានហានិភ័យជួបគ្រោះធ្ងន់ធ្ងរផ្នែកបេះដូង ឬសួត ដែលជាដើមហេតុនាំមានករណីសង្គ្រោះបន្ទាន់ ឬត្រូវចូលព្យាបាល និងដេកពេទ្យ។
បុគ្គលដែលងាយរងគ្រោះនឹងជំងឺផ្តាសាយ គឺមនុស្សចាស់ អាយុចាប់ពី៦៥ឆ្នាំឡើងទៅ ទោះបីជាមានសុខភាពល្អក៏ដោយ អ្នកមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន ឬអ្នកមានជំងឺផ្លូវដង្ហើមផ្សេងទៀត ដូចជាជំងឺហឺត ជំងឺបេះដូង ជំងឺក្រលៀន ជំងឺថ្លើម ឬអ្នកមានជំងឺខ្សោយប្រព័ន្ធការពារខ្លួន។
ផ្តាសាយអាចក្លាយជាជំងឺធ្ងន់សម្រាប់មនុស្សពីរជំពូក គឺក្មេងតូច និងមនុស្សចាស់។ គ្រុនផ្តាសាយក៏ជាតំណាងគ្រោះថ្នាក់សម្រាប់កុមារដែរ។ នៅប្រទេសបារាំង អាជ្ញាធរណែនាំឱ្យឪពុកម្តាយនាំកូនតូច ចាប់ពីអាយុ៦ខែ ដែលមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន ទៅចាក់ថ្នាំបង្ការគ្រុនផ្តាសាយដែរ ព្រោះផ្តាសាយអាចធ្វើឱ្យជំងឺរបស់គេធ្លាក់ធ្ងន់ធ្ងរបាន។ ឧទាហរណ៍ ជំងឺហឺត និងជំងឺផ្លូវដង្ហើមផ្សេងទៀត។ ហឺត និងផ្តាសាយ បញ្ចេញប្រតិកម្មដាក់គ្នាទៅវិញទៅមក មានន័យថា ហឺតអាចបង្កឱ្យមានផ្តាសាយធ្ងន់ធ្ងរ តែផ្តាសាយក៏អាចធ្វើឱ្យជំងឺហឺតធ្ងន់ធ្ងរដែរ។ ផ្តាសាយបង្កើនភាពធ្ងន់ធ្ងរនៃជំងឺហឺតមួយគុណនឹងបី។ ហើយហឺតជាជំងឺចម្បងទីមួយដែលលេចឡើងទន្ទឹមនឹងជំងឺផ្តាសាយរបស់កុមារដែលឈឺដល់ថ្នាក់ចូលដេកពេទ្យ។ ប៉ុន្តែវ៉ាក់សាំងប្រឆាំងនឹងផ្តាសាយអាចកាត់បន្ថយគ្រោះមរណៈរបស់កុមារងាយរងហានិភ័យ បានដល់ទៅ៧៧%ឯណោះ៕
នៅក្នុងបណ្តាញសង្គមTik Tok គ្រូពេទ្យអង់គ្លេសម្នាក់បានបង្ហោះផ្សាយថាការផ្តល់ទឹកឱ្យទារកក្រោមអាយុ៦ខែ អាចបង្កគ្រោះថ្នាក់ដល់ជីវិតដល់ទារកនោះ។ តើការផ្សព្វផ្សាយនេះពិតជាត្រឹមត្រូវដែរឬទេ ? ហេតុអ្វីបានគ្រូពេទ្យណែនាំមិនឱ្យបញ្ចុកទឹកដល់ទារកក្រោមអាយុ៦ខែ?
ទារកក្រោមអាយុ៦ខែ មិនត្រូវការផឹកទឹកទេឬ? ទឹកពិតជាបង្កគ្រោះថ្នាក់ដល់ទារកតូចៗ ដូចអ្វីដែលគ្រូពេទ្យអង់គ្លេសផ្សាយតាមបណ្តាញសង្គមមែនឬ? បើតាមគ្រូពេទ្យអង់គ្លេស នោះ ការផ្តល់ទឹកដល់ទារកក្រោម៦ខែ អាចធ្វើឱ្យក្មេងនោះស្លាប់បាន ព្រោះតម្រងនោមរបស់ទារកមិនទាន់ចេះចម្រោះ ដែលអាចធ្វើឱ្យទារកអាចមានគ្រោះខ្វះជាតិអំបិលក្នុងឈាមយ៉ាងធ្ងន់ធ្ងរ។ កង្វះជាតិអំបិលក្នុងឈាមជាដើមហេតុនាំឱ្យមានជំងឺក្បាលធំ ក្អួត ប្រកាច់ ឬបាត់ស្មារតី។
ប៉ុន្តែដើម្បីឱ្យទារកម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរខ្វះជាតិសូច្យូមក្នុងឈាម ត្រូវឱ្យទារកនោះបៅទឹកប្រមាណដល់ទៅ ២លីត្រក្នុងមួយថ្ងៃ។ នេះបើតាមការពន្យល់របស់គ្រូពេទ្យកុមារបារាំង Dr. Werner ។ ម្យ៉ាងទៀត ទឹកមិនមែនជាតំណាងគ្រោះថ្នាក់សម្រាប់ទារកឡើយ។ ភស្តុតាងជាក់ស្តែង ទឹកដោះម្តាយ ឬទឹកដោះគោឆុងដែលទារកបៅ សុទ្ធតែមានសមាសធាតុជាតិទឹក និងលាយផ្សំដោយជាតិទឹកទាំងអស់។
មិនថាមនុស្សធំឬទារកទេ ទឹកជាភេសជ្ជៈដ៏ចាំបាច់។ ក្នុងខ្លួនមនុស្សធំពេញវ័យមានជាតិទឹក៦០% តែខ្លួនទារកដ៏តូចមួយមានផ្ទុកជាតិទឹកដល់ទៅប្រមាណ៨០%។ ទារកត្រូវការជាតិទឹកប្រចាំថ្ងៃ ច្រើនខ្លាំងណាស់។ អាហារដ៏ចម្បងរបស់ទារកគឺវត្ថុរាវ។ ទារកបៅជាជាតិទឹក ក្នុងបរិមាណច្រើនខ្លាំងណាស់ និងច្រើនជាងខ្លាំង បើប្រៀបធៀបទៅនឹងទម្ងន់ខ្លួនប្រាណរបស់គេ និងបើប្រៀបជាមួយមនុស្សធំ។
បើតាមអនុសាសន៍របស់សមាគមគ្រូពេទ្យកុមារនៅប្រទេសបារាំង រហូតដល់អាយុ៦ខែ ទារកត្រូវទទួលទានជាតិទឹក (ទឹកដោះ) ១៥០ម.ល. ក្នុងមួយថ្ងៃនិងសម្រាប់ទម្ងន់មួយគីឡូក្រាម និង១០០ម.ល.ក្នុងមួយគីឡូក្រាម មួយថ្ងៃ ចាប់ពីអាយុ៦ខែដល់១ខួប។ ជាការប្រៀបធៀប មនុស្សធំត្រូវការជាតិទឹក៣៥ម.ល.ក្នុងមួយគីឡូក្រាម។ បរិមាណជាតិទឹកនេះ ត្រូវរាប់ សរុបទាំងបៅទឹកដោះម្តាយ ឬទឹកដោះគោដប និងទឹកផ្តល់ដោយចំណីអាហារ។
ហេតុអ្វីមិនឱ្យទារកក្រោម៦ខែផឹកទឹក?
ប៉ុន្តែការផ្តល់ទឹកសាប ធម្មតា ដល់ទារកក្រោមអាយុ៦ខែ បន្ថែមពីលើបៅទឹកដោះ ឬទឹកដោះគោ មិនមែនជាចាំបាច់ទេ។
សម្រាប់ទារកនៅអាយុក្រោម៦ខែ សេចក្តីត្រូវការជាតិទឹក ត្រូវបានបំពេញដោយទឹកដោះម្តាយ ដែលមានសមាសធាតុទឹកប្រមាណ៨៨% ឬទឹកគោម្សៅដែលក៏ឆុងជាមួយទឹក និងដោយប្រើទឹកដែរ។ ក្រុមគ្រូពេទ្យជំនាញ ពន្យល់ថា ការផ្តល់ទឹកសាបបន្ថែមដល់ទារកក្រោម៦ខែ ជាទូទៅ មិនមែនជាការចាំបាច់ទេ ប្រសិនបើទារកបៅបានត្រឹមត្រូវ គ្រប់គ្រាន់ និងលើកលែងតែមានវេជ្ជបញ្ជាពិសេសក្នុងការផ្តល់ទឹក។
និយាយបែបនេះ មិនមែនមានន័យថា ទឹកជាគ្រោះថ្នាក់សម្រាប់សុខភាពឡើយ។ គ្រាន់តែថា ការផ្តល់ទឹកសាបទទេ អាចធ្វើឱ្យប៉ះពាល់ដល់របបអាហាររបស់កូន ព្រោះនៅក្នុងវ័យនេះ ទារកមានក្រពះតូចខ្លាំង ឆាប់ពេញ ឆាប់ឆ្អែត ដែលនាំឱ្យលែងចង់បៅ ហើយរំខានដល់សមត្ថភាពរបស់សរីរាង្គកាយក្នុងការស្រូបយកជីវជាតិអាហារូបត្ថម្ភ ពីទឹកដោះគោ ឬពីទឹកដោះម្តាយ។ ម្យ៉ាងវិញទៀត ក្រលៀនទារកក៏នៅខ្សោយ មិនទាន់អាចមានសមត្ថភាពពេញលេញក្នុងច្រោះជាតិទឹកសុទ្ធទេ។ ជាហេតុធ្វើឱ្យទារកអាចមានគ្រោះហានិភ័យពុលទឹកបាន។ ការពុលទឹក ជាករណីដ៏កម្របំផុត តែជាបញ្ហាពិតជាក់ស្តែង ដែលអាចបង្កផលវិបាកដល់សុខភាព ដល់ការលូតលាស់ និងអាចធ្ងន់ធ្ងរខ្លាំងដល់ស្លាប់បាន។ ចាប់ពី៦ខែឡើងទៅ សរីរាង្គកាយទារកចាប់ផ្តើមរឹងមាំ និងអាចទទួលទានអាហារផ្សេងៗ ហើយសេចក្តីស្រេកឃ្លានអាហារនិងទឹក កើនឡើងជាលំដាប់។ គឺនៅពេលនោះហើយដែលទារកអាចចាប់ផ្តើមបរិភោគទឹកសាបធម្មតាបាន។
ទឹក ជាថ្នាំ ពេលទារកឈឺក្តៅរាគរូស ?
នៅមុនអាយុ៦ខែ ទារកមិនត្រូវការបរិភោគទឹកសាបធម្មតាទេ។ ក្នុងវ័យនេះក្មេងមិនចូលចិត្តទឹកឡើយ។ ប៉ុន្តែជាថ្មីម្តងទៀត ទឹកមិនបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ ប្រសិនបើគ្រាន់តែឱ្យទារកផឹកមួយក្អឹកពីរនោះ។ ផ្ទុយទៅវិញ ក្នុងកាលៈទេសៈខ្លះ គេត្រូវតែផ្តល់ទឹកសាបបន្ថែមដល់ទារក ជាដាច់ខាត។ នោះគឺនៅពេលអាកាសធាតុប្រែប្រួល មេឃឡើងក្តៅខ្លាំង ទារកក្តៅខ្លួន ឬមានបញ្ហារំលាយអាហារ ចេះតែក្អួត និងរាគរូស។ នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិតWernerដដែល។
នៅពេលទារកបាត់បង់ជាតិទឹក គេត្រូវតែរកវិធីផ្តល់តុល្យភាពជាតិទឹកឱ្យវិញ តាមមធ្យោបាយផ្សេងៗ ជាច្រើន ដូចជា ត្រូវបំបៅដោះកូន ឬឱ្យកូនបៅទឹកដោះគោ ឱ្យបានញឹកញាប់ជាងទម្លាប់ធម្មតា និងអាចឱ្យទារកបៅទឹកសបន្ថែមពីរបីក្អឹក ដោយបញ្ចុក ឬដោយប្រើដបបៅ។ ជាទូទៅ ទារកកម្រព្រមបៅទឹកសាបទទេណាស់ លើកលែងតែទារកក្តៅខ្លាំង ឬមានការចម្លងរោគក្តៅខ្លួនខ្លាំងប៉ុណ្ណោះ។ នេះជាច្បាប់ធម្មជាតិដែលបង្កើតខ្លួនមនុស្សមកដូច្នេះ។ ជាចុងក្រោយ សូមកុំបន្ថែមស្ករ ឬជាតិផ្អែមនៅក្នុងដបទឹកទារក ឱ្យសោះ។ ការធ្វើបែបនេះអាចបង្កបង្កើតទម្លាប់អាក្រក់ឱ្យក្មេងស្គាល់ជាប់ចិត្តនឹងជាតិផ្អែម។
សរុបសេចក្តីមក នៅពេលណាទារកមិនទាន់ចាប់ផ្តើមបរិភោគអាហារគោកទេ សេចក្តីត្រូវការជាតិទឹក ត្រូវបំពេញដោយទឹកដោះម្តាយឬទឹកដោះគោឆុង។ ចាប់ពីអាយុ៦ខែឡើងទៅ ទារកអាចបៅទឹកសាប ប៉ុន្តែក្នុងបរិមាណតិចតួច ដោយមិនត្រូវយកទឹកមកជំនួសទឹកដោះឡើយ។ ក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិតទារក ទឹកសាបត្រូវបានគេចាត់ទុកជា គ្រឿងបន្ថែម ដែលមិនចាំបាច់ ត្រូវផឹកដោយខានមិនបាន។ គោលបំណងនៃការផ្តល់ទឹកដល់ទារក បន្តិចម្តងៗនេះ គឺចង់ឱ្យកូនចាប់មានទម្លាប់បៅអ្វីផ្សេងក្រៅពីទឹកដោះគោ ដោយគ្មានការបង្ខំ។ តែបើកូនមិនចង់ និងមិនព្រមបៅទឹក ក៏គ្មានអ្វីគួរព្រួយបារម្ភដែរ។ ទារកខ្លះអាចត្រូវការពេលវេលាយូរបន្តិចទម្រាំទម្លាប់រសជាតិថ្មី។
តើទឹកប្រភេទណាដែលល្អសម្រាប់ទារក?
ទារកនៅតូចខ្លាំង ងាយរងគ្រោះ និងមិនទាន់ទម្លាប់នឹងពិភពខាងក្រៅ ចំណោទសួរអំពីប្រភេទទឹក សម្រាប់លាយឆុងទឹកដោះគោ ឬសម្រាប់ឱ្យទារកផឹក ជាក្តីព្រួយបារម្ភដ៏ត្រឹមត្រូវសម្រាប់អ្នកជាម្តាយឪពុកថ្មីថ្មោង។
ទឹកដែលអនុគ្រោះដល់ទារកខ្លាំងជាងគេ គឺទឹកដែលមានកំរិតជាតិរ៉ែទាប។ ជាទឹកសុទ្ធខ្លាំង គ្មានសារធាតុរ៉ែកាល់ស្យូម ម៉ាញេស្យូម និងនីត្រាត។ ទឹកដបមិនប្រាកដថាមានគុណភាពល្អជាងទឹកម៉ាស៊ីនឡើយ ដែលបើតាមលក្ខណៈបច្ចេកទេស ជាទឹកស្អាត គ្រប់គ្រាន់សម្រាប់ទារក ដោយត្រូវយកទឹក ដាំឱ្យពុះ ទុកជាមុន ដើម្បីសម្លាប់មេរោគ។ ចៀសវាងការប្រើទឹកចម្រោះ ព្រោះប្រព័ន្ធច្រោះទឹកអាចមានផ្ទុកកាកសំណល់ដើមហេតុមេរោគ។
ទឹកភ្លៀង ជាទឹកមានកំហាប់ជាតិរ៉ែទាបខ្លាំង ប៉ុន្តែនៅប្រទេសបារាំង អាជ្ញាធរហាមឃាត់មិនឱ្យប្រើទឹកភ្លៀងសម្រាប់ឆុងទឹកដោះគោនិងឱ្យទារកផឹកទេ ដោយពន្យល់ថាទឹកភ្លៀងធ្លាក់ហូរកាត់ដំបូលផ្ទះ អាចមានផ្ទុកមេរោគចម្លងកាចៗ ពពួករ៉ែធ្ងន់ ថ្នាំសម្លាប់សត្វល្អិត ដែលទារកនៅក្មេងខ្ចីមិនអាចធន់បាន។ គ្មានប្រព័ន្ធការពារខ្លួនរឹងមាំដូចមនុស្សធំ។ ប្រព័ន្ធរំលាយអាហារក៏នៅខ្សោយ។ រនាំងស្បែកមិនទាន់អាចទប់ទល់ដោយផ្ទាល់ជាមួយពពួកបាក់តេរីបង្ករោគទេ។ ផឹកទឹកភ្លៀងឆ្លងមេរោគរលាកពោះវៀននាំឱ្យឈឺពោះតិចតួចសម្រាប់មនុស្សធំ តែអាចនឹងធ្វើឱ្យទារកអាយុក្រោម៦ខែ ចូលដេកពេទ្យបាន ទើបហាមឃាត់ជាដាច់ខាតមិនឱ្យយកឆុងទឹកដោះគោឱ្យទារក៕
សរីរាង្គកាយមនុស្សត្រូវការវីតាមីនច្រើនមុខណាស់។ វីតាមីន-A ចាំបាច់សម្រាប់ភ្នែក។ វីតាមីន C មានសកម្មភាពអង់ទីអុកស៊ីដង់។ វីតាមីន D ជាសម្ព័ន្ធមិត្តរបស់ឆ្អឹងនិងសាច់ដុំ។ ចុះវីតាមីន B មានតួនាទីអ្វី? ខ្វះវីតាមីន B អាចបង្កផលវិបាកយ៉ាងណា ? តើត្រូវបរិភោគអ្វីខ្លះដើម្បីបានវីតាមីន B មកបំប៉នរាងកាយ?
វីតាមីន ជាជីវជាតិដែលមាននៅក្នុងចំណីអាហារម្ហូបបន្លែត្រីសាច់ ជួយចិញ្ចឹមសរីរាង្គកាយមនុស្សឱ្យមានសុខភាពល្អ ទាំងផ្នែកលូតលាស់ រាងកាយ សម្ផស្ស និងបញ្ញាស្មារតី។ គ្មានផ្ទុកកាឡូរី កង្វះវីតាមីន នឹងធ្វើឱ្យខ្លួនប្រាណអាចធ្លាក់ខ្លួនឈឺបាន។
មានច្រើនប្រភេទ A B C D E K វីតាមីន Aត្រូវបានគេស្គាល់ថាមានប្រយោជន៍ជួយភ្នែកឱ្យមើលឃើញល្អ ជួយឆ្អឹងក្នុងការលូតលាស់ និងជួយការពារស្បែកមិនឱ្យមានការបង្ករោគ។ វីតាមីនA សម្បូរជាងគេនៅក្នុងអាហារ ជាគ្រឿងក្នុងសត្វ ការ៉ុត ដំឡូង ល្ពៅ ផ្ទីរ ឬស្ពៃ។ វីតាមីន C ក៏មានអ្នកស្គាល់ច្រើនខ្លាំងដែរ ថាជាជំនួយដ៏ល្អប្រពៃបំផុតសម្រាប់សុខភាព ដូចជាជួយឆ្អឹង ជួយធ្មេញ ជួយអញ្ចាញ ជួយស្បែក ឱ្យឆាប់ជាសះ និងមានសមត្ថភាពពិសេសផ្នែកអង់ទីអុកស៊ីដង់ ពោលគឺជួយពន្យឺតកោសិកាកុំឱ្យឆាប់ចាស់ទ្រុឌទ្រោម។ បន្លែបៃតង ផ្កាស្ពៃប្រូកូលី ពពួកផ្លែក្រូច ត្របែក សុទ្ធសឹងជាបន្លែផ្លែឈើមានផ្ទុកវីតាមីនC ខ្ពស់។ ចំណែកវីតាមីន D ដ៏ល្បីល្បាញ មានលក្ខណៈប្លែកពីគេ ដោយសារថាយើងអាចធ្វើសំយោគស្រូបយកវីតាមីន D តាមរយៈពន្លឺព្រះអាទិត្យ។ កាំរស្មីអ៊ុលត្រាវីយូឡេរបស់ពន្លឺព្រះអាទិត្យ អាចបំប្លែងកោសិកាស្បែកខ្លះទៅជាវីតាមីនដេ ដ៏ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ វីតាមីនដេក៏មានតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពារខ្លួន ជួយការពារមិនឱ្យមានជំងឺសរសៃឈាមBះដូង និងជំងឺមហារីក។ ក្រៅពីដើរឱ្យត្រូវពន្លឺថ្ងៃ ទឹកដោះគោ ថ្លើមគោ ត្រីខ្លាញ់ ត្រីតូចៗមានផ្ទុកអូមេហ្កា៣ ក៏ជាប្រភពផ្តល់វីតាមីន Dដ៏ល្អដែរ។ ចំពោះវីតាមីន E ដែលមានគុណសម្បត្តិផ្នែកប្រយុទ្ធប្រឆាំងនឹងការរោលរលាក និងBះដូង មានច្រើននៅក្នុងគ្រាប់ធញ្ញជាតិ គ្រាប់អាមិន ឬផ្លែប៊ឺរ។ ជួយសម្រួលយន្តការបញ្ឈប់ការចេញឬហូរឈាម ជួសជុលសរសៃឈាមតូចៗ គឺវីតាមីន K ដែលមានច្រើននៅក្នុងបន្លែបៃតង។
វីតាមីន B មានគុណសម្បត្តិអ្វីខ្លះ?
ចុះវីតាមីន B ? ខុសពីក្រុមវីតាមីនផ្សេងៗ វីតាមីនB មិនមែនជាវីតាមីនទោលទេ តែជាចង្កោមគ្រួសារ មានដល់ទៅ៨មុខ សម្គាល់ដោយ B១-២-៣-៥-៦-៨-៩-១២ ដែល សហការគ្នាយ៉ាងជិតស្និទ្ធដើម្បីធានារ៉ាប់រងដំណើរការសំខាន់ៗក្នុងសរីរាង្គកាយ។ មានរចនាសម្ព័ន្ធខុសគ្នា តែរលាយក្នុងទឹកដូចគ្នាព្រមទាំងមានឥទ្ធិពលប្រហាក់ប្រហែលគ្នាលើសរីរាង្គកាយ គ្រួសារវីតាមីនB ដើរតួនាទីសំខាន់ខ្លាំងក្នុងប្រព័ន្ធដំណើរការកោសិកាជាច្រើន។ ក្នុងផ្នែកប្រព័ន្ធប្រសាទ វីតាមីB មិនអាចខ្វះបានទេក្នុងការដំណើរបញ្ជូនសញ្ញា និងដំណើរផលិតប្រព័ន្ធសរសៃប្រសាទសម្រាប់ប្រទាក់ព័ត៌មានទៅសរសៃប្រសាទជិតខាង។ និយាយជារួម ក្រុមវីតាមីនB ជាអ្នកសម្រួលផលិតថាមពល សំយោគ និងជួលជុលADN -ARN ព្រមទាំងជាអ្នកទ្រទ្រង់ប្រព័ន្ធសរសៃប្រសាទដ៏សំខាន់សម្រាប់ខួរក្បាល។
វីតាមីនB ជាចង្កោមគ្រួសារមាន៨ជីវជាតិសំខាន់ៗដែលមានតួនាទីប្លែកៗគ្នាសម្រាប់សុខភាព។
B១ ឬហៅថា វីតាមីនអារម្មណ៍ សម្រាប់ភាសាអ្នកវិទ្យាសាស្ត្រ មានភារៈបំប៉នសរសៃវិញ្ញាណ ដោយចូលរួមចំណែកក្នុងសកម្មភាពលូតលាស់និងផលិតថាមពល។ ជួយកាត់បន្ថយរោគសញ្ញាហត់ល្វើយអស់កម្លាំង វីតាមីនB២ មានតូនាទីក្នុងការផលិតថាមពល និងក៏ចាំបាច់ខ្លាំងដែរ ក្នុងសកម្មភាពផលិតគ្រាប់ឈាមក្រហម។ វីតាមីនB៣ ជួយឱ្យសរីរាង្គកាយ ដុះ និងលូតលាស់ ជាធម្មតា តាមដំណើរ តែក៏មានចំណែកជួយធ្វើសំយោគអរមូនផ្លូវភេទមួយទៀត។ បន្ទាប់មកទៀត គឺវីតាមីនB៥ ដែលល្បីខាងមានសមត្ថភាពប្រឆាំងនឹងស្ត្រេស និងបង្កើនសមត្ថភាពផ្នែកបញ្ញាញាណ។
នៅក្នុងចំណោមតួនាទីដ៏ច្រើន វីតាមីនB៦ មានសកម្មភាពជួយបង្កើតគ្រាប់ឈាមក្រហម និងចាត់ចែងអត្រាជាតិស្ករនៅក្នុងឈាម។ ហេតុដូច្នេះហើយបានជាគេចាត់ទុកវីតាមីនប្រភេទនេះ ថាជាអ្នកជួយបំប៉នប្រព័ន្ធការពារខ្លួនឱ្យមានលំនឹងល្អ។ មាន៨មុខ តែមិនតាមលំដាប់ វីតាមីន B៨ ជួយចិញ្ចឹមស្បែកនិងការដុះលូតលាស់នៃសក់ និងចាំបាច់ខ្លាំងក្នុងការដំណើរមេតាបូលិកជាតិក្លុយស៊ីត ខ្លាញ់ ប្រូតេអ៊ីន ព្រមទាំងសម្រួលដំណើរការប្រព័ន្ធសរសៃប្រសាទ។ ស្ត្រីមានផ្ទៃពោះមិនត្រូវមើលរំលងវីតាមីនB៩ទេ ព្រោះវីតាមីននេះ មានតួនាទីគន្លឹះក្នុងការផលិតកម្មADN ប្រព័ន្ធប្រសាទ និងប្រព័ន្ធការពារខ្លួន។ ប្រសិនបើអ្នកកំពុងពរពោះ សូមស្ត្រីទាំងឡាយកុំបណ្តោយឱ្យខ្វះជីវជាតិB៩ ដែលជួយការពារកុំឱ្យកូនក្នុងផ្ទៃ មានគ្រោះកើតជំងឺលូតលាស់មិនល្អពីកំណើត។ ជាចុងក្រោយ គឺវីតាមីនB១២ ដែលខុសពីគ្រួសារវីតាមីនBផ្សេងទៀត មានប្រភពមកពីអាហារមានជាតិសាច់សត្វ និងអាចស្តុកទុកក្នុងខ្លួនបាន។ វីតាមីននេះ មានឥទ្ធិពលខ្លាំងណាស់ ក្នុងការទ្រទ្រង់កោសិកាប្រព័ន្ធប្រសាទ និងទៅលើផាសុកភាពរាងកាយ និងអារម្មណ៍។
ខ្វះវីតាមីនB ខ្សោយបញ្ញា?
កង្វះវីតាមីនប្រភេទB អាចបណ្តាលមកពីកត្តាច្រើនយ៉ាង ជួនដោយហេតុតែកង្វះអាហារូបត្ថម្ភ ទទួលទានមិនគ្រប់គ្រាន់ឬគ្មានលំនឹង ជួនដោយហេតុតែសរីរាង្គកាយមានបញ្ញាស្រូបជីវជាតិអាហារមិនបានត្រឹមត្រូវ។ ការប្រើប្រាស់ថ្នាំ សម្រាប់ព្យាបាលជំងឺខ្លះ មានជាអាទិ៍ថ្នាំប្រឆាំងនឹងជំងឺទឹកនោមផ្អែម ថ្នាំផ្សះ ថ្នាំអារម្មណ៍ ស្រា ... អាចរំខានដល់ដំណើរស្រូបជីវជាតិB ពោលគឺនាំឱ្យមានគ្រោះខ្វះវីតាមីនBលេចឡើង។ ជាទូទៅ អ្នកមានបញ្ហាខ្វះវីតាមីB ច្រើនតែខ្វះទាំង៨មុខ។ ខ្វះវីតាមីនB អាចប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាញាណយ៉ាងធ្ងន់ធ្ងរ។
អស់កម្លាំងផ្នែកបញ្ញាញាណ គ្មានថាមពល ជារោគសញ្ញាមួយនៃការខ្វះវីតាមីនពពួកB។ នេះមិនមែនមានន័យថា កង្វះវីតាមីនB នាំឱ្យមនុស្សលែងឆ្លាតទេ តែការផលិតកោសិកាប្រព័ន្ធប្រសាទផ្នែកបញ្ជូនសារទំនាក់ទំនង ប្រទាក់ទៅកោសិកាខួរក្បាលផ្សេងទៀតអាចរងការប៉ះពាល់ និងមានការការពារកោសិកាប្រព័ន្ធប្រសាទមិនសូវបានល្អ។ ជាលទ្ធផលមនុស្សខ្វះវីតាមីនB ហាក់មានអារម្មណ៍បញ្ចេញសកម្មភាពយឺតៗ ល្វើយ បញ្ញាស្មារតីមិនរហ័សរហួន មិនរស់រវើក ភ្លេចភ្លាំងច្រើន ។ មានការសិក្សាជាច្រើនដែលបានបង្ហាញឱ្យឃើញ អំពីឥទ្ធិពលគួរឱ្យកត់សម្គាល់ខ្លាំងនៃវីតាមីនB ចំពោះការចងចាំ ភាពប្រុងប្រយ័ត្ន។ ស្លេកស្លាំងខ្វះឈាម ឆាប់ខឹង ឆាប់មួរហ្មង ជាផលវិបាកនៃការខ្វះវីតាមីនB៦ ឬB១២។ហើមដៃហើមជើង ឈឺសរសៃដៃសរសៃជើង ដោយហេតុមានបញ្ហាប្រព័ន្ធប្រសាទនិងប្រព័ន្ធសរសៃឈាមBះដូង នៅពេលខ្វះវីតាមីនBមួយ។
វីតាមីនB មួយភាគធំ ផលិតជាចម្បងដោយរុក្ខជាតិ លើកលែងតែវីតាមីនB១២មួយទេ ដែលមានប្រភពពីសាច់សត្វ។ វីតាមីននេះអាចជ្រាបចូលទៅក្នុងខ្លួនបានតាមរយៈចំណីអាហារ ព្រោះខ្លួនប្រាណមនុស្សគ្មានសមត្ថភាពផលិតដោយខ្លួនឯងទេ ហើយក៏មិនអាចស្តុកទុកនៅក្នុងខ្លួនដែរ។ បើមានជាតិវីតាមីនលើសតម្រូវការ នោះវានឹងរលាយហូរចេញទឹកនោមអស់វិញ។ ដូច្នេះហើយទើបត្រូវទទួលទានវាចូលជារៀងរាល់ថ្ងៃ តាមរយៈអាហារ ជាគ្រឿងក្នុង គ្រឿងសមុទ្ទ ខ្ចៅខ្យង និងត្រី ព្រមទាំង ស៊ុត ទើបអាចនាំវីតាមីនB ទៅបំប៉នសរីរាង្គកាយបាន។ បន្លែផ្លែឈើបៃតង ឬសម្បករឹង គ្រាប់ធញ្ញជាតិ សណ្តែកល្ង អង្ករស្រូវសាលី ជាពិសេសអង្ករសម្រូប ក៏ជាប្រភពផ្តល់វីតាមីនBដ៏ចម្បងដែរ។ សារដ៏សំខាន់ សូមទទួលទានអាហារប្រកបដោយលំនឹង ឱ្យបានគ្រប់មុខ និងប្លែកៗគ្នាប្តូរផ្លាស់ទៅតាមរដូវ៕
មហារីកសុដន់ ជាជំងឺមហារីកស្ត្រីដែលមានកើតច្រើនញឹកញាប់ ជាងគេ និង ផ្តាច់ជីវិតមនុស្សស្រីច្រើនជាងគេ បើប្រៀបធៀបទៅនឹងជំងឺមហារីកផ្សេងទៀត។ មានភស្តុតាងវិទ្យាសាស្ត្រកាន់តែច្រើនឡើងៗ បញ្ជាក់អំពីទំនាក់ទំនងរវាងលក្ខខណ្ឌការងារ និងជំងឺមហារីកសុដន់មួយចំនួន។ ប៉ុន្តែដើម្បីឲ្យមានការទទួលស្គាល់ថាស្ត្រីរងគ្រោះកើតជំងឺមហារីកដោះដោយមូលហេតុការងារ ជាការតស៊ូដ៏លំបាកណាស់។
ជារៀងរាល់ឆ្នាំ ពិភពលោកបានឧទ្ទិសពេលពេញមួយខែតុលា ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ និង បញ្ចៀបឲ្យស្ត្រីយល់ដឹងអំពីជំងឺកំណាចនេះ។
មហារីកសុដន់ ជាជំងឺបង្កឡើងដោយមូលហេតុច្រើនយ៉ាង ពោលគឺជំងឺមហារីកសុដន់ អាចលេចឡើង ដោយកត្តាហានិភ័យច្រើនច្របូកច្របល់បញ្ចូលគ្នា យ៉ាងស្មុគស្មាញ។ នៅពេលគេនិយាយអំពីកត្តាហានិភ័យនៃមហារីក ជំងឺខ្លះមានកត្តាហានិភ័យដែលអាចកំណត់បានយ៉ាងច្បាស់លាស់។ ឧទាហរណ៍ ថ្នាំជក់-បារី ជាកត្តាហានិភ័យនៃជំងឺមហារីកសួត។ តែចំពោះជំងឺមហារីកសុដន់ មានកត្តាហានិភ័យច្បាស់ផង និងកត្តាហានិភ័យ “ប្រហែល”ផង។
បើតាមទិន្នន័យរបស់វិទ្យាស្ថានជាតិជំងឺមហារីក កត្តាហានិភ័យទាំងអស់នោះ មិនប្រាកដថា នឹងពិតជាបង្កឲ្យមានជំងឺមហារីកទេ។ កត្តាហានិភ័យចម្បងគេ គឺ កត្តាអាយុ កត្តាពូជ កត្តាអរមូន និងកត្តាបរិស្ថានរបៀបរបបរស់នៅប្រចាំថ្ងៃ។
កត្តាពីរដំបូង ជាអ្វីដែលមិនអាចកែប្រែបាន។ បើតាមស្ថិតិ ជំងឺមហារីកសុដន់មានកើតជាញឹកញយខ្លាំង លើមនុស្សស្រី ចាប់ពីអាយុ៥០ឆ្នាំឡើង។ ស្ត្រីខ្លះមានហ្សែនពីកំណើត ងាយលូតលាស់ក្លាយជាកោសិកាមហារីក ឬហៅបាន ថាជា កត្តាពូជ។ ឆាប់មានរដូវ (ឆាប់ពេញក្រមុំ) ក្រមានកូន មិនបំបៅដោះកូន ក្រអស់រដូវ ជាកត្តាហានិភ័យ ដែលប្រហែលអាចនាំឲ្យលេចជំងឺមហារីកសុដន់បាន។
ធាត់ជ្រុល ប្រើថ្នាំពន្យារកំណើតប្រភេទoestrogestatifs ប្រើថ្នាំអរមូនពន្យារពេលកុំឲ្យឆាប់អស់រដូវ ផឹកស្រា ជក់បារី ស្រូបផ្សែងបារី ស្រូបជាតិគីមីកសិកម្ម គីមីពុល ស្ថិតក្នុងចំណាត់ថ្នាក់ជាកត្តាហានិភ័យ ដែលជាប់សង្ស័យថាអាចនាំមានជំងឺមហារីកសុដន់ និងដែលគេអាចបញ្ចៀសបាន។
កត្តាការងារត្រូវបានប្រទេសខ្លះចាត់ទុក ជាដើមហេតុមួយនាំឲ្យលេចឡើងនូវជំងឺមហារីកសុដន់ដែរ។ ភ្នាក់ងារប្រឆាំងនឹងជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានចាត់ទុកការងារប្រឈមនឹងកាំរស្មី X Gamma រលកម៉ាញេទិក រលកវិទ្យុសកម្ម ជាភ្នាក់ងារបង្កជំងឺមហារីកធ្ងន់ធ្ងរ ឯការងារពេលយប់ ត្រូវបានចាត់ទុកជាភ្នាក់ងារអាចនាំឲ្យមានជំងឺមហារីក។ កត្តាហានិភ័យផ្សេងទៀតនៃជំងឺមហារីកសុដន់ ដូចយ៉ាង សារធាតុគីមី កំពុងស្ថិតក្នុងការសិក្សាវិភាគរបស់ទីភ្នាក់ងារសុវត្ថិភាពសុខភាពបារាំង ដែលនឹងចេញផ្សាយលទ្ធផលការងារនៅចុងឆ្នាំ២០២៧។
តើការងារពេលយប់នាំឲ្យលេចជំងឺមហារីកយ៉ាងដូចម្តេច?
ប្រឈមនឹងរលកវិទ្យុសកម្ម កាំរស្មី ... ញឹកញយ អាចមានគ្រោះកើតជំងឺមហារីកសុដន់ជាហេតុផលងាយយល់។ ចុះការងារពេលយប់និង ជំងឺមហារីកសុដន់វិញ តើអ្នកវិទ្យាសាស្ត្រពន្យល់ អំពីទំនាក់ទំនង ហេតុនិងផល យ៉ាងដូចម្តេច?
បើតាមការសិក្សារបស់អ្នកស្រាវជ្រាវ នៅវិទ្យាស្ថានវិទ្យាសាស្ត្រនិងស្រាវជ្រាវសុខាភិបាលបារាំងហានិភ័យមានជំងឺមហារីកសុដន់បានកើនឡើងយ៉ាងខ្លាំង ក្នុងចំណោមស្ត្រីធ្វើការពេលយប់ដល់ទៅ៣០% លើសស្ត្រីផ្សេងទៀត។ កំណើនហានិភ័យកាន់តែគួរឲ្យកត់សម្គាល់ថែមទៀត ចំពោះស្ត្រីនៅពេលធ្វើការពេលយប់ ចាប់ពី ៤ឆ្នាំឡើងទៅ និងធ្វើការពេលយប់ជាប់គ្នាបីយប់ ក្នុងមួយសប្តាហ៍។ ការងារយប់ពាក់ព័ន្ធកាន់តែខ្លាំងនឹងជំងឺមហារីកសុដន់ បើស្ត្រីចាប់ផ្តើមធ្វើការនៅពេលយប់ មុនមានផ្ទៃពោះកូនដំបូង ព្រោះកោសិកាក្រពេញផលិតទឹកដោះ នៅខ្សោយងាយរងគ្រោះនៅឡើយ។
បើតាមអ្នកស្រាវជ្រាវ ផលប៉ះពាល់នៃការងារពេលយប់ ចំពោះសុដន់បណ្តាលមកពីយន្តការនៃចង្វាក់ពេលវេលាជាធម្មជាតិមនុស្សសកម្មខ្លាំងនៅពេលថ្ងៃ និង សម្រាកនៅពេលយប់ ត្រូវបានប្រែប្រួល។ ការរំខានដំណើរគ្រប់គ្រងពេលវេលា បានធ្វើឲ្យហ្សែនម៉ោង មិនអាច គ្រប់គ្រងការរីកដុះដាលនៃកោសិកា។ ធ្វើការពេលយប់ ជាការរំខានយន្តការដំណេកដែលនឹងទៅបញ្ចុះប្រសិទ្ធភាពរបស់ប្រព័ន្ធការពារខ្លួនក្នុងការទប់ទល់នឹងកោសិកាមហារីកដែលបង្កើតឡើងសរីរាង្គខ្លួនឯង។
និយាយជារួម ការដាច់ចង្វាក់ដំណេកនៅពេលយប់ ហើយត្រូវប្រឈមនឹងពន្លឺនៅពេលយប់ដែលត្រូវងងឹត ជាកត្តាធំពីរដែលអាចទៅរំខានប្រព័ន្ធពេលម៉ោងដែលជាអ្នកគ្រប់គ្រងដំណើរការរបស់សរីរាង្គកាយ។
យប់ហើយមិនសំរាន្ត និងនៅសកម្មក្រោមពន្លឺភ្លើងអគ្គិសនី គឺជាការលុបបំបាត់ពេលវេលា ដែលសរីរាង្គកាយត្រូវបញ្ចេញអរមូនមេឡាតូនីន។ អរមូនមេឡាតូនីន អរមូនដំណេក មានតួនាទីសំខាន់ណាស់ ក្នុងផ្នែកប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្កជំងឺមហារីក។
បច្ចុប្បន្ន នៅអឺរ៉ុបនិងនៅអាមេរិក ពលរដ្ឋក្នុងវ័យសកម្មប្រមាណតែមួយភាគបួនប៉ុណ្ណោះ ធ្វើការត្រូវពេលត្រូវម៉ោង តាមដំណើរធម្មជាតិមនុស្ស ពោលគឺធ្វើការពេលថ្ងៃ និងក្នុងម៉ោងធម្មតា ជាទៀងទាត់។ ចំណែកពលរដ្ឋសកម្មផ្សេងទៀត និង ជាពិសេសស្វ័យនិយោជ គ្មានពេលម៉ោងធ្វើការទៀតទាត់ គ្មាន សៅរ៍អាទិត្យ ឬ យប់ថ្ងៃទេ។
ចំណងហេតុនិងផលនៃការងារខុសម៉ោង (ផ្ទុយនឹងសេចក្តីត្រូវការតាមច្បាប់ធម្មជាតិរបស់សរីរាង្គកាយ) និងជំងឺមហារីក ត្រូវបាន អ្នកស្រាវជ្រាវ រកឃើញថាមានទំនាក់ទំនងគ្នា ជាពិសេសចំពោះស្ត្រី និង ជំងឺមហារីកសុដន់។
ប៉ុន្តែទោះបីជាមានភស្តុតាងវិទ្យាសាស្ត្រ កាន់តែច្រើនឡើងៗ បញ្ជាក់អំពីទំនាក់ទំនងនៃលក្ខខណ្ឌការងារនិងជំងឺមហារីកសុដន់ប្រភេទខ្លះក៏ដោយ ក៏ស្ត្រីរងគ្រោះត្រូវចំណាយកម្លាំង ប្រមូលភស្តុតាង និងពេលវេលាច្រើនខ្លាំងណាស់ ទើបអាចទាមទារឲ្យមានការទទួលស្គាល់ថា ជាមហារីកសុដន់ ដោយហេតុការងារអាជីពប្រចាំថ្ងៃបាន។ នៅប្រទេសបារាំង ជាលើកទីមួយ ដែលអាជ្ញាធរបានប្រកាសទទួលស្គាល់កាលពីកញ្ញាករណីជំងឺមហារីកសុដន់របស់គិលានុដ្ឋាកយិកាម្នាក់ ដែលធ្វើការពេលយប់អស់រយៈពេល ២៥ឆ្នាំ ថា ជាជំងឺបង្កមកពីការងា បន្ទាប់ពីបាន ឆ្លងកាត់ការតវ៉ាប្តឹងផ្តល់នៅតុលាការជាច្រើនឆ្នាំ។ នេះសឲ្យឃើញថា បារាំងទទួលស្គាល់អំពីមូលហេតុនៃការងារពេលយប់ ចំពោះជំងឹមហារីកសុដន់ ទៅតាមករណីជាក់ស្តែងប៉ុណ្ណោះ។ ដរាបណាគ្មានការប្រកាសទទួលស្គាល់ជាផ្លូវការថា មហារីកសុដន់ជាជំងឺការងារមួយទេ អ្នកជំងឺម្នាក់ៗអាចទទួលសំណងជំងឺចិត្ត នៅពេលណាតែពួកគេអាចផ្តល់សក្ខីកម្ម បញ្ជាក់យ៉ាងច្បាស់ អំពីទំនាក់ទំនងដោយផ្ទាល់ និង ដ៏ចម្បង រវាង ការងារនិងជំងឺមហារីក ហើយគ្មានកត្តាហានិភ័យផ្សេងណាដែល អាចជំរុញឲ្យលេចជំងឺមហារីក។ រកឲ្យឃើញថា “គ្មានកត្តាហានិភ័យ”ណាផ្សេង ពិតជាការលំបាកខ្លាំងណាស់។
ការសិក្សារបស់វិទ្យាស្ថានសហជីពអឺរុប បានផ្តល់ការវាយតម្លៃថា ៩,៨% នៃជំងឺមហារីកសុដន់នៅឆ្នាំ ២០១៧ បណ្តាលមកពីការងារ។ មានការការពារល្អប្រសើរ នៅកន្លែងធ្វើការ នឹងកាត់បន្ថយមរណភាពដោយមហារីកសុដន់បាន ៩ពាន់នាក់ ក្នុងមួយឆ្នាំៗ នៅក្នុងរង្វង់សហភាពអឺរ៉ុប។ នេះបើតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសហជីពអឺរ៉ុបដដែល ដោយសង្កត់ធ្ងន់ថា នេះជាអ្វីដែលស្ត្រីបានរងថ្មបាក់ពីការងារអាជីព៕
បើតាមការសិក្សាអេស្ប៉ាញទើបចេញផ្សាយ នៅខែកញ្ញា២០២៦ មីញ៉ូមភ្នែកពិតជាជំងឺមួយ ដែលកំពុងរាតត្បាតនៅលើពិភពលោក។ កំណើនកុមារអាយុ ពី៨ទៅ១២ឆ្នាំ មានភ្នែកមីញ៉ូម បានកើនឡើងយ៉ាងខ្លាំងនិងគួរឱ្យកត់សម្គាល់។ កុំប្រហែសមើលស្រាលជំងឺមីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាកអាចធ្ងន់ធ្ងរខ្លាំង នៅពេលចាស់។
គ្មានអ្វីប្លែកទៀតឡើយ នៅពេលឃើញក្មេងពាក់វែនតា។ នៅឆ្នាំ២០៥០ មនុស្សពាក់កណ្តាលផែនដីនឹងពាក់វែនតា មីញ៉ូម។ ប៉ុន្តែកំណើនករណីមីញ៉ូមភ្នែក មានសន្ទុះខ្លាំង ពិសេស ក្នុងចំណោមកុមារ។ ដូច្នេះប្រសិនបើកូនមកពីសាលារៀនវិញ ថ្នូរថាឈឺក្បាល ថ្នូរថាលោកគ្រូ អ្នកគ្រូ សរសេរមិនច្បាស់នៅលើក្តារខៀន ឬធ្វើភ្នែកមីៗ នៅពេលមើលឆ្ងាយ ... កូនៗរបស់អ្នកប្រហែលជាមានជំងឺមីញ៉ូប និងត្រូវការពាក់វែនតាហើយ។ ហើយត្រូវតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត បើកូននៅកំពុងមានអាយុពី៨ទៅ ១២ឆ្នាំ។
មីញ៉ូបជាជំងឺរាតត្បាតថ្មី
ការសិក្សារបស់អ្នកស្រាវជ្រាវអេស្ប៉ាញ ទើបចេញផ្សាយនៅខែកញ្ញា ក្នុងទស្សនាវដ្តីOphthalmic and Physiological Optics បានបង្ហាញឱ្យឃើញថា អត្រាកុមារមានជំងឺមីញ៉ូម ក្នុងវ័យពី៨ទៅ១២ឆ្នាំនេះ បានកើនឡើងយ៉ាងខ្លាំង ដល់ទៅប្រមាណជិតបីដង ពោលគឺពី១២,៣%ទៅ២៨,៧%។ នៅប្រទេសបារាំង ទិន្នន័យសិក្សាអេពីដេមីសាស្ត្រចុងក្រោយ ចេញផ្សាយនៅឆ្នាំ២០២១ ក្នុងទស្សនាវដ្តី le British Journal of Ophtalmology ក៏បានបញ្ជាក់ដូចគ្នាថា គឺក្មេងក្នុងវ័យនេះហើយដែលមានការលូតលាស់ជំងឺមីញ៉ូមលឿនខ្លាំងជាងគេ ព្រោះជាវ័យដែលកុមារពេញលូតខ្លាំង។ នៅពេលក្មេងចាប់លូតធំ ឆ្អឹងនិងគ្រាប់ភ្នែកក៏ចាប់លូតវែង និងរីកធំដែរ។ ហើយភ្នែកដែលមីញ៉ូប គឺជាភ្នែកដែលមានទម្រង់វែងនិងធំ។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Pr Nicolas Leveziel ប្រធានផ្នែកចក្ខុវិទ្យានៅមន្ទីរពេទ្យCHU Poitiers។ កាលណាគ្រាប់ភ្នែកលូតវែងជ្រុល ជាផលវិបាក រូបភាពមើលឃើញមិនផ្តិតនៅលើប្រសីនៅបាតភ្នែក ដូចអ្នកមានភ្នែកជាល្អធម្មតាទេ តែនៅខាងមុខប្រសីភ្នែក ទើបបានជាអ្នកមីញ៉ូមមិនអាចមើលឆ្ងាយបានឃើញច្បាស់នោះ។
ជាទូទៅ មូលហេតុចម្បងទីមួយដែលនាំឱ្យភ្នែកមីញ៉ូប គឺកត្តាពូជ។ មានម្តាយឬឪពុកមីញ៉ូម នោះកូនក៏ងាយជួបគ្រោះមានជំងឺមីញ៉ូបដែរ។ ហើយបើម្តាយនិងឪពុកសុទ្ធតែមីញ៉ូបទាំងពីរនាក់ នោះលទ្ធភាពមីញ៉ូមរបស់កូនៗ នឹងកើនឡើងមួយជាបីយ៉ាងតិច និងអាចដល់៨ដងលើសក្មេងគ្មានឪពុកម្តាយមីញ៉ូមឯណោះ។ តែកំណើនករណីភ្នែកមីញ៉ូប ដ៏ខ្ពស់និងលឿនខ្លាំងក្នុងវ័យកុមារ អាចបណ្តាលមកពីកត្តាដែល មិនពាក់ព័ន្ធនឹងពូជ។
កាលពីមុនក្មេងកើតមីញ៉ូបច្រើននៅពេលចូលដល់វ័យសិក្សាថ្នាក់មហាវិទ្យាល័យ ជានិស្សិត ដែលចំណាយពេលវេលាច្រើនក្នុងការអាន ក្នុងការសិក្សា។ ជាមីញ៉ូបនិស្សិត។ តែពេលនេះ មីញ៉ូបនិស្សិតក្លាយជាមីញ៉ូបសិស្ស មីញ៉ូបកុមារនិងក្មេងជំទង់ ដែលវក់ខ្លាំងនឹងអេក្រង់។ នៅពេលអាន នៅពេលមើលទូរស័ព្ទ ចំណុចប្រសព្វនៃភ្នែកផ្តោតមើលលើរយៈចម្ងាយខ្លី។ ធ្លាប់តែមើលជិតយូរៗទៅ ភ្នែកមានទម្លាប់ប្រឹងមើលតែរបស់ជិតៗ ក្លាយជាភ្នែកខ្ជិល បាត់បង់ទម្លាប់ប្រឹងមើលឆ្ងាយ។ បន្ទាប់មកទៀត កុមារជំនាន់ថ្មី ចំណាយពេលវេលាតិចតួចណាស់ សម្រាប់រត់លេងនៅក្រៅផ្ទះ នៅទីលាន ទីវាល។ នៅពេលក្មេងបានរត់លេងនៅក្រៅផ្ទះ នៅក្នុងសួន ក្នុងកន្លែងក្មេងលេង ក្មេងអាចមើលអ្វីៗដែលនៅឆ្ងាយ មើលសត្វស្លាបហោះហើរ មើលវត្ថុនៅលើមេឃ មើលព្រៃព្រឹក្សា ។ល។ គឺ ជាការបង្ហាត់ភ្នែកឱ្យប្រឹងមើលឆ្ងាយផង និងជាឱកាសផលិតជាតិអរមូនដួប៉ាមីន។ អរមូនដូប៉ាមីននេះមានសកម្មភាពលើភ្នែក ដោយទៅរារាំងមិនឱ្យគ្រាប់ភ្នែក លូតដុះវែងទេ។ ដូចនិយាយពីខាងដើម មកពីគ្រាប់ភ្នែកលូតវែង ទើបមានរោគមីញ៉ូប។ ក្មេងនៅរត់លេងខាងក្រៅផ្ទះកាន់តែយូរ ភ្នែកផលិតអរមូនដូប៉ាមីនកាន់តែច្រើនដែរ ហើយមិនសូវលូត ជំងឺមីញ៉ូបក៏លែងសូវមាន។
ប៉ុន្តែបច្ចុប្បន្ននេះ ក្មេងជក់នឹងទូរស័ព្ទ អេក្រង់ មិនចង់ចេញទៅរត់លេងនៅក្រៅផ្ទះ នៅឧទ្យានទេ។ ជាលទ្ធផលចំនួនកុមារមីញ៉ូប កើនឡើងជាលំដាប់និងយ៉ាងលឿន។
ដើម្បីទប់ស្កាត់បាតុភូតមីញ៉ូបកុមារ ត្រូវការពារភ្នែកកូនដោយវិធីសាស្ត្រពីរយ៉ាងសំខាន់ៗ គឺទីមួយ ត្រូវឱ្យក្មេងចេញលេងនៅវាលខាងក្រៅ រត់បញ្ចេញសកម្មភាពកាយសម្បទា ត្រូវពន្លឺថ្ងៃ ត្រូវខ្យល់ យ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ។ ត្រូវកាត់បន្ថយ ឬកំរិតរយៈពេលលេងទូរស័ព្ទ នៅមុខអេក្រង់ និងបើអាច ត្រូវដាក់អេក្រង់នៅឆ្ងាយពីភ្នែក។
មីញ៉ូបខ្លាំងឡើងជាលំដាប់
សូមកុំមើលស្រាលជំងឺមីញ៉ូប ដោយគិតថានាំកូនទៅរកវែនតាពាក់ ជាការស្រេច។ បន្ថែមពីលើកាត់វែនតាតម្រូវភ្នែកមីញ៉ូបឱ្យកូនហើយ ដើម្បីផាសុខភាពរបស់កូន អ្នកជាឪពុកម្តាយចាំបាច់ត្រូវដឹងអំពីប្រភេទជំងឺមីញ៉ូបរបស់កូនទៀត។ ជំងឺភ្នែកមីញ៉ូបរបស់កុមារអាចមានពីរទម្រង់។ ទីមួយគឺកំរិតដឺក្រេមីញ៉ូប របស់កូនមិនប្រែប្រួល ក្នុងរយៈពេលយូរ ប្រមាណមួយឆ្នាំ ឬពីរឆ្នាំ។ នេះជាករណីមីញ៉ូបស្រាល ដែលគ្មានអ្វីគួរឱ្យព្រួយបារម្ភ តែត្រូវតាមដានសុខភាពភ្នែករបស់កូនជារៀងរាល់មួយឆ្នាំម្តងឱ្យបានទៀងទាត់។ ករណីទីពីរ កុមារមានជំងឺមីញ៉ូបដែលវិវឌ្ឍ ខ្លាំងឡើងជាលំដាប់។ មួយឆ្នាំឡើងកន្លះឬ១លេខ។ កុមារ មានមីញ៉ូបកំរិត-១ នៅអាយុ៦ឆ្នាំ អាចឡើងដល់-១០ នៅពេលចូលវ័យជំទង់។ មីញ៉ូបចាប់ពី កំរិត៦ឡើងទៅ គេហៅថាជាជំងឺមីញ៉ូបធ្ងន់ធ្ងរហើយ។ ហើយក្នុងករណីនេះ ការការពារសុខភាពភ្នែកឱ្យកូនមិនមែនត្រឹមដើម្បីបាន “មើលឃើញច្បាស់” មួយមុខទេ។
“មីញ៉ូបមិនមែនគ្រាន់តែជាបញ្ហាមើលមិនឆ្ងាយមិនច្បាស់ហើយត្រូវកែដោយពាក់វែនតាទេ។ មីញ៉ូប គឺជាជំងឺដ៏ពិតៗជាក់ស្តែងមួយ។ បើកុមារមីញ៉ូបកាន់តែខ្លាំង ហានិភ័យមានផលវិបាកចំពោះសុខភាពភ្នែក មានកាន់តែខ្លាំង នៅធំពេញវ័យ។ ហានិភ័យខ្លាំងជាងគេគឺគ្រោះងងឹតភ្នែកតែម្តង។ នេះបើតាមពាក្យដាស់តើន របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Dominique Brémond-Gignac ប្រធានសមាគមមីញ៉ូបអឺរ៉ុប ដោយពន្យល់ថា នៅពេលគ្រាប់ភ្នែកលូតធំជ្រុល ប្រសីភ្នែក និងរចនាសម្ព័ន្ធក្តោបគ្រាប់ភ្នែកទាំងមូល ត្រូវទាញយារខ្លាំងខុសប្រក្រតី ដែលមិនអាចទ្រទ្រង់បានយូរ។ គ្រាន់តែមានអាយុ៣០-៤០ ស្រាប់តែលេចជំងឺភ្នែកឡើងបាយមុនអាយុ Cataracte glaucome ដាច់របើកប្រសីភ្នែក និងជំងឺភ្នែកមួយចំនួនផ្សេងៗទៀត។
វិធីទប់ស្កាត់ និងព្យាបាលជំងឺមីញ៉ូបកុមារ
និយាយបែបនេះមិនមែនជាការបំភ័យទេ។ តែជាសំណាងល្អ វេជ្ជសាស្ត្រមានមធ្យោបាយប្រកបដោយប្រសិទ្ធភាពវិធីទប់ស្កាត់ជំងឺមីញ៉ូបកុមារ និងរារាំងមិនឱ្យកុមារធ្លាក់ខ្លួនឈឺមីញ៉ូបកំរិតគ្រោះថ្នាក់បាន។ ប្រទេសបារាំងមានសំណើព្យាបាលច្រើនយ៉ាងដែលសម្រេចដោយគ្រូពេទ្យឯកទេសភ្នែក។
ពាក់វែនតាដែលមានកញ្ចក់ពិសេស មើលពីក្រៅឃើញដូចកញ្ចក់វែនតាមីញ៉ូបធម្មតា តែឌីសាញខាងក្នុងកញ្ចក់ មានស្នូលកណ្តាលពីរបីមីល្លីម៉ែត្រ សម្រាប់កែទាំងស្រុង ហើយនៅជុំវិញជាតំបន់បញ្ចាំងរូបនៅមុខប្រសី។ កញ្ចក់វែនតាពិសេសនេះអាចជួយទប់ការវិវឌ្ឍនៃភាពមីញ៉ូបបាន។ លទ្ធភាពព្យាបាលមួយទៀត គឺ ការប្រើថ្នាំជាតំណក់ទឹក ច្របាច់ដាក់ក្នុងភ្នែកជារៀងរាល់ល្ងាច តែថ្នាំប្រភេទនេះ មានប្រើតែក្នុងមន្ទីរពេទ្យទេ។ គេត្រូវរង់ចាំបន្តិចទៀតសិន មុននឹងបានទទួលការអនុញ្ញាតឱ្យថ្នាំនេះធ្វើចរាចរណ៍តាមឱសថស្ថានទូទៅបាន។
ក្នុងពេលរង់ចាំ ទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងភាពអនុគ្រោះសម្រាប់ស្ទើរគ្រប់កុមារ និងទប់ជំងឺមីញ៉ូបានពី៦០ទៅ៨០% គេអាចកាត់បន្ថយគ្រោះមីញ៉ូបភ្នែក ដោយការប្តូរផ្លាស់ទម្លាប់រស់នៅរបស់កុមារ។ ដោយផាត់កត្តាពូជចេញ គេអាចការពារជំងឺមីញ៉ូបដោយលុបបំបាត់កត្តាហានិភ័យក្រៅខ្លួន ដោយទម្លាប់កូនតាំងពីតូចខ្ចី ឱ្យរត់លេង ធ្វើកីឡា នៅក្រៅផ្ទះ ឱ្យបានយូរ ដើម្បីបានត្រូវពន្លឺថ្ងៃ ដែលជះឥទ្ធិពលខ្លះទៅលើការលូតលាស់នៃគ្រាប់ភ្នែក។ កាត់បន្ថយ និងកំរិតពេលម៉ោងនៅមុខអេក្រង់ ដោយចងចាំថា មួយម៉ោងនៅមុខអេក្រង់ក្នុងមួយថ្ងៃ បង្កើនគ្រោះមីញ៉ូប២០%។ បន្ទប់គេង កន្លែងរៀន និងអានរបស់កូនមានពន្លឺច្រើនគ្រប់គ្រាន់ ហើយត្រូវធានាថាកុមារបានគេងគ្រប់ម៉ោង និងយ៉ាងទៀងទាត់៕
គ្មានទឹកមនុស្សនឹងស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់ជួយឲ្យសរីរាង្គកាយ មានដំណើរការល្អ ប៉ុន្តែបើពិសាច្រើនជ្រុលហួសហេតុពេក ទឹកអាចបង្កគ្រោះថ្នាក់ទៅវិញទេ។ តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ ទើបហៅថាល្អ និង ចាប់ពីបរិមាណប៉ុន្មានទៅ ដែលនាំមានផលវិបាកដល់សុខភាព?
ទឹកជាភេសជ្ជៈដ៏ចាំបាច់សម្រាប់មនុស្សគ្រប់រូបទាំងអស់។ ផ្តល់ជាតិទឹក ផ្តល់ភាពសើមដល់សព៌ាង្គកាយ ជាប់ជាប្រចាំ នឹងធ្វើឲ្យសរីរាង្គកាយមានដំណើរការល្អ។ ការផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់សរីរាង្គកាយ ជាការចូលរួមចំណែកធ្វើឲ្យមាន សរសៃឈាមបេះដូង តម្រង់នោម ប្រព័ន្ធរំលាយអាហារ និង ខួរក្បាល មានសុខភាពល្អ។ ប៉ុន្តែត្រូវឲ្យទឹកនោះ ជាទឹកមានគុណភាពល្អ ជាទឹកបរិសុទ្ធ អាចបរិភោគបានដោយគ្មានមេរោគឆ្លងចូលក្នុងសព៌ាង្គកាយ។
ទឹកមានភារៈចាត់ចែងសីតុណ្ហភាពរាងកាយ ដឹកជញ្ជូនជីវជាតិ រំលាយកាកសំណល់មេតាបូលិក និងធានារ៉ាប់រងដំណើរការរបស់ក្រលៀនឬតម្រងនោម ប្រព័ន្ធរំលាយអាហារ និងសន្លាក់។ មានន័យថា ការផ្តល់ជាតិទឹកបានគ្រប់គ្រាន់ នឹងជួយតម្រងនោមឱ្យច្រោះកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន និងជួយបង្ការកុំមានគ្រួសក្នុងតម្រងនោម។ ជួយប្រព័ន្ធរំលាយអាហារ កិនបំបែកនិងបញ្ជូនកាកសំណល់ចេញ បញ្ចៀសអាការៈទល់លាមក។ ជួយរក្សាលំនឹងថាមពល កាត់បន្ថយអាការៈនឿយហត់អស់កម្លាំងខ្សោយបញ្ញាស្មារតី។
ហេតុដូច្នេះហើយបានជានៅពេលខ្វះជាតិទឹក ឬបរិភោគទឹកមិនគ្រប់គ្រាន់ ទោះបីជាខ្វះតិចតួចក៏ដោយ ក៏មនុស្សនឹងអាចមានអាការៈអស់កម្លាំង ឈឺក្បាល ការផ្ចង់គំនិតស្មារតីចុះខ្សោយ និងចុះខ្សោយសមត្ថភាពរាងកាយ ភ្លាម។ ផ្ទុយទៅវិញ ការបរិភោគទឹកច្រើនជ្រុល ក៏អាចជះផលវិបាក និងបង្កគ្រោះថ្នាក់ដល់សុខភាពដែរ។
ពិសាទឹកច្រើនជ្រុលអាចបង្កបញ្ហាអ្វីខ្លះ?
ទឹកជាភេសជ្ជៈដ៏ល្អជាងគេសម្រាប់សុខភាព។ នេះជាអនុសាសន៍ណែនាំដែលយើងឮជារហូតមក។ ប៉ុន្តែការពិសាទឹកច្រើនជ្រុលហួសហេតុពេក ក៏មិនល្អដែរ។
ដើម្បីផ្តល់ចម្លើយថាតើមនុស្សម្នាក់ៗត្រូវបរិភោគទឹកប៉ុន្មានក្នុងមួយថ្ងៃ ទើបសមរម្យ យើងត្រូវយល់ជាមុនថា ក្នុងមួយថ្ងៃៗ សរីរាង្គកាយយើងបានបាត់បង់ជាតិទឹក អស់ប្រមាណពីពីរលីត្រកន្លះទៅបីលីត្រ តាមរយៈការបញ្ចេញចោលទឹកនោម លាមក ញើស និងការហួតជាតិតាមផ្ទៃស្បែក។ ដូច្នេះដើម្បីរក្សាតុល្យភាព យើងត្រូវទទួលទានទឹក បំពេញសរីរាង្គកាយឱ្យបានក្នុងបរិមាណឱ្យស្មើវិញ (ពីរលីត្រកន្លះទៅបីលីត្រ) ជាប្រចាំ។ តាមការពិត យើងបានផ្តល់តុល្យភាពជាតិទឹកធ្វើជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន តាមរយៈការទទួលទានអាហារ បន្លែផ្លែឈើ សម្លសម្លុក និងការផឹកទឹកធម្មតា ឬភេសជ្ជៈផ្សេងៗ។
ប៉ុន្តែនៅពេលពិសាទឹកច្រើនជ្រុលនិងលឿនពេក លើសការបាត់បង់ អ្នកនឹងទទួលលទ្ធផលបញ្ច្រាស។ អ្វីក៏ដោយឱ្យតែធ្វើជ្រុល សុទ្ធតែអាចបកជាអាក្រក់វិញទាំងអស់។ យ៉ាងណាមិញ ការបរិភោគទឹកច្រើនជ្រុល ហួសសមត្ថភាពចម្រោះរបស់តម្រងនោម ដែលជាទូទៅអាចច្រោះបានប្រមាណពី៨០០មីល្លីលីត្រទៅ១លីត្រក្នុងម៉ោង អាចនឹងបង្កឱ្យមានបញ្ហាខ្សោះ និងធ្លាក់ចុះថយបរិមាណជាតិអេឡិចត្រូលីត ជាតិSodium ក្នុងឈាម Hyponatrémie ឬនិយាយបែបសាមញ្ញថា “ពុលទឹក”។
ពុលទឹក គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលពាក់ព័ន្ធនឹងបរិភោគទឹកច្រើនជ្រុលហួសហេតុ ក្នុងរយៈពេលដ៏ខ្លី លើសសេចក្តីត្រូវការរបស់សរីរាង្គកាយ។ ទឹកនឹងក្លាយជាជាតិពុល ព្រោះនៅពេលសរីរាង្គកាយមានបរិមាណទឹកច្រើនពេក កំហាប់ជាតិសូច្យូម (អំបិល) ក្នុងឈាមរាវខ្លាំង ពោលគឺមានកំរិតជាតិសូច្យូមទាប។ បើអត្រាសូច្យូមក្នុងឈាមទាប នោះកោសិកាខួរក្បាល អាចនឹងហើម ហើយឡើងសម្ពាធក្នុងលលាដ៏ក្បាល ដែលអាចបង្កជាអាការៈ ឈឺក្បាល ចង់ក្អួត រមួលក្រពើ ច្របូកច្របល់ ប្រកាច់ សន្លប់ និងបើធ្ងន់ធ្ងរអាចដល់ស្លាប់បាន។
ករណីស្លាប់ដោយហេតុ ហូបទឹកច្រើនពេកដល់ពុល ធ្លាប់កើតមានរួចមកហើយ ជាពិសេសក្នុងចំណោមអ្នកកីឡារត់ម៉ារ៉ាតុង។ បើតាមស្ថិតិឆ្នាំ២០២១ អ្នករត់ម៉ារ៉ាតុង ៨ទៅ១៣% មានអាការៈចុះជាតិSodium ដោយប្រឹងរត់ បែកញើសខ្លាំងចេញជាតិប្រៃអស់ហើយផឹកទឹកសាបច្រើនជ្រុល។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យជំនាញ ណែនាំឱ្យអ្នកធ្វើ និងហាត់កីឡាប្រើកម្លាំង កុំពិសាទឹកច្រើនពេលរត់ និងពេលកំពុងបញ្ចេញថាមពលបែកញើសខ្លាំង។ ក្នុងករណីរត់ម៉ារ៉ាតុង ៥គីឡូម៉ែត្រមួយកូនកែវ គ្រប់គ្រាន់ហើយ។ ផ្តល់ជាតិដើម រក្សាតុល្យភាពជាតិទឹកក្នុងសរីរាង្គកាយពេលធ្វើកីឡា ជាប្រការចាំបាច់ តែសូមជ្រើសរើសក្រេបទឹកផ្សើមបំពង់ក ឱ្យញយដងជាជាងពិសាម្តងច្រើនកែវ។ ដើម្បីដឹងថាតើយើងបរិភោគទឹកច្រើនជ្រុល សូមសាកល្បងឡើងជញ្ជីង។ បើធ្ងន់ជាងមុនពេលហាត់ នោះមានន័យថាយើងពិសាទឹកច្រើនជ្រុលហើយ។
មនុស្សចាស់ អ្នកមានជំងឺរ៉ាំរ៉ៃ (ខ្សោយក្រលៀន ខ្សោយបេះដូង មហារីក ឬជំងឺទឹកនោមផ្អែម) សុទ្ធសឹងជាជនងាយរងគ្រោះ ងាយប្រឈមនឹងវិបត្តិអ៊ីប៉ូណាត្រេមី ពុលទឹក។ សរីរាង្គពួកគេមិនអាចបញ្ចេញជាតិទឹកបានត្រឹមត្រូវទេ នៅពេលបរិភោគទឹកចូលច្រើនពេក ព្រោះចូលដល់វ័យមួយ មនុស្សចាស់លែងសូវបែកញើស ឬលែងចេញញើសសោះតែម្តង។ អ្នកមានសុខភាពល្អរឹងមាំ ក៏អាចជួបគ្រោះពុលទឹកបានដែរ ជាពិសេសនៅពេលមានអាកាសធាតុក្តៅខ្លាំង។
តើត្រូវបរិភោគទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?
មួយលីត្រកន្លះ ឬពីរលីត្រ ឬបីលីត្រ? សេចក្តីត្រូវការ “ទឹក” មិនដូចនិងមិនស្មើគ្នាទេ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីវ័យមួយទៅវ័យមួយ។ រង្វាស់នៃសេចក្តីត្រូវការជាតិទឹក ប្រែប្រួលទៅតាមអាយុ ទៅតាមមាឌ (ទម្ងន់) ទៅតាមកំរិតនៃការបញ្ចេញសកម្មភាពរាងកាយ និងទៅតាមបរិបទអាកាសធាតុ។
ក្នុងបឋមវ័យ នៅជាទារកនៅឡើយ ខ្លួនប្រាណមនុស្សមានផ្ទុកជាតិទឹកប្រមាណ៧៥%។ ៦០% ឬត្រូវជា៤២លីត្រ ចំពោះមនុស្សធំពេញវ័យទម្ងន់៧០គីឡូក្រាម និងនៅសល់តែប្រមាណ៥០ទៅ៥៥% នៅពេលចាស់ជរា។ ភាពខុសគ្នានេះជាការបញ្ជាក់ឱ្យឃើញអំពីតួនាទីគ្រឹះរបស់ជាតិទឹក សម្រាប់ជីវិត។ បើកំរិតជាតិទឹកក្នុងសរីរាង្គកាយមនុស្សខុសគ្នា សេចក្តីត្រូវការជាតិសើមក៏ខុសគ្នាទៅតាមវ័យដែរ។
បើតាមអនុសាសន៍របស់វិទ្យាស្ថានស្រាវជ្រាវសុខភាពបារាំង តម្រូវការជាតិទឹកវិវឌ្ឍ និងប្រែប្រួលទៅតាមវ័យ ទៅតាមដំណើរជីវិត និងត្រូវគិតគូរបូកបញ្ចូលទាំងបរិមាណជាតិទឹកក្នុងម្ហូបអាហារផង។
ដូច្នេះ ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន អ្នកងាយរងហានិភ័យ ត្រូវបរិភោគទឹកមិនឱ្យលើសពីមួយលីត្រកន្លះទេ ក្នុងមួយថ្ងៃ។ ជាទឹកសធម្មតា បន្ថែមពីលើចំណីអាហារដែលសម្បូរជាតិទឹក។ ចំណែកអ្នកមានសុខភាពល្អ មិនត្រូវពិសាទឹកឱ្យលើសពី៣ទៅ៤លីត្រឡើយ ក្នុងមួយថ្ងៃ៕
ថ្ងៃទី ២១កញ្ញាជាទិវាពិភពលោកនៃជំងឺវង្វេងវង្វាន់។ បើតាមស្ថិតិទើបចេញថ្មី ២,២%នៃប្រជាជនបារាំងមានជំងឺវង្វេងវង្វាន់ Alzheimer។ ចំណោមអ្នកជំងឺចុះខ្សោយសតិទាំងនោះ មានតែ៣៤%ប៉ុណ្ណោះ បានទទួលការវិនិច្ឆ័យត្រឹមត្រូវ។ ជំងឺវង្វេងវង្វាន់បានក្លាយជាបន្ទុក ដ៏ធំសម្រាប់ពិភពលោកទាំងមូល។ ពិភពវេជ្ជសាស្ត្រ ក៏មិនទាន់រកឃើញថ្នាំព្យាបាល និងថ្នាំការពារជំងឺដ៏គួរខ្លាចនេះទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹងជំងឺរបេង ទំនងអាចពន្យឺតអាការៈរោគវង្វេងបាន។ តើថ្នាំបង្ការBCG មានលក្ខណៈពិសេសយ៉ាងណា ? ការសិក្សាពន្យល់យ៉ាងដូចម្តេចខ្លះ?
វង្វេងវង្វាន់ជាជំងឺខូចប្រព័ន្ធសរសៃប្រសាទដែលមានកើតច្រើនជាងគេនៅលើពិភពលោក។ បើតាមអង្គការសុខភាពពិភពលោក មានមនុស្សជាង៥៥លាននាក់មានជំងឺវង្វេង ក្នុងនោះ៦០ទៅ៧០%ជាជំងឺវង្វេងវង្វាន់Alzheimer នៅឆ្នាំ២០២០ និងដល់១៣២លាននាក់នៅឆ្នាំ២០៥០។
រោគសញ្ញាដំបូងដែលត្រូវប្រយ័ត្នគិតដល់ជំងឺវង្វេងវង្វាន់
ភ្លេចកូនសោផ្ទះ រកនឹកឈ្មោះអ្នកស្គាល់ណាម្នាក់មិនឃើញ ដើរទៅដល់កន្លែងតែភ្លេចមិនដឹងថាមកធ្វើអី ... ស្ថានភាពបែបនេះជាអាការៈធម្មតាដែលតែងកើតឡើងលើមនុស្សស្ទើរគ្រប់រូប។ ការភ្លេច ឬភ្លាំងមួយភ្លែតដូច្នេះ មិនមែនជាសញ្ញាបញ្ជាក់ជាស្វ័យប្រវត្តិនៃការចាប់ផ្តើមមានជំងឺវង្វេងវង្វាន់ Alzheimerឡើយ។ ប៉ុន្តែ នៅពេលភ្លេច ក្លាយជាទម្លាប់ប្រចាំថ្ងៃ កើតឡើងដដែលៗ រំខានដល់ការរស់នៅប្រចាំថ្ងៃ អមដោយការនិយាយស្តីសួរដដែលៗ ឬអមដោយការរង្វេងក្នុងទីតាំង-កន្លែងដែលធ្លាប់ស្គាល់សោះ ទើបជាសញ្ញាដាស់ស្មារតីប្រាប់ពីហានិភ័យកើតជំងឺវង្វេងវង្វាន់។
មានកត្តាចម្បងៗជាច្រើនដែលបង្កើនគ្រោះឈានទៅកើតជំងឺវង្វេងវង្វាន់។ អាយុជាកត្តាចម្បងគេ ដោយប្រេវ៉ាឡង់កើតជំងឺវង្វេងវង្វាន់បានកើនឡើងពី១%នៅអាយុពី៦០ទៅ៦៥ឆ្នាំ ដល់ជិត៥០%នៅអាយុ៨៥ឆ្នាំ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Bruno Dubois សាស្ត្រាចារ្យផ្នែកប្រព័ន្ធប្រសាទវិទ្យា នៅមន្ទីរពេទ្យសកលវិទ្យាល័យ Pitié-Salpêtrière ក្រុងប៉ារីស ៖
“ជំងឺវង្វេងវង្វាន់ Alzheimer មានពាក់ព័ន្ធនឹងអាយុ។ ប៉ុន្តែមិនមែនមានន័យថា ក្មេងមិនកើតជំងឺនេះឡើយ។ យើងគ្រប់គ្នា នៅអាស៊ី អាហ្វ្រិក ... រស់មានសុខភាពល្អ រហូតដល់វ័យមួយដែលជំងឺវង្វេងលេចឡើងដោយឯង តាមច្បាប់ធម្មជាតិ។ ហេតុដូច្នេះហើយបានជាកាលពីជាង៣០ឆ្នាំមុន គេមិនសូវឃើញមានជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរទេ នៅប្រទេសបារាំង។ ជំងឺនេះទើបចាប់ផ្ទុះកំណើន ដូចស៊ូណាមី នៅពេលនេះ ព្រោះមនុស្សបច្ចុប្បន្នមានអាយុវែង រស់បានយូរ។ អាយុវែង រស់បានយូររហូតដល់វ័យមួយដែលជំងឺវង្វេងលេចឡើង ជាធម្មតា។ ប៉ុន្តែជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ថា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ មិនមែនជាជំងឺដែលបណ្តាលមកពីភាពចាស់ជរាទេ។ ប៉ុន្តែជាជំងឺដែលមានពាក់ព័ន្ធភាពចាស់ជរា។ គ្រប់មនុស្សចាស់រស់ដល់អាយុ៩០ឆ្នាំ មិនមែនសុទ្ធកើតរោគវង្វេងទាំងអស់ឡើយ។ ២០-៣០% ចំពោះមនុស្សក្នុងវ័យខ្ទង់៨០ និងដល់ជាង៤០%សម្រាប់មនុស្សចូលវ័យ៩០ឆ្នាំ។ មានន័យថា ប្រមាណ៦០%នៃមនុស្សចាស់អាយុលើស៩០ឆ្នាំ គ្មានជំងឺ និងគ្មានរោគសញ្ញាជំងឺ Alzheimer។”
កត្តាពូជ និងសុខភាពសរសៃឈាមបេះដូង (មានជំងឺលើសឈាម ទឹកនោមផ្អែម ក៏មានចំណែកសំខាន់ខ្លាំងដែរក្នុងការជំរុញឱ្យមានជំងឺវង្វេងវង្វាន់។ នៅក្នុងការសិក្សាចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ២០២៥ ក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet ការស្រូបធាតុល្អិតនិចល តូចឆ្មារ PM2.5 យូរខែថ្ងៃ បានបង្កើនគ្រោះហានិភ័យខ្ពស់ខ្លាំងណាស់ឱ្យមានជំងឺវង្វេងវង្វាន់។
បើតាមរបាយការណ៍ចេញផ្សាយនៅក្នុងទស្សនាវដ្តី ឆ្នាំ២០២៤ ជំងឺវង្វេងចុះខ្សោយប្រព័ន្ធសរសៃប្រសាទនៅលើពិភពលោក ចំនួន៤៥% ទំនងបណ្តាលមកពីកត្តាហានិភ័យដែលគេអាចប្តូរផ្លាស់បាន។ ដូច្នេះ គេទំនងជាអាចមានលទ្ធភាព ក្នុងករណីខ្លះ ការពារ ឬពន្យឺតពេលវេលាកុំឱ្យឆាប់កើតជំងឺ Alzheimerបាន។ មូលនិធិស្រាវជ្រាវជំងឺ Alzheimer បារាំង បានពន្យល់ថា ខួរក្បាលមនុស្សជាសរីរាង្គដែលចាប់ផ្តើម ចាស់ទ្រុឌទ្រោម នៅអាយុចាប់ពី៣០ឆ្នាំឡើងទៅ ហើយភាពចាស់នៃខួរក្បាលចាប់ធ្លាក់លឿនខ្លាំង នៅម្តុំអាយុ៥៥ឆ្នាំ។ ដូច្នេះវាជាការសំខាន់ដែលយើងត្រូវចេះប្រកាន់ទម្លាប់ល្អ ឱ្យបានកាន់ឆាប់កាន់តែប្រសើរ ក្នុងការពន្យឺតបាតុភូតនេះ និងរក្សាខួរក្បាលឱ្យនៅមានសុខភាពល្អ។ បច្ចុប្បន្ននេះ គ្មានឥរិយាបថរស់នៅប្រចាំថ្ងៃណាដែលធានាទប់ស្កាត់បុគ្គលណាសម្នាក់មិនឱ្យកើតជំងឺវង្វេងវង្វាន់ Alzheimer ទេ។ ផ្ទុយទៅវិញ ទម្លាប់ខ្លះអាចមានប្រតិកម្មលើកត្តាហានិភ័យ និងចូលរួមចំណែកពង្រឹងសុខភាពខួរក្បាល ដែលអាចជួយពន្យឺតពេលវេលាកុំឱ្យឆាប់លេចរោគសញ្ញាជំងឺ Alzheimer បាន។ មូលនិធិស្រាវជ្រាវជំងឺ Alzheimer បានចេញផ្សាយនាឱកាសទិវាពិភពលោកនៃជំងឺអាល់ហ្សៃមែរ ថ្ងៃទី២១កញ្ញា នូវអនុសាសន៍៥យ៉ាង សម្រាប់ទប់កុំឱ្យជំងឺ Alzheimer ឆាប់កើត និងរក្សាសុខភាពខួរក្បាល ឱ្យនៅល្អបានយូរ ៖
ថ្នាំបង្ការអាចជួយការពារខួរក្បាល ?
មើលថែសុខភាពរាងកាយជាទូទៅ ចាក់ថ្នាំបង្ការតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបញ្ចៀសជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺរបេង ក៏មានប្រយោជន៍ក្នុងការទប់ស្កាត់ជំងឺវង្វេងបានដែរ។ នេះបើគេជឿតាមការសិក្សាទើបចេញថ្មី កាលពីដើមខែកក្កដា២០២៦។ ថ្នាំបង្ការ BCG សម្រាប់ការពារជំងឺរបេង ដែលត្រូវបានវេជ្ជសាស្ត្រយកមកប្រើជាថ្នាំព្យាបាលជំងឺមហារីកប្លោកនោម ទំនងជាអាចការពារ និងពន្យឺតអាការៈសញ្ញាជំងឺវង្វេងវង្វាន់ Alzheimer បាន។
មានអាយុជាង១រយឆ្នាំ ថ្នាំបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបេង និងសម្រាប់ព្យាបាលប្រព័ន្ធការពារខ្លួនប្រឆាំងនឹងជំងឺមហារីកប្លោកនោម ទំនងអាចមានសមត្ថភាពបង្ហាត់កោសិកានៃប្រព័ន្ធការពារខ្លួន ដែលមានឥទ្ធិពលលើពពួកប្រូតេអ៊ីន អាមីឡូអ៊ីត។ ប្រូតេអ៊ីនដែលជាប្រភពនាំឱ្យកើតជំងឺវង្វេងវង្វាន់។ កំពុងស្ថិតក្នុងដំណាក់កាលរុករកមែន ប៉ុន្តែអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជឿជាក់កាន់តែខ្លាំងឡើងៗ ថាថ្នាំបង្ការBCG អាចដើរតួនាទីគន្លឹះលើប្រព័ន្ធការពារខ្លួនក្នុងការទប់ជំងឺខូចប្រព័ន្ធប្រសាទ (ចុះខ្សោយ)។ បើតាមការសិក្សា អ្នកជំងឺខ្លះ ក្រលេចរោគសញ្ញាឡើង មិនមែនដោយយន្តការជំងឺវង្វេងវិវឌ្ឍន៍យឺត ឬអវត្តមានទេ តែមកពីអ្នកជំងឺអាច តស៊ូ តតាំងនឹងជំងឺនេះបានយូរ។ ឬនិយាយឱ្យស្រួលស្តាប់ មកពីអ្នកជំងឺមានប្រព័ន្ធការពារខ្លួនខ្លាំង រស់រវើក បន្ទាប់ពីទទួលថ្នាំបង្ការBCG ដោយអាចធ្វើសកម្មភាពប្រយុទ្ធប្រឆាំងបានយ៉ាងលឿននិងយ៉ាងខ្លាំង នឹងគ្រោះថ្នាក់ចំពោះមុខ។
អ្នកស្រាវជ្រាវរកឃើញថា អ្នកមានសុខភាពល្អ ដែលបានទទួលថ្នាំបង្ការBCG គ្រប់ដូស (ពីរដូស) មានកំរិតប្រូតេអ៊ីន បេតាអាមីឡូអ៊ីត ធ្លាក់ចុះ៤០% នៅមួយឆ្នាំក្រោយ។ ហើយកោសិកានៃប្រព័ន្ធការពារខ្លួន ជុំវិញប្រព័ន្ធប្រសាទកណ្តាល មានសញ្ញាសកម្ម បានយូរ។ ចំពោះអ្នកមានជំងឺ Alzheimer ហើយ ថ្នាំបង្ការBCG មិនអាចបញ្ចុះអត្រាបេតាអាមីឡូអ៊ីតមែន តែប្រព័ន្ធការពារខ្លួនរបស់ពួកគេក៏បញ្ចេញប្រតិកម្មខ្លាំង។ លោកសាស្ត្រាចារ្យ Philippe Amouyel អគ្គនាយកមូលនិធិស្រាវជ្រាវជំងឺ Alzheimer ចាត់ទុកលទ្ធផលនៃការសិក្សានេះ ថាជាការចង្អុលផ្លូវឱ្យឃើញអំពីតួនាទីរបស់ប្រព័ន្ធការពារខ្លួន ក្នុងកិច្ចការពារជំងឺអាល់ហ្សៃមែរ។ គោលដៅចម្បង មិនមែនដើម្បីព្យាបាលជំងឺ Alzheimer ឱ្យជាទេ តែដើម្បីពន្យឺតការវិវឌ្ឍន៍នៃជំងឺ និងដើម្បីកុំឱ្យអ្នកជំងឺឆាប់លេចរោគសញ្ញាវង្វេងឡើង៕
តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែច្រើនឡើងៗ នៅតាមបណ្តាប្រទេសលោកខាងលិច។ មួយភាគប្រាំ នៃមនុស្សនៅលើពិភពលោកយើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេបានស្គាល់ និង យល់អំពីផលវិបាក នៃការសាក់ ចំពោះសុខភាព យ៉ាងណាដែរ?
ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណីដ៏យូរលង់ណាស់មកហើយ នៅលើពិភពលោក។ ក្នុងប្រពៃណីខ្លះ សាក់ជាដំណាក់កាលដែលមិនអាចរំលងបាន ព្រោះជាការបញ្ជាក់អត្តសញ្ញាណ ឋានៈក្នុងសង្គម និងដំណើរជីវិត។ នៅកម្ពុជា ចាស់បុរាណមានជំនឿថា ការចាក់សាក់យ័ន្ត បញ្ចូលអាគមគាថា អាចធ្វើឲ្យក្លាយជាវិសេសជន អាចជួយការពារខ្លួន អាចធ្វើឲ្យមនុស្សប្តូរផ្លាស់អត្តចរិក។ល។ អបិយជំនឿ ចាក់សាក់យ័ន្ត ធ្វើជាអាវុធការពារ កាប់មិនមុតដុតមិនឆេះ បានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ និង ត្រូវបានគេចាត់ទុកជាមរតកវប្បធម៌ខ្មែរបុរាណមួយ ដែលគួរថែរក្សាឲ្យបានគង់វង្ស។ ក្នុងសង្គមខ្លះទៀត សាក់ជាតំណាងរូបភាពអវិជ្ជមាន ដោយយល់ថាអ្នកចាក់សាក់ ជាក្រុមអ្នកលេង ក្រុមមិនល្អ។
ប៉ុន្តែតាំងពីជាងម្ភៃឆ្នាំមកនេះ សាក់បានក្លាយជាសិល្បៈនៃការលម្អរាងកាយមួយ ក្នុង ចំណោមយុវវ័យជំនាន់ក្រោយ និងកាន់តែពេញនិយមឡើងៗ គ្របបាំងគំនិតអវិជ្ជមាន ទាំងឡាយទាក់ទងនឹងសាក់។ ចាក់សាក់បានក្លាយជារឿងសាមញ្ញរបស់ជនទូទៅ។ បើតាមការប៉ាន់ស្មាន មានមនុស្សជាង១ពាន់លាននាក់ ឬ ត្រូវជា ១ភាគ៥នៃប្រជាជនសរុបនៅលើ ផែនដី មាន សាក់នៅលើខ្លួន និង ដល់ទៅ មួយភាគបួន ក្នុងចំណោម មនុស្សអាយុក្រោម៣៥ឆ្នាំ។
នៅអឺរ៉ុប កន្លែងចាក់សាក់បានរីកដុះដាលយ៉ាងខ្លាំង ព្រោះអាជ្ញាធរបានសម្រួល បែបបទរដ្ឋបាល និងបានពង្រឹងច្បាប់ត្រួតពិនិត្យសុវត្ថិភាពការចាក់សាក់ ទាំងខាងផ្នែក អនាម័យ ដ៏ដូចជាទឹកថ្នាំសម្រាប់សាក់។ ប៉ុន្តែច្បាប់កំណត់បទដ្ឋានសុវត្ថិភាពទឹកថ្នាំសាក់នៅអឺរ៉ុប ដែលមានលក្ខណៈតឹងតែងខ្លាំងជាងគេ ខ្លាំងជាងនៅសហរដ្ឋអាមេរិកទៀតនោះ ទើបចូលជាធរមាន កាលពីខែកុម្ភៈឆ្នាំ២០២៥មុននេះទេ។ ទឹកថ្នាំចាស់ និងសល់ពីមុន នៅតែបន្តធ្វើចរាចរណ៍នៅអឺរ៉ុបដដែល រហូតអស់ពីស្តុក។
ហានិភ័យឆ្លងរោគ ឬមានការបង្ករោគ ដោយការសាក់ ត្រូវបានកាត់បន្ថយ តាមរយៈការប្រើប្រាស់សម្ភារៈម្ជុលឬឧបករណ៍ចាក់ ដែលឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។ តែគ្រោះអាល្លែកហ្ស៊ី និងគ្រោះថ្នាក់ បង្កឡើងដោយទឹកថ្នាំសម្រាប់សាក់ នៅខ្ពស់ដដែល។ គ្រូសាក់បានទទួលស្គាល់ថា ពួកគាត់បានដឹងអំពីធាតុផ្សំគោលបិទលើប្រអប់ទឹកថ្នាំ ប៉ុន្តែមិនអាចដឹងអស់អំពីសមាសធាតុលម្អិតនៃទឹកថ្នាំនោះទេ។
បញ្ហាធំដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព គឺបណ្តាលមកពី ទឹកថ្នាំ។ គ្មានក្រុមហ៊ុនណា ផ្សំពណ៌ទឹកថ្នាំ ពិសេសសម្រាប់ប្រើសាក់លើស្បែកទេ។ នៅក្នុងទឹកថ្នាំ ធាតុកំណត់ពណ៌ថ្នាំ ជាសារធាតុគីមី តែមួយដូចគ្នា ក្នុងថ្នាំព៌ណឧស្សាហកម្ម ផលិតឡាន ផលិតប្លាស្ទិក ដែល បង្កប់ទៅដោយភាពកខ្វក់។ គឺភាពមិនបរិសុទ្ធនៃថ្នាំនេះហើយ ដែលជាដើមហេតុនាំឲ្យមាន ផលវិបាកចំពោះសុខភាពនៅពេលសាក់។
បើតាមគ្រូពេទ្យជំនាញផ្នែកសើរស្បែក ទឹកថ្នាំអាចបង្កបញ្ហាបីយ៉ាង៖ គឺទឹកថ្នាំអាចចម្លងមេរោគ ពពួកមីកូបាក់តេរី ឆ្លងក្រោយចាក់សាក់រួច។ ទីពីរ គឺការចាក់សាក់ក្រាស់ និង ច្រើនពេញផ្ទៃស្បែកពេក អាចបញ្ចៀបជាតិថ្នាំពណ៌សាក់ ទៅក្នុងស្រទាប់ស្បែក ដែម ច្រើនជ្រុលដែល ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធទឹករងៃឡាំហ្វាទិក ពោលគឺអាចធ្វើឲ្យសរីរាង្គកាយពុល នៅពេលក្រោយ។ ជាតិផ្សំដំឡើងពណ៌ខ្លះទៀត ជាសារធាតុហាមឃាត់ ដោយវាជាភ្នាក់ងារអាចបង្កជំងឺមហារីក ឬអាចធ្វើឲ្យប្រព័ន្ធការពារសរីរាង្គកាយចុះខ្សោយ ហើយ បង្កជាប្រតិកម្មអាល្លែកហ្ស៊ីឡើង។ បើតាមវេជ្ជបណ្ឌិតជំនាញស្បែកដដែល ថ្នាំពណ៌កាន់តែដុត កាន់តែអាចបង្កគ្រោះថ្នាក់ជាងគេ។
មកទល់ពេលនេះម៉ោងនេះ ការចាក់សាក់ដោយប្រើថ្នាំមានផ្ទុកសារធាតុអាចបង្កគ្រោះមហារីក ជាហានិភ័យដែលមិនអាចបដិសេធបានទេ។
បន្ទាប់ពីបានសិក្សាស្រាវជ្រាវអស់រយៈពេល៧ឆ្នាំ វិទ្យាស្ថានស្រាវជ្រាវជីវៈវេជ្ជសាស្ត្រBellinzone ប្រទេសស្វីស បានចេញផ្សាយរបាយការណ៍មួយដ៏គួរឲ្យព្រួយបារម្ភ។ ការពិសោធន៍ចាក់សាក់លើសត្វកណ្តុរ បានបង្ហាញជាផ្លូវការថា ទឹកថ្នាំសាក់ បានធ្វើឲ្យប្រព័ន្ធការពារខ្លួន ចុះខ្សោយ។ អ្នកស្រាវជ្រាវស្វ៊ីសបានធ្វើពិសោធន៍ទឹកថ្នាំសាក់ គ្រប់ម៉ាលល្បីៗនៅលើពិភពលោកដែលគោរពតាមបទដ្ឋានសុវត្ថិភាពReach យ៉ាងខ្ជាប់ខ្ជួន ចំនួនបួន ពណ៌ ក្រហម បៃតង ខៀវ និង ខ្មៅ។ ជាលទ្ធផល ថ្នាំសាក់មិននៅជាប់ត្រឹមក្នុងស្រទាប់ស្បែកខាងលើ ដូចអ្វីដែលយើងបានគិតនោះទេ តែជាតិថ្នាំបានជ្រាបចូលដល់សរីរាង្គកាយផ្សេងទៀត និង បានទៅកកផ្តុំ នៅក្នុងក្រពេញទឹករងៃឡាំហ្វាទិក។ នេះ សឲ្យឃើញអំពីផលវិបាកជាយថាហេតុ ចំពោះសុខភាពរបស់អ្នកមានសាក់។ ក្រហមពុលខ្លាំងជាងគេ អាច បង្កឲ្យមានគ្រោះបង្ករោគរោលរលាកធំ។
ស្បែកមនុស្សចែកចេញជាបីស្រទាប់ គឺស្បែកខាងលើ Epiderme ស្រទាប់ក្រោមស្បែកDerme និងស្រទាប់Hypoderme។ ដើម្បីឲ្យសាក់អាចដិតជាប់បានយូរ គេត្រូវចាក់ម្ជុលសាក់ឲ្យចូលជ្រៅ ដល់ស្រទាប់ដែមរបស់ស្បែក។ ហេតុដូច្នេះហើយ បានជា នៅពេលសាក់ ធាតុល្អិតបំផុតនៃទឹកថ្នាំដែលចាក់បញ្ចូលទៅមិនជាប់ នៅត្រឹមស្រទាប់ក្រោមស្បែកដែមទេ តែអាចជ្រាបហូរទៅពេញសពាង្គកាយ តាមរយៈសរសៃឡាំហ្វាទិកតូចៗ និងដែលតែបីបួនម៉ោងវាធ្វើដំណើរ ទៅដល់ក្រពេញឡាំហ្វាទិក។ ក្រពេញឡាំហ្វាទិក មានតួនាទីគ្រប់គ្រងប្រព័ន្ធការពារខ្លួន ដែលមានកោសិកាម៉ាក្រូហ្វា ជាអ្នកស្រូប និង កម្ចាត់បាក់តេរីបៀតបៀន
រាងកាយ។ តែបើតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវជីវៈវេជ្ជសាស្ត្រស្វ៊ីស កោសិកាម៉ាក្រូហ្វា មិនអាចធុននឹងទឹកថ្នាំសាក់ទេ ហើយនឹងងាប់នៅពេលប្រឹងប្រយុទ្ធប្រឆាំងនឹងសារធាតុរបស់ថ្នាំសាក់។ នោះគឺយន្តការនាំឲ្យមានករណីរលាករ៉ាំរ៉ៃ ដែលយូរៗទៅ ធ្វើឲ្យប្រព័ន្ធការពារខ្លួនធ្លាក់ ខ្សោយ។ នេះជាលើកទីមួយហើយដែលមានការសិក្សាបញ្ជាក់អំពី ទំនាក់ទំនងរវាងទឹកថ្នាំសាក់ និងផលវិបាកទៅលើសរីរាង្គកាយ។ តែដើម្បីបញ្ជាក់ គេត្រូវការសិក្សាបន្ថែម និង ក្នុងទ្រង់ទ្រាយធំខ្លាំងទៀត។
គ្រូពេទ្យជំនាញខ្លះ បានទទួលយកលទ្ធផលស្រាវជ្រាវរបស់ វិទ្យាស្ថានស្វ៊ីសនេះដោយភាពជឿជាក់ និងបានបង្ហាញការព្រួយបារម្ភខ្លាំងនឹងការចាក់សាក់ ដោយយល់ថា សាក់មិនមែនជាទង្វើលេងសើចចង់លម្អខ្លួន បែបសាមញ្ញទេ។ ត្រូវតែមានការប្រុងប្រយ័ត្ន និង ឃុំគ្រងឲ្យបានត្រឹមត្រូវ ព្រមទាំងមានការត្រួតពិនិត្យបែបវេជ្ជសាស្ត្រឲ្យហ្មត់ចត់ខ្លាំង ជាពិសេសលើថ្នាំសាក់ មុននឹងអនុញ្ញាតឲ្យធ្វើចរាចរណ៍លើទីផ្សារ។
អ្វីដែលគួរឲ្យព្រួយបារម្ភមែនទែន គឺរយៈយូរ និងការអូសបន្លាយពេលវេលា នៅក្នុងក្រពេញឡាំហ្វាទិក មុននឹងលេចចេញជាផលវិបាក។ យូរពេលក្រោយសកម្មភាពសាក់ និងមិនមែនកើតហេតុក្នុងពេលសាក់ភ្លាមៗទេ ទើបមនុស្សមិនសូវខ្លាច និង មិនខ្វល់ប្រុងប្រយ័ត្ន។ តែតាមការពិត ប្រព័ន្ធការពារខ្លួនចាប់ផ្តើមចុះខ្សោយ មានដំណើរការមិនសូវល្អបន្តិចម្តងៗ ហើយសមត្ថភាពការពារខ្លួនក៏លែងសូវល្អ ជាលំដាប់នោះ នោះប្រព័ន្ធការពារខ្លួន ពិតជា លែងសូវប្រឆាំងនឹងការបង្ករោគបានល្អ។ បច្ចុប្បន្នវេជ្ជសាស្ត្របានដឹងយ៉ាងច្បាស់ថា បើប្រព័ន្ធការពារខ្លួន ខ្សោយ នោះនឹងងាយលេចជំងឺមហារីក និងការបង្ករោគ។ អ៊ីចឹងហើយបានជា យើងត្រូវតែសាកល្បងលុបបំបាត់ជាអតិបរមា ករណីប្រឈមនឹងសារធាតុរំខានដល់ប្រព័ន្ធការពារខ្លួន។
លុបសាក់ចោលវិញ ដោយវិធីបាញ់ឡាស៊ែរ អាចធ្វើឲ្យស្បែកបានស្អាត បាត់ស្នាមសាក់មែន ប៉ុន្តែជាតិថ្នាំពុលបានជ្រាបចូលទៅដល់ក្រពេញឡាំហ្វាទិកទៅហើយ មិនអាចបឹតស្រូបចេញមកវិញទេ។ ជាតិថ្នាំសាក់បន្តនៅក្នុងខ្លួនយើងអស់មួយជីវិត។ ការសាក់នៅលើស្បែកខាងក្រៅ គឺជាការសាក់លើក្រពេញឡាំហ្វាទិកដែរ។ នេះ ជាសារដែលអ្នកជំនាញសុខភាពចង់ផ្តល់ជូនអតិថិជនឲ្យពិចារណា មុននឹងសម្រេចចិត្តសាក់។
ប៉ុន្តែ ពិភពអ្នកសាក់ និងអ្នកវិទ្យាសាស្ត្រ មានទស្សនៈមិនដូចគ្នាទេ។ អ្នកសាក់រួច សុទ្ធតែអះអាងថាគ្មានអ្វីប្រែប្រួល ក្រោយពីបានសាក់អស់រាប់សិបឆ្នាំមកហើយ ដោយប្រើថ្នាំសាក់បែបសរីរាង្គ។
ជាថ្មីម្តងទៀត សមាគមអ្នករកស៊ីសាក់ សមាគមអ្នកសាក់ ក៏ដូចជាអាជ្ញាធរសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញសើស្បែក សុទ្ធតែតាមដានយ៉ាងហ្មត់ចត់ ទឹកថ្នាំសាក់ ដែលបើទោះបីបច្ចុប្បន្ន ជាទឹកថ្នាំសរីរាង្គ ក៏នៅតែជាប់ ឈ្មោះមិនល្អ ព្រោះធាតុផ្សំផ្តល់ពណ៌ អាចមានផ្ទុកសារធាតុគីមីជាភ្នាក់ងារបង្កជំងឺមហារីក ដូច បណ្តាសារធាតុគីមី ដាក់ក្នុងចំណីអាហារ និង ផលិតផលប្រើប្រាស់ផ្សេងទៀតដែរ។
-ចាក់សាក់អាចឈឺខ្លាំងរហូតដល់សន្លប់។ សូមពិចារណាហើយពិចារណាទៀត មុននឹងសម្រេចចិត្តចាក់សាក់លើស្បែក
-ត្រូវ ចាប់ផ្តើម ដោយសាក់ រូបតូចៗ ដើម្បីចៀសវាងការស្តាយក្រោយផង និងចៀសវាងក្រែងមានផលវំខានអាល្លែកហ្ស៊ីផង
-ជ្រើសរើសសាក់ពណ៌ខ្មៅ ដែលមានសុវត្ថិភាព និងស្រួលលុបវិញ ជាងគេ
-សួរបញ្ជាក់ជាមុន ឲ្យដឹងច្បាស់អំពីប្រភេទ ប្រភពនិងគុណភាពនៃទឹកថ្នាំសាក់ ថាពិតជាទឹកថ្នាំសរីរាង្គ គោរពបទដ្ឋានសុវត្ថិភាពសុខភាព មិនមែនទឹកថ្នាំគីមីលាយខ្លួនឯង
-ជ្រើសរើសទីតាំងសាក់ ឲ្យឆ្ងាយពីប្រជុយ
-ជ្រើសរើសអ្នកចេះសាក់ត្រឹមត្រូវ មានវិជ្ជាជីវៈពិតប្រាកដ៕
គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាចមានវិបត្តិច្រើន និងយូរ ទម្រាំឆ្លងផុត សម្រាប់ក្មេងជំទង់ខ្លះ។ បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមក្មេងជំទង់អាយុពី ១០ទៅ១៩ឆ្នាំ ៧នាក់ មានម្នាក់រងវិបត្តិផ្លូវចិត្ត ដូចជាមានជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬជំងឺញៀន (ញៀនថ្នាំ ញៀនល្បែងស៊ីសង-ហ្កេម ញៀនស្រា)។ ជាបឋមវ័យដ៏ស្រស់ផូរផង់ ហេតុអ្វីក្មេងក្នុងវ័យនេះងាយនិងឆាប់ធ្លាក់ក្នុងគ្រោះញៀន មានវិបត្តិផ្លូវចិត្ត ?
វ័យជំទង់ជាដំណាក់ពិសេសនិងជាវ័យកំណត់អនាគត។ ការប្តូរផ្លាស់រូបរាងកាយ អារម្មណ៍ សង្គម បរិយាកាសជុំវិញខ្លួន កត្តាសម្ភារៈភាពក្រីក្រ អំពើហិង្សា រងការព្យាបាទ សុទ្ធតែអាចធ្វើឲ្យក្មេងស្រី ក្មេងប្រុសក្នុងវ័យជំទង់ជួបវិបត្តិផ្លូវចិត្តបាន។ នៅលើពិភពលោកបច្ចុប្បន្ន ក្នុងចំណោមមនុស្ស៦នាក់ ម្នាក់មានអាយុ ពី១០ទៅ១៩ឆ្នាំ។ ហើយក្មេងក្នុងវ័យនេះ ម្នាក់ក្នុងចំណោម៧នាក់ (១៤%នៃប្រជាពលរដ្ឋនៅលើផែនដី) មានបញ្ហាផ្លូវចិត្ត និង មិនបានទទួលការយកចិត្តទុកដាក់ព្យាបាលទេ។
វិបត្តិផ្លូវចិត្តចម្បងៗដែលអាចលេចឡើងនៅក្នុងវ័យជំទង់ និង ទើបពេញវ័យភ្លាម ច្រើនតែជា ជំងឺថប់ព្រួយបារម្ភ ជំងឺបាក់ទឹកចិត្ត វិបត្តិចំណីអាហារ និងញៀន។
វិបត្តិផ្លូវចិត្ត
តាមការពិត វ័យជំទង់ ដែលល្បីថាដំណាក់កាលដ៏រីករាយបំផុតនៃជីវិត ជាដំណើរឆ្លងអន្តរកាលទៅរកភាពពេញវ័យ ក្លាយជាមនុស្សធំ នាពេលអនាគត ដែលរំលេចទៅដោយវិបត្តិ និង ដែល អ្នកម្តាយលោកឪពុកខ្លះ ហៅថាជាដំណាក់កាលកូនអកត្តញូ។ ក្នុងរយៈពេលនេះ ក្មេងមានការប្តូរផ្លាស់រាងកាយផង ត្រូវចាប់ផ្តើមប្រកាន់ទម្លាប់សម្របខ្លួនទៅនឹងសង្គមផង សម្របអារម្មណ៍ខ្លាំងដើម្បីផាសុកភាពផ្លូវចិត្តផង។ មានកត្តាជាច្រើនអាចជះឥទ្ធិពលលើសុខភាពផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធចង់ដូចគេឯង សម្ពាធស្វែងរកអត្តសញ្ញាណ។ ឥទ្ធិពលនៃការផ្សព្វផ្សាយព័ត៌មាន និង ស្តង់ដារមនុស្ស អាចធ្វើឲ្យមានគម្លាតខ្លាំងរវាងការពិតជាក់ស្តែង ដែលយុវវ័យកំពុងឆ្លងកាត់ និងគំនិត ឬក្តីស្រមៃសម្រាប់អនាគតពីមុន។ គុណភាពជីវិតក្នុងគ្រួសារ ទំនាក់ទំនងជាមួយក្មេងវ័យស្របាលគ្នា ក៏ជាកត្តាកំណត់សុខភាពផ្លូវចិត្តមួយដែររបស់ក្មេងជំទង់ ។ អំពើហិង្សា (ជាពិសេសអំពើហិង្សាផ្លូវភេទ និងការបំពារបំពាន) ការអប់រំបែបតឹងតែងផ្តាច់ការ និងការលំបាកផ្នែកថវិកាសេដ្ឋកិច្ច សុទ្ធតែជាផ្នែកមួយ ដែលអាចបង្កើនគ្រោះហានិភ័យនាំឲ្យក្មេងជំទង់ ងាយមានជំងឺផ្លូវចិត្ត។
ក្មេងជំទង់ស្រីប្រុសខ្លះ ធ្លាក់ខ្លួនមានគ្រោះកើតជំងឺផ្លូវចិត្ត ដោយហេតុតែលក្ខខណ្ឌជីវិត ការរើសអើង ប្រកាន់វណ្ណៈក្នុងសង្គម ឬកង្វះលទ្ធភាពទទួលបានការថែទាំ ប្រកបដោយគុណភាព មានជាអាទិ៍ក្រុមក្មេងក្រីក្រខ្លាំង រស់ក្នុងវិបត្តិមនុស្សធម៌ មានជំងឺប្រចាំកាយ មានពិការភាពផ្នែកបញ្ញាញាណ ប្រព័ន្ធប្រសាទ ឬ ជាក្មេងកំព្រា ក្មេងប្រសូតចេញពីគ្រួសារជនជាតិភាគតិច គ្រួសារធា្លប់រងគ្រោះផ្លូវភេទ ។ល។
ខុសពីការគិត ដែលយល់ថា នៅក្មេងមិនដឹងខ្យល់ មិនចេះខ្វល់ អារម្មណ៍ថប់បារម្ភ ឆាប់ភ័យស្លន់ស្លោ ឬគិតភ័យជ្រុលហួសហេតុ ជាអាការៈដែលកើតមានជាញឹកញាប់ខ្លាំងជាងគេ លើក្មេងក្នុងវ័យជំទង់ និង កាន់តែច្រើនទៀត ចំពោះក្មេងទើបពេញវ័យ។ ក្មេងអាយុពី១៥ ទៅ ១៩ឆ្នាំ ចំនួនដល់ទៅ៥,៣% មានវិបត្តិថប់បារម្ភ និង៣,៤%មានជំងឺធ្លាក់ទឹកចិត្ត។ នេះបើគេជឿតាមតួលេខរបស់អង្គការសុខភាពពិភពលោក។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ មានលក្ខណៈរួម គឺក្មេងមានការប្តូរផ្លាស់អារម្មណ៍យ៉ាងលឿនរហ័ស។ វិបត្តិនេះអាចជះផលវិបាកធ្ងន់ធ្ងរ ទៅលើការសិក្សា មិនចង់ចូលរៀន ឬរៀនមិនទាន់ ហើយមូរមុខ ចង់ផ្តាច់ខ្លួនឲ្យនៅម្នាក់ឯង ឯកា និងឈានដល់ការបាក់ទឹកចិត្តខ្លាំងរហូតចង់ធ្វើអត្តឃាតបាន។
វិបត្តិចំណីអាហារ
ក្រៅអំពីវិបត្តិផ្លូវចិត្ត ក្មេងជំទង់អាចមានវិបត្តិចំណីអាហារ ដោយអាចជាការបង្អត់អាហារខ្លួនឯង ឬបរិភោគច្រើននិងញយជ្រុល ក្នុងក្តីបារម្ភខ្វល់វិលជុំវិញតែទម្ងន់និងរូបរាងកាយ។ ការបង្អត់អាហារឲ្យស្គម ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬឲ្យដូចយុវវ័យទំនើបទាន់សម័យ ភាគច្រើនមានពាក់ព័ន្ធនឹងក្មេងស្រី ក្នុងបីលើបួនករណី។ វិបត្តិចំណីអាហារ របស់ក្មេងជំទង់ ឬក្មេងទើបពេញវ័យ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងតែងជាប់អមជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងវិបត្តិប្រើសារធាតុញៀន។ បើនិយាយដោយឡែកតែវិបត្តិបង្អត់អាហារឲ្យស្គម វាអាចធ្ចើឱ្យក្មេងស្លាប់មុនអាយុបាន។ ផលវិបាកនៃការបង្អត់អាហារដោយខ្លាចធាត់ មានលក្ខណៈធ្ងន់ធ្ងរណាស់ និងអាចនាំដល់ការធ្វើអត្តឃាតផង។ អត្រាមរណៈដោយហេតុផលនេះ មានកំរិតខ្ពស់ជាងអត្រាស្លាប់ដោយវិបត្តិផ្លូវចិត្តផ្សេងៗទៀត។
វិបត្តិញៀន
ជាវ័យឈាមរាវ ក្មេងជំទង់អាចបញ្ចេញចរិតរឹងរូស ទង្វើបែបហួសហេតុខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬធ្វើអ្វីតាមទំនើងដោយចង់ផ្គើនចិត្តឪពុកម្តាយ ល្មើសវិន័យ និងល្មើសច្បាប់ទៀតផង។ អត្តចរិកបែបនេះ ខ្លះជាសញ្ញាបញ្ជាក់អំពីកង្វះខាតផ្នែកសម្របសម្រួលខ្លួនក្នុងការសិក្សា ឬជាការលំបាកក្នុងការសម្របខ្លួនចូលក្នុងសង្គម ជួនជាយុទ្ធសាស្ត្រប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត។ ក្មេងក្នុងស្ថានភាពបែបនេះ ងាយនឹងធ្លាក់ខ្លួន ទៅក្នុងគ្រោះហានិភ័យ ប្រើអំពើហិង្សាលើខ្លួនឯងនិងទៅលើអ្នកដទៃ ប្រកាន់ទង្វើបែបគ្រោះថ្នាក់បើកបរលឿនជ្រុល ឬធ្វើកីឡាច្រើនជ្រុល និងជាពិសេស លង់ក្នុងឧបាយប្រើប្រាស់វត្ថុនាំឲ្យញៀន ដែលអាចជាបារី ស្រា គ្រឿងញៀនកញ្ឆា អាភៀន ថ្នាំញៀនសំយោគ និងការញៀនដោយគ្មានប្រើជាតិថ្នាំ ពោលគឺញៀនល្បែងស៊ីសង ល្បែងភ្នាល់ ល្បែងវីដេអូ ល្បែងបណ្តាញសង្គម ញៀនទូរស័ព្ទ។ វក់នឹងសារធាតុអ្វីមួយ ឬសកម្មភាពអ្វីមួយ រហូតធ្វើឲ្យខូចសុខភាព ត្រូវបាន
ចាត់ទុក ថាជាជំងឺ ញៀន ហើយ។ បើតាមអង្គការសុខភាពពិភពលោក ក្មេងជំទង់ជាជនងាយរងគ្រោះធ្លាក់ក្នុងឧបាយប្រើសារធាតុអាក្រក់ ដែលអាចប៉ះពាល់ដល់សុខភាពនៅថ្ងៃក្រោយនិងពេញមួយជីវិត។ នៅឆ្នាំ២០១៩ ប្រេវ៉ាឡង់ក្មេងជំទង់ស្រីប្រុសផឹកស្រាបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក (២២%)។ ការជក់បារី ជក់កញ្ឆា ក៏កើនឡើងគួរឲ្យព្រួយបារម្ភដែរ។ ប្រេវ៉ាឡង់ពិភពលោកនៅឆ្នាំ២០២២ បានបង្ហាញថា អត្រាក្មេងជំទង់ (១៥ទៅ១៩ឆ្នាំ) ជក់កញ្ឆា មានកំរិតខ្ពស់ជាងអត្រាមនុស្សធំប្រព្រឹត្តកញ្ឆាទៅទៀត។
ដើម្បីឲ្យក្មេងជំទង់មានសុខភាពល្អ មានអារម្មណ៍ល្អពេញចិត្តខ្លួនឯងក្នុងជីវិតយុវវ័យ មុននឹងក្លាយទៅជាមនុស្សធំពេញវ័យ ត្រូវធ្វើយ៉ាងណាកុំឲ្យពួកគេដើរធ្លាក់ រណ្តៅ តែបានរៀនសូត្រចូលសង្គម មានសុខភាពផ្លូវចិត្តល្អ និង ទទួលបានការថែទាំព្យាបាល ទាំងផ្នែកចិត្តសាស្ត្រ និង កាយសាស្ត្រ។
ការគ្រប់គ្រងសុខភាពផ្លូវចិត្ត របស់ក្មេងជំទង់ ជាភារៈរបស់ឪពុកម្តាយ និង របស់សង្គមទាំងមូល។ ក្នុង ន័យនេះ អង្គការសុខភាពពិភពលោក បានខ្នះខ្នែងដាក់ឲ្យមានយុទ្ធសាស្ត្រ កម្មវិធី និងឧបករណ៍សម្រាប់ជួយរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្នែកសុខភាពរបស់យុវជន និងយុវតីដល់ថ្នាក់មូលដ្ឋាន។ កម្មវត្ថុ គឺការពារនិង ថែរក្សាសុខភាពផ្លូវចិត្តក្មេង ដើម្បីធ្វើយ៉ាងណាឲ្យក្មេងចេះគ្រប់គ្រងអារម្មណ៍ ដើរផ្លូវល្អ កុំមានឥរិយាបថបែបគ្រោះថ្នាក់ លង់ប្រើសារធាតុពុលដល់សុខភាពដូចជា គ្រឿងស្រវឹង និងគ្រឿងញៀន ដែលនាំផលវិបាកអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងរាងកាយ៕
ដូចឈ្មោះដែលហៅ ជំងឺកាមរោគ ជាជំងឺដែលបង្កឡើងដោយបាក់តេរី ដោយវីរុស ឬដោយពពួកប៉ារ៉ាស៊ីត និងដែលចម្លងតាមផ្លូវភេទ នៅពេលរួមរក្សដោយមិនការពារ។ ចុះជំងឺកាមរោគអាចឆ្លងដោយខ្វះអនាម័យ ឬដោយការប្រើប្រាស់បង្គន់រួម បង្គន់សាធារណៈដែរឬទេ?
បច្ចុប្បន្ននេះ វេជ្ជសាស្ត្របានស្គាល់ភ្នាក់ងារបង្កជំងឺកាមរោគ ប្រមាណជាង៣០ប្រភេទ ជា បាក់តេរី ជាវីរុស ជាប៉ារ៉ាស៊ីត ដែលអាចចម្លង នៅពេលស្បែកប៉ះកកិតគ្នា ក្នុង សកម្មភាពសេពសន្ធវៈ មិនថាជាការរួមរក្សតាមទ្វារមាស តាមមាត់ ឬតាមរន្ធគូថទេ។ ជំងឺកាមរោគខ្លះ អាចឆ្លងបន្តពីម្តាយទៅកូន ពេលនៅក្នុងផ្ទៃ ពេលឆ្លងទន្លេ និង ពេលបំបៅដោះ ឬចម្លង ពេលបញ្ចូលឈាម ដោយខ្វះការប្រុងប្រយ័ត្ន គ្មានការត្រួតពិនិត្យត្រឹមត្រូវ។ ជំងឺកាមរោគ មានច្រើនប្រភេទណាស់ ប៉ុន្តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេ មានដូចជាជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា ជំងឺស្វាយ ជំងឺសិរមាន់ ជំងឺពងទឹក (ពងបែក) ជំងឺទ្រីកូម៉ូណាស ជំងឺអេដស៍ និង ជំងឺបង្កឡើងដោយមេរោគHPV (papillomavirus)។ ជំងឺរលាកថ្លើមប្រភេទB ក៏ ត្រូវបានចាត់ទុកជាជំងឺកាមរោគមួយដែរ។
ក្នុងមួយថ្ងៃៗ មានមនុស្សនៅលើពិភពលោក អាយុពី១៥ទៅ៤៩ឆ្នាំ ចំនួនជាង១លាននាក់ បានឆ្លងជំងឺកាមរោគ ដោយភាគច្រើនគ្មានបញ្ចេញរោគសញ្ញា និងអាចព្យាបាលជា។ បើតាមការប៉ាន់ស្មាន របស់អង្គការសុខភាពពិភពលោក មនុស្សក្នុងវ័យនេះប្រមាណ៣៧៤លាននាក់ មានផ្ទុកជំងឺកាមរោគមួយ ក្នុងចំណោមជំងឺកាមរោគដែលមានកើតញឹកញាប់ជាងគេ ដោយអាចជា ជំងឺស្វាយ ប្រមេះ ទ្រីកូម៉ូណាស។ ជាង ៨លាននាក់ មានជំងឺស្វាយ ជាង ៥២០នាក់រស់ជាមួយជំងឺពងទឹក និងជាង២៥៤លាននាក់មានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB នៅ ឆ្នាំ ២០២២។ ស្ត្រីជាង ៣០០លាននាក់បានឆ្លងមេរោគប៉ាពីឡូម៉ាវីរុស ដែលជាដើមហេតុដ៏ចម្បង នាំឲ្យមានជំងឺមហារីកនៅកស្បូនស្ត្រី និងជំងឺមហារីកនៅរន្ធគូថ ចំពោះបុរសដែលស្រលាញ់ភេទដូចគ្នា។
ជំងឺកាមរោគ ប៉ះពាល់ខ្លាំងណាស់ ដល់សុខភាពផ្លូវភេទ និង សុខភាពបន្តពូជ។ ក្រៅអំពីបង្កឲ្យមានផលវិបាកភ្លាមៗ ជំងឺកាមរោគ អាចជះឥទ្ធិពលអាក្រក់និងធ្ងន់ធ្ងរខ្លាំង។ ជំងឺកាមរោគខ្លះ ដូចជា ជំងឺពងបែក ស្វាយ ឬប្រមេះ អាចបង្កើនគ្រោះឆ្លងជំងឺស៊ីដា។ ម្តាយមានផ្ទុកជំងឺកាមរោគ អាចប្រឈមនឹងគ្រោះថ្នាក់កូនស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមិនពេញខែ គ្រោះកូនតូចស្រាលជ្រុលនៅពេលកើត ឬមានការលូតលាស់មិនត្រឹមត្រូវ។ បើជាជំងឺកាមរោគបង្កឡើងដោយមេរោគប៉ាពីឡូម៉ាវីរុស ផលវិបាកអាចអាក្រក់ខ្លាំង ព្រោះមេរោគនេះ ជាដើមហេតុនាំឲ្យមានជំងឺមហារីកមាត់ស្បូន និង ជំងឺមហារីកផ្សេងទៀត។ បើជាការឆ្លងជំងឺរលាកថ្លើមប្រភេទបេ នោះគ្រោះថ្នាក់អាចដល់ជីវិត។ គ្មានថ្នាំព្យាបាល នៅឆ្នាំ២០២២ រលាកថ្លើមប្រភេទបេ ដែលងាយធ្វើឲ្យថ្លើមក្រិន និងមហារីក បានសម្លាប់មនុស្សអស់ប្រមាណ១លាន១សែននាក់។ ចម្លងស្វាយឬប្រមេះ ទៅប្រពន្ធ នឹងធ្វើឲ្យស្ត្រីមានគ្រោះអារ មិនអាចមានកូន។
ការចម្លងជំងឺកាមរោគ
ដូចឈ្មោះហៅ ជំងឺកាមរោគ ឆ្លង និងអាចចម្លងគ្នា តាមរយៈការរួមរក្ស រួមភេទ តាមទ្វារមាស តាមមាត់ និង តាមរន្ធគូថ មិនពាក់ព័ន្ធនឹងកត្តាអនាម័យទេ។ ជំងឺកាមរោគ ជាទូទៅ មិនឆ្លងដោយគ្រាន់តែប្រើប្រាស់បង្គន់រួម ឬបង្គន់សាធារណៈ ដូចជំនឿរបស់មនុស្សជាច្រើននោះឡើយ។ ប៉ុន្តែជំនឿនេះខុសទាំងអស់ស្រុង។ អ្នកជំនាញវេជ្ជសាស្ត្រគ្រប់ជំនាន់សុទ្ធតែបញ្ជាក់ថាជំងឺកាមរោគ មិនឆ្លង ដោយគ្រាន់តែទៅអង្គុយបន្ទោរបង់លើបង្គន់ ដែលមានមនុស្សអង្គុយជុះច្រើនតគ្នាទេ។ គ្រូពេទ្យជំនាញបារាំងបានបញ្ជាក់យ៉ាងលម្អិតថា ជំងឺបង្ករោគតាមការរួមភេទ អាច ឆ្លងគ្នា នៅពេល ណាភ្នាសរំអិល ទឹករំអិល (ប្រដាប់ភេទ ឬមាត់ ) ប៉ះត្រដុសគ្នា ដែល ជាសកម្មភាពតែងកើតមានឡើង ជាទូទៅ នៅពេលរួមរក្ស។ ដើម្បីអាចឆ្លងជំងឺកាមរោគនៅពេលប្រើបង្គន់សាធារណៈ ល្គិកណាតែអ្នកយកភ្នាសរំអិល ប្រដាប់ភេទ ទៅប៉ះផ្ទាល់នឹងថាសបង្គន់។ តើមាននរណាអង្គុយបត់ជើងបែបនេះ ! គឺគ្មានឡើយ។ ស្បែកភ្លៅផ្នែកខាងលើដែលប៉ះផ្ទាល់នឹងចានបង្គន់ពេលអង្គុយជុះ មិនឆ្លងនិងមិនចម្លង មិនបញ្ជូនមេរោគកាម ទៅដល់ប្រដាប់ភេទឡើយ។ ជាងនេះទៅទៀត មេរោគនៃជំងឺកាមរោគមិនចេះលោត ចេញពីបុគ្គលអ្នកជំងឺទៅតោងលើគែម ឬចានបង្គន់ និងក៏មិនអាចធន់រស់នៅលើវត្ថុរឹង នៅក្នុងបរិយាកាសខាងក្រៅបានឡើយ។ មីក្រុបជាភ្នាក់ងារបង្កជំងឺកាមរោគ មិនថាជាប្រភេទវីរុស បាក់តេរី ផ្សិត ឬប៉ារ៉ាស៊ីតទេ មិនថាមេរោគស្វាយ មេរោគប្រមេះឡើយ អាចរស់នៅខាងក្រៅខ្លួនមនុស្ស បានតែមួយភ្លែត និងមានអាយុកាន់តែខ្លីទៀត បើវាត្រូវនៅលើផ្ទៃរឹង ហាលវាល ត្រជាក់ៗ ដូចយ៉ាងចានបង្គន់ ហើយមិនលោតពីកន្លែងមួយទៅកន្លែងមួយឡើយ។ មេរោគត្រូវការមានកន្លែងស្នាក់ចាំទទួលយកភ្លាមទើបឆ្លងបាន។ ពោលគឺដើម្បីមានការចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ត្រូវឱ្យមនុស្សទាំងពីរនាក់មានទំនាក់ទំនងល្អិតចូលគ្នា។ ប្រសិនបើជំងឺកាមរោគអាចឆ្លងនៅបង្គន់មែន នោះគេច្បាស់ជានឹងជួបអ្នកជំងឺកាមរោគ ក្នុងគ្រប់ស្រទាប់និងគ្រប់វ័យ រាប់ទាំងអ្នកដែលគ្មានប្រវត្តិសកម្មភាពផ្លូវភេទដែរហើយ។ តែជាក់ស្តែងមិនដូច្នេះទេ។
បង្គន់សាធារណៈអាចកខ្វក់គួរឱ្យខ្ពើម នៅពេលអើតចូលទៅឃើញភ្លាម អាចមានអារម្មណ៍គួរឱ្យចង់ក្អួតមែន ប៉ុន្តែតំណក់ទឹកនោមស្រក់លើថាសបង្គន់ ស្រក់នៅលើដី ក្លិនឆ្អាបរបស់អ្នកចូលបង្គន់មុនយើង ធ្វើឱ្យយើងអត់គិតភ័យខ្លាចឆ្លងជំងឺមិនបានឡើយ។ តាមក្បួន មនុស្សមិនឆ្លងជំងឺកាមរោគ ដោយគ្រាន់តែបានប្រើប្រាស់បង្គន់សាធារណៈមែន ប៉ុន្តែវេជ្ជសាស្ត្រមិនប្រើពាក្យថា គ្មានហានិភ័យសោះឡើយនោះទេ។ ការឆ្លងជំងឺកាមរោគនៅបង្គន់អាចជាករណីដ៏មហាកម្របំផុត ហើយអ្នកឆ្លងពិតជាមានសំណាងមហាអាក្រក់ខ្លាំង ទើបត្រូវជួបករណីមហាសែនចៃដន្យ ដោយត្រូវជួបជួន ជាមួយអ្នកមានផ្ទុកជំងឺកាមរោគបន្សល់ជាតិរំអិល ទឹកកាម នៅលើថាសបង្គន់ ហើយអ្នកចូលទៅប្រើបង្គន់នោះភ្លាមតាមក្រោយ ហើយប្រដាប់ភេទអ្នកបានប៉ះពាល់ជាតិរំអិលមានមេរោគនោះភ្លាម តាមរយៈដៃ ឬក្រដាសកិតទើបជាប់មេរោគថ្មីៗ។ មានន័យថា ហានិភ័យឆ្លងជំងឺកាមរោគ តាមរយៈបង្គន់អង្គុយ ខ្លាំងណាស់ និងក្នុងន័យនេះ គ្រូពេទ្យក៏ចង់បញ្ជាក់ដែរថា មិនមែនសកម្មភាពអង្គុយលើបង្គន់សាធារណៈទេ ដែលមានការចម្លងជំងឺកាមរោគ តែមកពីដៃរបស់យើងបានទៅប៉ះចានបង្គន់ ជញ្ជាំងបង្គន់ មានមេរោគរួច ដៃមិនស្អាតនោះ មកប៉ះមុខមាត់។ល។ ឆ្លងជំងឺកាមរោគ (ស្វាយ ឬ ប្រមេះ) ដោយហេតុប្រើបង្គន់សាធារណៈ ទំនងជាលេសដោះសា ឬដើម្បីសម្រាលទោសកំហុសដែលឆ្គាំឆ្គងដោយចេតនាឬអចេតនា តែប៉ុណ្ណោះ។
មានករណីលើកលែងតែមួយគត់ ដែលបង្គន់សាធារណៈអាចចម្លងជំងឺកាមរោគ នោះគឺជំងឺសិរមាន់ ដែលបង្កឡើងដោយមេរោគពពួកប៉ាពីឡូម៉ាវីរុស។ ប៉ាពីឡូម៉ាវីរុស (VPH) មានអាយុវែងជាងគេ អាចសំងំ នៅលើផ្ទៃនៃវត្ថុអ្វីមួយ បានដល់ទៅមួយសប្តាហ៍ ហើយធន់ខ្លាំងនឹងថ្នាំ សម្លាប់មេរោគ/ជែល លាងសម្អាតដៃទៀត។ ទឹកលាយជាតិ ហ្សាវែល ១០% ទើបអាចសម្លាប់វីរ៉ុស VPHឲ្យងាប់បាន។
បង្គន់សាធារណៈប្រហែលអាចជាប្រភព ចម្លងជំងឺផ្សេងមានជាអាទិ៍ ជំងឺផ្តាសាយ ជំងឺរលាកពោះវៀន រលាកផ្លូវបង្ហូរទឹកនោម។
វិធីការពារជំងឺកាមរោគ
ប្រើក្រដាសក្រាលលើចានបង្គន់ ឬក្រដាសកិតទ្រាប់មុននឹងអង្គុយទំនងជាវិធីប្រកបដោយអនាម័យជាងគេ ក្នុងការប្រើប្រាស់បង្គន់សាធារណៈ ព្រោះការអង្គុយចំតិតចំកោង ខ្លាចប៉ះបង្គន់កខ្វក់ អាចផ្តល់ផលអាក្រក់ជាង ផលល្អ។ បើតាមអ្នកជំនាញ ផ្នែកសុខភាពត្រគៀក នៅពេលស្ត្រី បត់ជើងតូច ដោយមិនអង្គុយ សាច់ដុំទ្រត្រគៀក នឹងរួញ ដែលទៅបិទខ្ទប់ការហូរបញ្ចេញនៃទឹកនោម។ ដូច្នេះស្ត្រីត្រូវប្រឹងខ្លាំងហួសធម្មតា និងបន្ថែមសម្ពាធឥតប្រយោជន៍នៅលើតំបន់អាងត្រគៀក ហើយមិនអាចបញ្ចេញទឹកនោមអស់ពីប្លោកទៀត ជាហេតុនាំឲ្យមានគ្រោះកើតជំងឺរលាកផ្លូវបង្ហួរនោមបាន។
លាងសម្អាតដៃក្រោយបន្ទោរបង់ ក្រោយចេញពីបង្គន់ និង កុំកាន់ទូរស័ព្ទចូលបង្គន់ជាមួយ ជាកាយវិការអនាម័យដែលមិនអាចធ្វេសប្រហែសបានឡើយ។
ចំពោះ វិធីការពារជំងឺកាមរោគវិញ គ្មានអ្វីប្រសើរជាងស្នេហ៍ស្មោះមួយទល់នឹងមួយ ឬការប្រើស្រោមអនាម័យ និងការចាក់ថ្នាំបង្ការ ទេ។ បច្ចុប្បន្ន ពិភពលោកមានថ្នាំបង្ការប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងជំងឺកាមរោគពីរប្រភេទ គឺជំងឺរលាកថ្លើមB និងជំងឺកាមរោគបង្កដោយប៉ាពីឡូម៉ាវីរ៉ុស។ ទិន្នន័យកាន់តែច្រើនឡើងៗ បានបង្ហាញថា ថ្នាំបង្ការជំងឺរលាកស្រោមខួរក្បាល ប្រភេទបេ អាចមានសមត្ថភាពការពារប្រឆាំងនឹងជំងឺប្រមេះ។ អង្គការ សុខភាពពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើលទ្ធផលសិក្សានេះ។ វ៉ាក់សាំងប្រឆាំងនឹងជំងឺពងបែក និងប្រមេះទឹកបាយ ប្រមេះទឹកថ្លា បានឈានដល់ ការសាកល្បងគ្លីនិកដំណាក់កាលទីមួយ។ ឯបេក្ខភាពថ្នាំបង្ការជំងឺស្វាយ និង ទ្រីកូម៉ូណាស កំពុងចាប់ផ្តើមសាកល្បងដែរហើយ។ ក្នុងពេលរង់ចាំមានថ្នាំបង្ការ ការធ្វើតេស្តវែករកជំងឺកាមរោគ គួរតែត្រូវធ្វើជារឿយៗចំពោះបុគ្គលដែលមានហានិភ័យខ្ពស់ និងស្វែងរកការព្យាបាល ពីគ្រូពេទ្យជំនាញឱ្យបានឆាប់រហ័ស។ ថ្នាំព្យាបាល ជំងឺកាមរោគខ្លះ មានប្រសិទ្ធភាពខ្ពស់អាចធ្វើឲ្យជំងឺបាន ជា ដាច់។ ថ្នាំខ្លះ មិនអាចព្យាបាលជា តែអាចទប់ការវិវឌ្ឍនៃមេរោគ និងពន្យារជីវិតបានដូចមនុស្សធម្មតា មានជាអាទិ៍ ករណី ជំងឺអេដស៍។ ទទួលការព្យាបាល ជាកាត់បន្ថយការចម្លងជំងឺទៅអ្នកដទៃ និងអ្នកជាទីស្រលាញ់របស់យើង៕
From the publisher's feed

10,853 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

40 Listeners

47 Listeners

0 Listeners

0 Listeners

7 Listeners

5 Listeners