មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរ
ហេតុអ្វីក្មេងប្រុសត្រូវចាក់ថ្នាំបង្ការដែរ បើពួកគេគ្មានសីររាង្គស្បូនផងនោះ ?! វ៉ាក់សាំងប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារបង្កជំងឺមហារីកកស្បូនដ៏ចម្បងមួយ មិនមែនផលិតឡើងសម្រាប់តែចាក់លើក្មេងជំទង់ភេទស្រីទេ ដូចការគិតពីមុនទេ។ ដើម្បីអាចការពារខ្លួនពីជំងឺមហារីកផ្សេងៗ និងសង្ឃឹមលុបបំបាត់ទាំងស្រុងជំងឺមហារីកកស្បូន ក្មេងប្រុសក៏មានកាតព្វកិច្ចចាំបាច់ត្រូវចាក់ថ្នាំបង្ការប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសដែរ។ តើមេរោគប៉ាពីឡូម៉ាវីរ៉ុស ឬHPV អាចបង្កជំងឺអ្វីខ្លះ? តើក្មេងប្រុសនិងក្មេងស្រីត្រូវចាក់ថ្នាំបង្ការនេះនៅពេលណា?
នៅប្រទេសបារាំង អាជ្ញាធរបានផ្តល់អនុសាសន៍តាំងពីឆ្នាំ២០០៧មក ឱ្យក្មេងស្រីជំទង់អាយុ១១ទៅ១៤ឆ្នាំ (មិនទាន់មានទំនាក់ទំនងផ្លូវភេទ) ចាក់វ៉ាក់សាំងប្រឆាំងមេរោគប៉ាពីឡូម៉ាវីរ៉ុស HPV និងសម្រាប់ក្មេងប្រុសវ័យជំទង់ដូចគ្នា ចាប់ពីឆ្នាំ២០២១មក។
ក្នុងមួយឆ្នាំៗ មេរោគប៉ាពីឡូម៉ាវីរ៉ុស ជាដើមហេតុនាំឱ្យមានអ្នកជំងឺមហារីកថ្មីចំនួន៦ពាន់ករណីថ្មី ភាគច្រើនជាមហារីកកស្បូន ដោយសម្លាប់ជីវិតអស់១១០០នាក់ នៅបារាំង និងបុរសកើតមហារីកប្រមាណ៦៩៤០០នាក់ ក្នុងកំរិតពិភពលោក នៅឆ្នាំ២០១៨។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ។
តើប៉ាពីឡូម៉ាវីរ៉ុសជាមេរោគអ្វី?
Human papillomavirus ឬហៅកាត់ថា HPV ពពួកមេរោគបង្កជំងឺឆ្លងតាមផ្លូវភេទដែលរីករាលដាលខ្លាំងជាងគេ ជាចង្កោមគ្រួសារវីរ៉ុសដែលមានសមត្ថភាពចម្លងលើកោសិកាស្បែក និង/ឬលើភ្នាស។ អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ សម្គាល់ឃើញវីរ៉ុសនេះមានប្រមាណជិត២០០ប្រភេទ។
សែនមហាឆ្លង វីរ៉ុសអាចចម្លងតាមការប៉ះពាល់គ្នា និងជាញឹកញយបំផុត តាមរយៈការរួមរក្ស។ មានស្ត្រីបុរសច្រើនខ្លាំងណាស់ (រហូតដល់ប្រមាណ៨០%) ដែលប្រឈមនឹងការឆ្លងវីរ៉ុសនេះ យ៉ាងហោចណាស់ក៏ម្តងដែរ ក្នុងមួយជីវិតពេលមានសកម្មភ្លាមផ្លូវភេទ។ ស្រោមអនាម័យដែលជាមធ្យោបាយការពារជំងឺកាមរោគជាច្រើនដ៏ប្រពៃបំផុតនោះ ក៏មិនអាចធានាការពារការចម្លងមេរោគប៉ាពីឡូម៉ាវីរ៉ុសបានយ៉ាងប្រាកដដែរ ព្រោះក្រុមមេរោគនេះអាចឆ្លងជារឿយៗដែរតាមដៃនិងតាមមាត់។ វីរ៉ុសHPV អាចឆ្លងនៅគ្រប់កន្លែង មិនមែនតែនៅត្រង់ប្រដាប់បន្តពូជទេ។
ឆ្លងប៉ាពីឡូម៉ាវីរ៉ុសនឹងបង្កឱ្យមានជំងឺមហារីកជាស្វ័យប្រវត្តិ?
ឆ្លងHPVចូលក្នុងខ្លួន មិនប្រាកដថាសុទ្ធតែនឹងអាចមានជំងឺមហារីកនៅថ្ងៃមុខទេ។ មិនផ្តល់រោគសញ្ញា មេរោគHPVភាគច្រើន អាចជាទៅវិញដោយឯងៗ នៅរវាង៦ទៅ១៨ខែក្រោយការឆ្លង។ ក្នុងករណីនេះ អ្នកផ្ទុកមេរោគ គ្មានប្រឈមនឹងហានិភ័យកើតជំងឺមហារីកទេ។ មានតែការបង្ករោគរ៉ាំរ៉ៃ នៃប្រភេទវីរ៉ុសHPVខ្លះទេដែលអាចនាំដល់ជំងឺមហារីក។ នៅក្នុងចង្កោមវីរ៉ុសនេះ មាន១២ប្រភេទអាចសំងំត្រាំត្រែងក្នុងសរីរាង្គកាយ និងបង្កឱ្យមានដុំសាច់ងាយក្លាយជាជំងឺមហារីកបាន នៅថ្ងៃអនាគត។
ការឆ្លងវីរ៉ុសHPVញយៗនិងរ៉ាំរ៉ៃ ធ្វើឱ្យកកើតជាដុំដំបៅងាយក្លាយទៅជាជំងឺមហារីក ដែលហៅតាមបែបបច្ចេកទេសវេជ្ជសាស្ត្រថា CIN (Néoplasie Intra-épithéliale)។ នេះមិនទាន់ហៅថាមហារីកទេ។ ក្នុងដំណាក់កាលនេះ ទោះលេចទៅជាដុំសាច់បែបមហារីកក៏ដោយ ក៏ សរីរាង្គកាយមនុស្សនៅតែងអាចកម្ចាត់មេរោគប៉ាពីឡូម៉ាវីរ៉ុសបានដែរ។
បើគ្មានការព្យាបាល CIN អាចវិវឌ្ឍទៅជាមហារីកកស្បូន។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យជំនាញនិងអាជ្ញាធរសុខាភិបាលតែងណែនាំឱ្យស្ត្រីក្នុងវ័យ២៥-៦៥ឆ្នាំ អញ្ជើញទៅធ្វើតេស្តពិនិត្យស្បូនរកមើលរោគមហារីក ជាងរាល់បីឆ្នាំម្តង បើគ្មានសញ្ញាសង្ស័យ។ ការវិវឌ្ឍទៅជំងឺមហារីក មានដំណើរយឺតខ្លាំងណាស់។ ការតាមដានសុខភាពស្បូនដោយទៀងទាត់អាចបញ្ចៀសមិនឱ្យមេរោគរាលដាលទៅជាមហារីកបានទាន់ពេលវេលា។
ថ្វីបើស្ត្រីងាយរងគ្រោះនឹងមេរោគHPVខ្លាំងជាងគេមែន ប៉ុន្តែបុរសក៏មិនរួចខ្លួនដែរ។ ជិតមួយភាគបីនៃបុរស (៣១%) ទំនងជាមានផ្ទុកប៉ាពីឡូម៉ាវីរ៉ុសHPV មួយឬច្រើនប្រភេទនៅក្នុងខ្លួន និងម្នាក់ក្នុងចំណោម៥នាក់ ឆ្លងប្រភេទប៉ាពីឡូម៉ាវីរ៉ុសដែលមានហានិភ័យមហារីកខ្ពស់។ នេះបើតាមការសិក្សាចំនួន៦៥ នៅរវាងពីឆ្នាំ១៩៩៥-២០២២។
នៅលើខ្លួនស្ត្រី ជំងឺមហារីកកស្បូន ស្ទើរទាំងស្រុង (៩៩%) បង្កឡើងដោយមេរោគប៉ាពីឡូម៉ាវីរ៉ុស។ តែHPV ក៏ជាភ្នាក់ងារនាំឱ្យមានជំងឺមហារីកផ្សេងៗទៀត លើមនុស្សទូទៅ ដូចជា មហារីកទ្វារធំ មហារីកនៅប្រព័ន្ធប្រចុះមាត់បំពង់ក អាមីដាល អណ្តាត ទ្វារមាស ឬលិង្គ។ វីរ៉ុសHPVមានបង្កប់ហានិភ័យមហារីក អាចសំងំរីកលូតលាស់បង្កើតដុំសាច់ រួចក្លាយជាដុំមហារីក ដោយប្រើរយៈពេលជាច្រើនឆ្នាំ ឬដល់រាប់សិបឆ្នាំក្រោយការឆ្លងឯណោះ។
តើគេអាចការពារកុំឱ្យឆ្លងប៉ាពីឡូម៉ាវីរ៉ុសបានដែរឬទេ?
ពាក្យស្លោក “ការពារប្រសើរជាងព្យាបាល” មានតម្លៃជានិច្ច។ គ្មានការព្យាបាលណាប្រសើរជាងការពារទេ។ ហើយការការពារដ៏ប្រពៃជាងគេបំផុតប្រឆាំងនឹងមេរោគកំណាចប៉ាពីឡូម៉ាវីរ៉ុស គ្មានអ្វីក្រៅអំពីការចាក់ថ្នាំបង្ការ មុនពេលមានការចម្លងមេរោគ ឡើយ។
បើតាមអ្នកជំនាញ ថ្នាំបង្ការមានប្រសិទ្ធភាពខ្ពស់មែនទែន ប្រសិនបើចាក់បានតាំងពីពុំធ្លាប់មានទំនាក់ទំនងផ្លូវភេទសោះ។ ហេតុដូច្នេះហើយបានជាអាជ្ញាធរណែនាំឱ្យពលរដ្ឋនាំកូនទាំងស្រីទាំងប្រុស ទៅចាក់ថ្នាំបង្ការប្រឆាំងHPV ជាទូទៅ ចាប់ពីអាយុ១១ឆ្នាំឡើងទៅ និងអាចយឺតយ៉ាវរហូតដល់អាយុ១៩ឆ្នាំ ឬត្រឹម២៦ឆ្នាំសម្រាប់បុរសដែលស្រលាញ់ភេទដូចគ្នា។
គ្មានសរីរាង្គស្បូនមែន តែការផ្តល់ថ្នាំបង្ការដល់ក្មេងប្រុសមានសារៈប្រយោជន៍ខ្លាំងណាស់។ ទីមួយ ថ្នាំបង្ការបំពេញកិច្ចការពារដោយផ្ទាល់ មិនឱ្យមានជំងឺមហារីក និងជំងឺឬសកមកើតនៅលើប្រដាប់ភេទ និងតំបន់ជុំវិញប្រដាប់បន្តពូជ។ ប្រសិទ្ធភាពនៃថ្នាំបង្ការប្រឆាំងHPV មានបញ្ជាក់យ៉ាងច្បាស់លាស់។ ផលប្រយោជន៍ទីពីរ គឺថ្នាំបង្ការផ្តល់ការពារមិនឱ្យធ្លាក់ខ្លួនមានជំងឺមហារីកលើប្រព័ន្ធច្រមុះមាត់បំពង់ក ដែលតែងកើតឡើងជាញឹកញាប់លើមនុស្សប្រុស ដោយហេតុមានផ្ទុកមេរោគប៉ាពីឡូម៉ាវីរ៉ុស។ គុណប្រយោជន៍ចុងក្រោយនិងទីបី គឺវ៉ាក់សាំងជាអាវុធការពារនិងកាត់បន្ថយការចម្លងមេរោគ។ ក្មេងប្រុស ជាអនាគតដៃគូស្នេហា ជាអនាគតស្វាមី ដូច្នេះក្មេងប្រុសក៏ត្រូវតែចាក់ថ្នាំបង្ការដើម្បីជួយកាត់បន្ថយហានិភ័យនៃការចម្លងវីរ៉ុស។ ក្មេងប្រុសមានផ្ទុកHPV នឹងទៅចម្លងក្មេងស្រី ហើយស្រីនៅជាមួយប្រុស ប្រុសនៅជាមួយស្រី ប្រុសឆ្លងពីប្រុសដូចគ្នា ហើយក៏មានស្រីឆ្លងពីស្រីដូចគ្នា មេរោគនឹងធ្វើចរាចរណ៍វិលទៅវិលមក។ ដល់ពេលមួយ បើយើងចង់បញ្ឈប់សកម្មភាពចម្លងរបស់មេរោគ គឺមានតែទៅចាក់ថ្នាំបង្ការគ្រប់គ្នា។
អូស្ត្រាលី អាមេរិក បានបើកយុទ្ធនាការចាក់ថ្នាំបង្ការលើក្មេងស្រីជំទង់តាំងពីឆ្នាំ២០០៧ និង២០១១-២០១៣សម្រាប់ក្មេងប្រុសជំទង់។ ជាលទ្ធផល វីរ៉ុសHPV បាត់ខ្លួនស្ទើរលែងមានការចម្លងសោះ ករណីលេចដុំសាច់អាចក្លាយជាមហារីកក៏រលុបបាត់ស្ទើរទាំងស្រុងដែរ។ បើតាមទិន្នន័យដំបូងរបស់ប្រទេសស៊ុយអែត ស្តីពីសុខភាពក្មេងអាយុ១០ឆ្នាំដល់៣០ឆ្នាំចំនួន១លាន៦សែននៅ ក្នុងអំឡុងពេលពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៧ ចេញផ្សាយនៅឆ្នាំ២០២០ បានបង្ហាញឱ្យឃើញថា អត្រាហានិភ័យមានជំងឺមហារីកកំណាចលើស្ត្រីបានចាក់ថ្នាំបង្ការប្រឆាំងHPVមុនអាយុ១៧ឆ្នាំ បានធ្លាក់ចុះអស់៨៨%។ ការសិក្សាក្រោយមកទៀតនៅអង់គ្លេស បានរកឃើញថា ជំងឺមហារីកកស្បូនបានធ្លាក់ចុះជាគំហុក ស្ទើរគ្មានម្នាក់សោះ តាំងពីប្រទេសមានកម្មវិធីចាក់ថ្នាំបង្ការប្រឆាំងHPVនៅឆ្នាំ២០០០មក។
ប៉ុន្តែថ្នាំបង្ការមិនអាចរារាំងមិនឱ្យកើតជំងឺមហារីកបានទាំងស្រុងទេ។ សម្រាប់ជំងឺមហារីកកស្បូន ការធ្វើតេស្តវិភាគរកមើលមេរោគមហារីកនៅតែចាំបាច់ជានិច្ច៕