នាទីសុខភាពនិងអនាម័យ

ឆ្អឹង​​កែងជើង ដុះ​បន្លា​ ជា​ជំងឺអ្វី?


Listen Later

ឈឺ​ដូច​គេ​ចាក់ ដូច​មុត​បន្លា​នៅត្រង់​កែងជើង ឈឺ​ខ្លាំង​ពើត​ជា​ពិសេស​នៅ​ពេល​ព្រឹក​ងើប​ពី​ដំណេក ... អាការៈ​ឈឺកែង​ជើង​បែប​នេះ ទំនង​ជា​ឆ្អឹង​ដុះ​បន្លា​ហើយ។ តើ​ឆ្អឹង​កែង​ជើង​ដុះបន្លា​យ៉ាង​ដូចម្តេច? និង​ជា​ជំងឺ​អ្វី ? អាចព្យាបាល ដោយ​វិធីណា​ខ្លះ?

អាការៈ​ឈឺ​ជើង ​នៅ​ត្រង់​កែង​ជើង ដែល​ស្តែង​ឡើង​ជា​ញឹក​ញយ​នៅ​ពេល​ដើរ​ឬ​បញ្ចេញ​សកម្មភាព​ខ្លង​ជ្រុល ច្រើន​តែ​​បណ្តាលមក​ពី​មូលហេតុ​មេកានិក ដែល​រុញ​ប្រទាក់​គ្នា​ ​ឱ្យ​​​ រលាក​ ស្បែក រលាក​សរសៃ ឬ​រលាក​ឆ្អឹង។ ​

ដូច្នេះ​​មុននឹង​ផ្តើម​និយាយ​អំពី​អាការៈឈឺ​កែង​​ជើង​​ ​យើងត្រូវ​ស្គាល់​អំពីគ្រោង​កាយ​វិទ្យា​នៃ​ប្រអប់​ជើង​សិន។ ​ជើង​ផ្គុំ​ឡើង​ដោយ​ឆ្អឹង​ចំនួន​២៦​ដុំ មាន​ជា​អាទិ៍​ឆ្អឹង​ម្រាម ឆ្អឹង​ខ្នង​ជើងជួរ​ខាង​មុខ ជួរ​ខាង​ក្រោយ​ ដុំ​ឆ្អឹងកែង​ និង​ឆ្អឹង​តូច​ធំ​ជា​ច្រើន​ទៀត ដែល​ត​ភ្ជាប់​គ្នា​ដោយសសៃចងចំនួន​១០៧ខ្សែ ​សសៃរ​ពួរនិង​សាច់​ដុំ​ជា​ច្រើន​សម្រាប់​ជំរុញ​ជើង​ឱ្យ​ធ្វើ​ចលនា​បាន។ ​ដើម្បីអាច​​កំរើកនិង​មានវិញ្ញាណ​​ ជើង​មាន​សរសៃ​ឈាមតូចធំហូរ​កាត់​​​​និង​ស​​សៃ​ប្រសាទ-វិញ្ញាណប្រទាក់​គ្នា​​កាត់​ខ្វាត់​ខ្វែង​​។ ជា​ចុងក្រោយ គ្រឿង​ផ្សំ​របស់​​ជើង​គ្រប​រុំ​ដណ្តប់​ទៅ​ឱ្យ​ស្រទាប់​ការពារ​ដ៏​ល្អ​មួយ​គឺ​ស្បែក និង​ទ្រក្រាល​ដោយ​បន្ទះ​ជាលិកា​ស្រោប​សាច់​ដុំ​បាត​ជើង ត​ភ្ជាប់ពី​​កែង​ជើង​ទៅ​ដល់​ម្រាម។ ស្រទាប់​នេះ​ជា​អ្នក​ទ្រប្រអប់​ជើង​និង​ការពារ​សរសៃពួរ​។

ឆ្អឺង​កែង​ជើង​ដុះ​បន្លាយ៉ាង​ដូចម្តេច?

​នៅពេល​ណារចនា​សម្ព័ន្ធ​ណា​មួយ​នៃ​ប្រអប់​​​ជើង មិន​ថា​ឆ្អឹង​កែង​ជើង សរសៃពួរ សរសៃ​វិញ្ញាណ​ ជាលិកាទន់​-រឹង​ ឬ​ស្រទាប់​បាតជើង​ទេ ឱ្យ​តែ​រង​សម្ពាធ​ ​ដើរ សង្កត់ កកិត​កៀប​ ​ខ្លាំង​ពេក​ សរីរាង្គ​នេះ​នឹង​បញ្ចេញ​ប្រតិកម្ម ដោយ​ស្តែង​ជា​អាការៈ​ឈឺ​ ខ្ទាំ តិច​តួច ឬខ្លាំង ឬ​​នាំ​ឱ្យ​មាន​អាការៈ​រលាក។ អាច​ជា​ការ​រលាក​ស្បែក រលាក​សរសៃ រលាក​ឆ្អឹង​ រលាក​ត្រង់​កន្លែងជិត​​ឆ្អឹង​ ជាពិសេស​គឺនៅ​ត្រង់​ឆ្អឹង​កែងជើង។ នៅពេល​មាន​ការរាល​​រលាក​ កោសិកា​ឆ្អឹង​​ចាប់​ ​ដុះពក​​លយ​ ចេញ​ទម្រង់​ស្រួចៗ​ដូច​បន្លា​។ បន្លាឆ្អឹង​នេះ​អាច​​មើល​ឃើញ​ដោយ​ការ​ថត​ឆ្លុះ​។ ការ​ថតអេកូ និង​ថត​អឹមរាយ ជាការ​​បញ្ជាក់ថែម​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ ​អំពី​វត្តមាន​នៃ​បន្លា​កែងជើង។

នៅពេល​ឮ​ពាក្យ​ថា​បន្លា លោក​អ្នក​ច្បាស់​ជា​គិត​ភ្លាម​ថាវា​នឹង​បណ្តាល​ឱ្យ​ឈឺ​ចាប់​ខ្លាំង​ភ្លាម​មួយ​រំពេច នៅ​ពេល​ដាក់​ជើង​ផ្ទាល់​ជាន់​ដី ឬ​ដើរ។​ តែ​នេះ​មិនមែន​ជា​គំនិត​ត្រឹម​ត្រូវ​ទេ។ តាមការពិត​ អាការៈ​ឈឺ​ចុក​ចាប់​នៅ​កែងជើង ដោយ​បន្លា បណ្តាល​មក​ពីអាការៈ​​រាល​រលាក​ទេ។ នៅពេល​​ជើងចាប់​ឈឺ ដល់​ថ្នាក់​​​ទៅ​​រក​គ្រូពេទ្យ​ព្យាបាល និង​ថត​ឆ្លុះ​នោះ ឆ្អឹង​បន្លា​កែងជើងរបស់​​អ្នក​ជំងឺ​ខ្លះ​បាន​ដុះ​តាំងពី​ជាង​១០​ឆ្នាំ​ទៅ​ហើយ។

គេ​អាច​សម្គាល់​ការ​ឈឺ​កែង​ជើង​​មាន​បន្លា ដោយច្រើន​តែ​ជា​ការ​ឈឺ​ស្រួច​ស្រាវ នៅ​ព្រឹក​ព្រលឹម​ពេលភ្ញាក់​ពី​ដំណេក និង​មាន​ទម្រង់​ជា​ការ​ឈឺ​ចាក់​ដូច​មាន​ម្ជុល​នៅ​បាត​ជើង ឬ​មាន​អារម្មណ៍​ដូច​មាន​ដែក​គោល​មុត​ក្នុង​ស្បែក​ជើង។ ការ​ឈឺ​កែង​ជើង អាច​ឈឺ​នៅ​ចំពី​ក្រោម​កែងជើង នៅ​ផ្នែក​ខាង​ក្រោយ​នៃកែងជើង នៅ​ជុំ​វិញ​កែងជើង ឬឈឺ​កែងជើង​ទាំង​មូល​តែម្តង។ ជួន​ឈឺ​តែ​ជើង​ម្ខាង ជួន​ឈឺ​ទាំង​សង​ខាង តែ​ជា​អាការៈឈឺ​ដែល​រំខាន​ខ្លាំង ដល់​ការ​ដើរ និង​ដែល​បង្កើន​គ្រោះ​​ធ្វើ​ងាយ​ដួល។

រលាក​សរសៃ​ពួរនាំ​ឱ្យ​ឈឺ​កែងជើង?

ដោយ​មិន​និយាយ​អំពី​ភាព​គ្រាំ​របស់​ឆ្អឹងជើង បណ្តាលមក​ពី​គ្រោះថ្នាក់ លោត ធ្លាក់​ដួល​បាក់​ ជា​ញឹកញយ មូលហេតុមួយ​ទៀត​នៃ​ការ​​ឈឺ​កែង​ជើង អាច​បណ្តាល​មក​ពីមានបញ្ហា​សរសៃ ឬ​​ការ​រលាក​សរសៃ​ពួរ​​ជើង​។ ​សរីរាង្គ​ស្រោប​សាច់ដុំ​បាត​ជើង​ ដែល​ជា​សរសៃ​តភ្ជាប់​​កែងជើង​ទៅ​ម្រាម​ជួនមាន​វិប្បរិត្ត (ជាំ រលាក ខ្ទាំ) ទើប​ធ្វើ​ឱ្យ​មាន​​អាការៈ​ឈឺ​ចាប់​កែងជើង​។ ករណី​បែប​នេះ ផ្តើម​ឡើង​បន្តិច​ម្តងៗ៖ ដំបូង​ឈឺ​តិច​ ក្រោយ​មក​ឈឺ​កាន់​តែ​ខ្លាំង  នៅ​ពេល​ដើរ នៅ​ពេល​ឈរ​យូរ នៅ​ពេល​ឡើង​ចុះ​ជណ្តើរ។ ប៉ុន្តែ​ឱ្យ​បាន​សម្រាក​នឹង​បាត់​ឈឺ​ភ្លាម។

ជួន​ជា​ការ​រលាក​សរសៃ​ពួរ គឺ​សរសៃពួរកែង ដែល​បង្ក​ឱ្យ​ឈឺ​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កែងជើង ហើយ​ដែល​ចាប់​ឈឺ​ឡើង​នៅ​ពេល​ចាប់​ផ្តើម​ប្រឹង​បញ្ចេញ​កម្លាំង​ ឬ​ក្រោយ​ពី​បាន​ហាត់​ប្រាណ​ធ្វើ​កីឡា​ច្រើន​ជ្រុល​ឬសកម្មភាព​ច្រំដែលៗ​ ដូច​យ៉ាង​រត់។ ក្នុង​ករណី​ឈឺ​កែង​ជើង​ដោយ​មូលហេតុ​រលាក​សរសៃពួរកែង ដំណោះស្រាយ​ដ៏​ប្រពៃ​ជាង​គេ​បំផុត គឺ​ការ​សម្រាក​ ដោយ​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​ដែល​តម្រូវ​ឱ្យ​សរសៃ​ពួរ​ប្រឹង​ធ្វើការ។ បើ​សរសៃ​ពួរ​នៅ​តែ​បន្ត​ប្រឹង​​ មាន​ចលនា​ នោះ​ជើង​កាន់​តែ​ឈឺ​ឡើង​ៗ ហើយ​អាច​ឈឺជាប់​រហូត​។

ឈឺ​កែង​ជើង​ក៏​អាច​បណ្តាល​មក​ពី​មូលហេតុ​សើៗ​ត្រឹម​ស្រទាប់​ស្បែក។ ឈឺ​នៅ​ពេលមាន​កម្លាំង​​សង្កត់​លើ អាច​មក​ពី​មានភាព​មិន​ប្រក្រតី​នៅ​លើ​ស្បែក​ ដូច​ជា​មាន​ដុះ​ឬសនៅ​បាត​ជើង​ក្រោម​កែង​ជើង ស្បែក​បាត​ជើង​ឡើង​ក្រិន​ ស្បែក​បាត​ជើងសឹក​ស្តើង​។

ជើង​សំប៉ែត​ងាយឈឺ?

​​ធម្មជាតិ​បង្កើត​មនុស្ស​មក​មិនដូច​គ្នា​ទេ។ ខ្លះ​មាន​សំណាង​មិនចេះ​ឈឺ​សោះ។ ខ្លះ​ឈឺ​ឥតឈប់។ អ្នក​ខ្លះ​ឈឺ​ជើង ស្ទើរ​ជា​ប្រចាំ​ឱ្យ​ប្រឹង​ដើរ​ឬធ្វើ​ចលនា​តែ​បន្តិច។ ហេតុអ្វី? ព្រោះ​ការរលាកឆ្អឹង រលាក​ស្រទាប់​បាត​ជើង ឬ​រលាក​សរសៃពួរ ដែល​នាំ​ឱ្យ​ឈឺ​ដល់​កែង​ជើង ច្រើន​តែ​ជា​បញ្ហា​សរីរៈ​វិទ្យា។ មនុស្ស​ខ្លះ​កើត​មក​ មាន​ទម្រង់​នៃប្រអប់​​ជើង​ ដែល​ងាយ​នឹងនាំ​ឱ្យ​ឈឺ ឱ្យ​​រលាក​ឆ្អឹង​ ឬ​រលាក​សរសៃ​ពួរ។ នោះ​គឺ​ បាត​ជើង​មាន​លក្ខណៈ​សំប៉ែត​ពេក ឬ​ខូង​ខ្លាំង​ពេក។ ជង្គង់​វៀច នៅ​ពេល​ឈរត្រង់ ​​ប្រអប់​ជើងបែរ​ជា​​ញែក​ចេញ​ក្រៅ ឬ​កោង​ចូល​ក្នុង។ អវៈយវៈ​ក្រោម​ទាំង​សង​ខាង មាន​ប្រវែង​​មិន​ស្មើ​គ្នា។ ការ​លម្អៀង​តែ​បន្តិច​ សឹង​មើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេ ក៏​អាច​ជំរុញ​ឱ្យ​មាន​បញ្ហា​ដែរ។ ឈរ​យូរ ប្រឹង​ដើរ/រត់​ខ្លាំង​ជ្រុល​ លើ​ដី​រឹង​កំពីក​កំពក​ខ្លាំង និង​ការ​ពាក់​ស្បែក​ជើង​រាប​ជ្រុល ឬ​ខ្ពស់​ជ្រុល​មាន​កែង​ចោទ​ខ្លាំង ហើយ​តូច មិន​អំណោយ​ផល​ដល់​ប្រអប់​ជើង​ទេ។

ដើម្បី​សម្រួល​អាការៈ​ឈឺ​កែង​ជើង គ្រូពេទ្យ​អាច​ផ្តល់​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​អាច​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ តែ​ក្នុង​ករណី​អ្នក​ជំងឺ​គិត​គូរ​ថែទាំ​សុខភាព​សរីរាង្គជើង​​ទាំង​មូល​។ ក្នុង​ករណី​ឆ្អឹង​កែង​ជើងដុះ​បន្លា បន្ថែម​ពីលើ​ការ​​ថ្នាំ​លេប ត្រូវ​​ព្យាបាល​ដោយ​​​ចលនា​លើ​ប្រអប់​ជើង​​​ បាតជើង ឱ្យ​បាន​ទៀង​ទាត់រាល់​សប្តាហ៍​ ​រយៈ​ពេល​ពី​រ​៤​ទៅ​៦​ខែ ព្រមទាំង​ច្របាច់​ធ្វើ​ម៉ាស្សា​ជើង​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ផ្តល់​ភាព​ទន់​ភ្លន់ ភាព​លារលាស់​​​ដល់​សាច់​ដុំ​បាត​ជើង។ កាន់​តែ​ប្រសើរ​ទៀត ​គ្រូពេទ្យ​ឯកទេស​ជើង សូម​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ប្រើ​ទ្រនាប់​ស្បែក​ជើង​ពិសេស​ ទន់​ក្រាស ឬ​ស្រោម​ជើង​ពិសេស​ ដើម្បី​បន្ធូរ​បន្ថយ​កំរិត​នៃ​ការ​ឈឺចាប់។

ក៏​មាន​ដែរ​ករណី​ឈឺ​កែង​ជើង​ដែល​មិនមែន​ជា​មូលហេតុ​មេកានិក តែ​បណ្តាល​មក​ពី​ជំងឺ​ផ្សេង គឺ​ជំងឺ​រលាក​សន្លាក់ រលាក​ប្រព័ន្ធ​រំលាយ​អាហារ រ៉ាំរ៉ៃ ដែល​យើង​មិន​លើក​មក​បក​ស្រាយ​នៅក្នុង​អត្ថបទ​នេះ​ទេ។ អាការៈ​ឈឺ​កែង​ជើង​បែបនេះ​ ច្រើន​កើត​លើ​ជើង​ទាំង​សង​ខាង ម្តង​ឆ្វេង​ម្តង​ស្តាំ ហើយ​មាន​ហើម​នៅ​កែង​ជើង៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

1 Listeners

Learning English For Work by BBC News

Learning English For Work

30 Listeners