តើអ្នកធ្លាប់ស្រមៃចង់បានរោមភ្នែកវែងកោង-ងដែរឬទេ? ត-បណ្តុះរោមភ្នែកឱ្យវែងក្រាស់ល្អ កំពុងពេញនិយមខ្លាំងសម្រាប់សុភាពនារីទាំងឡាយ។ ប៉ុន្តែ ការ ត-អ៊ុត ឬកាត់រោមភ្នែក និងលាបផាត់មុខ មិនមែនគ្មានហានិភ័យសម្រាប់សុខភាពទេ។ តើជាហានិភ័យយ៉ាងណា?
ដុះនៅចុងត្របកភ្នែក និងជារោមតូចៗមែន តែរោមភ្នែក អាចជួយលើកសម្រស់និងពន្លឺក្រសែភ្នែកឱ្យកាន់តែមានលក្ខណៈទាក់ទាញ។ តួនាទីរបស់រោមភ្នែកមិនកំរិតត្រឹមការផ្តល់ភាពទាក់ទាញនិងលើកសម្ផស្សមុខមាត់ទេ។ មនុស្សគ្រប់រូបច្រើនប្រហែសមើលរំលង មិនសូវគិតដល់ឡើយ តែតាមការពិតទៅនោះរោមភ្នែកមានចំណែកយ៉ាងសំខាន់ក្នុងការការពារគ្រាប់ភ្នែកទាំងគូរបស់យើង ពីភាពគំរាមកំហែងផ្សេងដែលមានប្រភពមកពីខាងក្រៅ។
រោមភ្នែកមានតួនាទីដូចម្តេចខ្លះ?
ដូចរោមចិញ្ចើម រោមភ្នែកមាននាទីសំខាន់បី គឺ ជារបងការពារផង ជាលក្ខណៈបញ្ចេញទឹកមុខផង និង ភាពទាក់ទាញទៀត។
រោមភ្នែកជារបង ជារនាំង ទប់ វត្ថុមិនស្អាត ជាកម្ទេច លម្អង ធូលី ឱ្យត្រឹមគល់រោមលើត្របកភ្នែក កុំឱ្យចូលក្នុងភ្នែកបាន។ រោមភ្នែក ជាទំនប់ទប់តំណក់ញើស ដែលជាទឹកមិនបរិសុទ្ធ មិនឱ្យហូរចូលមករំខានភ្នែក។ ហើយជាចុងក្រោយ រោមភ្នែកប្រៀបដូចជាវាំងនន ចាំបាំងទប់កុំឱ្យពន្លឺថ្ងៃ ឬកាំរស្មីព្រះអាទិត្យ ចាំងចូលភ្នែកខ្លាំង ដោយត្រង់ៗពេក នៅពេលបើកបិទភ្នែក។
រោមភ្នែកមានចំណែកជួយលើកដាក់ទឹកមុខ។ យោងទៅតាមកម្រាសនិងប្រវែងរបស់រោមភ្នែក ទឹកមុខមនុស្សអាចប្រែប្រួលស្រស់ស្អាតដោយយ៉ាង ឯក្រសែភ្នែកក៏អាចជ្រៅ និងមានលក្ខណៈរលឹមទៅតាមនោះដែរ។ ពោលគឺពេលធ្មេចបើកម្តងៗ រោមភ្នែកជាតំណាងនៃភាពទាក់ទាញរបស់មនុស្ស មិនថាជាស្ត្រីឬប្រុសឡើយ។ ដូចពាក្យចាស់លោកថា មនុស្សល្អនៅត្រង់ភ្នែកភ្លឺថ្លា មានរោមភ្នែកកោងងដូចគេពត់។
បើចិញ្ចើម និងរោមភ្នែក ជាតំណាងនៃភាពទាក់ទាញ និងស្រស់ស្អាតដូច្នេះ តើនរណាមិនចង់បានរោមភ្នែកងក្រាស់ល្អនោះ។ ប៉ុន្តែធម្មជាតិបង្កើតមនុស្សមកមិនដូចគ្នាទេ។ ខ្លះមានរោមភ្នែកខ្លី ស្តើង រង្វើល ហើយសំយ៉ុងចុះទៀត។ ខ្លះក៏មានរោមភ្នែកក្រាស់ វែង និងកោង ងល្អ ដែលលើកសម្ផស្ស និងក្រសែភ្នែកឱ្យកាន់តែមានមន្តស្នេហ៍ខ្លាំងបន្ថែមទៀត។ ហេតុដូច្នេះហើយបានជា នៅពេលផាត់មុខចូលរួមក្នុងកម្មវិធីធំៗ អ្នកសំអាងតែងបំពាក់រោមភ្នែកជូនភ្ញៀវ។ វាក៏មិនមែនជាការកម្រដែរ ដែលស្ត្រីខ្លះមិនចូលចិត្តតែងខ្លួនលាបម្សៅលាបក្រេមមែន តែមិនភ្លេចឡើយការគូសចិញ្ចើម និង គូសភ្នែក លាបម៉ាស្ការ៉ា រំលេចរោមភ្នែក លម្អមុខមាត់នោះ។ បិទរោមភ្នែកសិប្បនិម្មិតជាក៏អ្វីដែលមានធ្វើច្រើនកន្លងមកដែរ។
តរោមភ្នែកអាចបង្កហានិភ័យយ៉ាងណា?
ស្ត្រីខ្លះ ហ៊ានចំណាយដល់ទៅសាក់ចិញ្ចើម និងគល់រោមភ្នែក ដើម្បីរំលេចនិងបង្អួសក្រសែភ្នែក និងកុំឱ្យពិបាកចំណាយពេលគូរផាត់រាល់ថ្ងៃ។ បច្ចុប្បន្ន និន្នាការដ៏ពេញនិយមមួយទៀត គឺការអ៊ុត តរោមភ្នែកឱ្យឡើងវែង កោង បានយូរតែម្តង។ តើលោកអ្នកនាងធ្លាប់បានសាកល្បង អ៊ុតត រោមភ្នែក ហើយឬនៅ?
បច្ចេកទេសបណ្តុះតរោមភ្នែកនេះ គឺជាការបិទរោមភ្នែកសិប្បនិម្មិតលើរោមភ្នែកធម្មជាតិ ដើម្បីឱ្យមើលទៅឃើញក្រាស់និងវែងជាងមុន។ ដើម្បីបិទឬតរោមភ្នែកសិប្បនិម្មិត គេត្រូវការប្រើដង្កៀបសម្រាប់ដករោមធំវែង ចាប់រោមភ្នែកសិប្បនិម្មិតយកទៅបិទនៅចន្លោះរោមភ្នែកពិតដោយប្រើជ័រកាវ មានសណ្ឋានអន្ធិលៗ។ ស្តាប់ទៅហាក់ដូចជាស្រួលណាស់ តែបញ្ហានៅត្រង់ថា បច្ចុប្បន្ននេះ នរណាក៏អាចប្រកាស និងតាំងខ្លួនជាអ្នកជំនាញបណ្តុះតរោមភ្នែកបានដែរ ដោយគ្មានបានទៅរៀនសូត្រហាត់ហ្វឹកជំនាញនេះសោះ។ ហើយរូបយើងផ្ទាល់ក៏អាចទៅរកទិញប្រដាប់តរោមភ្នែកតាមអ៊ីនធ័រនែត រួចធ្វើខ្លួនឯងនៅផ្ទះក៏បានទៀត។
ប៉ុន្តែសូមប្រុងប្រយ័ត្ន ប្រសិនបើលក្ខខណ្ឌអនាម័យមិនគ្រប់គ្រាន់ ហើយសម្ភារៈប្រើប្រាស់មិនស្អាត មិនបានសម្អាតសម្លាប់មេរោគត្រឹមត្រូវទេ អ្នកអាចនឹងមានបញ្ហារលាក ការបង្ករោគ និងឡើងពពែឆ្កែ ព្រោះរោមភ្នែកគឺជាច្រកផ្លូវដែលបាក់តេរីអាចឆ្លងចូលក្នុងភ្នែកបាន។
ជាងនេះទៅទៀត គ្រូពេទ្យឯកទេសភ្នែកបានពន្យល់ថា សមាសធាតុផ្សំនៅក្នុងជ័រកាវខ្លះអាចនាំឱ្យមានការរោល ឬអាល់ឡែកហ្ស៊ីតែម្តងផង។ មានអ្នកចូលចិត្តតរោមភ្នែកច្រើនណាស់បានក្លាយជាជនរងគ្រោះ ជួបករណីអាល់ឡែកហ្ស៊ី ហើយបង្ហោះផ្សាយប្រាប់តាមបណ្តាញសង្គម។ ទម្រង់នៃអាល់ឡែកហ្ស៊ីបង្កឡើងដោយការតរោមភ្នែក អាចជាការលេចឡើងនូវក្រមរស្រែងនៅចុងត្របកភ្នែក។ ក្នុងករណីបែបនេះ សូមរូតរះទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្នែក។
ការតរោមភ្នែកអាចផ្តល់គ្រោះថ្នាក់មួយទៀត គឺនាំឱ្យខូចភ្នែកតែម្តង ប្រសិនបើធ្វើជ្រុល។ នៅពេលរោមភ្នែកសិប្បនិម្មិតវែងខ្លាំងពេក រោមភ្នែកនោះអាចនឹងទៅប្តូរផ្លាស់ទិសនៃការដុះលូតលាស់របស់រោមភ្នែកពិតៗ។ មានន័យថារោមភ្នែកធម្មជាតិ ដុះចាក់ចូលទៅក្នុងភ្នែក មិនមែនដុះចេញមកផ្នែកខាងក្រៅនៃត្របកភ្នែកទេ។ ក្នុងករណីបែបនេះ រោមភ្នែកនឹងទៅកកិតលើគ្រាប់ភ្នែក បង្កឱ្យមានភាពរំខាន ដូចមានកម្ទេចដីនៅក្នុងភ្នែក នៅរាល់ពេលព្រិចភ្នែក។ នេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ភាពគំឃើញរបស់ភ្នែក ទៅថ្ងៃមុខ។
កុំកាត់រោមភ្នែកផ្នែកខាងក្រោម
បិទតរោមភ្នែកមិនមែនជាវិធីសាស្ត្រដ៏ពេញនិយមសម្រាប់លើកសម្ផស្សភ្នែក នាពេលសម័យទំនើបនេះទេ។ តាំងពីប៉ុន្មានខែចុងក្រោយមកនេះ នៅលើបណ្តាញសង្គម មានមនុស្សច្រើនឡើងៗបាននាំគ្នាបង្ហាញអំពីវិធីដ៏សាមញ្ញ ជួយរំលេចភ្នែកស្អាត តាមរយៈការកាត់រោមភ្នែកផ្នែកខាងក្រោម ដោយប្រើកន្ត្រៃច្រិបតែម្តង។ កម្មវត្ថុនៃកាត់តម្រឹមរោមភ្នែក ឱ្យខ្លីខ្លាំងស្ទើរដល់គល់ គឺដើម្បីឱ្យមានភាពស្រលះ រំលេចរង្វង់ភ្នែក ហើយបំបាត់ភាពនឿយហត់។ ទម្លាប់បែបនេះ យើងធ្លាប់ឮនិងឃើញមានប្រើនៅក្នុងសង្គមខ្មែរយើងដែរ។ ដោយយល់ពីតម្លៃនៃរោមភ្នែក និងចង់ឱ្យកូនមានរោមភ្នែកវែងនៅពេលធំ ចាស់សម័យដើមបានណែនាំឱ្យអ្នកជាម្តាយកាត់រោមភ្នែកកូននៅពេលកើតមកភ្លាម។ ចាស់បូរាណជឿថា ការកាត់រោមភ្នែកដូចកោរសក់ក្បាល។ កោរសក់ញយៗនៅពេលតូចនឹងធ្វើកូនមានសក់ដុះលូតត្រង់ល្អនៅពេលធំ។ ក្មេងកើតមកត្រងោល ឬមានសក់ក្រញាញ់ ត្រូវឧស្សាហ៍កោរ ដើម្បីមានសក់ច្រើន និងលាល្អ។ ប៉ុន្តែនេះគ្រាន់ជាជំនឿប៉ុណ្ណោះ។ វិធីកាត់រោមភ្នែកដើម្បីឱ្យវាដុះល្អ ដុះវែង គ្មានប្រយោជន៍ទេ និងជាពិសេសជាកាយវិការដ៏គ្រោះថ្នាក់ណាស់។ ដូចបានជម្រាបពីខាងដើម រោមភ្នែកមិនមែនគ្រាន់តែជារោមសម្រាប់លម្អទេ រោមភ្នែកមានតួនាទីជាអ្នកការពារភ្នែកពី លម្អងធូលី ឬខ្យល់។ ដូច្នេះបើអ្នកដក កាត់វាអស់ គឺស្មើនឹងការដករបងការពារ ហើយបង្កើនហានិភ័យដល់សុខភាពភ្នែក ដូចជាងាយនាំមានជំងឺឈឺភ្នែក រលាកភ្នែក។
ការបណ្តុះរោមភ្នែក
ចុះការបណ្តុះរោមភ្នែកវិញតើយ៉ាងណាដែរ? ជាគំនិតនិងជាវិធីល្អទេ? មានសេរ៉ូមបណ្តុះ ឬពន្លូតរោមភ្នែក ច្រើនយ៉ាងច្រើនបែបណាស់ ដាក់លក់នៅលើទីផ្សារ។ ផលិតផលទាំងអស់នោះ មានផ្ទុកជាតិអាស៊ីអាមីណេ ដែលលាបទៅទំនងអាចជួយបើកសរសៃឈាមឱ្យរីកធំ នាំឈាមទៅចិញ្ចឹមត្របកភ្នែកបានច្រើន ពោលគឺដូចជួយនាំអាហារទៅចាក់បំប៉នគល់រោមភ្នែក ដែលបើតាមក្បួននឹងធ្វើឱ្យសរសៃរោមភ្នែកដុះលូតលាស់លឿន។ ប៉ុន្តែដោយជាក់ស្តែងនោះ គ្មានទេភស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រនៃការបំប៉នរោមភ្នែកឱ្យដុះបានលឿននោះ។ គ្មានអ្វីប្រសើរជាងបណ្តោយឱ្យរោមភ្នែកដុះលូតលាស់តាមដំណើរធម្មជាតិទេ ដោយចេះស្តាប់សេចក្តីត្រូវការរបស់សរីរាង្គកាយ និងមានអនាម័យល្អក្នុងការរស់នៅទេ។ អនាម័យល្អក្នុងរស់នៅ គឺទទួលទានអាហារមានគ្រប់ជីវជាតិ មានលំនឹង សម្បូរវីតាមីន ជាតិរ៉ែដែក សំរាន្តគ្រប់គ្រាន់ ទទួលទានទឹកច្រើន និងកម្ចាត់ស្ត្រេស។
វិធីការពារនិងជួយរោមភ្នែកឱ្យដុះល្អ
មានរោមភ្នែកវែង ក្រាស់ កោង-ងល្អ ជាក្តីស្រមៃចង់បានរបស់ស្ត្រីគ្រប់រូប។ ទោះបីជាធម្មជាតិផ្តល់ឱ្យមនុស្សមិនដូចគ្នា តែគេអាចតម្រែតម្រង់រោមភ្នែកឱ្យលូតលាស់បានលឿននិងមាំល្អ តាមរយៈកាយវិការដ៏សាមញ្ញបីយ៉ាង៖
រោមភ្នែក ជាពពួករោម ដែលត្រូវការការថែទាំដូចសក់ក្បាល ដោយត្រូវឧស្សាហ៍សិត ទើបវាដុះលឿននិងល្អ។ ដោយជារោមខ្លី ការសិតត្រូវប្រើជក់ទ្រវែងតូចៗមកបង្អូសពីលើ និងពីក្រោមរោមភ្នែក។
ចៀសវាងកុំញីភ្នែក ដែលហាក់ដូចជាទៅកន្ទ្រាក់ទាញរោមភ្នែក ឱ្យដាច់ ឱ្យជ្រុះ មកតាមកម្លាំងញី។ ជាចុងក្រោយ សូមកឧស្សាហ៍ប្រើម៉ាស្ការ៉ាពេក បើអាចចៀសបានកាន់តែប្រសើរ។ បើមិនអាចចៀសបាន ត្រូវលាបស្រាលៗ និងសូមកុំប្រើប្រដាប់ពុតរោមភ្នែកពេលលាបម៉ាស្ការ៉ាហើយ។ អ្នកជំនាញរោមភ្នែកនៅប្រទេសបារាំង បានពន្យល់ថា នៅពេលលាបម៉ាស្ការ៉ាហើយវាស្ងួតទៅ រោមភ្នែកក៏ស្ងួតខ្លាំងដែរ។ នៅពេលលាងជម្រះ អ្នកខ្លះមិនប្រយ័ត្នជូនលាងខ្លាំងពេកដូចទៅគាស់រំលើងញីរោមភ្នែកឱ្យវក់វីដោយគ្មានប្រណីដូច្នោះ។
សូមសម្អាតរោមភ្នែក ដូចជាផ្នែកដទៃនៃសរីរាង្គកាយ ដោយភាពប្រុងប្រយ័ត្ន។ បើអ្នកប្រើផលិតផលសំអាងហើយ ត្រូវយកសំឡីសើមផ្តិតផ្អាប់លើភ្នែកពីរបីវិនាទីសិនសឹមអូសជូនដោយថ្នមយកជាតិកខ្វក់ចេញពីរោមនិងត្របកភ្នែក។ បើចាំបាច់ត្រូវតរោមភ្នែក ត្រូវស្វែងរកអ្នកជំនាញត្រឹមត្រូវ៕